ដោយ តាំង សារ៉ាដា
http://www.rfa.org/khmer/indepth/cam_govt_condemned-05302012041803.html
2012-05-30
ភ្នាក់ងារអង្គការសិទ្ធិមនុស្សអន្តរជាតិ បានទាមទារឲ្យរដ្ឋាភិបាលទីក្រុងភ្នំពេញ បញ្ឈប់ជាបន្ទាន់នូវការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរដែលកំពុងកើត មានទៅលើជនស៊ីវិល និងព្រះសង្ឃ។
ការជំរុញរបស់ក្រុមនេះ ធ្វើឡើងនៅបន្ទាប់ពីសមត្ថកិច្ចកម្ពុជា បានបង្ក្រាបយ៉ាងហិង្សាទៅលើក្រុមបាតុករក្នុងបញ្ហាដីធ្លី រួមនឹងការចាប់ខ្លួនពលរដ្ឋចំនួន ១៣នាក់ ព្រមទាំងការគំរាមខាងផ្នែកតុលាការទៅលើព្រះសង្ឃពីបទញុះញង់ជាដើម។
សង្គមស៊ីវិលជាតិ និងអន្តរជាតិ បានថ្កោលទោសយ៉ាងខ្លាំងចំពោះសមត្ថកិច្ចទីក្រុងភ្នំពេញ ដែលបានប្រើហិង្សា និងដាក់លក្ខខណ្ឌទាំងបង្ខំដល់ភិក្ខុ លួន សុវ៉ាត ឲ្យបញ្ឈប់ការឈឺឆ្អាលរបស់ព្រះអង្គទៅលើទុក្ខវេទនារបស់ពលរដ្ឋ ដូចកើតមានចំពោះអ្នកភូមិនៅតំបន់បឹងកក់ និងពលរដ្ឋសហគមន៍បុរីកីឡាជាដើម។
នាយកប្រតិបត្តិនៃគណៈកម្មការសិទ្ធិមនុស្សអាស៊ី លោក វ៉ង កៃស៊ីង (Wong Kaishing) មានប្រសាសន៍ថា កម្ពុជាគួររក្សាសេចក្ដីថ្លៃថ្នូររបស់ខ្លួនតាមរយៈការគោរពសិទ្ធិ មនុស្សឲ្យបានត្រឹមត្រូវ និងបញ្ឈប់ជាបន្ទាន់នូវការបង្ក្រាបហ្វូងបាតុករ ឬការចាប់ក្រុមអ្នកតវ៉ាយ៉ាងហិង្សា ដើម្បីផ្ដន្ទាទោសដោយគ្មានហេតុផល និងមូលដ្ឋានច្បាប់។
លោក កៃស៊ីង មានប្រសាសន៍ថា សម្ពាធដ៏ធ្ងន់ធ្ងររបស់រដ្ឋាភិបាលកម្ពុជា មកលើពលរដ្ឋរបស់ខ្លួនអាចនាំឲ្យកម្ពុជាបរាជ័យក្នុងការធ្វើជា ប្រធានអាស៊ាន និងខូចកេរ្តិ៍ឈ្មោះក្នុងឆាកអន្តរជាតិ ក្នុងបរិបទនៃការរំលោភសិទ្ធិមនុស្ស៖ «នេះគឺគំនាបដ៏អាក្រក់របស់រដ្ឋាភិបាលមកលើពលរដ្ឋស្លូតត្រង់។ យើងទាមទារឲ្យរដ្ឋាភិបាលដោះលែងពលរដ្ឋដែលកំពុងជាប់ឃុំឃាំងដោយសារ បញ្ហាដីធ្លីទាំងនោះ កាន់តែឆាប់តាមដែលអាចធ្វើទៅបាន។ ម៉្យាងទៀតអាជ្ញាធរមានសមត្ថកិច្ចមិនត្រូវចាប់ខ្លួនអ្នកដែល គ្រាន់តែបញ្ចេញតាមឆន្ទៈរបស់គេដាក់ពន្ធនាគារនោះឡើយ»។
ការថ្លែងរបស់មន្ត្រីជាន់ខ្ពស់នៃគណៈកម្មការសិទ្ធិមនុស្សអាស៊ី រូបនេះ ធ្វើឡើងនៅបន្ទាប់ពីមានការធ្វើទុក្ខបុកម្នេញផ្នែកតុលាការមកលើ ព្រះតេជព្រះគុណ លួន សុវ៉ាត និងការចាប់ខ្លួនពលរដ្ឋតំបន់បឹងកក់ ១៥នាក់ កាលពីពេលថ្មីៗនេះ។
ក្រុមអ្នកឃ្លាំមើលអំពីការគោរពសិទ្ធិមនុស្សក្នុងស្រុកព្រមានថា ប្រសិនបើរដ្ឋាភិបាលមិនផ្តល់លទ្ធភាពគ្រប់បែបយ៉ាងឲ្យពលរដ្ឋមាន សិទ្ធិក្នុងការបញ្ចេញមតិដោយសេរី និងមានដំណោះស្រាយសមរម្យនូវរាល់វិបត្តិទាំងឡាយ ដែលកើតមានក្នុងសង្គមទេ នោះទស្សនវិស័យនៃការអភិវឌ្ឍប្រទេស នឹងមិនអាចមានលក្ខណៈយូរអង្វែងបានឡើយ។
មន្ត្រីផ្នែកស៊ើបអង្កេតរបស់អង្គការការពារសិទ្ធិមនុស្សលីកាដូ (Licadho) លោក អំ សំអាត បានថ្កោលទោសចំពោះសកម្មភាពរបស់អាជ្ញាធរទីក្រុងភ្នំពេញ គ្រប់លំដាប់ថ្នាក់ ដែលបានប្រើសកម្មភាពហិង្សាយ៉ាងកំរោល និងអាក្រក់មើលជាទីបំផុត ក្នុងការចាប់ខ្លួនព្រះតេជព្រះគុណ លួន សុវ៉ាត នៅកណ្ដាលថ្ងៃត្រង់ ក្នុងចំណោមមនុស្សជាសាក្សីរាប់រយនាក់នៅទីសាធារណៈ។
លោក អំ សំអាត ថ្លែងបន្តថា រដ្ឋាភិបាលដែលពោរពេញទៅដោយកងកំលាំងប្រដាប់អាវុធរាប់ម៉ឺននាក់ កំពុងភ័យព្រួយចំពោះសកម្មភាពតស៊ូមតិដោយសន្តិវិធីរបស់ព្រះសង្ឃ និងជនស៊ីវិលស្លូតត្រង់ដៃទទេ ដែលស្រេកឃ្លានការសំដែងមតិ ដែលជាសិទ្ធិពលរដ្ឋស្របច្បាប់របស់ខ្លួនដើម្បីប្រយោជន៍ក្នុងសង្គម កម្ពុជា។
លោកបានទាមទារឲ្យរដ្ឋាភិបាលបន្ថែមការការពារ និងការលើកស្ទួយក្រុមមនុស្សដែលមានឆន្ទៈស្នេហាជាតិ មាតុភូមិទាំងនោះវិញ ទើបជាដំណោះស្រាយសំរាប់ពុទ្ធចក្រ និងអាណាចក្រ។
ទោះបីជាយ៉ាងណាក៏ដោយ មន្រ្តីជាន់ខ្ពស់របស់រដ្ឋាភិបាលមិនគាំទ្រចំពោះសកម្មភាពរបស់ ព្រះសង្ឃទាំងឡាយណាដែលជ្រៀតជ្រែកទាំងខុសគន្លងធម៌វិន័យ និងទាំងខុសច្បាប់របស់រដ្ឋ ហើយថា ទង្វើបែបនេះអាចនាំទៅដល់ការធ្វើអោយមានអស្ថិរភាពក្នុងសង្គម។
អ្នកនាំពាក្យនៃទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បានចោទថា សកម្មភាពរបស់ព្រះតេជព្រះគុណ លួន សុវ៉ាត ជាសកម្មភាពធ្វើបដិវត្តន៍ ហើយទង្វើបែបនេះផ្ទុយពីគោលការណ៍ព្រះពុទ្ធសាសនាជាតិ។ លោកបន្តថា ព្រះសង្ឃគ្រាន់តែជាទីសក្ការៈសំរាប់ពុទ្ធបរិស័ទប៉ុណ្ណោះ ហើយដែលមិនត្រូវចេញធ្វើសកម្មភាពនយោបាយ បះបោរ តតាំង ដូចកាលពីសម័យអាណានិគមបារាំងនោះឡើយ។
កាលពីថ្ងៃទី២៤ ឧសភា អាជ្ញាធរទីក្រុងភ្នំពេញ បានចាប់ខ្លួន ព្រះព្រះតេជព្រះគុណ លួន សុវ៉ាត នៅមុខតុលាការក្រុងភ្នំពេញ ខណៈព្រះអង្គរួមជាមួយអ្នកតវ៉ាជាច្រើននាក់ទៀត ឈរតវ៉ាដោយសន្តិវិធី អំពាវនាវសុំដោះលែងស្រ្តីរងគ្រោះដោយបញ្ហាដីធ្លីនៅបឹងកក់ ដែលអាជ្ញាធរបានចាប់ខ្លួនចំនួន ១៣នាក់។
សមត្ថកិច្ចចម្រុះ រួមទាំងក្រុមមន្ត្រីសង្ឃជាន់ខ្ពស់បានដាក់កំហិតឲ្យព្រះអង្គឈប់ ដឹកនាំបាតុកម្ម កូដកម្ម កុប្បកម្ម ឬសកម្មភាពតវ៉ាជំទាស់គ្រប់រូបភាពដែលបង្កអោយមានការប៉ះពាល់ដល់ សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ បើមិនដូច្នោះទេ នោះព្រះអង្គនឹងប្រឈមចំពោះមុខច្បាប់ដោយគ្មានតវ៉ា ហើយអាចត្រូវចាប់ផ្សឹកចោទប្រកាន់ពីបទញុះញង់ឲ្យប្រព្រឹត្ត ឧក្រិដ្ឋ។
នាយកប្រតិបត្តិទទួលបន្ទុកកិច្ចការតំបន់អាស៊ី នៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch លោក ប្រែត អាដាម (Brad Adams) បានសម្ដែងក្តីរន្ធត់ និងសឹងតែមិនជឿនៅពេលលោកបានឃើញខ្សែវីដេអូអំពីការប្រើកំលាំង សមត្ថកិច្ចចាប់ខ្លួនភិក្ខុ លួន សុវ៉ាត។ លោកបញ្ជាក់ថា ព្រះតេជព្រះគុណ លួន សុវ៉ាត មិនបានធ្វើអ្វីផ្ទុយពីច្បាប់នោះឡើយ។
លោក ប្រែត អាដាម៖ «កាលខ្ញុំនៅធ្វើការក្នុងប្រទេសកម្ពុជា ខ្ញុំដឹងថា ប្រជាជនកម្ពុជា មិនដែលរំពឹងថា មានការធ្វើបាប និងធ្វើទុក្ខបុកម្នេញមកលើព្រះសង្ឃដូច្នេះឡើយ។ ខ្ញុំពិតជារន្ធត់ណាស់ដែលរដ្ឋាភិបាលសំរេចចិត្តធ្វើដូច្នេះ។ ខ្ញុំគិតថា រដ្ឋាភិបាលប្រហែលជាខ្លាចមនុស្សដែលអាចនិយាយប្រាប់មនុស្សផ្សេងទៀត អំពីអ្វីដែលពិតជាបានកើតឡើងមែននោះ។ បញ្ហានេះវាគ្មានហេតុផលអ្វីដែលត្រូវចាប់ខ្លួនព្រះអង្គនោះឡើយ»។
ចំណែកលោកបណ្ឌិត ឡៅ ម៉ុងហៃ ដែលជាអ្នកវិភាគឯករាជ្យ មានប្រសាសន៍ថា ព្រះសង្ឃមានសិទ្ធិក្នុងការបញ្ចេញមតិ និងសិទ្ធិក្នុងការចូលរួមប្រជុំដូចពលរដ្ឋទូទៅ ហើយថា ប្រសិនបើរដ្ឋាភិបាលមិនឲ្យព្រះសង្ឃចូលរួមក្នុងឆាកនយោបាយនោះ គេក៏ត្រូវហាមដល់សម្ដេចសង្ឃរាជទាំងឡាយ មិនត្រូវចូលរួមគណបក្សកាន់អំណាចនោះដែរ។
លោកបណ្ឌិត ឡៅ ម៉ុងហៃ មានប្រសាសន៍បន្តថា សេរីភាពក្នុងការបញ្ចេញមតិ និងសិទ្ធិក្នុងការចូលរួមប្រជុំរបស់ពលរដ្ឋ ត្រូវបានធានាដោយច្បាប់រដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ប្រទេស។ ហើយសំរាប់សកម្មភាពរបស់ព្រះតេជព្រះគុណ លួន សុវ៉ាត ព្រះអង្គគ្រាន់តែចូលរួមតស៊ូមតិជាមួយពលរដ្ឋ ដើម្បីពលរដ្ឋ ហើយដែលមិនបានធ្វើនយោបាយអ្វីនោះឡើយ។
លោកបណ្ឌិត ឡៅ ម៉ុងហៃ បានទទូចឲ្យរដ្ឋាភិបាល ពិចារណាឡើងវិញថា ហេតុអ្វីបានជាមានពលរដ្ឋក្រោកឈរតវ៉ា ឬមួយអាជ្ញាធរមិនអនុវត្តច្បាប់របស់ខ្លួនអោយបានត្រឹមត្រូវ ដែលបណ្ដាលឲ្យមានការរំលោភសិទ្ធិដ៏ធ្ងន់ធ្ងរ ឬយ៉ាងណា?
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
.
1 comment:
នួន ង៉ែត សម្ដេចសង្ឃជាអ្នកនយោបាយ ព្រោះ
បុគ្គលរូបនេះ និយាយពីនយោបាយ ហើយធ្វើ
ដំណើរទៅកាន់ក្រុង ហាណូយជាច្រើនដង។
ហេតុអ្វី ព្រះតេជគុណ លួន សាវ៉ាតគ្រាន់តែ
ជួយលើកទឹករាស្ត្រមិនបាន?
ព្រះតេជគុណ លួន សាវ៉ាតគ្មានកំហុសទេ។
Post a Comment