http://www.youtube.com/watch?v=vXPdKjqXdEg
ព្រះតេជគុណលួន សាវ៉ាត លើកដៃសំពះមន្ត្រីសង្ឃ ខណៈសមត្ថកិច្ចពាក់ស៊ីវិលឡោមព័ទ្ធព្រះអង្គនៅមុខតុលាការក្រុង ភ្នំពេញ។ រូបថត គីមឡុង |
Monday, 28 May 2012 12:05
ម៉ៃ ទិត្យថារ៉ា
The Phnom Penh Post
ភ្នំពេញៈ ព្រះតេជគុណ លួន សាវ៉ាត ដែលជាសកម្មជនសង្ឃលេចធ្លោមួយអង្គ ក្នុងការឃ្លាំមើលពលរដ្ឋតវ៉ា ដើម្បីការពារដីធ្លី ផ្ទះសម្បែង និងធនធានធម្មជាតិ ដែលកំពុងទទួលរងការរំលោភបំពាន បានបដិសេធស្នាមមេដៃ ដែលព្រះអង្គ បានធ្វើកិច្ចសន្យា ជាមួយអាជ្ញាធរ កាលពីសប្តាហ៍មុន និងបានអំពាវនាវឲ្យអាជ្ញាធរ យកកិច្ចសន្យានោះ មកពិភាក្សាជាសាធារណៈទៅតាមផ្លូវច្បាប់។
ការអំពាវនាវនេះ បានធ្វើឡើងស្របពេលដែលសកម្មជនសង្ឃអង្គនេះ បានដាក់បង្ហោះខ្សែវីដេអូឃ្លីបមួយ ដែលព្រះអង្គថតបាន នៅពេលដែលសមត្ថកិច្ច និងមន្ត្រីសង្ឃ បានចុះទៅចាប់ព្រះអង្គនៅមុខតុលាការក្រុងភ្នំពេញ ហើយនាំតាមរថយន្តទៅកាន់វត្តបទុមកាលពីថ្ងៃព្រហស្បតិ៍។
ព្រះតេជគុណលួន សាវ៉ាត បានមានសង្ឃដីកាតាមទូរស័ព្ទ ពីកន្លែងសុវត្ថិភាពកាលពីម្សិលមិញថា ព្រះអង្គសូមបដិសេធនូវស្នាមមេដៃ ដែលព្រះអង្គយល់ព្រមផ្តិត ជាមួយនឹងអាជ្ញាធរ កាលពីសប្តាហ៍មុន នៅក្នុងបរិវេណវត្តបទុម ពីព្រោះវាជាកិច្ចសន្យាបង្ខំ ដែលព្រះអង្គមិនអាចទទួលយកបាន។ ព្រះអង្គបានមានសង្ឃដីកាបន្តទៀតថា៖«រាល់កិច្ចសន្យាទាំងឡាយណា ដែលកើតឡើង ដោយបង្ខំ វាពុំមែនជាកិច្ចសន្យាទេ ពីព្រោះវាពុំមែនជាឆន្ទៈរបស់អាត្មា»។
ព្រះអង្គបានមានសង្ឃដីកាបន្តទៀតថា អាជ្ញាធរទាំងអស់នោះ ត្រូវយកកិច្ចសន្យានោះ មកពិភាក្សាគ្នាជាសាធារណៈ តាមច្បាប់វិញ ដើម្បីឲ្យដឹងថា តើអ្នកណាជាអ្នកខុស អ្នកណាជាអ្នកត្រូវ ពីព្រោះនៅក្នុងកិច្ចសន្យានោះ បានបង្ខំព្រះអង្គឲ្យផ្តិតមេដៃ ហើយសាក្សីរបស់ព្រះអង្គទៀតសោត គឺសុទ្ធតែជាអ្នកដែលចូលរួមចាប់ព្រះអង្គ គឺព្រះអង្គ មានតែមួយអង្គឯងប៉ុណ្ណោះ ដូច្នេះព្រះអង្គ ត្រូវតែបង្ខំចិត្ត យល់ព្រមផ្តិតមេដៃទៅតាមការចាប់បង្ខំ ដើម្បីកុំឲ្យគេផ្សឹកព្រះអង្គ។ ព្រះអង្គមានសង្ឃដីកាបន្តទៀតថា៖ «អាត្មាមិនអាចបើកភ្នែក ត្រចៀក ធ្វើមិនដឹងមិនឮ ទាក់ទិនទៅនឹងសម្រែកស្រែកយំរកយុត្តិធម៌របស់ពលរដ្ឋបានទេ ប្រសិនបើសម្រែកស្រែករកយុត្តិធម៌នៅតែមាន អាត្មានៅតែចូលរួមឃ្លាំមើល សកម្មភាពរបស់ពលរដ្ឋ អាត្មានៅតែចូលរួមសម្មភាពសង្គម»។
ព្រះអង្គមានសង្ឃដីកាបន្តទៀតថា ព្រះអង្គ និងមិនចាកចេញទៅណា ពីប្រទេសកម្ពុជា ដែលជាប្រទេសកំណើតរបស់ព្រះអង្គ និងមិនរត់ចោលបញ្ហានោះទេ គឺព្រះអង្គ ត្រូវតែនៅដោះស្រាយបញ្ហា បើរត់ចោលបញ្ហា គឺបញ្ហានៅតែមាន។ ព្រះអង្គបន្តទៀតថា៖ «រឿងធំៗជាច្រើនអាជ្ញាធរ មិនដោះស្រាយនោះទេ តែបែរជាខ្វាយខ្វល់អំពីអាត្មា ដែលមានតែមួយអង្គឯង»។
កាលពីថ្ងៃព្រហស្បតិ៍ ទី ២៤ ខែឧសភា ឆ្នាំ ២០១២ ព្រះតេជគុណ លួន សាវ៉ាត ត្រូវបានអាជ្ញាធរចម្រុះ និងមន្ត្រីសង្ឃប្រើកម្លាំងចាប់ព្រះកាយដាក់ក្នុងរថយន្ត Lexus ពណ៌ស យកទៅវត្ដបទុម ដើម្បីបង្ខំឲ្យព្រះអង្គ ចុះហត្ថលេខា លើកិច្ចសន្យា ឈប់ធ្វើសកម្មភាពសង្គម ដូចជា ឈប់ដឹកនាំចូលរួមធ្វើបាតុកម្ម កូដកម្ម កុបកម្ម ឬសកម្មភាពតវ៉ា ទាក់ទងទៅនឹងជម្លោះដីធ្លីគ្រប់រូបភាព ដែលបង្កឲ្យមានការប៉ះពាល់ដល់សន្តិសុខសង្គមនិងសណ្តាប់ធ្នាប់ សាធារណៈ។
ភ្ជាប់ជាមួយកិច្ចសន្យានេះ ក៏មានលិខិតរបស់ក្រសួងយុត្តិធម៌ ចុះហត្ថលេខា ដោយរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោកអង្គវង្ស វឌ្ឍានា និងលិខិតពីសាលាដំបូងរាជធានីភ្នំពេញ ចុះហត្ថលេខាដោយចៅក្រមស៊ើបអង្កេត ឌុច គឹមសន ដាក់ព្រះអង្គឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យពីបទញុះញង់ ឲ្យប្រព្រឹត្តបទឧក្រិដ្ឋនានា នៅរាជធានីភ្នំពេញនិងក្រៅប្រទេសកាលពីឆ្នាំ២០១១។
កាលពីម្សិលមិញ ព្រះតេជគុណលួន សាវ៉ាត បានបង្ហោះខ្សែវីដេអូឃ្លីប ដែលបង្ហាញពីសកម្មភាពរបស់អាជ្ញាធរ ប្រើកម្លាំងនាំព្រះកាយរបស់ព្រះអង្គ តាមរថយន្តទៅកាន់វត្តបទុម នៅលើបណ្តាញសង្គមរបស់ព្រះអង្គ ដែលមានចំនួន ១៥ នាទី ២៧ វិនាទី ដោយមានមន្ត្រីប៉ូលិសពីរនាក់ស្លៀកពាក់ស៊ីវិល ឆ្គកព្រះអង្គទាំងសងខាង និងមានព្រះសង្ឃមួយអង្គគង់់នៅខាងមុខដោយមានសំឡេងបន្លឺឡើង នៅក្នុងឡានថា៖ «ឡើងមកតាមសម្រួលម៉ោ មកចរចាគ្នាអីលើទៅ ព្រះអង្គអត់... កាណាដឹងថា អ៊ីចេះ ព្រះអង្គមិនបាច់ខ្វល់ខ្វាយអីច្រើនទេ ទុកឲ្យប្រជាជន ពុទ្ធបរិស័ទគេធ្វើទៅនយោបាយនោះ...អាទាមទារអី វាពាក់ព័ន្ធនយោបាយហើយអានឹងនោះ... » ។ ក្នុងខ្សែវីដេអូឃ្លីបនេះ ព្រះតេជគុណ លួន សាវ៉ាត ក៏បានប្រកែកតវ៉ាផងដែរថា ព្រះអង្គពុំបានធ្វើអ្វីពាក់ព័ន្ធនឹងនយោបាយ ឬជាមួយគណបក្សណាមួយ ដូចមន្ត្រីសង្ឃមួយចំនួនដែលនិយាយតែពីរឿងនយោបាយនោះឡើយ។
លោក សុក សំអឿន នាយកប្រតិបត្តិអង្គការក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា (CDP) បានថ្លែងឲ្យដឹងថា ទាក់ទិនទៅនឹងករណីនេះ ព្រះតេជគុណលួន សាវ៉ាត អាចបដិសេធបាន ហើយអាចយកមកពិភាក្សាជាសាធារណៈទៅតាមនីតិវិធីច្បាប់ ពីព្រោះកិច្ចសន្យានោះ គឺជាកិច្ចសន្យាដោយបង្ខំដែលអាចទុកវាជាមោឃភាពបាន។ លោកឲ្យដឹងទៀតថា៖ «កិច្ចសន្យាដែលអាជ្ញាធរបានធ្វើ នាពេលនោះគឺមិនមែនជាកិច្ចសន្យានោះទេ គឺវាធ្វើឲ្យតែមនុស្សខ្លាចតែប៉ុណ្ណោះ»។
លោកឌុច គឹមសន ចៅក្រមស៊ើបអង្កេតសាលាដំបូងរាជធានីភ្នំពេញ ដែលបានចុះហត្ថលេខាដាក់ព្រះអង្គលួន សាវ៉ាត ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យពីបទញុះញង់ឲ្យប្រព្រឹត្តបទ ឧក្រិដ្ឋនានានោះ មិនអាចទំនាក់ទំនង ដើម្បីធ្វើការអត្ថាធិប្បាយបានទេកាលពីម្សិលមិញ។
យោងតាមរបាយការណ៍ប្រចាំឆ្នាំ២០១១ របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ដែលចេញ កាលពីថ្ងៃព្រហស្បតិ៍ មាន ចំនួន ១១ ទំព័រ បានបង្ហាញថា ក្រោមការដឹកនាំនៃរដ្ឋបាល របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើឲ្យប្រព័ន្ធតុលាការកម្ពុជាចុះទន់ខ្សោយ នាំឲ្យខកខានមិនបានរកយុត្តិធម៌ ជូនពលរដ្ឋស្លូតត្រង់ ដែលបញ្ហានេះ បានបង្កឲ្យមានការរំលោភសិទ្ធិមនុស្ស កាន់តែមានចំនួនកើនឡើង តាមរយៈការរំលោភសិទ្ធិដីធ្លី ការបណ្ដេញពលរដ្ឋចេញពីលំនៅដ្ឋានដោយបង្ខំ តាមរយៈគោលការណ៍ដីសម្បទានសេដ្ឋកិច្ច ប្រព័ន្ធតុលាការមានលក្ខណៈអន់ថយ ដែលមិនអាចរកយុត្តិធម៌ពិតប្រាកដ ជូនពលរដ្ឋបាន៕
1 comment:
LE PARTI HUN SEN = LE PARRAIN DE LA MAFIA = NOUN GNETH = AH TEP VONG TOUS SONT DES PARRAIN DES MOINES MAFIOS CAMBODGIENS IL EST DIFFICIL DE TROUVER LES BONS MOINES SOUS LE REGNE DE HUN SEN= P P C .
Post a Comment