ថ្ងៃទី 14 ឧសភា 2012
ដោយ: លីនណា
Cambodia Express News
ភ្នំពេញ: អាជ្ញាធរខេត្តកំពង់ធំ បានចេញលិខិត បដិសេធ មិនឲ្យសមាជិកព្រឹទ្ធសភាគណបក្សសមរង្ស៊ី ដឹកនាំប្រជាពលរដ្ឋ ធ្វើបាតុកម្ម តវ៉ា លើបញ្ហាអគ្គិសនី ដែលមានតម្លៃខ្ពស់ និងដាច់ជាញឹកញាប់។ ប៉ុន្តែអាជ្ញាធរ សន្យាថា នឹងជួបពិភាក្សារកដំណោះស្រាយ។ រីឯសមាជិកព្រឹទ្ធសភាគណបក្សសមរង្ស៊ី បានយល់ស្រប និងប្រកាសផ្អាកបាតុកម្មជាបណ្តោះអាសន្ន។
លោក សោម សុផាត អភិបាលរងខេត្តកំពង់ធំ បានធ្វើលិខិត ចុះថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១២ ជូនប្រធានក្រុមប្រឹក្សាគណបក្សសមរង្ស៊ី ខេត្តកំពង់ធំ ឲ្យផ្អាកការធ្វើបាតុកម្មដោយសន្ដិវិធី ប្រឆាំងនឹងការដាច់ចរន្តអគ្គិសនីប្រើប្រាស់ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១២ នៅមុខការិយាល័យអ្នកតំណាងរាស្ដ្រ សង្កាត់កំពង់ធំ ក្រុងស្ទឹងសែន។
លិខិតរបស់លោក សោម សុផាត បានបង្ហាញថា ការធ្វើបាតុកម្មដោយសន្ដិវិធី ប្រឆាំងនឹងការដាច់ចរន្តអគ្គិសនីប្រើប្រាស់ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១២ នៅមុខការិយាល័យអ្នកតំណាងរាស្ត្រ ក្នុងសង្កាត់កំពង់ធំ ក្រុងស្ទឹងសែន នាពេលខាងមុខនេះ អភិបាលខេត្ត មិនអនុញ្ញាតឲ្យលោកប្រធាន ធ្វើបាតុកម្មនោះទេ ដោយការធ្វើបាតុកម្មនេះ មានការប៉ះពាល់ដល់សន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់នាពេលខាងមុខនេះ។
លិខិតដដែល បានបន្ថែមថា ចំពោះអគ្គិសនីខេត្តកំពង់ធំ នឹងធ្វើការពិភាក្សាជាមួយក្រុមហ៊ុន BVC និងអាជ្ញាធរអគ្គិសនីកម្ពុជា ដើម្បីរកដំណោះស្រាយឲ្យបានសមស្រប និងទាន់ពេលវេលា។
ចំពោះករណីនេះ លោក ម៉ែន សុថាវរិន្ទ្រ សមាជិកព្រឹទ្ធសភា គណបក្សសមរង្ស៊ី ខេត្តកំពង់ធំ បានមានប្រសាសន៍នៅរសៀលថ្ងៃទី១៤ ឧសភា ថា បន្ទាប់ពីមានការសន្យាពីសំណាក់អាជ្ញាធរខេត្តថា នឹងដោះស្រាយបញ្ហាអគ្គិសនីជូនប្រជាពលរដ្ឋខេត្តកំពង់ធំ មកនោះ លោកបានប្រកាសប្រាប់ប្រជាពលរដ្ឋវិញថា ការធ្វើបាតុកម្មតវ៉ាលើបញ្ហាអគ្គិសនី ត្រូវបានពន្យារពេល ដោយរង់ចាំលទ្ធផលដោះស្រាយ រវាងអាជ្ញាធរខេត្តជាមួយក្រុមហ៊ុនអគ្គិសនី BVC ខេត្តកំពង់ធំ។
លោកបញ្ជាក់ថា “អាជ្ញាធរខេត្តបញ្ជាក់ថា ដោយខ្លាចប៉ះពាល់ដល់សន្តិសុខ និងជិតដល់ពេលបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់។ ដូច្នេះយើងសម្រេចពន្យារពេលធ្វើបាតុកម្ម ដោយរង់ចាំលទ្ធផលដោះស្រាយ”។
លោកក៏បានបន្តថា នៅក្រោយការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ថ្ងៃទី៣ ខែមិថុនា បើពុំមានការដោះស្រាយសមរម្យទេ លោកនឹងដឹកនាំប្រជាពលរដ្ឋធ្វើបាតុកម្មប្រឆាំងលើតម្លៃអគ្គិសនី ដែលថ្លៃខ្ពស់នាពេលបច្ចុប្បន្ន៕
Tuesday, May 15, 2012
អាជ្ញាធរខេត្តកំពង់ធំ មិនអនុញ្ញាតឲ្យសមាជិកព្រឹទ្ធសភាគណបក្សសមរង្ស៊ី ដឹកនាំប្រជាពលរដ្ឋ ធ្វើបាតុកម្ម តវ៉ា ថ្លៃអគ្គិសនី
Labels:
High electricity cost,
Kampong Thom,
SRP MPs
Subscribe to:
Post Comments (Atom)
1 comment:
SHAME ON HIS EXCELENTCY NHEM THAVY THE MEMBER OF CCP PARLIAMENT AND THE YOUNGER BROTHER IN LAW OF H.E. NGUON NHEL THE VICE NATIONAL PARLIAMENTARY PRESIDENT AND HIS YOUNGER BROTHER NHEM CHAN-THAN WHO ALL GOT INVOLVED IN THE DEFORESTING ILLEGALLY IN PREY LANG AND BENG TUM RING , REPORTED BY GLOBAL WITNESS
Post a Comment