ដោយ ហង្ស សាវយុត 2012-06-08
អាជ្ញាធរឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប បានទទួលស្គាល់ថា ប្រជាពលរដ្ឋខ្លះក្នុងចំណោមអ្នករស់នៅភូមិចំនួន ៩ គឺលើខ្នងភ្នំគូលែន កំពុងមានកំរិតជីវភាពក្រីក្រខ្លាំង គ្មានប្រាក់ចំណូលប្រចាំថ្ងៃ និងមិនមានការងារសម្រាប់ចិញ្ចឹមជីវិតឱ្យធំដុំទេ។ ២-ឧសភា-២០១២៖ កុមារនៅភូមិអន្លង់ធំ ឃុំខ្នងភ្នំ លើតំបន់ភ្នំគូលែន ដែលតាមសាច់ញាតិទៅកាប់ចម្ការពនេចរ ដោយមិនសូវគិតពីរឿងទៅសាលារៀនទេ។
មន្ត្រីរដ្ឋាភិបាលប្រចាំមូលដ្ឋាននោះបានឱ្យដឹងថា អ្នកភូមិខ្លះបានក្លាយខ្លួនទៅជាអ្នកសុំទានពីអ្នកទេសចរ ដែលទៅកំសាន្តនៅតំបន់ព្រះអង្គធំ ភ្នំគូលែន ដោយអ្នកសុំទានទាំងនោះ គឺជាអ្នកដែលមានវ័យជរា អ្នកពិការ មិនអាចប្រកបរបរធ្វើស្រែចំការចិញ្ចឹមជីវិតបាន។
លោក ផន ភាល់ ជាមេភូមិខ្លាឃ្មុំ នៅលើខ្នងភ្នំភាគឦសាន ចម្ងាយប្រមាណ ១៤គីឡូម៉ែត្រ ពីតំបន់ព្រះអង្គធំ បានមានប្រសាសន៍ថា នៅក្នុងចំណោមប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិប្រមាណជាង ៥៥គ្រួសារ គឺជាងពាក់កណ្ដាលមានជីវភាពក្រីក្រខ្លាំង។ លោកបានមានប្រសាសន៍ទៀតថា ប្រជាពលរដ្ឋរបស់លោកខ្លះ ដែលមានជីវភាពលំបាកអាចរកកម្រៃបានប្រមាណ ២ពាន់ឬ ៣ពាន់រៀល ស្មើនឹងទាបជាង ១ដុល្លារសហរដ្ឋអាមេរិក ឬក៏អ្នកខ្លះអាចរកប្រាក់បានច្រើនជាង ១ដុល្លារប៉ុណ្ណោះក្នុង១ថ្ងៃៗ។
លោក ផន ភាល់៖ «នៅតំបន់នេះ វាដាច់ស្រយាល ដោយសារផ្លូវក៏ពិបាក ខ្លះស៊ីឈ្នួលជំរះស្មៅស្វាយចន្ទី ដកស្មៅ ក៏គេរកបាន ១ថ្ងៃ ២.០០០ ទៅ ៣.០០០រៀល ឬក៏ ៤.០០០ ទៅ ៥.០០០រៀល ខ្លះក៏អត់។ វាមានលទ្ធភាពហូបគ្រប់គ្រាន់ប្រហែល ២៥គ្រួសារ ជាងពាក់កណ្ដាល (អ្នកភូមិ) គឺខ្វះ ហើយទៅខ្ចីបុលតាមនេះឯង។ រាល់ឆ្នាំ ដល់ទៅខែក្រោយៗទៀតទៅ ដាច់ខ្លាំង គាត់ជីកក្ដួចជីកអី»។
លោកមេភូមិបានឱ្យដឹងថា បញ្ហាមួយចំនួនដែលអាចជាមូលហេតុបណ្ដាលឱ្យអ្នកភូមិរបស់លោក ក្រីក្រ ដូចជាការដាំស្រូវ និងដំណាំនៅតាមចម្ការជារៀងរាល់ឆ្នាំ បានទទួលផលតិចតួច ហើយបញ្ហាម្យ៉ាងទៀត នៅពេលផលិតបាន គឺផ្លូវពិបាកដឹកជញ្ជូនទៅកាន់ទីផ្សារ។
អាជ្ញាធរឃុំខ្នងភ្នំ បានទទួលស្គាល់ថា នៅភូមិខ្លាឃ្មុំ និងភូមិពពេល គឺមានប្រជាពលរដ្ឋមួយចំនួនបានក្លាយខ្លួនទៅជាអ្នកសុំទានពីអ្នក ទេសចរ ដែលទៅកំសាន្តនៅតំបន់ព្រះអង្គធំ។
លោក ឈឿម តាំង ជាមេឃុំខ្នងភ្នំ បានមានប្រសាសន៍ថា មានកត្តាមួយចំនួនដែលជាមូលហេតុធ្វើឱ្យប្រជាពលរដ្ឋ នៅតាមភូមិជាច្រើនលើខ្នងភ្នំ រស់នៅក្នុងស្ថានភាពក្រីក្រ ដូចជាអ្នកភូមិជាច្រើន មិនចេះអក្សរ និងការផលិតផលដំណាំបាន តែផ្លូវពិបាកដឹកជញ្ជូនទៅកាន់ទីផ្សារជាដើម។
លោក ឈឿម តាំង៖ «ទាក់ទិននឹងមុខរបរដែលអ្នកសុំទាននោះ ខ្ញុំសុំជំរាបជូនដោយត្រង់ថា មានភូមិពពេល និងខ្លាឃ្មុំ នោះ គាត់ដូចថា អស់សង្ឃឹមក្នុងផ្លូវជីវិតរបស់គាត់ គាត់មកអង្គុយសំកុកទៅ ក្រែងមានអ្នកឱ្យទាន ឱ្យអី គឺយកថវិកានោះដើម្បីចិញ្ចឹមជីវិត ក៏ប៉ុន្តែមុខរបរនោះមានហើយ ក៏ប៉ុន្តែគាត់អត់ធ្វើដោយសារកម្លាំងថយចុះ ដូចចាស់ជរាអីហ្នឹង»។
លោកមេឃុំបានមានប្រសាសន៍ថា នៅក្នុងការបោះឆ្នោតជ្រើសរើសមេឃុំ អាណត្តិទី៣ ដែលលោកនឹងបន្តតំណែងជាមេឃុំទៅទៀតនេះ លោកបានរៀបចំគំរោងអភិវឌ្ឍន៍ថ្មីៗមួយចំនួន ដើម្បីកាត់បន្ថយភាពក្រីក្រ ពីប្រជាពលរដ្ឋរបស់លោក។ លោកមេឃុំបញ្ជាក់ថា លោកនឹងយកថវិការបស់រដ្ឋ ដែលផ្ដល់ឱ្យសម្រាប់ការអភិវឌ្ឍរបស់ឃុំចំនួនជាង ៤០លានរៀល ដែលនៅសេសសល់ពីមុន ទៅធ្វើផ្លូវ និងការងារអភិវឌ្ឍន៍មួយចំនួនថែមទៀត។
នៅលើខ្នងភ្នំគូលែន មានភូមិទាំងអស់ចំនួន ៩ ដែលមានប្រជាពលរដ្ឋជាង ៤.០០០នាក់ កំពុងរស់នៅដោយប្រកបរបរដើរកាប់ព្រៃធ្វើចំការពនេចរ ដើម្បីដាំដំណាំ និងស្រូវ។ អង្គការមូលនិធិបូរាណវិទ្យា និងអភិវឌ្ឍន៍ អេ.ឌី.អេហ្វ (ADF) បានឱ្យដឹងថា គេកំពុងប្រឹងប្រែងចងក្រងប្រជាពលរដ្ឋដែលរស់នៅតាមភូមិឱ្យក្លាយ ទៅជាសហគមន៍ ហើយនឹងចាប់ផ្ដើមកិច្ចការបង្រៀនជំនាញផ្នែកកសិកម្ម ដល់ពួកគេទាំងនោះ។
អង្គការ អេ.ឌី.អេហ្វ បានឱ្យដឹងថា ប្រជាពលរដ្ឋជាច្រើននៅលើខ្នងភ្នំគូលែននោះ គឺស្ថិតក្នុងជីវភាពក្រីក្រខ្លាំង។ អ្នកស្រី ឈិន វណ្ណា ជាអ្នកសម្របសម្រួលសហគមន៍របស់អង្គការ អេ.ឌី.អេហ្វ បានមានប្រសាសន៍ថា អង្គការរបស់អ្នកស្រីកំពុងប្រឹងប្រែងបង្រៀនជំនាញផ្នែកបណ្ដុះផ្សិត ចិញ្ចឹមសត្វ និងជំនាញផលិតឧបករណ៍ប្រើប្រាស់មួយចំនួនទៀត ដល់អ្នកភូមិ ដើម្បីបញ្ឈប់ពួកគេកុំឱ្យកាប់ព្រៃឈើ ដែលធ្វើឱ្យខូចដល់ប្រាសាទបូរាណមួយចំនួន និងការពារតំបន់អេកូទេសចរណ៍ឡើងវិញ។
អ្នកស្រី ឈិន វណ្ណា៖ «បើតាមមើលទៅ ប្រជាពលរដ្ឋប្រហែល ៧០%ក្រីក្រ ពិសេសដូចនៅក្នុងភូមិខ្លាឃ្មុំ គឺគាត់អ្នកក្រទាំងអស់តែម្ដង។ ទីមួយ ដោយសារគាត់ទម្លាប់ពីបូរាណកាលរបស់គាត់មក បើតាមដែលខ្ញុំមើលឃើញ គឺគាត់ចេះតែកាប់ចម្ការពនេចរ ទៅធ្វើជួនកាលបាន ជួនកាលអត់ ហើយមួយទៀតនៅលើភ្នំនេះ ប្រហែលទាក់ទងនឹងការអប់រំជាពិសេស។ គាត់អត់ចេះអក្សរអីចឹង អត់ដឹងថា តើគាត់ត្រូវធ្វើអីដើម្បីស្វែងរកប្រាក់ចំណូលបានទេ»។
អង្គការក្រៅរដ្ឋាភិបាលបានរកឃើញទៀតថា នៅភូមិមួយចំនួន មានប្រជាពលរដ្ឋខ្លះអាចចេះផលិតកញ្ជើ និងល្អី ដែលអាចរកប្រាក់ចំណូលប្រចាំថ្ងៃបានតិចតួច ក្រៅតែពីធ្វើចម្ការ ក៏ប៉ុន្តែចំណូលទាំងនោះមិនអាចផ្គត់ផ្គង់ជីវភាពឱ្យគ្រប់គ្រាន់ បានទេ ហើយបញ្ហាមួយទៀតនៅលើភ្នំមិនមានទីផ្សារលក់ផលិតផលទាំងនោះផង។
នៅលើតំបន់ភ្នំគូលែន គឺជាតំបន់ដែលមានសក្ដានុពលអាចទាក់ទាញអ្នកទេសចរ ឱ្យទៅទស្សនាប្រាសាទ និងទីបូរាណដ្ឋានមួយចំនួន ព្រមទាំងកំសាន្តជាមួយទេសចរណ៍ធម្មជាតិផង ក៏ប៉ុន្តែបើទោះបីជាមានការអភិវឌ្ឍផ្នែកទេសចរណ៍ ហើយមានភ្ញៀវទៅកំសាន្តនៅទីនោះជាច្រើន នាពេលបច្ចុប្បន្នក៏ដោយ ក៏គេយល់ឃើញថា អ្នកភូមិលើខ្នងភ្នំគូលែន នឹងមិនមានសមត្ថភាពដើម្បីដណ្ដើមបានចំណូលពីវិស័យទេសចរណ៍ទាំងនោះ ទេ ដោយសារតែពួកគេជាច្រើន មិនចេះអក្សរ។
លោក ជេ ប៊ី ឆេវ៉ិនស៍ (J B CHEVANCE) ជាអ្នកគ្រប់គ្រងកម្មវិធីរបស់អង្គការ អេ.ឌី.អេហ្វ បានមានប្រសាសន៍ថា ប្រជាពលរដ្ឋដែលរស់នៅលើភ្នំគូលែន ប្រមាណ ៤.០០០នាក់ គឺមានការសិក្សាតិចតួចបំផុត ដោយពួកគេភាគច្រើន បានចូលរៀនត្រឹមសាលាបឋមសិក្សាថ្នាក់ទី៣ ឬទី៤ ប៉ុណ្ណោះ ហើយប្រសិនបើទីនោះមានការរីកចំរើនខាងទេសចរណ៍ក៏ដោយ ក៏លោកប្រាកដថា ពួកគេទាំងនោះ នឹងមិនអាចមានមធ្យោបាយ ដើម្បីទាញយកកម្រៃពីទេសចរណ៍បានទេ។ មានតែប្រជាពលរដ្ឋដែលមកពីតំបន់ផ្សេងៗ ទៅរស់នៅដណ្ដើមយកចំណូលទេសចរណ៍ ពីអ្នកភូមិដែលរស់នៅជាយូរមកហើយ៕
No comments:
Post a Comment