លើកមនុស្សខ្លៅ អោយមានកិត្តិយស មិនទំនងទេ,
គឺប្រៀបដូច ជាមេឃធ្លាក់ព្រឹល
នៅរដូវក្ដៅ
និងដូចភ្លៀង នៅរដូវចំរូត។
ការដាក់បណ្ដាសា ដោយឥតហេតុផល
គ្មានបានការអ្វីទេ,
គឺប្រៀបដូច ជាសត្វចាប
និងសត្វត្រចៀកកាំ
ដែលហើរ តែមិនព្រមទំ។
រំពាត់ខ្សែតី សំរាប់វាយសេះ,
បង្ហៀរ សំរាប់ដាក់ក្នុងមាត់សត្វលា,
ហើយរំពាត់ សំរាប់វាយខ្នង មនុស្សខ្លៅ។
កុំឆ្លើយទៅមនុស្សខ្លៅ
តាមរបៀបខ្លៅ,
ក្រែងលោ អ្នកទៅជាខ្លៅ ដូចគេដែរ។
ចូរឆ្លើយទៅមនុស្សខ្លៅ តាមគំនិតខ្លៅរបស់គេ,
ដើម្បីកុំអោយគេនឹកស្មានថា ខ្លួនមានប្រាជ្ញា។
អ្នកដែលប្រើមនុស្សខ្លៅ អោយនាំសារ
ប្រៀបដូចជាកាត់ជើងរបស់ខ្លួន,
ហើយត្រូវពិបាកចិត្ត។
សុភាសិត ដែលចេញពីមាត់មនុស្សខ្លៅ
ពុំមានខ្លឹមសារអ្វីទេ,
គឺដូចជើង របស់មនុស្សខ្វិន ដែលប្រើការមិនកើត។
លើកតម្កើងមនុស្សខ្លៅ
ប្រៀបដូចជា
យកគ្រាប់ក្រួស មកចងនឹងដង្ហក់។
សុភាសិតចេញ ពីមាត់មនុស្សខ្លៅ
ប្រៀបដូចជា បន្លាដែលមនុស្សប្រមឹក គ្រវីនៅក្នុងដៃ។
ចៅហ្វាយណា ជួលមនុស្សខ្លៅ
ឬមនុស្សខ្ចាត់ព្រាត់ មកធ្វើការ
រមែងធ្វើអោយគេឯង អំពល់ទុក្ខគ្រប់គ្នា។
មនុស្សខ្លៅ មិនបោះបង់ចោល គំនិតខ្លៅរបស់ខ្លួនទេ,
គឺ ដូចឆ្កែ ដែលតែងតែត្រឡប់មកស៊ីកំអួតរបស់វា។
ប្រសិនបើ អ្នកឃើញនរណាម្នាក់
អួតខ្លួនថា
ជាមនុស្សមានប្រាជ្ញា,
តោងដឹងថា យើងអាចទុកចិត្តលើមនុស្សខ្លៅ
ជាងទុកចិត្តអ្នកនោះ។
មនុស្សកំជិល
មនុស្សកំជិលតែងពោលថា
«មានកូនសិង្ហមួយ នៅខាងក្រៅ,
ហើយមានសិង្ហឈ្មោលមួយ នៅតាមផ្លូវ។»
ទ្វារតែងតែវិលជាប់ នឹងត្រចៀកទ្វារ,
រីឯមនុស្សកំជិល នៅននៀលជាប់ នឹងគ្រែជានិច្ច។
មនុស្សខ្ជិលច្រអូស លូកដៃក្នុងចាន,
តែពុំយកម្ហូបមកដាក់ក្នុងមាត់ទេ,
ដោយត្អូញថា ហត់ពេក។
មនុស្សខ្ជិល នឹកស្មានថា ខ្លួនមានប្រាជ្ញា
លើសមនុស្សប្រាំពីរនាក់ ដែលចេះឆ្លើយដោយវាងវៃ។
សុភាសិតផ្សេងៗ
ជ្រៀតជ្រែក ចូលក្នុងជំលោះ របស់អ្នកដទៃ
ប្រៀបដូចជា ដេញចាប់ត្រចៀកឆ្កែ ដែលកំពុងរត់។
អ្នកណាបោកបញ្ឆោតគេ, រួចពោលថា
«ខ្ញុំគ្រាន់តែធ្វើលេង»,
អ្នកនោះ ប្រៀបដូច ជាមនុស្សកំរោលចូល
ដែលចោលអង្កត់អុសជុំវិញខ្លួន,
ហើយបាញ់ព្រួញ
ដើម្បីសម្លាប់គេ។
ពេលណាអស់អុស ភ្លើង ក៏រលត់។
ពេលណាអស់មនុស្សនិយាយមួលបង្កាច់គេ,
ជំលោះ ក៏បាត់អស់ដែរ។
មនុស្សអុជអាល ធ្វើអោយមានជំលោះ កាន់តែខ្លាំងឡើងៗ,
ប្រៀបដូចជា ធ្យូង
និងអុស
ដែលធ្វើអោយភ្លើងរឹតតែឆេះឡើង។
ពាក្យសំដី របស់មនុស្សអុជអាល
ប្រៀបដូច ជាចំណីយ៉ាងឆ្ងាញ់ជាប់ចិត្ត។
សំដីផ្អែមល្ហែម តែចិត្តអាក្រក់
ប្រៀបដូចជា ប្រាក់ដែលស្រោបលើភាជន៍ ធ្វើពីដីឥដ្ឋ។
មនុស្សស្អប់គេ តែងតែនិយាយលាក់ពុត,
រីឯ ក្នុងចិត្ត
មានសុទ្ធតែគំនិតបោកប្រាស់។
កាលណាគេនិយាយដោយទន់ភ្លន់
កុំទុកចិត្តគេអោយសោះ
ដ្បិតចិត្ត របស់គេ មានពេញទៅដោយ
ការស្អប់ខ្ពើមគ្រប់យ៉ាង។
ទោះបីអ្នកនោះ ចេះលាក់បាំងចិត្តស្អប់
របស់ខ្លួន ក៏ដោយ,
មនុស្សគ្រប់គ្នា គង់តែឃើញ
ចិត្តអាក្រក់ របស់គេ។
អ្នកណាជីករណ្ដៅ,
អ្នកនោះ នឹងត្រូវធ្លាក់ក្នុងរណ្ដៅ,
ហើយ អ្នកណាប្រមៀលថ្ម,
អ្នកនោះ នឹងត្រូវថ្ម រមៀលកិនវិញ។
បើយើងនិយាយមួលបង្កាច់នរណា បានសេចក្ដីថា
យើងស្អប់អ្នកនោះ,
ហើយ បើយើង និយាយបញ្ចើចបញ្ចើអ្នកណា,
យើង នឹងធ្វើអោយអ្នកនោះ ត្រូវអន្តរាយ។
1 comment:
អានច្រើន ឃើញច្រើន កើនបញ្ញា មិនថាសាសនា
ណា ឬ សុភាសិតសាសន៍ណា។
ដើម្បីយល់ដឹងពីគំនិតសាសនាដទៃ ចរិតសាសន៍
ជាតិផងទាំងពួង ដោយសុភាសិតពូជជាតិនោះ
ព្រោះសុភាសិតសជាតិ មារយាទសពូជ។
Post a Comment