សពលោកអ៊ិន រតនា និងស្នាមគ្រាប់កាំភ្លើងធ្លុះអាវ។ រូបថត សហការី |
Monday, 07 May 2012
ម៉ៃ ទិត្យថារ៉ា
The Phnom Penh Post
កោះកុងៈ គ្រួសារលោក ឈុត វុទ្ធី និងអង្គការសង្គមស៊ីវិល នៅតែមិនជឿទៅលើរបាយការណ៍ស៊ើបអង្កេតចុងក្រោយ របស់គណៈកម្មការស៊ើបអង្កេត ដែលបង្កើតឡើងដោយរដ្ឋាភិបាល ខណៈដែលពួកគេ មានការមន្ទិលសង្ស័យ តាំងពីដើមទីមក ដោយសារសមត្ថកិច្ចមូលដ្ឋាន បានឆ្លើយច្របូកច្របល់ លើហេតុការណ៍បាញ់សម្លាប់ដ៏ចម្រូងចម្រាសនេះ។
សន្តិសុខក្រុមហ៊ុន Timber Green ម្នាក់ ឈ្មោះ រ៉ាន់ បូរ័ត្ន ត្រូវបានចោទប្រកាន់កាលពីថ្ងៃសុក្រពីបទមនុស្សឃាតដោយអចេតនា ទាក់ទិននឹងការបាញ់សម្លាប់ មន្ត្រីកងរាជអាវុធហត្ថ ឈ្មោះ អ៊ិន រតនា។ នេះជាលទ្ធផលនៃការស៊ើបអង្កេត របស់គណៈកម្មាការ ដែលមានសមាសភាពសុទ្ធតែជាមន្ត្រីរបស់រដ្ឋាភិបាល ដែលត្រូវបានគេចាត់ទុកថា មិនឯករាជ្យ។
លទ្ធផលនេះ ត្រូវបានបញ្ចេញ បន្ទាប់ពីការស៊ើបអង្កេតរយៈពេល ៣ ថ្ងៃ ក្រោយពីគណៈកម្មការចម្រុះនេះ ត្រូវបានបង្កើតឡើង ដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
កាលពីថ្ងៃទី ២៧ ខែមេសា របាយការណ៍របស់កងរាជអាវុធហត្ថខេត្តកោះកុង បានរកឃើញថា លោក អ៊ិន រតនា ត្រូវបានគេអះអាងថា បានបង្វែរចុងកាណុងរបស់គាត់មកបាញ់សម្លាប់ខ្លួនឯង បន្ទាប់ពីបានបាញ់សម្លាប់លោក ឈុត វុទ្ធី ដែលជាប្រធានអង្គការការពារធនធានធម្មជាតិ និងមន្ត្រីផ្សេងទៀតថា លោក អ៊ិន រតនា បានបាញ់សម្លាប់លោក ឈុត វុទ្ធី ហើយគ្រាប់កាំភ្លើងត្រូវឡាន ហើយបានប្លាតមកត្រូវគាត់វិញបណ្តាលឲ្យស្លាប់។
លោក ទិត សុធា អនុប្រធានអង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្ត្រី និងជាសមាជិកគណៈកម្មការស៊ើបអង្កេតចម្រុះនោះ បានថ្លែងកាលពីថ្ងៃអាទិត្យម្សិលមិញថា ការស្រាវជ្រាវរបស់ក្រុមពួកលោក លើបញ្ហានោះ បច្ចុប្បន្នបានបញ្ចប់រួចហើយ។ លោកបានមានប្រសាសន៍ថា៖«យើងមិនខ្វល់ពីអង្គការមួយចំនួន ដែលរិះគន់យើងទេ។ អ្វីដែលគណៈកម្មការយើងបានធ្វើ គឺដើម្បីទទួលបានភស្តុតាង ដែលជាការពិត។ ឥឡូវនេះ យើងអាចផ្តល់យុត្តិធម៌ ដល់គ្រួសារជនរងគ្រោះហើយ»។
លោកបន្តថា ការសន្និដ្ឋាន បានធ្វើឡើងហើយ ក្រោយពីបានសាកសួរសាក្សីទាំងអស់ ដែលបានឃើញការបាញ់ប្រហារនោះ កាលពីថ្ងៃទី ២៦ ខែមេសា បន្ទាប់ពីលោក ឈុត វុទ្ធី និងអ្នកកាសែត ២ រូបទៀត បានឈប់ថតរូបគំនរឈើ មានតម្លៃនៅក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង។
លោកទិត សុធាក៏បានបញ្ជាក់ដែរថា ឈ្មោះ រ៉ាន់ បូរ័ត្ន ជាសន្តិសុខក្រុមហ៊ុន Timber Green ដែលមានអាជ្ញាប័ណ្ណឲ្យកាប់រានអាងសម្រាប់គម្រោងទំនប់វារីអគ្គិសនី ឫស្សីជ្រំក្រោម ក្បែរកន្លែងដែលការបាញ់សម្លាប់កើតឡើង។ ប៉ុន្តែ លោកបានបន្តថា អ៊ិន រតនា ពុំជាប់ទាក់ទងជាមួយក្រុមហ៊ុន ដូចបានលើកឡើងឡើយ ហើយបានបន្ទរការលើកឡើង តាមក្រុមស៊ើបអង្កេតរបស់លោកថា គាត់បានបាញ់សម្លាប់លោក ឈុត វុទ្ធី ដោយសារតែរឿងទំនាស់ផ្ទាល់ខ្លួន និងបានធ្វើសកម្មភាពនេះ ដោយខ្លួនឯងទាំងស្រុង ពុំមានការបង្គាប់បញ្ជាពីថ្នាក់លើឡើយ។
ទំនាស់នោះ ត្រូវគេអះអាងថា កើតឡើង ក្រោយពេល រ៉ាន់ បូរ័ត្ន និងក្រោយមក អ៊ិន រតនា ប៉ុនប៉ងយកមេម៉ូរីពីម៉ាស៊ីនថតរបស់លោក ឈុត វុទ្ធី។
បើរកឃើញថា មានទោស ពីបទមនុស្សឃាតដោយអចេតនា រ៉ាន់ បូរ័ត្ន នឹងប្រឈមនឹងការជាប់ឃុំរវាងពី ១ ទៅ ៣ ឆ្នាំ និងពិន័យពី ២ ទៅ ៦ លានរៀល(៤៩៧ ទៅ ១ ៤៩០ ដុល្លារ)។
អ្នកស្រី ខៀវ សស៊ីលាភ ដែលមានឈ្មោះជាភាគហ៊ុនធំ ក្នុងក្រុមហ៊ុន Timber Green ក្នុងបញ្ជីក្រុមហ៊ុនអាជីវកម្មខែសីហា ឆ្នាំ២០១០របស់ក្រសួងពាណិជ្ជកម្ម ពុំបានលើកទូរស័ព្ទទេ កាលពីថ្ងៃអាទិត្យម្សិលមិញ ហើយអាសយដ្ឋានទំនាក់ទំនងរបស់ក្រុមហ៊ុនTimber Green មិនអាចរកឃើញឡើយ។
លោក ខេង ទីតូ អ្នកនាំពាក្យកងរាជអាវុធហត្ថ បានថ្លែងថា មូលហេតុ ដែលរកឃើញរបស់គណៈកម្មការស៊ើបអង្កេតចម្រុះ ផ្ទុយទៅនឹងការសន្និដ្ឋានផ្លូវការដំបូង គឺដោយសាររបាយការណ៍ដំបូង ត្រូវបានធ្វើឡើង នៅមុនពេលការស៊ើបអង្កេតបានបញ្ចប់។ លោកបានបញ្ជាក់ថា៖ «វាធម្មតាទេ នៅពេលគណៈកម្មការចម្រុះស៊ើបអង្កេត ពួកគេរកឃើញបញ្ហាថ្មីៗ»។
ភរិយាលោក ឈុត វុទ្ធី គឺអ្នកស្រី សម ចាន់ធី អាយុ ៤០ ឆ្នាំ បានបដិសេធ ចំពោះការរកឃើញ របស់ក្រុមគណៈកម្មការស៊ើបអង្កេតរបស់រដ្ឋាភិបាល និងបានថ្លែងថា វាមានមូលហេតុផ្សេងទៀតនៅពីក្រោយការបាញ់សម្លាប់ស្វាមីរបស់ អ្នកស្រីមិនមែនត្រឹមតែរឿងទំនាស់បុគ្គលជាមួយឈ្មោះ អ៊ិន រតនា ដូចនៅក្នុងរបាយការណ៍ផ្លូវការរបស់កងរាជអាវុធហត្ថមកទល់ពេលនេះ ទេ។ អ្នកស្រីបានមានប្រសាសន៍ថា៖«ខ្ញុំនឹងរកមេធាវី ដើម្បីជួយខ្ញុំ ដាក់ពាក្យបណ្តឹង ទៅសាលាឧទ្ធរណ៍ដើម្បីស្វែងរកយុត្តិធម៌ជូនប្តីរបស់ខ្ញុំ»។
លោក ឈុត វុទ្ធី ជាសកម្មជនល្បីល្បាញមួយរូបប្រឆាំងនឹងការកាប់ព្រៃឈើខុស ច្បាប់ហើយបានអះអាងជាញឹកញាប់ថា ក្រុមហ៊ុន Timber Green បានបំពានអាជ្ញាប័ណ្ណកាប់រានអាង ដោយបានកាប់ព្រៃឈើនៅក្រៅតំបន់ដែលពួកគេទទួលបានការអនុញ្ញាត។
លោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានថ្លែងថា ការស្រាវជ្រាវ ក៏ចាំបាច់ ត្រូវធ្វើឡើង ទៅលើការកាប់បំផ្លាញព្រៃឈើខុសច្បាប់ នៅតំបន់ជួរភ្នំក្រវាញ ដែលលោក ឈុត វុទ្ធី បានពិនិត្យ និងរបាយការណ៍បឋមដែលលោកអះអាងថា អាជ្ញាធរមូលដ្ឋាន បានធ្វើឡើងបន្ទាប់ពីការបាញ់សម្លាប់លោក ឈុត វុទ្ធី។
លោកបានថ្លែងសំដៅលើការរកឃើញដំបូងរបស់កងរាជអាវុធហត្ថដែលថា អ៊ិន រតនា បានធ្វើអត្តឃាតថា៖«ខ្ញុំគិតថា សម្រាប់ខ្ញុំ នោះជាស្ថានភាពធ្ងន់ធ្ងរណាស់ ហើយបង្ហាញខ្ញុំថា សមត្ថកិច្ចមូលដ្ឋាន ចង់បំបិទករណីនេះ ធ្វើយ៉ាងណាមិនឲ្យមានអ្នកណា ត្រូវបានចោទប្រកាន់ពីការបាញ់សម្លាប់នេះឡើយ»។
លោក ចាន់ សុវេត មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់ អង្គការសិទ្ធិមនុស្សអាដហុក បានថ្លែងថា ភាពផ្ទុយគ្នា រវាងរបាយការណ៍ទាំង ២ និងការប្រញាប់ប្រញាល់សន្និដ្ឋានរបស់គណៈកម្មការ បង្ហាញពីតម្រូវការឲ្យមានការស្រាវជ្រាវឯករាជ្យ។
លោកបានគូសបញ្ជាក់ថា៖«ការស៊ើបអង្កេតនេះ ពុំបានបង្ហាញពីការពិតឡើយ រដ្ឋាភិបាល គួរបង្កើតការស៊ើបអង្កេតឯករាជ្យដែលអនុញ្ញាតឲ្យមានអង្គការមិនមែន រដ្ឋាភិបាលចូលរួម»៕ CR
រាយការណ៍បន្ថែមដោយ DAVID BOYLE
1 comment:
IT SHOULD BE RULED AS A HOMICIDE
Post a Comment