Thursday, May 31, 2012

សហគមន៍​អន្តរជាតិ​ថ្កោលទោស​រដ្ឋាភិបាល​អំពី​ការ​រំលោភ​សិទ្ធិ​មនុស្ស

.

ដោយ តាំង សារ៉ាដា
http://www.rfa.org/khmer/indepth/cam_govt_condemned-05302012041803.html

2012-05-30

ភ្នាក់ងារ​អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ បញ្ឈប់​ជា​បន្ទាន់​នូវ​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​ដែល​កំពុង​កើត​ មាន​ទៅ​លើ​ជន​ស៊ីវិល និង​ព្រះសង្ឃ។

RFA/Uon Chhin

កម្លាំង​សមត្ថកិច្ច​ចាប់​ព្រះ​កាយ​ព្រះភិក្ខុ លួន សុវ៉ាត នៅ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ កាល​ពី​រសៀល​ថ្ងៃ​ទី​២៤ ខែ​ឧសភា ឆ្នាំ​២០១២។

ការ​ជំរុញ​របស់​ក្រុម​នេះ ធ្វើ​ឡើង​នៅ​បន្ទាប់​ពី​សមត្ថកិច្ច​កម្ពុជា បាន​បង្ក្រាប​យ៉ាង​ហិង្សា​ទៅ​លើ​ក្រុម​បាតុករ​ក្នុង​បញ្ហា​ដីធ្លី រួម​នឹង​ការ​ចាប់​ខ្លួន​ពលរដ្ឋ​ចំនួន ១៣​នាក់ ព្រម​ទាំង​ការ​គំរាម​ខាង​ផ្នែក​តុលាការ​ទៅ​លើ​ព្រះសង្ឃ​ពី​បទ​ញុះញង់​ជាដើម។

សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ បាន​ថ្កោល​ទោស​យ៉ាង​ខ្លាំង​ចំពោះ​សមត្ថកិច្ច​ទីក្រុង​ភ្នំពេញ ដែល​បាន​ប្រើ​ហិង្សា និង​ដាក់​លក្ខខណ្ឌ​ទាំង​បង្ខំ​ដល់​ភិក្ខុ លួន សុវ៉ាត ឲ្យ​បញ្ឈប់​ការ​ឈឺ​ឆ្អាល​របស់​ព្រះអង្គ​ទៅ​លើ​ទុក្ខ​វេទនា​របស់​ពលរដ្ឋ ដូច​កើត​មាន​ចំពោះ​អ្នក​ភូមិ​នៅ​តំបន់​បឹងកក់ និង​ពលរដ្ឋ​សហគមន៍​បុរី​កីឡា​ជាដើម។

នាយក​ប្រតិបត្តិ​នៃ​គណៈកម្មការ​សិទ្ធិ​មនុស្ស​អាស៊ី លោក វ៉ង កៃស៊ីង (Wong Kaishing) មាន​ប្រសាសន៍​ថា កម្ពុជា​គួរ​រក្សា​សេចក្ដី​ថ្លៃថ្នូរ​របស់​ខ្លួន​តាម​រយៈ​ការ​គោរព​សិទ្ធិ​ មនុស្ស​ឲ្យ​បាន​ត្រឹមត្រូវ និង​បញ្ឈប់​ជា​បន្ទាន់​នូវ​ការ​បង្ក្រាប​ហ្វូង​បាតុករ ឬ​ការ​ចាប់​ក្រុម​អ្នក​តវ៉ា​យ៉ាង​ហិង្សា ដើម្បី​ផ្ដន្ទាទោស​ដោយ​គ្មាន​ហេតុផល និង​មូលដ្ឋាន​ច្បាប់។

លោក កៃស៊ីង មាន​ប្រសាសន៍​ថា សម្ពាធ​ដ៏​ធ្ងន់ធ្ងរ​របស់​រដ្ឋាភិបាល​កម្ពុជា មក​លើ​ពលរដ្ឋ​របស់​ខ្លួន​អាច​នាំ​ឲ្យ​កម្ពុជា​បរាជ័យ​ក្នុង​ការ​ធ្វើ​ជា​ ប្រធាន​អាស៊ាន និង​ខូច​កេរ្តិ៍​ឈ្មោះ​ក្នុង​ឆាក​អន្តរជាតិ ក្នុង​បរិបទ​នៃ​ការ​រំលោភ​សិទ្ធិ​មនុស្ស៖ «នេះ​គឺ​គំនាប​ដ៏​អាក្រក់​របស់​រដ្ឋាភិបាល​មក​លើ​ពលរដ្ឋ​ស្លូត​ត្រង់។ យើង​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ដោះ​លែង​ពលរដ្ឋ​ដែល​កំពុង​ជាប់​ឃុំឃាំង​ដោយសារ​ បញ្ហា​ដីធ្លី​ទាំង​នោះ កាន់​តែ​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ ម៉្យាង​ទៀត​អាជ្ញាធរ​មាន​សមត្ថកិច្ច​មិន​ត្រូវ​ចាប់​ខ្លួន​អ្នក​ដែល​ គ្រាន់តែ​បញ្ចេញ​តាម​ឆន្ទៈ​របស់​គេ​ដាក់​ពន្ធនាគារ​នោះ​ឡើយ»។

ការ​ថ្លែង​របស់​មន្ត្រី​ជាន់​ខ្ពស់​នៃ​គណៈកម្មការ​សិទ្ធិ​មនុស្ស​អាស៊ី រូប​នេះ ធ្វើ​ឡើង​នៅ​បន្ទាប់​ពី​មាន​ការ​ធ្វើ​ទុក្ខបុកម្នេញ​ផ្នែក​តុលាការ​មក​លើ​ ព្រះតេជព្រះគុណ លួន សុវ៉ាត និង​ការ​ចាប់​ខ្លួន​ពលរដ្ឋ​តំបន់​បឹង​កក់ ១៥​នាក់ កាល​ពី​ពេល​ថ្មីៗ​នេះ។

ក្រុម​អ្នក​ឃ្លាំមើល​អំពី​ការ​គោរព​សិទ្ធិ​មនុស្ស​ក្នុង​ស្រុក​ព្រមាន​ថា ប្រសិន​បើ​រដ្ឋាភិបាល​មិន​ផ្តល់​លទ្ធភាព​គ្រប់​បែប​យ៉ាង​ឲ្យ​ពលរដ្ឋ​មាន​ សិទ្ធិ​ក្នុង​ការ​បញ្ចេញ​មតិ​ដោយ​សេរី និង​មាន​ដំណោះស្រាយ​សមរម្យ​នូវ​រាល់​វិបត្តិ​ទាំង​ឡាយ ដែល​កើត​មាន​ក្នុង​សង្គម​ទេ នោះ​ទស្សនវិស័យ​នៃ​ការ​អភិវឌ្ឍ​ប្រទេស នឹង​មិន​អាច​មាន​លក្ខណៈ​យូរ​អង្វែង​បាន​ឡើយ។

មន្ត្រី​ផ្នែក​ស៊ើប​អង្កេត​របស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) លោក អំ សំអាត បាន​ថ្កោល​ទោស​ចំពោះ​សកម្មភាព​របស់​អាជ្ញាធរ​ទីក្រុង​ភ្នំពេញ គ្រប់​លំដាប់​ថ្នាក់ ដែល​បាន​ប្រើ​សកម្មភាព​ហិង្សា​យ៉ាង​កំរោល និង​អាក្រក់​មើល​ជា​ទីបំផុត ក្នុង​ការ​ចាប់​ខ្លួន​ព្រះតេជព្រះគុណ លួន សុវ៉ាត នៅ​កណ្ដាល​ថ្ងៃ​ត្រង់ ក្នុង​ចំណោម​មនុស្ស​ជា​សាក្សី​រាប់​រយ​នាក់​នៅ​ទី​សាធារណៈ។

លោក អំ សំអាត ថ្លែង​បន្ត​ថា រដ្ឋាភិបាល​ដែល​ពោរពេញ​ទៅ​ដោយ​កង​កំលាំង​ប្រដាប់​អាវុធ​រាប់​ម៉ឺន​នាក់ កំពុង​ភ័យ​ព្រួយ​ចំពោះ​សកម្មភាព​តស៊ូ​មតិ​ដោយ​សន្តិវិធី​របស់​ព្រះសង្ឃ និង​ជន​ស៊ីវិល​ស្លូតត្រង់​ដៃ​ទទេ ដែល​ស្រេក​ឃ្លាន​ការ​សំដែង​មតិ ដែល​ជា​សិទ្ធិ​ពលរដ្ឋ​ស្រប​ច្បាប់​របស់​ខ្លួន​ដើម្បី​ប្រយោជន៍​ក្នុង​សង្គម​ កម្ពុជា។

លោក​បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​បន្ថែម​ការ​ការពារ និង​ការ​លើក​ស្ទួយ​ក្រុម​មនុស្ស​ដែល​មាន​ឆន្ទៈ​ស្នេហា​ជាតិ មាតុភូមិ​ទាំង​នោះ​វិញ ទើប​ជា​ដំណោះស្រាយ​សំរាប់​ពុទ្ធចក្រ និង​អាណាចក្រ។

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ មន្រ្តី​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល​មិន​គាំទ្រ​ចំពោះ​សកម្មភាព​របស់​ ព្រះសង្ឃ​ទាំង​ឡាយ​ណា​ដែល​ជ្រៀតជ្រែក​ទាំង​ខុស​គន្លង​ធម៌​វិន័យ និង​ទាំង​ខុស​ច្បាប់​របស់​រដ្ឋ ហើយ​ថា ទង្វើ​បែប​នេះ​អាច​នាំ​ទៅ​ដល់​ការ​ធ្វើ​អោយ​មាន​អស្ថិរភាព​ក្នុង​សង្គម។

អ្នក​នាំ​ពាក្យ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បាន​ចោទ​ថា សកម្មភាព​របស់​ព្រះតេជព្រះគុណ លួន សុវ៉ាត ជា​សកម្មភាព​ធ្វើ​បដិវត្តន៍ ហើយ​ទង្វើ​បែប​នេះ​ផ្ទុយ​ពី​គោលការណ៍​ព្រះពុទ្ធ​សាសនា​ជាតិ។ លោក​បន្ត​ថា ព្រះសង្ឃ​គ្រាន់​តែ​ជា​ទី​សក្ការៈ​សំរាប់​ពុទ្ធ​បរិស័ទ​ប៉ុណ្ណោះ ហើយ​ដែល​មិន​ត្រូវ​ចេញ​ធ្វើ​សកម្មភាព​នយោបាយ បះបោរ តតាំង ដូច​កាល​ពី​សម័យ​អាណានិគម​បារាំង​នោះ​ឡើយ។

កាល​ពី​ថ្ងៃ​ទី​២៤ ឧសភា អាជ្ញាធរ​ទីក្រុង​ភ្នំពេញ បាន​ចាប់​ខ្លួន ព្រះ​ព្រះតេជព្រះគុណ លួន សុវ៉ាត នៅ​មុខ​តុលាការ​ក្រុង​ភ្នំពេញ ខណៈ​ព្រះអង្គ​រួម​ជា​មួយ​អ្នក​តវ៉ា​ជា​ច្រើន​នាក់​ទៀត ឈរ​តវ៉ា​ដោយ​សន្តិ​វិធី អំពាវនាវ​សុំ​ដោះ​លែង​ស្រ្តី​រង​គ្រោះ​ដោយ​បញ្ហា​ដីធ្លី​នៅ​បឹង​កក់ ដែល​អាជ្ញាធរ​បាន​ចាប់​ខ្លួន​ចំនួន ១៣​នាក់។

សមត្ថកិច្ច​ចម្រុះ រួម​ទាំង​ក្រុម​មន្ត្រី​សង្ឃ​ជាន់​ខ្ពស់​បាន​ដាក់​កំហិត​ឲ្យ​ព្រះអង្គ​ឈប់​ ដឹក​នាំ​បាតុកម្ម កូដកម្ម កុប្បកម្ម ឬ​សកម្មភាព​តវ៉ា​ជំទាស់​គ្រប់​រូបភាព​ដែល​បង្ក​អោយ​មាន​ការ​ប៉ះពាល់​ដល់​ សន្តិសុខ​សណ្ដាប់​ធ្នាប់​សាធារណៈ​ បើ​មិន​ដូច្នោះ​ទេ នោះ​ព្រះអង្គ​នឹង​ប្រឈម​ចំពោះ​មុខ​ច្បាប់​ដោយ​គ្មាន​តវ៉ា ហើយ​អាច​ត្រូវ​ចាប់​ផ្សឹក​ចោទ​ប្រកាន់​ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​ ឧក្រិដ្ឋ។

នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស Human Rights Watch លោក ប្រែត អាដាម (Brad Adams) បាន​សម្ដែង​ក្តី​រន្ធត់ និង​សឹង​តែ​មិន​ជឿ​នៅ​ពេល​លោក​បាន​ឃើញ​ខ្សែ​វីដេអូ​អំពី​ការ​ប្រើ​កំលាំង​ សមត្ថកិច្ច​ចាប់​ខ្លួន​ភិក្ខុ លួន សុវ៉ាត។ លោក​បញ្ជាក់​ថា ព្រះតេជព្រះគុណ លួន សុវ៉ាត មិន​បាន​ធ្វើ​អ្វី​ផ្ទុយ​ពី​ច្បាប់​នោះ​ឡើយ។

លោក ប្រែត អាដាម៖ «កាល​ខ្ញុំ​នៅ​ធ្វើ​ការ​ក្នុង​ប្រទេស​កម្ពុជា ខ្ញុំ​ដឹង​ថា ប្រជាជន​កម្ពុជា មិន​ដែល​រំពឹង​ថា មាន​ការ​ធ្វើ​បាប និង​ធ្វើ​ទុក្ខ​បុក​ម្នេញ​មក​លើ​ព្រះសង្ឃ​ដូច្នេះ​ឡើយ។ ខ្ញុំ​ពិត​ជា​រន្ធត់​ណាស់​ដែល​រដ្ឋាភិបាល​សំរេច​ចិត្ត​ធ្វើ​ដូច្នេះ។ ខ្ញុំ​គិត​ថា រដ្ឋាភិបាល​ប្រហែល​ជា​ខ្លាច​មនុស្ស​ដែល​អាច​និយាយ​ប្រាប់​មនុស្ស​ផ្សេង​ទៀត​ អំពី​អ្វី​ដែល​ពិត​ជា​បាន​កើត​ឡើង​មែន​នោះ។ បញ្ហា​នេះ​វា​គ្មាន​ហេតុផល​អ្វី​ដែល​ត្រូវ​ចាប់​ខ្លួន​ព្រះអង្គ​នោះ​ឡើយ»

ចំណែក​លោក​បណ្ឌិត ឡៅ ម៉ុងហៃ ដែល​ជា​អ្នក​វិភាគ​ឯករាជ្យ មាន​ប្រសាសន៍​ថា ព្រះសង្ឃ​មាន​សិទ្ធិ​ក្នុង​ការ​បញ្ចេញ​មតិ និង​សិទ្ធិ​ក្នុង​ការ​ចូល​រួម​ប្រជុំ​ដូច​ពលរដ្ឋ​ទូទៅ ហើយ​ថា ប្រសិន​បើ​រដ្ឋាភិបាល​មិន​ឲ្យ​ព្រះសង្ឃ​ចូល​រួម​ក្នុង​ឆាក​នយោបាយ​នោះ គេ​ក៏​ត្រូវ​ហាម​ដល់​សម្ដេច​សង្ឃរាជ​ទាំង​ឡាយ មិន​ត្រូវ​ចូល​រួម​គណបក្ស​កាន់​អំណាច​នោះ​ដែរ។

លោក​បណ្ឌិត ឡៅ ម៉ុងហៃ មាន​ប្រសាសន៍​បន្ត​ថា សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ និង​សិទ្ធិ​ក្នុង​ការ​ចូល​រួម​ប្រជុំ​របស់​ពលរដ្ឋ ត្រូវ​បាន​ធានា​ដោយ​ច្បាប់​រដ្ឋ​ធម្មនុញ្ញ ដែល​ជា​ច្បាប់​កំពូល​របស់​ប្រទេស។ ហើយ​សំរាប់​សកម្មភាព​របស់​ព្រះតេជព្រះគុណ លួន សុវ៉ាត ព្រះអង្គ​គ្រាន់​តែ​ចូល​រួម​តស៊ូ​មតិ​ជាមួយ​ពលរដ្ឋ ដើម្បី​ពលរដ្ឋ ហើយ​ដែល​មិន​បាន​ធ្វើ​នយោបាយ​អ្វី​នោះ​ឡើយ។

​លោក​បណ្ឌិត ឡៅ ម៉ុងហៃ បាន​ទទូច​ឲ្យ​រដ្ឋាភិបាល ពិចារណា​ឡើង​វិញ​ថា ហេតុ​អ្វី​បាន​ជា​មាន​ពលរដ្ឋ​ក្រោក​ឈរ​តវ៉ា ឬ​មួយ​អាជ្ញាធរ​មិន​អនុវត្ត​ច្បាប់​របស់​ខ្លួន​អោយ​បាន​ត្រឹមត្រូវ ដែល​បណ្ដាល​ឲ្យ​មាន​ការ​រំលោភ​សិទ្ធិ​ដ៏​ធ្ងន់ធ្ងរ ឬ​យ៉ាង​ណា?

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

.

1 comment:

Anonymous said...

នួន ​ង៉ែត សម្ដេចសង្ឃជាអ្នកនយោបាយ ព្រោះ
បុគ្គលរូបនេះ និយាយពីនយោបាយ ហើយធ្វើ
ដំណើរទៅកាន់ក្រុង ហាណូយជាច្រើនដង។
ហេតុអ្វី ព្រះតេជគុណ លួន សាវ៉ាតគ្រាន់តែ
ជួយលើកទឹករាស្ត្រមិនបាន?

ព្រះតេជគុណ លួន សាវ៉ាតគ្មានកំហុសទេ។