Thursday, May 03, 2012

មន្ត្រី​ពន្ធនាគារ​ខេត្ត​មណ្ឌលគិរី​ចោទ​ប្រធាន​ខ្លួន​ថា​រំលោភ​ច្បាប់​បោះ​ឆ្នោត

2012-05-02
ដោយ រដ្ឋា វីសាល
Radio Free Asia

មន្ត្រី​ពន្ធនាគារ​ខេត្ត​មណ្ឌលគិរី មួយ​រូប ដែល​បាន​ឈរ​ឈ្មោះ​ជា​បេក្ខជន​បោះ​ឆ្នោត​តំណាង​គណបក្ស សម រង្ស៊ី ចោទ​ប្រធាន​អង្គភាព​របស់​ខ្លួន​ថា បង្ក​បញ្ហា​រើសអើង​គណបក្ស​នយោបាយ និង​រំលោភ​ច្បាប់​ស្ដីពី​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សា​ឃុំ/​សង្កាត់

បុគ្គលិក​ពន្ធនាគារ​ខេត្ត​មណ្ឌលគិរី លោក សេង លី និង​ជា​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត​ក្រុមប្រឹក្សា​សង្កាត់​ស្ពានមានជ័យ ក្រុង​សែនមនោរម្យ ខេត្ត​មណ្ឌលគិរី នៃ​គណបក្ស សម រង្ស៊ី មាន​ប្រសាសន៍​បញ្ជាក់​ថា ប្រធាន​ពន្ធនាគារ​ខេត្ត គឺ​លោក អាន គឹមឡេង មិន​ព្រម​ចុះ​ហត្ថលេខា​លើ​លិខិត​សុំ​ច្បាប់​ពិសេស​សំរាប់​លោក​បាន​ចូល​រួម​ឃោសនា​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សា​ឃុំ/​សង្កាត់ អាណត្តិ​ទី​៣ ដែល​នឹង​ប្រព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃ​ទី​១៨ ខែ​ឧសភា ឆ្នាំ​២០១២ នេះ​ទេ។

លោក​បន្ត​ថា កាល​ពី​ថ្ងៃ​អង្គារ ទី​១ ខែ​ឧសភា និង​នៅ​ថ្ងៃ​ពុធ ទី​២ ខែ​ឧសភា លោក​បាន​ដាក់​ពាក្យ​ស្នើ​សុំ​នេះ​ពីរ​លើក ប៉ុន្តែ​ប្រធាន​នៅ​តែ​មិន​ព្រម​ចុះ​ហត្ថលេខា ដោយ​លើក​ហេតុផល​ថា ឯកសារ​សុំ​ច្បាប់​នោះ​មិន​ត្រឹមត្រូវ៖ «ម្សិលមិញ​ហ្នឹង​គាត់​ថា ខុស ខ្ញុំ​ទៅ​ពិគ្រោះ​យោបល់​ជាមួយ គ.ជ.ប. ហ្នឹង គ.ជ.ប. គេ​ថា អត់​ខុស​ទេ។ ដល់​ពេល​ឲ្យ​ទៅ​ព្រឹក​មិញ​ទៀត គាត់​ថា ខុស​ទៀត​ហើយ ខ្ញុំ​អត់​យល់​ខុស គ.ជ.ប. ក៏​អត់​យល់​ខុស​ដែរ ហ្នឹង​កន្លែង​ដែល​ខុស​ហ្នឹង​ណា!»។


ច្បាប់​ស្ដីពី​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​មាត្រា​៩៦ ចែង​ថា មន្ត្រី​រាជការ​មាន​បំណង​ឈរ​ឈ្មោះ​ជា​បេក្ខជន​បោះ​ឆ្នោត ត្រូវ​សុំ​ច្បាប់​ឈប់​ពិសេស​យ៉ាង​តិច ៧​ថ្ងៃ មុន​បើក​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត រហូត​ដល់​ថ្ងៃ​ប្រកាស​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ជា​ផ្លូវការ។

ឆ្លើយ​តប​សេចក្ដី​ចោទ​ប្រកាន់​នេះ ប្រធាន​ពន្ធនាគារ​ខេត្ត​មណ្ឌលគិរី លោក អាន គឹមឡុង មាន​ប្រសាសន៍​បញ្ជាក់​ថា លោក សេង លី បាន​សុំ​ច្បាប់​ឈប់​សំរាប់​ឈរ​ឈ្មោះ​ជា​បេក្ខជន​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ/​សង្កាត់​មែន ក៏​ប៉ុន្តែ​លោក​មិន​បាន​ភ្ជាប់​ឯកសារ​ដើម​នៃ​បញ្ជី​ឈ្មោះ​បេក្ខជន​ទទួល​ស្គាល់​ផ្លូវ​ការ​ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប.)។

លោក​បន្ត​ថា នេះ​គឺ​ជា​បញ្ហា​រដ្ឋបាល​ដែល​តម្រូវ​ឲ្យ​បុគ្គលិក​បង្ហាញ​ឯកសារ​ពាក់ព័ន្ធ​ក្នុង​ហេតុផល​សុំ​ច្បាប់​ឈប់​ពិសេស​នេះ៖ «គាត់​ចង់​ធ្វើ​អី​ឲ្យ​ដូច​ចិត្ត​របស់​គាត់ ហើយ​គាត់​ធ្វើ​ស្អី​គាត់​អត់​មាន​ធ្វើ​ខុស​ទេ គាត់​ធ្វើ​ត្រូវ​ទាំង​អស់។ បញ្ជី​រាយ​នាម​របស់​គណបក្ស​ហ្នឹង វា​ត្រូវ​តែ​មាន​ច្បាប់​ដើម​យក​មក​បង្ហាញ​ឲ្យ​ខ្ញុំ ដើម្បី​ខ្ញុំ​មាន​មូលដ្ឋាន ហើយ​ខ្ញុំ​មាន​ដក​ហូត​ច្បាប់​ដើម​របស់​គាត់​ឯ​ណា។ ឲ្យ​គាត់​យក​ច្បាប់​ដើម​មក​បង្ហាញ​ខ្ញុំ ខ្ញុំ​យក​កូពី (ថត​ចម្លង) ទុក​ឯកសារ​របស់​ខ្ញុំ​ហើយ ដល់​ពេល​អ៊ីចឹង​គាត់​រាយការណ៍​ថា ខ្ញុំ​ហ្នឹង​មិន​អនុញ្ញាត​ច្បាប់​ឲ្យ​គាត់»។

ប្រធាន​គណៈកម្មការ​រៀបចំ​ការ​បោះ​ឆ្នោត​ខេត្ត​មណ្ឌលគិរី គឺ​លោក ទី ឈឿន។ លោក​បាន​បញ្ជាក់​ថា បាតុភាព​ដែល​កើត​មាន​នេះ ទំនង​ដោយសារ​ទំនាស់​ពាក្យ​សំដី​រវាង​ប្រធាន​អង្គភាព និង​មន្ត្រី​ក្រោម​ឱវាទ​មិន​ស៊ី​សង្វាក់​គ្នា។ លោក​បន្ត​ថា លោក​បាន​សម្របសម្រួល​ឲ្យ​មន្ត្រី​រៀបចំ​ការ​បោះ​ឆ្នោត​សង្កាត់​ស្ពានមានជ័យ ធ្វើ​លិខិត​ជូន​ទៅ​ប្រធាន​អង្គភាព​ពន្ធនាគារ ដើម្បី​បញ្ជាក់​ថា លោក សេង លី ពិត​ជា​មាន​ឈ្មោះ​ក្នុង​បញ្ជី​បេក្ខជន​ផ្លូវការ ទទួល​ស្គាល់​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​មែន។

លោក ទី ឈឿន៖ «បេក្ខជន​ឈរ​ឈ្មោះ​ហ្នឹង​នៅ​ខ្ញុំ​ក៏​មាន​តែ​ហ្វូតូ​ទេ អត់​មាន​អា​ច្បាប់​ដើម​ទេ។ច្បាប់​ដើម​នៅ គ.ជ.ប. ហើយ​និង​នៅ​គណបក្ស។ ព្រឹក​មិញ​បាន​ប្រជុំ​ការងារ​ហ្នឹង​ហើយ ឲ្យ​ធ្វើ​ការងារ​ហ្នឹង​គឺ​ត្រូវ​តែ​អនុញ្ញាត​ឲ្យ​គេ​តាម​ច្បាប់​បោះ​ឆ្នោត ហើយ​ប្រសិន​គាត់​មិន​ឲ្យ​ទៀត អា​ហ្នឹង​តាម​នីតិវិធី​នៃ​ច្បាប់»។

យ៉ាង​នេះ​ក្តី បេសកជន​តំណាង​គណបក្ស សម រង្ស៊ី ប្រចាំ​ខេត្ត​មណ្ឌលគិរី លោក មាស ខេង មាន​ប្រសាសន៍​ចាត់​ទុក​សកម្មភាព​របស់​ប្រធាន​ពន្ធនាគារ​ខេត្ត គឺ​មាន​ចេតនា​បំបាក់​ស្មារតី​សកម្មជន​គាំទ្រ​គណបក្ស សម រង្ស៊ី នៅ​មូលដ្ឋាន។ លោក​អំពាវនាវ​ឲ្យ គ.ជ.ប. ត្រួត​ពិនិត្យ និង​ចាត់​វិធានការ​កុំ​ឲ្យ​កើត​មាន​បញ្ហា​ដូច​នេះ​ត​ទៅ​ទៀត៕

No comments: