Friday, June 08, 2012

ចាំមើល៍ក្រុមជួយគេបោក. ជ គ ប ចាត់ការបណ្តឹងបែបណា ?

បក្ស​ប្រជាជន​ប្ដឹង​ដក​បេក្ខជន​លេខ​រៀង​ទី​១​បក្ស​សម​រង្ស៊ី​នៅ​ស្វាយរៀង

ដោយ ហ៊ុំ ចំរើន 2012-06-08

ការ​បោះ​ឆ្នោត​ជ្រើស​រើស ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ អាណត្តិ​ទី​៣ ទើប​តែ​បញ្ចប់​ទៅ​បាន​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ប៉ុន្តែ​ពាក្យ​បណ្ដឹង​របស់​គណបក្ស​នយោបាយ ​នានា នៅ​មាន​ជា​បន្ត​បន្ទាប់​នៅ​ឡើយ។

ប្រធាន​គណបក្ស​ប្រជាជន​ឃុំ​ញរ ស្រុក​កំពង់រោទិ៍ ខេត្ត​ស្វាយរៀង គឺ​លោក សោម ហង់ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៧ មិថុនា នេះ​ថា លោក​បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​គណៈកម្មការ​រៀប​ចំ​ការ​បោះ​ឆ្នោត ខេត្ត​ស្វាយរៀង ស្នើ​ដក​បេក្ខភាព​ឈ្មោះ​លោក អ៊ុជ យោគ ជា​បេក្ខជន​លេខ​រៀង​ទី​១ គណបក្ស សម រង្ស៊ី និង​សុំ​ឲ្យ​ផ្ដន្ទាទោស​ទៅ​តាម​ច្បាប់​នៃ​ការ​បោះ​ឆ្នោត។ លោក​បន្ត​ថា ចុង​ចោទ​បាន​បង្ក​សកម្មភាព​អុកឡុក ស្រែក​ឡូឡា និង​ជេរ​ប្រមាថ​បរិហារ​នៅ​ជិត​ទី​ស្នាក់​ការ​បក្ស​ប្រជាជន​ឃុំ​ញរ ដែល នៅ​ពេល​នោះ ថ្នាក់​ដឹក​នាំ​ជាន់​ខ្ពស់​បក្ស​កំពុង​តែ​ពិភាក្សា​ជា​មួយ​សមាជិក​សមាគម​ យុវជន​គណបក្ស​ប្រជាជន។

លោក សោម ហង់៖ «គ្មាន​ចលនា​អី​ទេ គ្រាន់​តែ​វា​ស្រែក​អុកឡុក​ឡាឡេ​ឡាឡូ វា​ស្រែ​ជេរ​លោក​ជំទាវ ម៉ែន សំអន សុទ្ធ​តែ​អី​លោក​ជំទាវ​យួន ឯកឧត្ដម​យួន អញ្ចឹង​ណា លក់​ដី លក់​អី ឲ្យ​យួន ព្រោះ​វា​ប៉ះ​ពាល់​អាដែង​ថ្នាក់​ដឹក​នាំ​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន»

ចំណែក​ឯ​បេក្ខជន​លេខ​រៀង​ទី​១ គណបក្ស សម រង្ស៊ី ឃុំ​ញរ គឺ​លោក អ៊ុជ យោគ បាន​ឲ្យ​ដឹង​ថា រូប​លោក​មិន​បាន​ជេរ​ប្រមាថ​ដូច​ការ​ចោទ​ប្រកាន់​របស់​ដើម​បណ្ដឹង​នោះ​ទេ គឺ​គ្រាន់​តែ​ទៅ​ប្រាប់​ដើម​បណ្ដឹង ឲ្យ​យក​ឡាន​ដែល​បាន​បិទ​ផ្លាក​គណបក្ស​ប្រជាជន ចេញ​ពី​សាលា​ឃុំ និង​ដើម្បី​កុំ​ឲ្យ​ប្រជាពលរដ្ឋ លោក​យល់​ច្រឡំ​ថា កន្លែង​នោះ​ជា​ការិយាល័យ​របស់​បក្ស​ប្រជាជន។

លោក អ៊ុជ យោគ៖ «សិច (SEC) គេ​ថា ឲ្យ​ខ្ញុំ​ធ្វើ​ការ​សុំទោស​លោក​មេ​ឃុំ ដល់​ពេល​ខ្ញុំ​បាន​សុំទោស អង្វរករ​គេ​ហើយ ក៏​គេ​មិន​យល់​ព្រម គេ​ថា មិន​ព្រម​ទេ មិន​បាន​ទេ ឲ្យ​មក​ប៉ិច មក​សុំទោស​ដល់​ប៉ិច​ទៀត ហើយ​ខ្ញុំ​មក​សុំទោស​ដល់​ប៉ិច​ទៀត សិច​ហ្នឹង​គេ​ធ្វើ​កំណត់​ហេតុ​សព្វ​គ្រប់​អស់​ហើយ គេ​ចោទ​ប្រកាន់​ថា ខ្ញុំ​ជេរ​គេ​ណា​ណី​ណោះ ជេរ​ថ្នាក់​ដឹក​នាំ​ខាង​គណបក្ស​ប្រជាជន។ តែ​ខ្ញុំ​អត់​មាន​ជេរ​ទេ​បង ខ្ញុំ​អត់​មាន​ជេរ​មួយ​ម៉ាត់​ណា ឲ្យ​ស្បថ​ទៅ​ខ្ញុំ​អត់​មាន​ជេរ​ទេ តែ​រឿង​នេះ គឺ​ការ​ចោទ​ប្រកាន់​របស់​សិច​ទេ ថា​ខ្ញុំ​ជេរ​ថ្នាក់​ដឹក​នាំ​ខាង​គណបក្ស​ប្រជាជន តាម​ការ​ពិត​ខ្ញុំ​អត់​បាន​ជេរ​ទេ»

ទាក់​ទង​ទៅ​នឹង​បញ្ហា​នេះ អនុប្រធាន​គណៈកម្មការ​រៀប​ចំ​ការ​បោះ​ឆ្នោត ខេត្ត​ស្វាយរៀង គឺ​លោក ឯម សុត មាន​ប្រសាសន៍​ថា លោក​កំពុង​ធ្វើ​ការ​ស៊ើប​អង្កេត​ឲ្យ​ដឹង​ការ​ពិត ដើម្បី​កោះ​ហៅ​គូភាគី​ទាំង​សង​ខាង​មក​បក​ស្រាយ​បំភ្លឺ​ជុំវិញ​បញ្ហា​នេះ៖ «អាហ្នឹង ខ្ញុំ​មិន​ទាន់​ថា​ម៉េច​ដែរ ព្រោះ​ខាង​ខ្ញុំ​កំពុង​តែ​ចុះ​ស្រាវជ្រាវ​លើ​ករណី​ហ្នឹង ខ្ញុំ​មិន​ទាន់​ហ៊ាន​ថា​គាត់​មិន​ឈ្នានីស​មិន​អី​នោះ ខ្ញុំ​មិន​ទាន់​ហ៊ាន​ថា​ទេ ព្រោះ​មិន​ទាន់​បាន​លទ្ធផល​ការ​ស្រាវជ្រាវ​ហ្នឹង​បាន​នៅ​ឡើយ»

តែ​យ៉ាង​ណា​ក៏​ដោយ រហូត​មក​ដល់​ពេល​នេះ បញ្ហា​នៅ​ពុំ​ទាន់​ដោះស្រាយ​ឲ្យ​បាន​ចប់​នៅ​ឡើយ​ទេ។ ក្នុង​នោះ​ដែរ ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ អាណត្តិ​ទី​៣​នេះ ខេត្ត​ស្វាយរៀង មាន​ឃុំ-សង្កាត់ ចំនួន ៨០ និង​មាន​អាសនៈ​ចំនួន ៥១៨ ហើយ​លទ្ធផល​ក្រៅ​ផ្លូវការ​ដែល​គណៈកម្មការ​រៀប​ចំ​ការ​បោះ​ឆ្នោត ខេត្ត​ស្វាយរៀង បិទ​ប្រកាស​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៧ មិថុនា នេះ​ថា មាន​គណបក្ស​នយោបាយ​ចំនួន ៤ ដែល​បាន​ឈ្នះ​ឆ្នោត គឺ​ទី​១ គណបក្ស​ប្រជាជន​កម្ពុជា ឈ្នះ​ជា​មេ​ឃុំ​បាន​ទាំង ៨០​ឃុំ និង​ទទួល​បាន​ចំនួន ៤២៥​អាសនៈ ទី​២ គណបក្ស សម រង្ស៊ី ឈ្នះ​បាន ៦៣​អាសនៈ ទី​៣ គណបក្ស សិទ្ធិ​មនុស្ស ឈ្នះ​បាន ២៨​អាសនៈ និង​ទី​៤ គណបក្ស នរោត្ដម រណឫទ្ធិ ទទួល​បាន​ចំនួន ៣​អាសនៈ៕

No comments: