សពប៉េអឹមដែលត្រូវគេចោទថា បានបាញ់សម្លាប់ឈុត វុទ្ធី។ រូបថត សហការី |
Monday, 07 May 2012
វិភាគសង្គម ដោយ តុងសុប្រាជ្ញ
The Phnom Penh Post
មានសេដ្ឋីៗមួយចំនួនតូច ដែលរាស្រ្តតែងតែយំតវ៉ាយកដីពួកគាត់មកវិញរាល់ថ្ងៃ ដូចជាយាយភូ យាយផាន ឧកញ្ញ៉ាលីយ៉ុងផាត់ ជាដើម បែរទៅជាមានដីដល់ទៅរាប់លានហិកតាទៅវិញ?ជាលក្ខណៈធម្មជាតិរបស់មនុស្ស បើកាលណារស់នៅគ្មានអ្វីហូប ឬក៏ហូបមិនគ្រប់គ្រាន់ហើយ គឺខិតខំព្យាយាមយ៉ាងត្រដាបត្រដួស ទៅរកទីទួល មានសុវត្ថិភាព ដែលមានអាហារហូបដើម្បីឲ្យបានរស់។ ព្រោះគាត់ ពុំទាន់បានឆ្លងផុតពីតម្រូវការជាមូលដ្ឋាន ដូចទ្រឹស្តីរបស់លោក«ម៉ាស្លូ» ដែលមនុស្សត្រូវមានអាហារ សម្លៀកបំពាក់ និងជម្រកសមរម្យ។ ការដែលគ្មានអ្វីហូប គឺជាកត្តាចម្បងធ្វើឲ្យពួកគាត់ ក្លាយទៅជាមុខសញ្ញាជាជនងាយរងគ្រោះ និងងាយស្រួលក្នុងការអូសទាញកម្លាំងពលកម្មទៅធ្វើការនៅក្រៅ ស្រុកដោយប្រើឃ្លាមួយយ៉ាងសាមញ្ញថា៖ «គេបបួលកុំឲ្យខាន បើគេបានកុំស្តាយក្រោយ!»។
ប្រសិនបើយើងមានពេល សាកល្បងទៅលេងកម្សាន្តនៅទីក្រុងបាងកកជាពិសេសនៅតំបន់សេដ្ឋកិច្ច សង្គមវិត (Sukumvit area) យើងនឹងឃើញពលករខ្មែរមួយចំនួន ដែលជាអ្នកលក់តាមហាង អ្នករត់តុ អ្នកធ្វើម្ហូបនៅតាមភោជនីយដ្ឋាន អ្នកធ្វើការនៅតាមបារ អាចនិយាយភាសាថៃបានយ៉ាងល្អ ហើយនៅតាមផ្លូវដើរកាត់ទទឹងមហាវិថីសង្គមវិតនោះ យើងនឹងជួបអ្នកសុំទានដែលភាគច្រើនជាជនជាតិខ្មែរ។ ពួកគាត់ក៏បានប្រាប់យើងទាំងទឹកភ្នែកទឹកសម្បោរថា គាត់មកពីស្រុកភូមិណា មកតាមរយៈអ្នកណា និងពីមូលហេតុដែលបានជំរុញឲ្យទៅទីនោះផងដែរ។
ពលករខ្មែរខ្លះទៀត ទៅធ្វើការលំបាកៗហួសកម្លាំងជាងនេះទៅទៀតដូចកញ្ជះគេ បុរសៗគ្នា ខ្លះនេសាទធ្លាយទៅដល់ប្រទេសឥណ្ឌូនេស៊ី ឯស្រ្តីវិញ ខ្លះក្លាយទៅជាទាសករផ្លូវភេទក៏មាន ខ្លះក៏ធ្លាក់ខ្លួនញៀនថ្នាំ ខ្លះឆ្លងជំងឺអេដស៍ និងខ្លះត្រូវបានគេជួញដូរផ្លូវភេទ។ ថ្មីៗនេះមានពលករខ្មែរស្លាប់ជាហូរហែ ខ្លះស្លាប់ដោយសារគេធ្វើបាបឲ្យធ្វើការហួសកម្លាំង ដោយសារគ្រោះថ្នាក់ចរាចរណ៍ក៏មាន ខ្លះស្លាប់ដោយសារទៅចូលកាប់ឈើប្រណីតខុសច្បាប់ក៏មាន។ យោងតាមក្រសួងមហាផ្ទៃ បានឲ្យដឹងថា ពលករចំណាកស្រុក ១២០០០ នាក់ ត្រូវបានបញ្ជូនពីក្រៅប្រទេសមកកម្ពុជាវិញ ក្នុងឆ្នាំ ២០១១។
ក្នុងនាមជាខ្មែរមួយ ១ រូប ពេលបានឃើញ និងជួបប្រទះ ជនជាតិខ្មែរដូចគ្នាយ៉ាងនេះ គឺនឹកឡើងខ្លោចចិត្តអាណិតអាសូរ ខ្មែរអើយខ្មែរ! ដែលនៅតែជំពាក់កម្មរហូតមិនចេះអស់មិនចេះហើយចេញពីរបបមួយទៅ របបមួយ តើពេលណាបានអស់កម្ម? តាំងពីរបបមុនៗ រហូតជំនាន់ទសវត្សរ៍ឆ្នាំ៨០ និងឆ្នាំ៩០ ក៏មិនដល់សតវត្សរ៍ឆ្នាំ២០០០នេះទេ មានពលករចំណាកស្រុកខុសច្បាប់រាប់ម៉ឺននាក់ក្នុង១ឆ្នាំៗ។ ហេតុអ្វីបានជាពលករខ្មែរចង់ទៅធ្វើការ នៅស្រុកគេខ្លាំងម្ល៉េះ បើទោះបីជាដឹងថាខុសច្បាប់ និងប្រឈមមុខនឹងគ្រោះថ្នាក់ក៏ដោយ ក៏ដាច់ចិត្តចាកចោលភូមិករប្រពន្ធ ប្តី កូនជាទីស្រឡាញ់របស់ខ្លួនដែរ? តើមកពីគ្មានដីធ្វើស្រែចម្ការ? គ្មានជម្រើសការងារក្នុងស្រុក? ឬការងារក្នុងស្រុកប្រាក់ខែតិចពេក មិនអាចទ្រទ្រង់ជីវភាពបាន?
បើទោះបីជា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ខិតខំអំពាវនាវនៅទិវាពលកម្មអន្តរជាតិកាលពីសប្តាហ៍មុននេះ កុំឲ្យប្រជាពលរដ្ឋធ្វើពលករចំណាកស្រុក ជាមួយនឹងការរៀបរាប់ថា នៅស្រុកគេ រកបានប្រាក់កម្រៃខ្ពស់មែន តែការចាយវាយនៅស្រុកគេមានតម្លៃថ្លៃជាងស្រុកខ្លួនឯង ហើយក៏ប្រថុយប្រថាននឹងគ្រោះថ្នាក់ ហើយលោកបានបន្ថែមទៀតថា តម្រូវការពលកម្មនៅរោងចក្រក្នុងស្រុកមានចំនួន ៥០០០០ នាក់ទៀតក្តី តែពលករនៅតែចាកចេញ។ ឯអាជ្ញាធរវិញទាល់តែលោកនាយកមន្រ្តីប្រកាសឲ្យទប់ស្កាត់ពលករ ចំណាកស្រុក ទើបនាំគ្នាឃាត់ខ្លួននៅតាមខេត្តនៅជាប់ព្រំដែន។
តែទោះជាយ៉ាងណាក៏ដោយ ការឃាត់ពលករចំណាកស្រុកមិនមែនជាដំណោះស្រាយទេ។ តើមានអ្វីឲ្យពួកគាត់ហូប? ជាក់ស្តែង បើប្រៀបធៀបការចំណូល និងចំណាយជាទូទៅ ជាមួយនឹងប្រទេសថៃ គឺប្រាក់កម្រៃកម្លាំងពលកម្មបានច្រើនជាង ហើយការចំណាយលើទំនិញ និងម្ហូបដែលមានទីតាំងដូចគ្នា គឺស្រុកថៃមានតម្លៃថោកជាង ហើយមានអនា-ម័យជាងនៅស្រុកខ្មែរ។ ពីព្រោះផលិតផលនៅស្រុកខ្មែរភាគច្រើនយកមកពីស្រុកថៃ ហើយបើនិយាយពីសាំងនៅស្រុកខ្មែរ មានតម្លៃជាងនៅស្រុកថៃ ដល់ជិត១០០០ រៀលក្នុង ១ លីត្រ។
រាជរដ្ឋាភិបាលអួតតែពីកំណើនសេដ្ឋកិច្ចរបស់ខ្លួនជារៀង រាល់ឆ្នាំចន្លោះពី ៦,៥ ភាគរយ ទៅ ៧% ដែលជាសមិទ្ធផលរបស់រដ្ឋ តែមិនសូវហ៊ាននិយាយ អំពីអតិផរណាដែលរដ្ឋាភិបាមិនអាចទប់បាននោះទេ គឺសន្ទស្សន៍តម្លៃនៃការប្រើប្រាស់ទំនិញ(CPI)កើន ៥.៤ ភាគរយ នៅខែកុម្ភៈ(NIS, ២០១២)។ អ្នកដែលទទួលរងផលប៉ះពាល់ ពីអតិផរណាជាងគេគឺពលរដ្ឋក្រីក្រ មិនមែនរដ្ឋាភិបាលទេ គឺប្រាក់ខែនៅតិចដដែល ឬក៏កើនឡើងតិចតួច តែទំនិញដែលត្រូវប្រើប្រាស់ជាប្រចាំឡើងខ្ពស់ហួសប្រមាណ ដូចជា តម្លៃប្រេងសំាង បន្លែ ត្រី សាច់។ល។ ឯណាទៅពាក្យថា៖ «រាស្រ្តមានមុនរដ្ឋនោះ!» ឯណាទៅពាក្យថា៖ «រដ្ឋា-ភិបាលសេដ្ឋកិច្ចនោះ!»? បើទោះបីជាតម្រូវការកម្លាំងកម្មកររោងចក្រ ៥០០០០ នាក់ក៏ដោយគឺប្រាក់ខែកម្មករក្នុងស្រុកដ៏តិចតួចហ្នឹង មិនអាចទប់ទល់ទៅនឹងអតិផរណតាំងពីការជួលផ្ទះស្នាក់នៅ ទឹក ភ្លើងអាហារសម្លៀកបំពាក់សម្ភារប្រើប្រាស់ជាប្រចាំផ្សេងៗទៀត គឺពួកគេសុខចិត្តធ្វើដំណើរផ្សងព្រេងវិញប្រសើរជាង?
បើគណនាទៅនឹងដង់ស៊ីតេប្រជាជន ទៅនឹងផ្ទៃដីវិញ គឺប្រជាជនខ្មែរ ៧៥ នាក់ រស់នៅលើផ្ទៃដី១គីឡូម៉ែត្រការ៉េ(ជំរឿនឆ្នាំ២០០៨)។ ចំពោះដង់ស៊ីតេនេះ គឺវាគ្រប់គ្រាន់សម្រាប់ប្រជាពលរដ្ឋកម្ពុជាហើយ តើហេតុអ្វីបានជាប្រជាពលរដ្ឋខ្មែរមួយភាគធំ រកតែដីមួយបង្គីក៏មិនបានផង កុំថាឡើយដល់ដីសម្រាប់សង់ផ្ទះរស់នៅ ឬក៏សម្រាប់ធ្វើស្រែចំការ តែមានសេដ្ឋីៗមួយចំនួនតូច ដែលរាស្រ្តតែងតែយំតវ៉ាយកដីពួកគាត់មកវិញរាល់ថ្ងៃ ដូចជាយាយភូ យាយផាន ឧកញ្ញ៉ាលីយ៉ុងផាត់ ជាដើម បែរទៅជាមានដីដល់ទៅរាប់លានហិកតាទៅវិញ? ឯការផ្តល់ដីសម្បទានសេដ្ឋកិច្ច ៩៩ ឆ្នាំឲ្យក្រុមហ៊ុនទាំងក្នុងស្រុក និងបរ-ទេសវិញ គឺដូចផ្តល់ឱកាសឲ្យក្រុមហ៊ុនទាំងនោះ ធ្វើអាជីវកម្មម៉ាសេរី ខ្លះទន្ទ្រានយកដី និងព្រៃពីប្រជាពលរដ្ឋ កាប់ឈើប្រណីតលក់។ ឧទាហរណ៍ ព័ត៌មានដែលភ្នំពេញ ប៉ុស្តិ៍ទើបទទួលបាន ថាក្រុមហ៊ុនធីមប័រគ្រីន(Timber Green) ដែលកំពុង មានបញ្ហាពាក់ព័ន្ធនឹងការបាញ់សម្លាប់ សកម្មជនព្រៃឈើ លោក ឈុត វុទ្ធី និងមន្រ្តីកងរាជអាវុធហត្ថនៅខេត្តកោះកុង គឺបានចុះបញ្ជីការជាមួយនឹងក្រសួងពាណិជ្ជកម្ម ថាធ្វើការរកស៊ីទៅលើការបើកសា-លារៀន នាំចូលបរិក្ខារពេទ្យអាហរ័ណនីហរ័ណ តែមិនចេញអាជ្ញា-ប័ណ្ណឲ្យកាប់ឈើស្តារអាងអ្វីនោះទេ។ តែចុះហេតុអ្វីបានជារដ្ឋបាលព្រៃឈើ ចេញអាជ្ញាប័ណ្ណឲ្យក្រុមហ៊ុននេះ កាប់ឈើស្តារអាងទំនប់វារីអគ្គិសនីទៅវិញ? ហេតុអ្វីបានជារដ្ឋាភិបាល ឲ្យបរទេសមកធ្វើថៅកែលើខ្មែរដែលជាម្ចាស់ដីស្រែរបស់ខ្លួន ទៅវិញ? រឿងនេះ ធ្វើឲ្យពលរដ្ឋខ្លះ ក៏អស់សង្ឃឹម ក៏ចេះតែរសាត់អណ្តែតទៅលក់ពលកម្មនៅស្រុកគេម៉ារស់តាមគេតាម ឯងទៅ ប្រសើរជាងរស់នៅក្នុងស្រុកដែលដីត្រូវបានគេរំលោភយកអស់ ទៅប្តឹងដល់ណាក៏មិនឈ្នះគេដែរមានតែគេវាយ បាញ់ថែម។
ចូលរួមផ្តល់យោបល់តាមរយៈ soprach.tong@phnompenhpost.com
2 comments:
សូមថ្លែងអំណរគុណដល់លោក តុង សុប្រាជ្ញ ចំពោះការវិភាគដ៏ត្រឹមត្រូវបែបនេះ។ សូមមេត្តាចុះផ្សាយការវិភាគដូចនេះឱ្យបានច្រើន និង ជាញឹកញយ។
គតិបណ្ឌិតនៃកូនខ្មែរ
បើខ្មែរធ្វើចំណាកស្រុកកាន់តែច្រើននោះ អា
ហ៊ុន សែន និង យួនកាន់តែសប្បាយចិត្ត។
ទឹកដីខ្មែរនឹងឆាប់ទៅជា ដីចាម ខ្មែរក្រោម
និង លាវនាអនាគតដ៏ឆាប់នេះ។
ខ្មែរកាន់តែបង្កើតគណៈបក្សច្រើន និង អង្គការ
នយោបាយ ខ្មែរគង់តែងាប់ឆាប់ៗជាមិនខាន។
ខ្មែរគ្រុបបក្ស និង ខ្មែរគ្រប់ក្រុមនយោបាយ
ដើម្បីសេរីភាពខ្មែរ ល្មមឈប់ប្រកាន់អស្មិមានៈ
ទៅ!
Post a Comment