Monday, May 07, 2012

សុខ​ចិត្ត​ធ្វើ​ចំណាក​ស្រុក​ទៅ​ស្រុក​គេ​ទាំង​ខុស​ច្បាប់​គ្រាន់​បើ​ជាង​រស់​នៅ​ក្នុង​សង្គម​អយុត្តិ​ធម៌?

សពប៉េ​អឹមដែល​ត្រូវ​គេ​ចោទ​ថា បាន​បាញ់​សម្លាប់​​ឈុត វុទ្ធី​។ រូបថត សហ​ការី

Monday, 07 May 2012
វិភាគសង្គម ដោយ តុងសុប្រាជ្ញ
The Phnom Penh Post
មាន​សេដ្ឋីៗ​មួយ​ចំនួន​តូច ​ដែល​រាស្រ្ត​តែង​តែ​យំ​តវ៉ា​យក​ដី​ពួក​គាត់​មក​វិញ​រាល់​ថ្ងៃ ​ដូច​ជា​យាយភូ​ យាយ​ផាន​ ឧកញ្ញ៉ា​លីយ៉ុង​ផាត់​ ជា​ដើម​ បែរ​ទៅ​ជា​មាន​ដី​ដល់​ទៅ​​រាប់​លាន​​ហិក​តា​ទៅ​វិញ​?
ជា​លក្ខណៈ​ធម្ម​ជាតិ​របស់​មនុស្ស បើ​កាល​ណា​រស់​នៅ​គ្មាន​អ្វី​ហូប​ ឬ​ក៏​ហូប​មិន​គ្រប់​គ្រាន់​ហើយ គឺ​ខិត​ខំ​ព្យាយាម​យ៉ាង​ត្រដាប​ត្រដួស ​ទៅ​រក​ទីទួល មាន​សុវត្ថិ​ភាព​ ដែល​មាន​អាហារ​ហូប​ដើម្បី​ឲ្យ​បាន​រស់។​ ព្រោះ​គាត់​ ពុំ​ទាន់​បាន​ឆ្លង​ផុត​ពី​តម្រូវ​ការ​ជា​មូល​ដ្ឋាន ​ដូច​ទ្រឹស្តី​របស់​លោក​«ម៉ាស្លូ» ដែល​មនុស្ស​ត្រូវ​មាន​អាហារ​ សម្លៀក​បំពាក់ ​និង​ជម្រក​សមរម្យ​។​ ការ​ដែល​គ្មាន​​អ្វី​ហូប​ ​គឺ​ជា​កត្តា​ចម្បង​ធ្វើ​ឲ្យ​ពួក​គាត់​ ក្លាយ​ទៅ​ជា​មុខ​សញ្ញា​ជា​ជន​ងាយ​រង​គ្រោះ ​និង​ងាយ​ស្រួល​ក្នុង​ការ​អូស​ទាញ​កម្លាំង​ពល​កម្ម​ទៅ​ធ្វើ​ការ​នៅ​ក្រៅ ស្រុក​ដោយ​ប្រើ​ឃ្លា​មួយ​យ៉ាង​សាមញ្ញ​ថា៖ «​គេ​បបួល​កុំ​ឲ្យ​ខាន​ បើ​គេ​បាន​កុំ​ស្តាយ​ក្រោយ​!​»

ប្រសិន​បើ​យើង​មាន​ពេល​ សាក​ល្បង​ទៅ​លេង​កម្សាន្ត​នៅ​ទីក្រុង​បាង​កក​ជា​ពិសេស​នៅ​តំបន់​សេដ្ឋកិច្ច​ សង្គម​វិត​ (Sukumvit​ area)​ យើង​នឹង​ឃើញ​ពលករ​ខ្មែរ​មួយ​ចំនួន​ ដែល​ជា​អ្នក​លក់​តាម​ហាង​ អ្នក​រត់​តុ ​អ្នក​ធ្វើ​ម្ហូប​នៅ​តាម​ភោជនីយ​ដ្ឋាន​ អ្នក​ធ្វើការ​នៅ​តាម​បារ​ អាច​និយាយ​ភាសា​ថៃ​បា​ន​យ៉ាង​ល្អ​ ហើយ​នៅ​តាម​ផ្លូវ​ដើរ​កាត់​ទទឹង​មហា​វិថី​សង្គម​វិត​នោះ ​យើង​នឹង​ជួប​អ្នក​សុំ​ទាន​ដែល​ភាគ​ច្រើន​ជាជន​ជាតិ​ខ្មែរ។​ ពួក​គាត់​ក៏​បាន​ប្រាប់​យើង​ទាំង​ទឹក​ភ្នែក​ទឹក​សម្បោរ​ថា គាត់មក​ពី​ស្រុក​ភូមិ​ណា​ មក​តាម​រយៈ​អ្នក​ណា ​និង​ពីមូល​ហេតុ​ដែល​បានជំរុញឲ្យទៅ​ទី​នោះ​ផងដែរ។​

ពលករ​ខ្មែរ​ខ្លះ​ទៀត​ ទៅ​ធ្វើ​ការ​លំបាកៗ​ហួស​កម្លាំង​ជាង​នេះ​ទៅ​ទៀត​ដូច​កញ្ជះ​គេ​ បុរសៗ​គ្នា ខ្លះ​នេសាទ​ធ្លាយ​ទៅ​ដល់​ប្រទេស​ឥណ្ឌូ​នេស៊ី​ ឯ​ស្រ្តី​វិញ ខ្លះ​ក្លាយ​ទៅ​ជា​ទាសករ​ផ្លូវ​ភេទ​ក៏​មាន​ ខ្លះ​ក៏​ធ្លាក់​ខ្លួន​ញៀន​ថ្នាំ ​ខ្លះ​ឆ្លង​ជំងឺ​អេដស៍​ និង​ខ្លះ​ត្រូវ​បាន​គេ​ជួញ​ដូរ​ផ្លូវ​ភេទ​។​ ថ្មីៗនេះ​មាន​ពលករ​ខ្មែរ​ស្លាប់​ជា​ហូរ​ហែ​ ខ្លះ​ស្លាប់​ដោយ​សារ​គេ​ធ្វើ​បាប​ឲ្យ​ធ្វើ​ការ​ហួស​កម្លាំង​ ដោយ​សារ​គ្រោះ​ថ្នាក់​ចរាចរណ៍​ក៏​មាន​ ខ្លះ​ស្លាប់​ដោយ​សារ​ទៅ​ចូល​កាប់​ឈើ​ប្រណីត​ខុស​ច្បាប់​ក៏​មាន​។​ យោង​តាម​ក្រសួង​មហា​ផ្ទៃ​ បាន​ឲ្យ​ដឹង​ថា​ ពលករ​ចំណាក​ស្រុក​ ១២០០០​ នាក់​ ត្រូវ​បាន​បញ្ជូន​ពី​ក្រៅ​ប្រទេស​មក​កម្ពុជា​វិញ​ ក្នុង​ឆ្នាំ​ ២០១១។


ក្នុង​នាម​ជា​ខ្មែរ​មួយ​ ១​ រូប​ ពេល​បាន​ឃើញ​ និង​ជួប​ប្រទះ ​ជន​ជាតិ​ខ្មែរ​ដូច​គ្នា​យ៉ាងនេះ ​គឺនឹក​ឡើង​ខ្លោច​ចិត្ត​អាណិត​អាសូរ ​ខ្មែរ​អើយ​ខ្មែរ​!​ ដែល​នៅ​តែ​ជំពាក់​កម្ម​រហូត​មិន​ចេះ​អស់​មិន​ចេះ​ហើយ​ចេញ​​ពី​របប​មួយ​ទៅ​ របប​មួយ​ តើ​ពេល​ណា​បាន​អស់​កម្ម​?​ តាំង​ពី​របប​មុនៗ​ រហូត​ជំនាន់​ទសវត្សរ៍​ឆ្នាំ​៨០​ និង​ឆ្នាំ៩០​ ក៏​មិន​ដល់​សតវត្សរ៍​ឆ្នាំ​២០០០​នេះ​ទេ​ មាន​ពលករ​ចំណាក​ស្រុក​ខុស​ច្បាប់​​រាប់​ម៉ឺន​នាក់​ក្នុង១​ឆ្នាំៗ​។ ​ហេតុ​អ្វី​បានជា​​ពលករ​ខ្មែរ​​ចង់​ទៅ​ធ្វើការ​ នៅ​ស្រុក​គេ​ខ្លាំង​ម្ល៉េះ​ បើ​ទោះ​បី​ជា​ដឹង​ថា​ខុស​ច្បាប់​ និង​ប្រឈម​មុខ​នឹង​គ្រោះ​ថ្នាក់​ក៏​ដោយ​ ក៏​ដាច់​ចិត្ត​ចាក​ចោល​ភូមិ​ករ​ប្រពន្ធ ប្តី​ កូន​ជាទី​ស្រឡាញ់​របស់​ខ្លួន​ដែរ​? ​តើ​មក​ពី​គ្មាន​ដី​ធ្វើ​​ស្រែ​ចម្ការ?​ គ្មាន​ជម្រើ​ស​ការ​ងារ​ក្នុង​ស្រុក​? ​ឬ​ការ​ងារ​ក្នុង​ស្រុក​ប្រាក់​ខែ​​តិច​ពេក​ មិន​អាច​ទ្រ​ទ្រង់​ជីវភាព​បាន​​?

បើ​ទោះ​បី​ជា​ លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន​ សែន​ ខិត​ខំ​អំពាវ​នាវ​នៅ​ទិវា​ពល​កម្ម​អន្តរ​ជាតិ​កាល​ពី​សប្តាហ៍​មុន​នេះ ​កុំ​ឲ្យ​ប្រជា​ពល​រដ្ឋ​ធ្វើ​ពលករ​​ចំណាក​ស្រុក​ ជា​មួយ​នឹង​ការ​រៀប​រាប់​ថា​ នៅ​ស្រុ​ក​គេ ​រក​បាន​ប្រាក់​កម្រៃ​ខ្ពស់​មែន​ តែ​ការ​ចាយ​វាយ​នៅ​ស្រុក​គេ​មាន​តម្លៃ​ថ្លៃ​ជាង​ស្រុក​ខ្លួន​ឯង​ ហើយ​ក៏​ប្រថុយ​ប្រថាន​នឹង​គ្រោះថ្នាក់​ ហើយ​លោក​បាន​បន្ថែម​ទៀត​ថា ​តម្រូវ​ការ​ពលកម្ម​នៅ​រោង​ចក្រ​ក្នុង​ស្រុក​មាន​ចំនួន​ ៥០០០០ ​នាក់​ទៀត​ក្តី​ តែ​ពលករ​នៅ​តែ​ចាក​ចេញ។​ ឯ​អាជ្ញា​ធរ​វិញ​ទាល់​តែ​លោក​នាយក​មន្រ្តី​ប្រកាស​ឲ្យ​ទប់​ស្កាត់​ពលករ​ ចំណាក​ស្រុក​ ទើប​នាំ​គ្នា​ឃាត់​ខ្លួន​នៅ​តាម​ខេត្ត​នៅ​ជាប់​ព្រំដែន​។​

តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ការ​ឃាត់​ពលករ​ចំណាក​ស្រុក​មិន​មែន​ជា​ដំណោះ​ស្រាយ​ទេ។ ​តើ​មាន​អ្វី​ឲ្យ​ពួក​គាត់​ហូប​?​ ជាក់​ស្តែង​ បើ​ប្រៀប​ធៀប​ការ​ចំណូល​ និង​ចំណាយ​ជា​ទូទៅ​ ជាមួយ​នឹង​ប្រទេស​ថៃ ​គឺ​ប្រាក់​កម្រៃ​កម្លាំង​ពលកម្ម​បាន​ច្រើន​ជាង​ ហើយ​ការ​ចំណាយ​លើ​ទំនិញ​ និង​ម្ហូប​ដែល​មាន​ទីតាំង​ដូចគ្នា​ គឺ​ស្រុក​ថៃ​មាន​តម្លៃ​ថោក​ជាង​ ហើយ​មាន​អនា-​ម័យ​ជាង​នៅ​ស្រុក​ខ្មែរ​។ ពី​ព្រោះ​ផលិត​ផល​នៅ​ស្រុក​ខ្មែរ​ភាគ​ច្រើន​យក​មក​ពី​ស្រុក​ថៃ ហើយ​បើ​និយាយ​ពី​សាំង​នៅ​ស្រុក​ខ្មែរ​ មាន​តម្លៃ​ជាង​នៅ​ស្រុក​ថៃ​ ដល់​ជិត​១០០០​ រៀល​ក្នុង​ ១ លី​ត្រ​។

រាជ​រដ្ឋា​ភិបាល​អួត​តែ​ពី​កំណើន​សេដ្ឋកិច្ច​​របស់​​ខ្លួន​ជា​រៀង​ រា​ល់​ឆ្នាំ​ចន្លោះ​​ពី​ ៦,៥​ ភាគ​រ​យ​ ទៅ​ ៧% ​ដែល​ជា​សមិទ្ធផល​​របស់​រដ្ឋ​ តែ​មិន​សូវ​ហ៊ាន​និយាយ​ អំពី​អតិផរណា​ដែល​រដ្ឋាភិបា​មិន​អាច​ទប់​បាន​នោះ​ទេ ​គឺ​សន្ទស្សន៍​តម្លៃ​នៃ​ការ​ប្រើប្រាស់​ទំនិញ​(CPI)​កើន ៥.៤ ភាគ​រយ​​ នៅ​ខែ​កុម្ភៈ(​NIS, ២០១​២)។ ​អ្នក​ដែល​ទទួល​រង​ផល​ប៉ះពាល់​ ពី​អតិផរណា​ជាង​គេ​គឺ​ពលរដ្ឋ​ក្រីក្រ ​មិន​មែន​រដ្ឋា​ភិបាល​ទេ​ គឺ​ប្រាក់​ខែ​នៅ​តិច​ដដែល​ ឬ​ក៏​កើន​ឡើង​តិច​តួច​ តែ​ទំនិញ​ដែល​ត្រូវ​ប្រើ​ប្រាស់​ជា​ប្រចាំ​ឡើង​ខ្ពស់​ហួស​​ប្រមាណ ​ដូច​ជា​ តម្លៃ​ប្រេង​សំាង​ បន្លែ ​ត្រី ​សាច់​។ល​។​ ឯណា​ទៅ​ពាក្យថា​៖ «​រាស្រ្ត​មាន​មុន​រដ្ឋ​នោះ!» ឯណា​ទៅ​ពាក្យ​ថា​៖ «រដ្ឋា-​ភិបាល​សេដ្ឋកិច្ច​នោះ​!»​?​ បើ​ទោះ​បី​ជា​តម្រូវ​ការ​កម្លាំង​កម្មករ​រោង​ចក្រ​ ៥០០០០​ នាក់​ក៏​ដោយ​គឺ​ប្រាក់​ខែ​កម្មករ​ក្នុង​ស្រុក​ដ៏​តិ​ច​តួច​ហ្នឹង​ មិ​ន​អាច​ទប់​ទល់​ទៅ​នឹង​អតិផរណ​តាំង​ពី​ការ​ជួល​ផ្ទះ​ស្នា​ក់​​នៅ ទឹក​ ភ្លើង​អាហារ​សម្លៀក​បំពាក់​​សម្ភារ​ប្រើប្រាស់​ជា​ប្រចាំ​ផ្សេងៗ​ទៀត​ ​ គឺ​ពួក​គេ​សុខ​ចិត្ត​ធ្វើ​ដំណើរ​ផ្សង​ព្រេង​វិញ​ប្រសើរ​ជាង​?

បើ​គណនា​ទៅ​នឹង​ដង់​ស៊ី​តេ​ប្រជាជន ​ទៅ​នឹង​ផ្ទៃដី​វិញ​ គឺ​ប្រជាជន​ខ្មែរ ៧៥ ​នាក់​ រស់​នៅ​លើផ្ទៃ​ដី​១​គីឡូ​ម៉ែត្រ​ការ៉េ(ជំរឿន​ឆ្នាំ២០០៨​)​។ ​ចំពោះ​ដង់​ស៊ីតេ​នេះ ​គឺ​វា​គ្រប់​គ្រាន់​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា​ហើយ​ តើ​ហេតុ​អ្វី​បាន​ជា​ប្រជាពលរដ្ឋ​​ខ្មែរ​មួយ​ភាគ​ធំ ​រក​តែ​ដី​មួយ​បង្គី​ក៏​មិន​បាន​ផង​ កុំ​ថា​ឡើយ​ដល់​ដី​ស​ម្រាប់​សង់​ផ្ទះ​រស់​នៅ ​​ឬ​ក៏​សម្រាប់​ធ្វើ​ស្រែ​ចំការ​ តែ​មាន​សេដ្ឋីៗ​មួយ​ចំនួន​តូច ​ដែល​រាស្រ្ត​តែង​តែ​យំ​តវ៉ា​យក​ដី​ពួក​គាត់​មក​វិញ​រាល់​ថ្ងៃ ​ដូច​ជា​យាយភូ​ យាយ​ផាន​ ឧកញ្ញ៉ា​លីយ៉ុង​ផាត់​ ជា​ដើម​ បែរ​ទៅ​ជា​មាន​ដី​ដល់​ទៅ​​រាប់​លាន​​ហិក​តា​ទៅ​វិញ​?​ ឯ​ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋ​កិច្ច​ ៩៩ ​​ឆ្នាំ​ឲ្យ​ក្រុម​ហ៊ុន​ទាំង​ក្នុង​ស្រុក​ និង​បរ-​ទេស​វិញ​ គឺ​ដូច​ផ្តល់​ឱកាស​ឲ្យ​ក្រុម​ហ៊ុន​ទាំង​នោះ ​ធ្វើ​អា​ជីវកម្ម​ម៉ាសេរី​ ខ្លះ​ទន្ទ្រាន​យកដី​ និង​ព្រៃ​ពី​ប្រជា​ពល​រដ្ឋ​ កាប់​ឈើ​ប្រណីត​លក់​។ ​ឧទាហរណ៍​ ព័ត៌មាន​ដែល​ភ្នំពេញ​ ប៉ុស្តិ៍​ទើប​ទទួល​បាន​ ថា​ក្រុម​ហ៊ុន​ធីម​ប័រ​គ្រីន​​(Timber Green) ដែលកំពុង មានបញ្ហា​ពាក់​ព័ន្ធ​នឹង​ការ​បាញ់​សម្លាប់​ សកម្ម​ជន​ព្រៃ​ឈើ ​លោក ​ឈុត ​វុទ្ធី ​និង​មន្រ្តី​កង​រាជ​អាវុធ​ហត្ថ​នៅ​ខេត្ត​កោះ​កុង​ គឺ​​បាន​ចុះ​បញ្ជី​ការ​ជា​មួយ​នឹង​ក្រសួង​ពាណិ​ជ្ជ​កម្ម​ ថា​ធ្វើ​ការ​រក​ស៊ី​ទៅ​លើ​​ការ​បើក​សា-​លា​​រៀន​ នាំ​ចូល​​បរិក្ខា​រពេទ្យ​អាហរ័ណ​នីហរ័​ណ ​តែ​មិន​ចេញ​អាជ្ញា-​ប័ណ្ណ​ឲ្យ​កាប់​ឈើ​​ស្តារ​អាង​អ្វីនោះ​​ទេ​។ តែ​ចុះ​ហេ​តុ​អ្វី​បាន​ជា​រដ្ឋ​បាល​ព្រៃ​ឈើ​ ចេញ​អាជ្ញាប័​ណ្ណ​ឲ្យ​ក្រុម​ហ៊ុន​នេះ ​កាប់​ឈើ​ស្តារ​អាង​ទំនប់​វារី​អគ្គិសនី​ទៅ​វិញ​?​ ហេតុ​អ្វីបាន​ជា​រដ្ឋាភិបាល​ ឲ្យ​បរទេស​មក​ធ្វើ​ថៅ​កែ​​លើ​ខ្មែរ​ដែល​ជា​ម្ចាស់​ដី​ស្រែរ​បស់​ខ្លួន ​ទៅ​វិញ​? ​រឿង​នេះ ​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្លះ​ ក៏​អស់​សង្ឃឹម​ ក៏​ចេះតែ​រសាត់​​អណ្តែត​ទៅ​លក់​ពលកម្ម​នៅ​ស្រុក​គេ​ម៉ា​រស់​តាម​គេ​តាម​ ​ឯង​ទៅ​ ប្រសើរ​ជាង​រស់​នៅ​ក្នុង​ស្រុក​ដែល​ដី​ត្រូវ​បាន​គេ​រំលោភ​យក​អស់ ​ទៅ​ប្តឹង​ដល់​ណា​ក៏​មិន​ឈ្នះ​គេ​ដែរ​​មាន​តែ​គេ​វាយ ​បាញ់​ថែម​។

ចូល​រួម​ផ្តល់​យោ​បល់​តាម​រយៈ​ soprach.tong@phnompenhpost.com

2 comments:

Anonymous said...

សូមថ្លែងអំណរគុណដល់លោក តុង សុប្រាជ្ញ ចំពោះការវិភាគដ៏ត្រឹមត្រូវបែបនេះ។ សូមមេត្តាចុះផ្សាយការវិភាគដូចនេះឱ្យបានច្រើន និង ជាញឹកញយ។

គតិបណ្ឌិតនៃកូនខ្មែរ

Anonymous said...

បើខ្មែរធ្វើចំណាកស្រុកកាន់តែច្រើននោះ អា
ហ៊ុន សែន និង យួនកាន់តែសប្បាយចិត្ត។
ទឹកដីខ្មែរនឹងឆាប់ទៅជា ដីចាម ខ្មែរក្រោម
និង​ លាវនាអនាគតដ៏ឆាប់នេះ។

ខ្មែរកាន់តែបង្កើតគណៈបក្សច្រើន និង អង្គការ
នយោបាយ ខ្មែរគង់តែងាប់ឆាប់ៗជាមិនខាន។

ខ្មែរគ្រុបបក្ស និង ខ្មែរគ្រប់ក្រុមនយោបាយ
ដើម្បីសេរីភាពខ្មែរ ល្មមឈប់ប្រកាន់អស្មិមានៈ
ទៅ!