សុរា រមែងធ្វើអោយមនុស្សក្អេងក្អាង,
ហើយគ្រឿងស្រវឹង តែងតែធ្វើអោយមនុស្សឡូឡា។
មនុស្សប្រមឹក មិនអាចធ្វើជាអ្នកប្រាជ្ញបានឡើយ។
កំហឹងរបស់ស្ដេច ប្រៀបដូចជាស្នូរគ្រហឹមរបស់សត្វតោ។
អ្នកដែលធ្វើអោយស្ដេចខ្ញាល់ រមែងនាំអោយខ្លួនមានទោស។
អ្នកណាដកខ្លួនចេញឆ្ងាយពីជំលោះ,
អ្នកនោះតែងតែទទួលកិត្តិយស,
រីឯមនុស្សល្ងីល្ងើ ជាអ្នកពូកែឈ្លោះ។
នៅរដូវវស្សា មនុស្សកំជិល មិនភ្ជួរ មិនរាស់ទេ។
លុះដល់រដូវចំរូត គេរកអ្វីច្រូតពុំបានឡើយ។
គំនិតរបស់មនុស្សជ្រៅ ដូចបាតសមុទ្រ។
មានតែមនុស្សឈ្លាសវៃប៉ុណ្ណោះ ដែលចេះស្រង់យកគំនិតនោះ។
មនុស្សជាច្រើនអះអាងថា ខ្លួនសប្បុរស។
តែមនុស្សគួរអោយទុកចិត្ត ពិបាករកណាស់។
មនុស្សសុចរិត តែងតែរស់នៅដោយទៀងត្រង់,
ហើយកូនរបស់គាត់ រមែងទទួលសុភមង្គល។
កាលណាស្ដេចប្រកបដោយយុត្តិធម៌, គង់លើរាជ្យបល្ល័ង្ក,
ទ្រង់ពិចារណា ឃើញអំពើអាក្រក់ភ្លាម។
តើអ្នកណាអាចពោលថា
«ខ្ញុំមានចិត្តបរិសុទ្ធ។ ខ្ញុំគ្មានបាបទាល់តែសោះ?»
បំបាត់ភ្នែកជញ្ជីង ឬវាល់មិនគ្រប់
សុទ្ធតែជាអំពើដែលព្រះអម្ចាស់ មិនសព្វព្រះហឫទ័យ។
សូម្បីតែកូនក្មេង ក៏អាចបង្ហាញអោយគេឃើញ
នូវកិរិយាល្អត្រឹមត្រូវរបស់គាត់ តាមអំពើដែលគាត់ប្រព្រឹត្តដែរ។
ត្រចៀកសំរាប់ស្ដាប់ និងភ្នែកសំរាប់មើល
សុទ្ធតែព្រះអម្ចាស់ បង្កើតមកដូចគ្នា។
បើអ្នកគិតតែពីដេក, អ្នកមុខជាធ្លាក់ខ្លួនក្រ។
បើអ្នកចង់មានអាហារគ្រប់គ្រាន់,
ចូរក្រោកឡើងពីព្រលឹម។
អ្នកទិញ តែងពោលថា
«របស់នេះមិនល្អទេ!
របស់នេះមិនល្អទេ!»
លុះចេញផុតទៅ,
គាត់សរសើរខ្លួនឯង។
មាសក៏សម្បូណ៌, ពេជ្រក៏សម្បូណ៌,
ប៉ុន្តែ ពាក្យសំដីប្រកបដោយប្រាជ្ញា
មានតម្លៃលើសអ្វីៗទាំងអស់។
បើមានគេមកធានាសងបំណុលជំនួសនរណាម្នាក់,
ចូរទារយកអាវធំរបស់គេ ទុកជារបស់បញ្ចាំ,
ព្រោះគេបានធានា មនុស្សដែលអ្នកមិនស្គាល់។
អាហារដែលបានមកពីការបញ្ឆោត ឆ្ងាញ់តែមុនដំបូងទេ។
ក្រោយមក អាហារនោះ ក្លាយទៅជាដុំគ្រួសក្នុងមាត់វិញ។
យោបល់ល្អ រមែងធ្វើអោយគំរោងការបានសំរេច។
មុននឹងធ្វើសង្គ្រាម ត្រូវរិះគិតអោយបានដិតដល់ជាមុន។
អ្នកនិយាយដើមគេ រមែងបើកកកាយការសំងាត់។
កុំសេពគប់ ជាមួយអ្នកដែលនិយាយច្រើនពេក។
អ្នកណាប្រទេចផ្ដាសាឪពុកម្ដាយ,
ជីវិតរបស់អ្នកនោះ នឹងរលត់
ដូចចង្កៀងនៅក្នុងទីងងឹត។
អ្នកណាប្រមូលទ្រព្យសម្បត្តិបានរហ័សពេក,
ទៅថ្ងៃក្រោយ អ្នកនោះ មិនបានទទួលព្រះពរឡើយ។
កុំប្រព្រឹត្តអំពើអាក្រក់ តបនឹងអំពើអាក្រក់,
តែត្រូវផ្ញើជីវិត លើព្រះអម្ចាស់,
នោះ ព្រះអង្គ នឹងសង្គ្រោះអ្នក។
ព្រះអម្ចាស់ មិនសព្វព្រះហឫទ័យ នឹងកូនជញ្ជីងមិនត្រឹមត្រូវទេ,
ហើយ ការបំបាត់ភ្នែកជញ្ជីង ក៏ព្រះអង្គ មិនសព្វព្រះហឫទ័យដែរ។
ព្រះអម្ចាស់ តែងតែដឹកនាំដំណើរជីវិតរបស់មនុស្ស,
ប៉ុន្តែ មនុស្សពុំអាចស្គាល់ទិសដៅ នៃជីវិតរបស់ខ្លួនបានទេ។
ចូររិះគិតអោយបានដិតដល់ មុននឹងសន្យាថ្វាយអ្វីមួយ ទៅព្រះជាម្ចាស់
ដើម្បីកុំអោយស្ដាយក្រោយ។
ស្ដេចមានប្រាជ្ញា តែងតែកំចាត់មនុស្សអាក្រក់,
ហើយដាក់ទោសពួកគេឥតប្រណី។
វិញ្ញាណរបស់មនុស្ស ជាចង្កៀងដែលមកពីព្រះអម្ចាស់។
ចង្កៀងនោះ បំភ្លឺរហូតដល់ជំរៅចិត្តរបស់គេ។
សេចក្ដីសប្បុរស និងសេចក្ដីស្មោះត្រង់ រមែងជួយការពារស្ដេច,
ហើយទ្រង់ ពង្រឹងរាជសម្បត្តិ បានដោយសារយុត្តិធម៌។
កម្លាំង ជាអំនួតរបស់យុវជន,
រីឯសក់ស្កូវ ជាកិត្តិយសរបស់មនុស្សចាស់។
របួសដ៏ឈឺចាប់ ជាឱសថបំបាត់ភាពអាក្រក់,
ហើយការវាយដំ អាចធ្វើអោយមានការកែប្រែ
រហូតដល់ជំរៅចិត្ត។
No comments:
Post a Comment