Wednesday, May 09, 2012

In celebration of WISDOM -- សុភាសិត ២៦





លើក​មនុស្ស​ខ្លៅ​ អោយ​មាន​កិត្តិយស ​មិន​ទំនង​ទេ,
គឺ​ប្រៀប​ដូច ​ជា​មេឃ​ធ្លាក់​ព្រឹល នៅ​រដូវ​ក្ដៅ 
និង​ដូច​ភ្លៀង ​នៅ​រដូវ​ចំរូត។

ការ​ដាក់​បណ្ដាសា​ ដោយ​ឥត​ហេតុ​ផល គ្មាន​បាន​ការ​អ្វី​ទេ,
គឺ​ប្រៀប​ដូច​ ជា​សត្វ​ចាប និង​សត្វ​ត្រចៀកកាំ​ 
 ដែល​ហើរ តែ​មិន​ព្រម​ទំ។

រំពាត់​ខ្សែតី​ សំរាប់​វាយ​សេះ, 
បង្ហៀរ​ សំរាប់​ដាក់​ក្នុង​មាត់​សត្វ​លា,
ហើយ​រំពាត់​ សំរាប់​វាយ​ខ្នង ​មនុស្ស​ខ្លៅ។

កុំ​ឆ្លើយ​ទៅ​មនុស្ស​ខ្លៅ តាម​របៀប​ខ្លៅ,
ក្រែង​លោ​ អ្នក​ទៅ​ជា​ខ្លៅ ​ដូច​គេ​ដែរ។

ចូរ​ឆ្លើយ​ទៅ​មនុស្ស​ខ្លៅ ​តាម​គំនិត​ខ្លៅ​របស់​គេ,
ដើម្បី​កុំ​អោយ​គេ​នឹក​ស្មាន​ថា ​ខ្លួន​មាន​ប្រាជ្ញា។

អ្នក​ដែល​ប្រើ​មនុស្ស​ខ្លៅ​ អោយ​នាំ​សារ 
ប្រៀប​ដូច​ជា​កាត់​ជើង​របស់​ខ្លួន,
ហើយ​ត្រូវ​ពិបាក​ចិត្ត។
 
សុភាសិត ​ដែល​ចេញ​ពី​មាត់​មនុស្ស​ខ្លៅ ពុំ​មាន​ខ្លឹមសារ​អ្វី​ទេ,
គឺ​ដូច​ជើង ​របស់​មនុស្ស​ខ្វិន​ ដែល​ប្រើ​ការ​មិន​កើត។

លើក​តម្កើង​មនុស្ស​ខ្លៅ ប្រៀប​ដូច​ជា​  
យក​គ្រាប់​ក្រួស​ មក​ចង​នឹង​ដង្ហក់។

សុភាសិត​ចេញ ​ពី​មាត់​មនុស្ស​ខ្លៅ
ប្រៀប​ដូច​ជា ​បន្លា​ដែល​មនុស្ស​ប្រមឹក​ គ្រវី​នៅ​ក្នុង​ដៃ។

ចៅហ្វាយ​ណា ​ជួល​មនុស្ស​ខ្លៅ ឬ​មនុស្ស​ខ្ចាត់​ព្រាត់​ មក​ធ្វើ​ការ
រមែង​ធ្វើ​អោយ​គេ​ឯង ​អំពល់​ទុក្ខ​គ្រប់​គ្នា។
មនុស្ស​ខ្លៅ ​មិន​បោះបង់​ចោល ​គំនិត​ខ្លៅ​របស់​ខ្លួន​ទេ,
គឺ ​ដូច​ឆ្កែ ​ដែល​តែងតែ​ត្រឡប់​មក​ស៊ី​កំអួត​របស់​វា។

ប្រសិន​បើ​ អ្នក​ឃើញ​នរណា​ម្នាក់ អួត​ខ្លួន​ថា
ជា​មនុស្ស​មាន​ប្រាជ្ញា,
​តោង​ដឹង​ថា យើង​អាច​ទុក​ចិត្ត​លើ​មនុស្ស​ខ្លៅ​  
ជាង​ទុក​ចិត្ត​អ្នក​នោះ។


មនុស្ស​កំជិល

មនុស្ស​កំជិល​តែង​ពោល​ថា
«មាន​កូន​សិង្ហ​មួយ ​នៅ​ខាង​ក្រៅ, 
ហើយ​មាន​សិង្ហ​ឈ្មោល​មួយ ​នៅ​តាម​ផ្លូវ។»

ទ្វារ​តែងតែ​វិល​ជាប់ ​នឹង​ត្រចៀក​ទ្វារ,
រីឯ​មនុស្ស​កំជិល​ នៅ​ននៀល​ជាប់ ​នឹង​គ្រែ​ជានិច្ច។

មនុស្ស​ខ្ជិល​ច្រអូស​ លូក​ដៃ​ក្នុង​ចាន,
តែ​ពុំ​យក​ម្ហូប​មក​ដាក់​ក្នុង​មាត់​ទេ, ដោយ​ត្អូញ​ថា ​ហត់​ពេក។

មនុស្ស​ខ្ជិល​ នឹក​ស្មាន​ថា ​ខ្លួន​មាន​ប្រាជ្ញា
លើស​មនុស្ស​ប្រាំពីរ​នាក់ ​ដែល​ចេះ​ឆ្លើយ​ដោយ​វាងវៃ។

សុភាសិត​ផ្សេងៗ

ជ្រៀតជ្រែក ​ចូល​ក្នុង​ជំលោះ ​របស់​អ្នក​ដទៃ
​ប្រៀប​ដូច​ជា​ ដេញ​ចាប់​ត្រចៀក​ឆ្កែ ​ដែល​កំពុង​រត់។

អ្នក​ណា​បោក​បញ្ឆោត​គេ, ​រួច​ពោល​ថា
«ខ្ញុំ​គ្រាន់​តែ​ធ្វើ​លេង»,
អ្នក​នោះ ​ប្រៀប​ដូច ​ជា​មនុស្ស​កំរោល​ចូល
ដែល​ចោល​អង្កត់​អុស​ជុំវិញ​ខ្លួន,
ហើយ​បាញ់​ព្រួញ ដើម្បី​សម្លាប់​គេ។

ពេល​ណា​អស់​អុស ​ភ្លើង​ ក៏​រលត់។
ពេល​ណា​អស់​មនុស្ស​និយាយ​មួល​បង្កាច់​គេ, 
ជំលោះ​ ក៏​បាត់​អស់​ដែរ។

មនុស្ស​អុជ​អាល ​ធ្វើ​អោយ​មាន​ជំលោះ​ កាន់​តែ​ខ្លាំង​ឡើងៗ,
​ប្រៀប​ដូច​ជា ​ធ្យូង និង​អុស
ដែល​ធ្វើ​អោយ​ភ្លើង​រឹត​តែ​ឆេះ​ឡើង។

ពាក្យ​សំដី ​របស់​មនុស្ស​អុជ​អាល
ប្រៀប​ដូច ​ជា​ចំណី​យ៉ាង​ឆ្ងាញ់​ជាប់​ចិត្ត។

សំដី​ផ្អែមល្ហែម ​តែ​ចិត្ត​អាក្រក់
ប្រៀប​ដូច​ជា ​ប្រាក់​ដែល​ស្រោប​លើ​ភាជន៍ ​ធ្វើ​ពី​ដី​ឥដ្ឋ។

មនុស្ស​ស្អប់​គេ ​តែងតែ​និយាយ​លាក់​ពុត,
រីឯ ​ក្នុង​ចិត្ត មាន​សុទ្ធ​តែ​គំនិត​បោក​ប្រាស់។

កាល​ណា​គេ​និយាយ​ដោយ​ទន់ភ្លន់ 
កុំ​ទុក​ចិត្ត​គេ​អោយ​សោះ
ដ្បិត​ចិត្ត ​របស់​គេ ​មាន​ពេញ​ទៅ​ដោយ
ការ​ស្អប់​ខ្ពើម​គ្រប់​យ៉ាង។
ទោះ​បី​អ្នក​នោះ​ ចេះ​លាក់​បាំង​ចិត្ត​ស្អប់​ 
របស់​ខ្លួន ​ក៏​ដោយ,
មនុស្ស​គ្រប់​គ្នា ​គង់​តែ​ឃើញ
ចិត្ត​អាក្រក់ ​របស់​គេ។

អ្នក​ណា​ជីក​រណ្ដៅ, អ្នក​នោះ​ នឹង​ត្រូវ​ធ្លាក់​ក្នុង​រណ្ដៅ,
ហើយ ​អ្នក​ណា​ប្រមៀល​ថ្ម,
អ្នក​នោះ​ នឹង​ត្រូវ​ថ្ម ​រមៀល​កិន​វិញ។

បើ​យើង​និយាយ​មួល​បង្កាច់​នរណា បាន​សេចក្ដី​ថា
យើង​ស្អប់​អ្នក​នោះ,
ហើយ ​បើ​យើង ​និយាយ​បញ្ចើចបញ្ចើ​អ្នក​ណា,
យើង ​នឹង​ធ្វើ​អោយ​អ្នក​នោះ​ ត្រូវ​អន្តរាយ។


 

1 comment:

Anonymous said...

អានច្រើន ឃើញច្រើន កើនបញ្ញា មិនថាសាសនា
ណា ឬ សុភាសិតសាសន៍ណា។
ដើម្បីយល់ដឹងពីគំនិតសាសនាដទៃ ចរិតសាសន៍
ជាតិផងទាំងពួង ដោយសុភាសិតពូជជាតិនោះ
ព្រោះសុភាសិតសជាតិ មារយាទសពូជ។