Tuesday, May 08, 2012

បក្ស​ប្រជាជន​រង​ការ​ចោទ​ថា​ប្រើ​លុយ​ទិញ​ទឹក​ចិត្ត​ពលរដ្ឋ

មន្ត្រី​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​របស់​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ខេត្ត​ឧត្ដរមានជ័យ រង​ការ​ចោទ​ថា បាន​ប្រើ​លុយកាក់​ដើម្បី​ទិញ​ទឹក​ចិត្ត​ពលរដ្ឋ​ឲ្យ​បោះ​ឆ្នោត​ឲ្យ​ខ្លួន។

2012-05-08
ដោយ ហង្ស សាវយុត
Radio Free Asia

អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​នៅ​ខេត្ត​ឧត្តរមានជ័យ បាន​រិះគន់​​សកម្មភាព​របស់​បេក្ខជន​​​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់​ខ្លះ​នៃ​ក្រុង​សំរោង ថា បាន​ប្រព្រឹត្ត​ផ្ទុយ​នឹង​ច្បាប់​ស្តី​ពី​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-​សង្កាត់ ដោយ​ចុះ​ទៅ​តាម​មូលដ្ឋាន​ប្រជុំ​ជាមួយ​ប្រជាពលរដ្ឋ ហើយ​បាន​ចែក​លុយ​​កាក់​ទៅ​ឱ្យ​ក្រុម​អ្នក​ភូមិ​ជា​ច្រើន​នាក់។

មន្ត្រី​អង្គការ​អភិរក្ស​ផ្នែក​ធនធាន​ធម្មជាតិ​មួយ​រូប នៅ​ខេត្ត​ឧត្តរមានជ័យ ដែល​មិន​ហ៊ាន​បញ្ចេញ​ឈ្មោះ បាន​មាន​ប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​ច័ន្ទ ទី​៧ ខែ​ឧសភា ថា កាល​ពី​វេលា​ម៉ោង​ប្រមាណ ​៧​ព្រឹក បេក្ខជន​ក្រុម​ប្រឹក្សា​សង្កាត់​សំរោង របស់​គណបក្ស​ប្រជាជន​កម្ពុជា មួយ​រូប គឺ​លោក ជៀប តុប បាន​ចុះ​ទៅ​ប្រជុំ​ជាមួយ​ប្រជាពលរដ្ឋ ​នៅ​​ម្ដុំ​វត្ត​សាមគ្គីមានជ័យ ដំរី​ផុស​ ហៅ​ដី​ថ្មី ហើយ​បាន​ចែក​ប្រាក់​ទៅ​ឱ្យ​អ្នក​ភូមិ​ទាំង​នោះ


លោក​បាន​រិះ​គន់​ថា ការ​ធ្វើ​បែប​នោះ គឺ​ជា​ការ​ទិញ​ទឹក​ចិត្ត​ប្រជាពលរដ្ឋ​នៅ​មុន​ពេល​ការ​ឃោសនា​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​-​សង្កាត់​មក​ដល់៖ «គណបក្ស​ប្រជាជន​ហ្នឹង​គេ​ចុះ​ប្រជុំ​ប្រជាពលរដ្ឋ​នៅ​តាម​តំបន់​មូលដ្ឋាន​ ដល់​អ៊ីចឹង​គេ​ចែក​លុយ​ឱ្យ​ប្រជាពលរដ្ឋ​ម្នាក់ ១៥.០០០ (រៀល) ហើយ​គេ​បង្ហាញ​នៅ​ក្នុង​លក្ខណៈ​ឱ្យ​គូស​ជា​រូប​ភាព​នៃ​គណបក្ស​របស់​គេ ក្នុង​លក្ខណៈ​នេះ បើ​និយាយ​ឱ្យ​ចំ ច្បាប់ គ.ជ.ប. និង​ច្បាប់​បោះ​ឆ្នោត គឺ​អត់​ទាន់​មាន​មាត្រា​ណា ឬ​ប្រការ​ណា​សម្រាប់​ឱ្យ​ចែក​លុយ​កាក់​ដើម្បី​ទាញ​ទឹក​ចិត្ត​ប្រជាពលរដ្ឋ​ទេ»។


ទោះ​យ៉ាង​ណា វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង​លោក ជៀប តុប ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​រិះគន់​នេះ​បាន​ទេ។

ចំណែក​លោក ថុន ណុល ជា​អភិបាល​ក្រុង​សំរោង បាន​មាន​ប្រសាសន៍​ថា ចំពោះ​បញ្ហា​នោះ​​លោក​ ពុំ​បាន​ដឹង​ឡើយ។

លោក ខាំ វិសាល ជា​អនុ​ប្រធាន​គណៈកម្មការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ខេត្ត​ឧត្តរមានជ័យ។ លោក​ បាន​មាន​ប្រសាសន៍​ថា លោក​ពុំ​បាន​ដឹង​អំពី​បញ្ហា​នោះ​ទេ។ ក៏​ប៉ុន្តែ​បើ​និយាយ​ទៅ​តាម​សៀវភៅ​បទបញ្ជា និង​នីតិវិធី​នៃ​ការ​បោះ​ឆ្នោត គឺ​មិន​បាន​ហាម​ឃាត់​ចំពោះ​គណបក្ស​នយោបាយ​ណា​ដែល​ចុះ​ទៅ​​ចែក​លុយ​កាក់ និង​សម្ភារៈ នៅ​មុន​ពេល​ដែល​យុទ្ធនាការ​ឃោសនា​មក​ដល់​នោះ​ទេ។

លោក ខាំ វិសាល បាន​មាន​ប្រសាសន៍​ថា នៅ​ក្នុង​ជំពូក​៨ នៃ​សៀវភៅ​បទបញ្ជា និង​នីតិវិធី​​ត្រង់​ចំណុច ៨.១.៨ បាន​ចែង​ថា ការ​ចែក​មួក ឬ​ខោ​អាវ​នៅ​មុន​ការ​ឃោសនា​មក​ដល់ គឺ​មិន​ចាត់​ទុក​ជា​រឿង​ឃោសនា​ទេ។ ចំណែក​ចំណុច ៨.១៣.៧ បាន​ចែង​ថា ការ​សំណេះ​សំណាល​នៅ​មុន​ការ​ឃោសនា​មក​ដល់ ក៏​មិន​មែន​ជា​រឿង​ឃោសនា​ដែរ។

កញ្ញា គង់ រ៉ាវីន ជា​ប្រធាន​ផ្នែក​សង្កេតការណ៍​បោះ​ឆ្នោត​របស់​គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​​ ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​កាត់​ថា ខុមហ្វ្រែល (COMFREL)។ កញ្ញា​បាន​មាន​ប្រសាសន៍​ថា សង្គម​ស៊ីវិល​មាន​ការ​ព្រួយ​បារម្ភ​ខ្លាច​ក្រែង​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-​សង្កាត់​អាណត្តិ​ទី​៣ ខាង​មុខ មិន​មាន​​​ភាព​សេរី និង​យុត្តិធម៌​ត្រឹមត្រូវ។

កញ្ញា គង់ រ៉ាវីន៖ «គេ​ថា ចែក​លុយ ដូច​ជា​អត់​ទាន់​មាន​មាត្រា​ហ្នឹង​ទេ ហើយ​ដូច​ជា​នៅ​ក្នុង​ច្បាប់​បោះ​ឆ្នោត គឺ​នៅ​ក្នុង​អំឡុង​ពេល​ឃោសនា​បោះ​ឆ្នោត ក៏​អត់​មាន​និយាយ​ពី​រឿង​អ៊ីចឹង​ដែរ​គ្រាន់​តែ​និយាយ​ពី​រឿង​ឃោសនា​ទាក់ទង​នឹង​ការ​ចែក​ខិត្តប័ណ្ណ ការ​ប្រជុំ​ជា​សាធារណៈ​ដែល​លើក​ឡើង​ពី​កម្មវិធី​នយោបា​យ​​របស់​គណបក្ស​ ដែល​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​គាត់​អាច​មើល​ដឹង​ពី​កម្មវិធី​ របស់​គណបក្ស​ហ្នឹង​ទៅ ប្រជាពលរដ្ឋ​គាត់​បោះ​ឆ្នោត​ជូន​គណបក្ស​ណា​ដែល​គាត់​ពេញ​ចិត្ត»។

អង្គការ​ខុមហ្វ្រែល បាន​ឱ្យ​ដឹង​ថា ក្នុង​មួយ​រយៈ​​ពេល​មុន​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-​សង្កាត់ អាណត្តិ​ទី​៣ មក​ដល់​នេះ​ គេ​បាន​ទទួល​ព័ត៌មាន​ស្ដី​ពី​ភាព​មិន​ប្រក្រតី​ខ្លះ​កើត​មាន​នៅ​ខេត្ត​ពោធិ៍សាត់ និង​ខេត្ត​រតនគិរី ជាដើម ហើយ​គេ​កំពុង​ធ្វើ​ការ​ស៊ើប​អង្កេត​ទៅ​លើ​បញ្ហា​ទាំង​នោះ៕

No comments: