Tuesday, May 01, 2012

សូម​ព្រះអង្គ​សំដែង​ឫទ្ធិបារមី​ដើម្បី​សងសឹក - Psalm 94

Calligraphy by Ms. Theary C. Seng



សូម​ព្រះអង្គ​សំដែង​ឫទ្ធិបារមី​ដើម្បី​សងសឹក

ព្រះអម្ចាស់​អើយ,
ព្រះអង្គ​ តែងតែ​សងសឹក។
ឱ​ព្រះ​ដែល​តែងតែ​សងសឹក, សូម​សំដែង​ឫទ្ធិបារមី។
ឱ​ព្រះ​ដែល​ជា​ចៅក្រម​នៃ​ពិភព​លោក​អើយ,
សូម​ក្រោក​ឡើង!
សូម​ដាក់​ទោស​មនុស្ស​ព្រហើន
អោយ​សម​នឹង​អំពើ​ដែល​គេ​បាន​ប្រព្រឹត្ត។
ឱ​ព្រះអម្ចាស់​អើយ,
តើ​ទុក​អោយ​មនុស្ស​អាក្រក់​លើក​តម្កើង​ខ្លួន
ដល់​កាល​ណា​ទៀត?

ពួក​គេ​ពោល​ពាក្យ​អួត​បំប៉ោង។
ពួក​គេ​វាយឫក​ខ្ពស់។
ជន​ទុច្ចរិត​ទាំង​នោះ​ នាំ​គ្នា​និយាយ​ក្អេងក្អាង។
ឱ​ព្រះអម្ចាស់​អើយ, ពួក​គេ ​ជិះជាន់​សង្កត់សង្កិន
ប្រជារាស្ត្រ​របស់​ព្រះអង្គ។
ពួក​គេ​ បន្ទាបបន្ថោក​ ប្រជាជន​របស់​ព្រះអង្គ។
ពួក​គេ​ សម្លាប់​ស្ត្រី​មេម៉ាយ និង​ជន​អន្តោប្រវេសន៍។
ពួក​គេ​ ធ្វើ​ឃាត​ក្មេង​កំព្រា,
ហើយ​ពោល​ថា «ព្រះអម្ចាស់ ​មើល​មិន​ឃើញ​ទេ,
ព្រះ​របស់​លោក​យ៉ាកុប​ មិន​រវីរវល់​ឡើយ។»

មនុស្ស​ល្ងីល្ងើ​ជាង​គេ​អើយ, ចូរ​ប្រយ័ត្ន​ខ្លួន។
មនុស្ស​ឆោត​ល្ងង់​អើយ,
តើ​ពេល​ណា ​ទើប​អ្នក​រាល់​គ្នា ​ចេះ​រិះគិត
ព្រះអង្គ​ដែល​ជា​អ្នក​បង្កើត​ត្រចៀក​មនុស្ស​មក,
តើ​ព្រះអង្គ ​មិន​ចេះ​ស្ដាប់​ឬ?
ព្រះអង្គ​ដែល​ជា​អ្នក​បង្កើត​ភ្នែក​មនុស្ស​មក,
តើ​ព្រះអង្គ ​មិន​ចេះ​ទត​ឬ?
ព្រះអង្គ​ដែល​ជា​អ្នក​វាយ​ប្រដៅ​ប្រជាជាតិ​នានា,
តើ​ព្រះអង្គ ​មិន​ចេះ​ដាក់​ទោស​ទេ​ឬ?
ព្រះអង្គ​ដែល​ជា​អ្នក​បង្រៀន​មនុស្ស​លោកអោយ​ចេះ​ដឹង,
តើ​ព្រះអង្គ ​មិន​ចេះ​ដឹង​ទេ​ឬ?
ព្រះអម្ចាស់​ ជ្រាប​គំនិត​របស់​មនុស្ស​លោក ច្បាស់​ណាស់។
គឺ​ គំនិត​របស់​គេ ​ឥត​ខ្លឹមសារ​អ្វី​ទាំង​អស់។

ឱ​ព្រះអម្ចាស់​អើយ,
អ្នក​ណា​មាន​ព្រះអង្គ​រំលឹក​ដាស់តឿន
ហើយ​យក​ក្រឹត្យវិន័យ​មក​ប្រៀនប្រដៅ,
អ្នក​នោះ ​មាន​សុភមង្គល​ហើយ។
នៅ​ថ្ងៃ​មាន​អាសន្ន
ព្រះអង្គ​ប្រទាន​អោយ​គេ​មាន​ចិត្ត​ស្ងប់,
រីឯ​មនុស្ស​អាក្រក់​វិញ,
មាន​រណ្ដៅ​បម្រុង​ទុក​ សំរាប់​កប់​ពួក​គេ,
ដ្បិត​ព្រះអម្ចាស់​ មិន​បោះ​បង់​ប្រជារាស្ត្រ របស់​ព្រះអង្គ​ឡើយ។
ព្រះអង្គ ​មិន​ចោល​ប្រជាជន ​របស់​ព្រះអង្គ​ផ្ទាល់ ជា​ដាច់​ខាត។
ពេល​នោះ ចៅក្រម​នឹង​កាត់​ក្ដី
ដោយ​យុត្តិធម៌​ឡើង​វិញ,
ហើយ​អស់​អ្នក​ដែល​មាន​ចិត្ត​ទៀង​ត្រង់
នឹង​ដើរ​តាម​គន្លង​យុត្តិធម៌។

តើ ​មាន​នរណា ​ក្រោក​ឡើង​ការពារ​ខ្ញុំ,
ជំទាស់​ នឹង​មនុស្ស​អាក្រក់?
តើ​ មាន​នរណា​ ឈរ​ជា​មួយ​ខ្ញុំ,
ប្រឆាំង ​នឹង​អស់​អ្នក ​ប្រព្រឹត្ត​អំពើ​ទុច្ចរិត?
ប្រសិន​បើ​ព្រះអម្ចាស់ ​មិន​បាន​ជួយ​ខ្ញុំ​ទេ​នោះ,
ខ្ញុំ​មុខ​ជា​វិនាស​សាប​សូន្យ​ភ្លាមៗ​មិន​ខាន។
ឱ​ព្រះអម្ចាស់​អើយ, ពេល​ណា​ទូលបង្គំ​ពោល​ថា
«ខ្ញុំ​ដួល​ឥឡូវ​ហើយ!»
នោះ ​ព្រះអង្គ សំដែង​ព្រះហឫទ័យ​មេត្តាករុណា
ជួយ​ទ្រ​ទូលបង្គំ។
ពេល​ណា ​មាន​ទុក្ខ​កង្វល់​ ញាំញី​ក្នុង​ចិត្ត​ទូលបង្គំ,
ព្រះអង្គ​ សំរាល​ទុក្ខ​ទូលបង្គំ
ដោយ​ប្រទាន​អោយ​ទូលបង្គំ ​មាន​អំណរ​សប្បាយ។

តើ​ អ្នក​មាន​ពាក់ព័ន្ធ​ជា​មួយ​នឹង​ចៅក្រម ដ៏​ទុច្ចរិត​ទាំង​នោះ,
ដែល​ប្រើ​ច្បាប់​ ជិះជាន់​សង្កត់សង្កិន​ ប្រជាជន​ឬ​ទេ?
ពួក​គេ​ ព្រួត​គ្នា​ព្យាបាទ ​ជីវិត​មនុស្ស​សុចរិត។
ពួក​គេ​ កាត់​ទោស​ប្រហារ​ជីវិត​ មនុស្ស​ស្លូត​ត្រង់។
ក៏​ប៉ុន្តែ ព្រះអម្ចាស់​ ជា​កំពែង​ការពារ​ខ្ញុំ។
ព្រះ​របស់​ខ្ញុំ​ ជា​ថ្មដា និង​ជា​ជំរក សំរាប់​ខ្ញុំ។
ព្រះអង្គ​ សង​ទៅ​ពួក​គេ​វិញ
សម​តាម​កំហុស ​ដែល​គេ​បាន​ប្រព្រឹត្ត។
ព្រះអង្គ​ ធ្វើ​អោយ​គេ​វិនាស​សូន្យ
ដោយសារ​អំពើ​កំណាច​របស់​ខ្លួន​ផ្ទាល់។
ព្រះអម្ចាស់​ ជា​ព្រះ​នៃ​យើង
នឹង​ធ្វើ​អោយ​ពួក​គេ​វិនាស​សូន្យ​ទៅ។


 

No comments: