Tuesday, May 29, 2012

ព្រះ​តេជគុណ លួន សាវ៉ាត ទាត់​ចោល​កិច្ច​សន្យា​ក្រោម​ការ​ចាប់​បង្ខំ​ពេល​ចាប់​ព្រះ​អង្គ

http://www.youtube.com/watch?v=vXPdKjqXdEg

ព្រះ​តេជ​គុណ​លួន សាវ៉ាត លើក​ដៃ​សំពះ​មន្ត្រី​សង្ឃ ខណៈ​សមត្ថ​កិច្ច​ពាក់​ស៊ី​វិល​ឡោម​ព័ទ្ធ​​​ព្រះ​អង្គ​នៅ​មុខ​តុលាការ​ក្រុង​ ភ្នំ​ពេញ​​។ រូបថត គីម​ឡុង

Monday, 28 May 2012 12:05
ម៉ៃ ទិត្យ​ថារ៉ា
The Phnom Penh Post

ភ្នំពេញៈ ព្រះតេជគុណ លួន សាវ៉ាត​ ដែល​ជា​សកម្មជន​សង្ឃ​លេច​ធ្លោ​មួយ​អង្គ ក្នុង​ការ​ឃ្លាំ​មើល​ពលរដ្ឋ​តវ៉ា ដើម្បី​ការពារ​ដី​ធ្លី ផ្ទះ​សម្បែង ​និង​ធនធាន​ធម្មជាតិ ដែល​កំពុង​ទទួល​រង​ការ​រំលោភ​បំពាន បាន​បដិសេធ​ស្នាម​មេដៃ​ ដែល​ព្រះ​អង្គ បាន​ធ្វើ​កិច្ច​សន្យា​ ជាមួយ​អាជ្ញាធរ​ កាល​ពី​សប្តាហ៍​មុន​ និង​បាន​អំពាវ​នាវ​ឲ្យ​អាជ្ញាធរ យក​កិច្ច​សន្យា​នោះ មក​ពិភាក្សា​ជា​សាធារណៈ​ទៅ​តាម​ផ្លូវ​ច្បាប់​

ការ​អំពាវ​នាវ​នេះ បាន​ធ្វើ​ឡើង​ស្រប​ពេល​ដែល​សកម្មជន​សង្ឃ​អង្គ​នេះ ​បាន​ដាក់​បង្ហោះ​ខ្សែ​វីដេអូ​ឃ្លីប​មួយ ដែល​ព្រះអង្គ​ថត​បាន​ នៅ​ពេល​ដែល​សមត្ថកិច្ច និង​មន្ត្រី​សង្ឃ បាន​ចុះ​ទៅ​ចាប់​ព្រះអង្គ​នៅ​មុខ​តុលាការ​ក្រុង​ភ្នំពេញ ​ហើយ​នាំ​តាម​រថយន្ត​ទៅ​កាន់​វត្ត​បទុមកាល​ពី​ថ្ងៃ​ព្រហស្បតិ៍។

ព្រះ​តេជគុណ​លួន សាវ៉ាត​ បាន​មាន​សង្ឃដីកា​តាម​ទូរស័ព្ទ​ ពី​កន្លែង​សុវត្ថិភាព​កាល​ពី​ម្សិលមិញ​ថា ព្រះ​អង្គ​សូម​បដិសេធ​នូវ​ស្នាម​មេដៃ ​ដែល​ព្រះ​អង្គ​យល់​ព្រម​ផ្តិត ជាមួយ​នឹង​អាជ្ញាធរ​ កាល​ពី​សប្តាហ៍​មុន​ នៅ​ក្នុង​បរិវេណ​វត្តបទុម ពី​ព្រោះ​វា​ជា​កិច្ច​សន្យា​បង្ខំ​ ដែល​ព្រះ​អង្គ​មិន​អាច​ទទួល​យក​បាន​។ ព្រះ​អង្គ​បាន​មាន​សង្ឃដីកា​បន្ត​ទៀត​ថា​៖«​រាល់​កិច្ច​សន្យាទាំងឡាយណា ដែល​កើត​ឡើង​ ដោយ​បង្ខំ ​វា​ពុំ​មែន​ជា​កិច្ច​សន្យា​ទេ ពី​ព្រោះ​វា​ពុំ​មែន​ជា​ឆន្ទៈ​របស់​អាត្មា​»។


ព្រះ​អង្គ​បាន​មាន​សង្ឃ​ដីកា​បន្ត​ទៀត​ថា​ អាជ្ញាធរ​ទាំង​អស់​នោះ ​ត្រូវ​យក​កិច្ចសន្យា​នោះ​ មក​ពិភាក្សា​គ្នា​ជា​សាធារណៈ​ តាម​ច្បាប់​វិញ​ ដើម្បី​ឲ្យ​ដឹង​ថា​ តើ​អ្នក​ណា​ជា​អ្នក​ខុស អ្នក​ណា​ជា​អ្នក​ត្រូវ​ ពី​ព្រោះ​នៅ​ក្នុង​កិច្ច​សន្យា​នោះ បាន​បង្ខំ​ព្រះ​អង្គ​ឲ្យ​ផ្តិត​មេដៃ​ ហើយ​សាក្សី​របស់​ព្រះ​អង្គ​ទៀត​សោត គឺ​សុទ្ធ​តែ​ជា​អ្នក​ដែល​ចូល​រួម​ចាប់​ព្រះ​អង្គ​ គឺ​ព្រះ​អង្គ​ មាន​តែ​មួយ​អង្គ​ឯង​ប៉ុណ្ណោះ​ ដូច្នេះ​ព្រះ​អង្គ ត្រូវ​តែ​បង្ខំ​ចិត្ត ​យល់​ព្រម​ផ្តិត​មេដៃ​ទៅ​តាម​ការ​ចាប់​បង្ខំ ដើម្បី​កុំ​ឲ្យ​គេ​ផ្សឹក​ព្រះ​អង្គ​។ ​ព្រះ​អង្គ​មាន​សង្ឃ​ដីកា​បន្ត​ទៀត​ថា​៖ «​អាត្មា​មិន​អាច​បើក​ភ្នែក ត្រចៀក ​ធ្វើ​មិន​ដឹង​មិន​ឮ ទាក់​ទិន​ទៅ​នឹង​សម្រែក​ស្រែក​យំ​រក​យុត្តិធម៌​របស់​​ពលរដ្ឋ​បាន​ទេ ប្រសិន​បើ​សម្រែក​ស្រែក​រក​យុត្តិធម៌​នៅ​តែ​មាន ​អាត្មា​នៅ​តែ​ចូល​រួម​ឃ្លាំ​មើល​ សកម្មភាព​របស់​ពលរដ្ឋ អាត្មា​នៅ​តែ​ចូល​រួម​សម្មភាព​សង្គម»។

ព្រះ​អង្គ​មាន​សង្ឃ​ដីកា​បន្ត​ទៀត​ថា​ ព្រះ​អង្គ​ និង​មិន​ចាកចេញ​ទៅ​ណា ពី​ប្រទេស​កម្ពុជា ដែល​ជា​ប្រទេស​កំណើត​របស់​ព្រះអង្គ និង​មិន​រត់​ចោល​បញ្ហា​នោះ​ទេ​ គឺ​ព្រះ​អង្គ​ ត្រូវ​តែ​នៅ​ដោះស្រាយ​បញ្ហា​ បើ​រត់​ចោល​បញ្ហា​ គឺ​បញ្ហា​នៅ​តែ​មាន​។ ព្រះ​អង្គ​បន្ត​ទៀត​ថា​៖ «រឿង​ធំៗ​ជាច្រើន​អាជ្ញាធរ មិន​ដោះស្រាយ​នោះ​ទេ​ តែ​បែរ​ជា​ខ្វាយខ្វល់​អំពី​អាត្មា​ ដែល​មាន​តែ​មួយ​អង្គឯង​»។

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ទី​ ២៤ ខែ​ឧសភា ឆ្នាំ​ ២០១២ ព្រះ​តេជគុណ លួន សាវ៉ាត ត្រូវ​បាន​អាជ្ញាធរ​ចម្រុះ និង​មន្ត្រី​សង្ឃ​ប្រើ​កម្លាំង​ចាប់​ព្រះ​កាយ​ដាក់​ក្នុង​រថយន្ត​ Lexus ពណ៌ស យក​ទៅ​វត្ដ​បទុម ​ដើម្បី​បង្ខំ​ឲ្យ​ព្រះ​អង្គ ​ចុះ​ហត្ថលេខា លើ​កិច្ច​សន្យា ឈប់​ធ្វើ​សកម្មភាព​សង្គម ដូច​ជា​ ឈប់​ដឹក​នាំ​ចូល​រួម​ធ្វើ​បាតុកម្ម​ កូដកម្ម​ កុបកម្ម ​ឬ​សកម្មភាព​តវ៉ា​ ទាក់ទង​ទៅ​នឹង​ជម្លោះ​ដី​ធ្លី​គ្រប់​រូបភាព ​ដែល​បង្ក​ឲ្យ​មាន​ការ​ប៉ះពាល់​ដល់​សន្តិសុខ​សង្គម​និង​សណ្តាប់​ធ្នាប់ សាធារណៈ​។

ភ្ជាប់​ជាមួយ​កិច្ច​សន្យា​នេះ ក៏​មាន​លិខិត​របស់​ក្រសួង​យុត្តិធម៌ ចុះ​ហត្ថលេខា​ ដោយ​រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌ លោក​អង្គវង្ស វឌ្ឍានា និង​លិខិត​ពី​សាលា​ដំបូង​រាជធានី​ភ្នំពេញ ចុះ​ហត្ថ​លេខា​ដោយ​ចៅក្រម​ស៊ើប​អង្កេត ឌុច គឹមសន ដាក់​ព្រះ​អង្គ​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​ពី​បទ​ញុះញង់​ ឲ្យប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​នានា នៅ​រាជធានី​ភ្នំពេញ​និង​ក្រៅ​ប្រទេស​កាល​ពី​ឆ្នាំ​២០១១។

កាល​ពី​ម្សិលមិញ ព្រះ​តេជគុណ​លួន សាវ៉ាត បាន​បង្ហោះ​ខ្សែ​វីដេអូ​ឃ្លីប ដែល​បង្ហាញ​ពី​សកម្មភាព​របស់​អាជ្ញាធរ ប្រើ​កម្លាំង​នាំ​ព្រះ​កាយ​របស់​ព្រះ​អង្គ ​តាម​រថយន្ត​ទៅ​កាន់​វត្តបទុម នៅ​លើ​បណ្តាញ​សង្គម​របស់​ព្រះ​អង្គ​ ដែល​មាន​ចំនួន ១៥ នាទី​ ២៧ ​វិនាទី ដោយ​មាន​មន្ត្រី​ប៉ូលិស​ពីរ​នាក់​ស្លៀកពាក់​ស៊ីវិល ឆ្គក​ព្រះ​អង្គ​ទាំង​សង​ខាង​ និង​មាន​ព្រះ​សង្ឃ​មួយ​អង្គ​គង់់​នៅ​ខាង​មុខ​ដោយ​មាន​សំឡេង​បន្លឺ​ឡើង​ នៅ​ក្នុង​ឡាន​ថា​​៖ «ឡើង​មក​តាម​សម្រួល​ម៉ោ មក​ចរចាគ្នា​អី​លើ​ទៅ​ ព្រះ​អង្គ​អត់... កាណា​ដឹង​ថា​ អ៊ីចេះ ព្រះ​អង្គ​មិន​បាច់​​ខ្វល់ខ្វាយ​អី​ច្រើន​ទេ​ ទុក​ឲ្យ​ប្រជាជន ពុទ្ធ​បរិស័ទ​គេ​ធ្វើ​ទៅ​នយោបាយ​នោះ​...អាទាម​ទារ​អី​ វា​ពាក់​​ព័ន្ធ​នយោបាយ​ហើយ​អា​នឹង​នោះ... » ។​ ក្នុង​ខ្សែ​វីដេអូ​ឃ្លីប​នេះ ព្រះ​តេជ​គុណ លួន​ សាវ៉ាត ក៏​បាន​ប្រកែក​តវ៉ា​ផង​ដែរថា​ ព្រះ​អង្គ​ពុំ​បាន​ធ្វើ​អ្វី​ពាក់​ព័ន្ធ​នឹង​នយោបាយ ឬ​ជាមួយ​គណបក្ស​ណាមួយ ដូច​មន្ត្រី​សង្ឃ​មួយ​ចំនួន​ដែល​និយាយ​តែ​ពី​រឿង​នយោបាយ​នោះ​ឡើយ។

លោក សុក សំអឿន នាយក​ប្រតិបត្តិ​អង្គការ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា (CDP) បាន​ថ្លែង​ឲ្យ​ដឹង​ថា​ ទាក់​ទិន​ទៅ​នឹង​ករណី​នេះ ​ព្រះ​តេជ​គុណ​លួន​ សាវ៉ាត​ អាច​បដិសេធ​បាន ហើយ​អាច​យក​មក​ពិភាក្សា​ជា​សាធារណៈ​ទៅ​តាម​នីតិវិធី​ច្បាប់​ ពីព្រោះ​កិច្ច​សន្យា​នោះ ​គឺ​ជា​កិច្ច​សន្យា​ដោយ​បង្ខំ​ដែល​អាច​ទុក​វា​ជា​មោឃភាព​បាន។ ​លោក​ឲ្យ​ដឹង​ទៀតថា​៖ «​កិច្ច​សន្យា​ដែល​អាជ្ញាធរ​បាន​ធ្វើ​ នា​ពេល​នោះ​គឺ​មិន​មែន​ជា​កិច្ច​សន្យា​នោះ​ទេ​ គឺ​វា​ធ្វើ​ឲ្យ​តែ​មនុស្ស​ខ្លាច​តែ​ប៉ុណ្ណោះ»។​

លោក​ឌុច គឹម​សន ចៅក្រម​ស៊ើប​អង្កេត​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដែល​បាន​ចុះ​ហត្ថលេខា​ដាក់​ព្រះ​អង្គ​លួន សាវ៉ាត ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ ឧក្រិដ្ឋ​នានា​នោះ មិន​អាច​ទំនាក់​ទំនង​ ដើម្បី​ធ្វើ​ការ​អត្ថាធិប្បាយ​បាន​ទេ​កាល​ពី​ម្សិលមិញ។

យោង​តាម​របាយការណ៍​ប្រចាំ​ឆ្នាំ​២០១​១ របស់​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក ដែល​ចេញ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ មាន​ ចំនួន ១១ ​ទំព័រ បាន​បង្ហាញ​ថា ក្រោម​ការ​ដឹកនាំ​នៃ​រដ្ឋបាល ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ធ្វើ​ឲ្យ​ប្រព័ន្ធ​តុលាការ​កម្ពុជា​ចុះ​ទន់​ខ្សោយ នាំ​ឲ្យ​ខក​ខាន​មិន​បាន​រក​យុត្តិធម៌ ជូន​ពល​រដ្ឋ​ស្លូត​ត្រង់ ដែល​បញ្ហា​នេះ ​បាន​បង្ក​ឲ្យ​មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស​ កាន់​តែ​មាន​ចំនួន​កើន​ឡើង​ តាម​រយៈ​ការ​រំលោភ​សិទ្ធិ​ដីធ្លី ការ​បណ្ដេញ​ពលរដ្ឋ​ចេញ​ពី​លំនៅដ្ឋាន​ដោយ​បង្ខំ តាម​រយៈ​គោលការណ៍​ដី​សម្បទាន​សេដ្ឋកិច្ច ប្រព័ន្ធ​តុលាការ​មាន​លក្ខណៈ​អន់ថយ​ ដែល​មិន​អាច​រក​យុត្តិធម៌​ពិតប្រាកដ​ ជូន​ពលរដ្ឋ​បាន៕

1 comment:

Anonymous said...

LE PARTI HUN SEN = LE PARRAIN DE LA MAFIA = NOUN GNETH = AH TEP VONG TOUS SONT DES PARRAIN DES MOINES MAFIOS CAMBODGIENS IL EST DIFFICIL DE TROUVER LES BONS MOINES SOUS LE REGNE DE HUN SEN= P P C .