គំនរឈើហុបដែលត្រូវបានគេកាប់បំផ្លាញនៅក្នុងតំបន់ដីសម្បទាននៅស្រុកស្នួលខេត្តក្រចេះ។ រូបថត ហេង ជីវ័ន |
Tuesday, 08 May 2012
មាស សុខជា និង Bridget Di Certo
The Phnom Penh Post
ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញសេចក្តីប្រកាសផ្អាកជាបន្ទាន់ និងគ្មានកាលកំណត់ នូវការផ្តល់ដីសម្បទានសេដ្ឋកិច្ចថ្មីទៀត ទៅឲ្យក្រុមហ៊ុនឯកជន ហើយបានអំពាវនាវឲ្យពិនិត្យមើលឡើងវិញ នូវដីសម្បទានដែលមានស្រាប់ទាំងអស់។ នេះបើយោងតាមបទបញ្ជា ដែលចុះហត្ថលេខា ដោយលោកនាយករដ្ឋមន្ត្រីកាលពីថ្ងៃចន្ទម្សិលមិញ។
បទបញ្ជារបស់លោកនាយករដ្ឋមន្ត្រី បានសរសេរថា ការសម្រេចនេះ វាជាលទ្ធផលនៃកិច្ចប្រជុំគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី ២៧ ខែមេសា។ បទបញ្ជារបស់លោក ហ៊ុន សែន បានបញ្ជាក់ថា៖«ស្ថាប័នក្រសួង និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវអនុវត្តបទបញ្ជានេះឲ្យបាន ម៉ឺងម៉ាត់ និងប្រកបដោយប្រសិទ្ធភាពខ្ពស់ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ»។
បទបញ្ជាដដែលនោះ បានបន្តថា៖«សម្រាប់ក្រុមហ៊ុន ដែលបានទទួលការអនុញ្ញាតជាគោលការណ៍ ពីរាជរដ្ឋាភិបាលហើយ តែមិនបានអនុវត្តតាមការសន្យារបស់ពួកគេ អភិវឌ្ឍនៅលើដីនោះ បានកំពុងកាប់បំផ្លាញព្រៃឈើ ធ្វើអាជីវកម្ម ទន្ទ្រានដីបន្ថែមទៀត លក់ចំណែកនៃដីសម្បទានរបស់ពួកគេ ធ្វើការរុករក[រ៉ែ]ដោយខុសច្បាប់ ឬទន្ទ្រានដីប្រជាជន និងសហគមន៍បន្ថែមទៀត រាជរដ្ឋាភិបាលនឹងរឹបអូសដីសម្បទានសេដ្ឋកិច្ចទាំងនោះត្រឡប់មក វិញ»។
បទបញ្ជា ក៏បានបញ្ជាផងដែរថា ក្រុមហ៊ុនទាំងអស់ ត្រូវតែគោរពទៅតាមរូបមន្តស្បែកខ្លានៃការអភិវឌ្ឍ មានន័យថា បើសិនក្រុមហ៊ុនទទួលបានដីសម្បទាន ដែលជាន់លើដីក្នុងសហគមន៍ក្រុមហ៊ុននោះមិនអាចធ្វើការអភិវឌ្ឍលើ ដីនោះបានទេ។
យ៉ាងណាក្តី គណបក្សប្រឆាំង មិនត្រឹមតែមិនបានសាទរ ទៅនិងការផ្អាកការផ្តល់ដីសម្បទានសេដ្ឋកិច្ចរបស់លោកនាយករដ្ឋមន្ត្រីប៉ុណ្ណោះទេ ថែមទាំងចាត់ទុកថា ជាកល្បិចមួយ ដែលគណបក្សប្រជាជន តែងធ្វើឡើងដដែលៗ នៅមុនការបោះឆ្នោត។
លោកយឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសម រង្ស៊ី បានថ្លែងថា គណបក្សសម រង្ស៊ី បានស្នើឲ្យរដ្ឋាភិបាល លុបចោលការផ្តល់ដីសម្បទានសេដ្ឋកិច្ច ដែលធ្វើឲ្យប៉ះពាល់ទៅដល់ប្រជាពលរដ្ឋនេះ តាំងពីយូរមកហើយ។ លោកបញ្ជាក់ថា៖«វាជាទម្លាប់របស់គណបក្សប្រជាជនទៅហើយ គណបក្សប្រជាជន គេដឹងនូវអ្វី ដែលជាទុក្ខលំបាករបស់ប្រជាពលរដ្ឋ ដែលប្រជាពលរដ្ឋមិនសប្បាយចិត្ត ហើយគេធ្វើជាផ្អាកយកចិត្ត ធ្វើជា ដោះស្រាយ បញ្ហាទាំងនោះ នៅពេលដែលការបោះឆ្នោតជិតចូលមកដល់»។ លោកយឹម សុវណ្ណ បានបន្តថា កាលពីមុនការបោះឆ្នោតឆ្នាំ ២០០៨ គណបក្សប្រជាជន ក៏បានសន្យាដោះស្រាយបញ្ហាដីធ្លីនេះដួចគ្នាដែរ ប៉ុន្តែនៅក្រោយការបោះឆ្នោត ជម្លោះដីធ្លី បានកើតឡើងខ្លាំងជាងមុនទៅទៀត។
ចំណែកលោកកឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្ស ដែលជាគណបក្សប្រឆាំងមួយទៀត ក៏គ្មានជំនឿទៅលើបទបញ្ជា របស់លោកនាយករដ្ឋមន្ត្រីនេះដែរ ដោយលោកសំដៅទៅដល់ការសន្យាយ៉ាងខ្លាំងក្លា របស់លោកហ៊ុន សែនកន្លងមក ក្នុងការការពារធនធានធម្មជាតិ ប៉ុន្តែព្រៃឈើ នៅតែត្រូវបានគេកាប់បំផ្លាញដដែល រហូតមកដល់សព្វថ្ងៃ។
លោកកឹម សុខាមានប្រសាសន៍កាលពីម្សិលមិញថា៖«នេះវាគ្រាន់តែជាល្បិចកល របស់គណបក្សប្រជាជន ដើម្បីបញ្ឆោតប្រជាពលរដ្ឋ ឲ្យបោះឆ្នោតឲ្យគាត់សិនប៉ុណ្ណោះ។ វាគ្រាន់តែផ្អាកសិនទេ បោះឆ្នោតហើយគាត់(ហ៊ុន សែន)ធ្វើទៀត សូមកុំភ្លេច គាត់ធ្វើតែអ៊ីចឹង»។
កាលពីដើមឆ្នាំនេះ ភ្នំពេញប៉ុស្តិ៍បានរាយការណ៍ថា លោក ហ៊ុន សែន បានធ្វើការគំរាមជាចំហ ដកដីសម្បទានពីក្រុមហ៊ុននានា ប៉ុន្តែពុំមានចំណាត់ការណាមួយ ត្រូវបានធ្វើឡើង ប្រឆាំងក្រុមហ៊ុនទាំងនោះឡើយ ទោះបីវិវាទ និងអំពើហិង្សា បានកើតឡើងយ៉ាងផុលផុសក្តី។
បទបញ្ជារបស់លោកនាយករដ្ឋមន្ត្រី ជាចំណាត់ការច្បាប់ដំបូង ធ្វើឡើងដោយរដ្ឋាភិបាល ដែលអាចជាវិធានការដោះស្រាយជម្លោះដីធ្លីដ៏រ៉ាំរ៉ៃរបស់ ប្រទេសនេះ ដែលបានអូសបន្លាយជាច្រើនឆ្នាំមកហើយ ខណៈដែលភាគច្រើននៃជម្លោះ ត្រូវបានអង្គការសង្គមស៊ីវិល បានចង្អុលបង្ហាញថា កើតឡើងដោយសារតែការផ្តល់ដីសម្បទានសេដ្ឋកិច្ចដោយគ្មានតម្លាភាព។ យ៉ាងណាក្តី ភាពលម្អិត លើការអនុវត្ត មានតិចតួចណាស់ នៅក្នុងបទបញ្ជាដែលត្រូវបានដាក់ចេញនេះ។
លោក ឯក ថា អ្នកនាំពាក្យម្នាក់ នៃទីស្តីការគណៈរដ្ឋមន្ត្រី ដែលបានលើកឡើងថា លោកពុំទាន់បានអានបទបញ្ជានោះនៅឡើយបានថ្លែងថា ការងារបច្ចេកទេស នឹងអាស្រ័យទៅលើក្រសួងពាក់ព័ន្ធ។ លោក បានគូសបញ្ជាក់ថា៖«អ្វីដែលនាយករដ្ឋមន្ត្រីរបស់យើងលើកឡើង យើងគោរព និងអនុវត្តតាម។ នេះជាបញ្ជាដាច់ខាត»។ លោកបានបន្តថា៖«វាបង្ហាញពីការតាំងចិត្តរឹងមាំ របស់រដ្ឋាភិបាលចំពោះគណនេយ្យភាព និងតម្លាភាព និងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព»។
តំណាងអង្គការសង្គមស៊ីវិល ដែលបានអំពាវនាវឲ្យផ្អាកការផ្តល់ដីសម្បទានសេដ្ឋកិច្ច តាំងពីយូរមកហើយនោះ ក៏មានមន្ទិល ផងដែរ ចំពោះចំណាត់ការ ដែលមើលទៅ បង្ហាញពីការតាំងចិត្តខ្លាំងក្លារបស់រដ្ឋាភិបាល ដើម្បីបានបន្តកាន់អំណាចយូរអង្វែងជាជាងការធ្វើឲ្យមាន គណនេយ្យភាព និងការដោះស្រាយជម្លោះដីធ្លីពិតប្រាដក។
សេចក្តីប្រកាសរបស់លោកនាយករដ្ឋមន្ត្រីធ្វើឡើង បន្ទាប់ពីមានករណីឃាតកម្មល្បីសុះសាយ ទៅលើសកម្មជនការពារព្រៃឈើ លោក ឈុត វុទ្ធី និងការបណ្តេញចេញ ព្រមទាំងទំនាស់ដីធ្លីយ៉ាងហិង្សាជាច្រើនករណីនៅក្នុងឆ្នាំនេះ។ វាក៏គាប់ជួននឹងការបោះឆ្នោតឃុំ-សង្កាត់ និងការបោះឆ្នោតសកល ដែលនឹងធ្វើឡើងក្នុងពេលឆាប់ៗខាងមុខនេះដែរ និងដំណើរទស្សនកិច្ចស្វែងរកការពិតរយៈពេលមួយសប្តាហ៍ នៅក្នុងប្រទេសនេះ របស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិលោក Surya Subedi ដែលផ្តោតទៅលើការផ្តល់ដីសម្បទានសេដ្ឋកិច្ច ដែលធ្វើឲ្យកើតមានវិវាទនៅក្នុងប្រទេសនេះ។
លោក Mathieu Pellerin ទីប្រឹក្សានៃអង្គការសិទ្ធិមនុស្សលីកាដូ បានស្វាគមន៍ ចំពោះការប្រកាសផ្អាក ដែលគេបានអំពាវនាវជាយូរមកហើយនេះ ប៉ុន្តែបានថ្លែងថា វាជាជំហានដំបូង នៅក្នុងដំណើរដ៏វែងអន្លាយមួយ។
លោកបានថ្លែងប្រាប់ភ្នំពេញប៉ុស្តិ៍ កាលពីថ្ងៃម្សិលមិញថា៖«ជាមួយការផ្អាកនេះ ត្រូវតែមានការពិនិត្យមើលឡើងវិញ។ ខ្ញុំគិតថា រដ្ឋាភិបាលមានមធ្យោបាយ និងធនធាន ហើយបើសិនជាមានឆន្ទៈនយោបាយ រដ្ឋាភិបាល នឹងធ្វើការពិនិត្យមើលឡើងវិញនេះដោយម៉ត់ចត់»។ លោកបានបន្តថា៖ «ប៉ុន្តែ យើងនៅសល់មិនប៉ុន្មានសប្តាហ៍ទៀតទេ នឹងដល់ការបោះឆ្នោតឃុំ-សង្កាត់ហើយ។ តើយើងកំពុងទទួលបានគំនិតផ្តួចផ្តើមដោយស្មោះត្រង់ ឬរដ្ឋាភិបាលគ្រាន់តែប្រាប់ប្រជាពលរដ្ឋពីអ្វីដែលពួកគេចង់ ស្តាប់ឮទេ?»។
លោកបានបន្តទៀតថា៖«យើងមិនអាចមើលរំលងថា អ្វីៗទាំងអស់កើតឡើង នៅក្នុងបរិបទនៃការបោះឆ្នោតធំៗ ២ ទេ»។
នាយកប្រតិបត្តិអង្គការឃ្លាំមើលការបោះឆ្នោតខុម ហ្វ្រែល លោក គល់ បញ្ញា បានថ្លែងថា បទបញ្ជានេះ ច្បាស់ណាស់ មានទំនាក់ទំនងទៅនឹងការបោះឆ្នោត ដែលនឹងរៀបចំធ្វើក្នុងពេលឆាប់ៗនេះ ហើយការសន្យាស្រដៀងគ្នានេះ ត្រូវបានធ្វើឡើងកាលពីការបោះឆ្នោតជាតិឆ្នាំ ២០០៧ និង ២០០៨ កន្លងទៅ។ លោកគូសបញ្ជាក់ថា៖ «ពួកគេបានសន្យាច្រើនលើកមកហើយ។ លើកនេះ ពួកគេ ត្រូវតែបង្កើតគោលនយោបាយ អ្វីដែលជាក់លាក់ និងគោលនយោបាយរឹងមាំ ដើម្បីទប់ការផ្តល់ដីសម្បទានសេដ្ឋកិច្ច ជាអ្វីពិតប្រាកដ»។
លោក ប៉ែន ប៊ុណ្ណា មន្ត្រីសម្របសម្រួល របស់អង្គការអាដហុក ប្រចាំខេត្តរតនគិរី ជាខេត្តមួយ ដែលប៉ះពាល់ធ្ងន់ធ្ងរបំផុត ដោយសារការផ្តល់ដីសម្បទានសេដ្ឋកិច្ច បានថ្លែងថា លោក និងប្រជាជនរស់នៅក្នុងខេត្តរតនគិរី សប្បាយរីករាយដែលបានឮថា លែងមានដីសម្បទានសេដ្ឋកិច្ច ត្រូវគេផ្តល់ឲ្យក្រុមហ៊ុនតទៅទៀតនៅទីនោះ។
យ៉ាងណាក្តី លោកបានបន្តថា ការងារធំបំផុតរបស់រដ្ឋាភិបាល គឺត្រូវធ្វើការពិនិត្យឡើងវិញ ឲ្យបានត្រឹមត្រូវ ទៅលើដីសម្បទានសេដ្ឋកិច្ច ដែលមានស្រាប់។ លោកបានគូសបញ្ជាក់ថា៖«ភាគច្រើន ជាងពាក់កណ្តាល នៃក្រុមហ៊ុនទទួលបានដីសម្បទានសេដ្ឋកិច្ចនៅខេត្តរតនគិរី ពុំបានគោរពសិទ្ធិប្រជាជនឡើយ ហើយក្រុមហ៊ុនបានត្រឹមតែកាប់បំផ្លាញព្រៃឈើតែប៉ុណ្ណោះ»។
អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ លោក Surya Subedi បានចុះទៅខេត្តរតនគិរី ជាផ្នែកមួយ នៃបេសកកម្មស្វែងរកការពិត អំពីដីសម្បទានសេដ្ឋកិច្ច។ លោកបានទៅកាន់ខេត្តស្ទឹងត្រែង កាលពីថ្ងៃម្សិលមិញ ហើយមិនអាចទាក់ទងសុំការអធិប្បាយបានទេ។
ប្រធានសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធនៃកម្ពុជាលោកច័ន្ទ សុផលបានថ្លែងថា៖«វានឹងប្រសើរឡើងសម្រាប់សេដ្ឋកិច្ចកម្ពុជា បើសិនជាលែងមានការផ្តល់ដីសម្បទានច្រើនតទៅទៀតនោះ។ វានឹងបញ្ឈប់រាល់បញ្ហាទាំងអស់ចំពោះរដ្ឋាភិបាល»៕ CR
រាយការណ៍បន្ថែមដោយ សូ វិសាល
1 comment:
ជឿសម្ដីពួកអាកុម្មុយនិស្ត ..,
ដូចលើកដុំថ្មទំលាក់លើជើងខ្លួនឯងអញ្ចឹង..!
Post a Comment