Saturday, June 09, 2012

ក្រុមប្រឹក្សាឃុំ​សង្កាត់​អាណត្តិថ្មី​នឹងក្លាយជា​ទីលាន​ជម្លោះ​នយោបាយ?​

ដោយ ប៉ែន បូណា RFI

ក្រុមប្រឹក្សាឃុំ ​សង្កាត់​អាណត្តិ​ទី៣​ដែល​កើតចេញពី​ការបោះឆ្នោត​កាលពី​ថ្ងៃទី៣មិថុនា​ទំនងជា ​នឹង​ជួប​បញ្ហា​ច្រើន​នៅក្នុង​ដំណើរការ​របស់ខ្លួន។ ​បញ្ហា​នៅត្រង់ថា សមាជិក​ក្រុមប្រឹក្សា​មកពី​គណបក្ស​កាន់​អំណាច​នឹង​ត្រូវ​ប្រឈមមុខ​ខ្លាំង​ ជាមួយ​សមាជិក​ក្រុមប្រឹក្សា​បក្សប្រឆាំង​ពីរ​គឺ​គណបក្ស​សមរង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស​ប្រសិនបើ​គណបក្ស​ទាំងពីរ​នេះ​សហការគ្នា​ដូច​ ការអំពាវនាវ​របស់​គណបក្ស​សមរង្ស៊ី​មែន​នោះ។ ​ដូច្នេះ ​ស្ថានការណ៍​អាច​នឹង​វិល​ទៅរក​សភាព​ដើម​កាលពី​ឆ្នាំ២០០២វិញ​ឬ​ធ្ងន់ធ្ងរ​ជាង​នេះ​ក៏​ថា​បាន។ ​តើ​ហេតុអ្វី​បានជា​ដូច្នោះ?

ការមិនចុះ ​សម្រុង​គ្នា​ខាង​នយោបាយ​គឺជា​បញ្ហា​ធ្ងន់ធ្ងរ​មួយ​កាលពី​ការកកើត​ ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ដំបូង​ក្នុង​ឆ្នាំ២០០២។​ កាលណោះ​ឃុំ​សង្កាត់​នីមួយៗ​ត្រូវបាន​រំខាន​ដោយ​ការមិន​ស៊ី​សង្វាក់​គ្នា​ រវាង​សមាជិក​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សមរង្ស៊ី។​ ប៉ុន្តែ ១០ឆ្នាំ​ក្រោយមក​ ស្ថានការណ៍​មាន​ភាពប្រសើរ​ឡើង​គួរ​ឲ្យ​កត់​សម្គាល់។​ ការរើសអើង​នយោបាយ​លែង​ជា​បច្ចុប្បន្នភាព​ក្តៅ​ដូច​មុន​ទៀតហើយ។

ប៉ុន្តែ ​ក្រុមអ្នកវិភាគ​និង​តាន​ដាន​ការ​វិវឌ្ឍន៍​ស្ថានការណ៍​នយោបាយ​ប្រទេស​ កម្ពុជា​បាន​សម្តែង​ក្តីបារម្ភ​ថា​ សម្រាប់​អាណត្តិ​ទី៣នេះ​ អធិករណ៍​ទំនងជា​ផ្ទុះ​ឡើងវិញ​ជាថ្មី​នៅក្នុង​រដ្ឋបាល​ថ្នាក់​មូលដ្ឋាន ​ហើយ​និង​អាច​ធ្ងន់ធ្ងរ​ជាង​មុន​ផង​ក៏​ថា​បាន។ ​ធ្ងន់ធ្ងរ​ដោយហេតុថា កាលពី​ឆ្នាំ២០០២ ដែល​មានតែ​គណបក្ស​សម រង្ស៊ី​មួយ​ប្រឈម​ជាមួយ​គណបក្ស​ប្រជាជន​ក៏​គង់​មាន​បញ្ហា​មិន​ចុះ​សម្រុង​ យ៉ាងខ្លាំង​រួចទៅហើយ។​ ចុះ​ទម្រាំ​ឥឡូវនេះ ​គណបក្សប្រឆាំង​មាន​ដល់​ទៅ​ពីរ ​ហើយ​ម្យ៉ាងទៀត​ គណបក្ស​ដែលជា​សម្ព័ន្ធមិត្ត​របស់​បក្ស​កាន់​អំណាច​បាន​បាត់បង់​សំឡេង​ ស្ទើរតែ​អស់រលីង​ទៅ ហើយ។ ​ដូច្នេះ​ បក្សប្រឆាំង​ទាំងពីរ​ច្បាស់​ជា​នឹង​សហការគ្នា​ដើម្បី​ដាក់​សម្ពាធ​ទៅលើ​ ក្រុមប្រឹក្សា​មកពី​គណបក្ស​កាន់​អំណាច​ជាមិនខាន។ ​គណបក្ស​សម រង្ស៊ី​បាន​សម្លឹង​ឃើញ​ផ្លូវ​នេះ​រួចជាស្រេច​តាមរយៈ​ការអំពាវនាវ​ឲ្យ​សមាជិក ​ក្រុម​ប្រឹក្សាឃុំ​សង្កាត់​គណបក្ស​សិទ្ធិមនុស្ស​រួមជាមួយ​ខ្លួន​ដើម្បី​ ទប់ទល់​ជាមួយ​សមាជិក​មកពី​គណបក្ស​ប្រជាជន។

ជាការ ​ពិតណាស់ បើទោះបីជា​គេ​នៅ​មើល​មិនទាន់​មើលឃើញ​ពី​លទ្ធភាព​នៃ​ការរួមបញ្ចូល​គ្នា​រវាង​ គណបក្សប្រឆាំង​ទាំងពីរ​ក៏ដោយ ក៏ប៉ុន្តែ ត្រឹម​កិច្ច​សហការគ្នា​រវាង​សមាជិក​ក្រុមប្រឹក្សាឃុំ​សង្កាត់​គឺជា​រឿង​ដែល​ អាច​ធ្វើបាន​ពីព្រោះ​វា​មិន​ស្មុគស្មាញ​ដូចជា​ការរំលាយ​ចូលគ្នា​នោះឡើយ ហើយ​បើទោះជា​ចង់​ឬ​មិន​ចង់​ក៏​សមាជិក​ក្រុមប្រឹក្សា​របស់​បក្សប្រឆាំង​ ទាំងពីរ​មាន​គោលដៅ​តែមួយ​ដូចគ្នា​ដែរ​គឺ​ការ​ទប់ទល់​ជាមួយ​គណបក្សកាន់អំណាច​ នេះឯង។
ពិត ​ហើយ​ថា គណបក្ស​ប្រជាជន​កម្ពុជា​បានឈ្នះ​កាន់កាប់​តំណែង​មេឃុំ​ចៅសង្កាត់​ដល់​ទៅ​ជាង ៩០% និង​កាន់កាប់​អាសនៈ​ឃុំ​សង្កាត់​ដល់​ទៅ​ជាង៧០% ប៉ុន្តែ គណបក្សប្រឆាំង​ពីរ​ទៀត​ក៏​ទទួលបាន​តំណែង​លំដាប់​លេខ​ពីរ​ច្រើន​គួរសម​ដែរ​ នៅក្នុង​ក្រុមប្រឹក្សាឃុំ​សង្កាត់​ជាច្រើន។ ដូច្នេះ​បើ​ទោះ​តិច​ឬក៏​ច្រើនក្តី កិច្ចការ​មួយចំនួន​នឹងត្រូវ​រាំងស្ទះ​ឬក៏​ដំណើរការ​ដោយ​ភាព​ប្រទាំង​ប្រទើស​ ដោយសារតែ​ការមិនចុះសម្រុង​គ្នា​ក្រោម​សម្ពាធ​នយោបាយ។ ភាព ​ប្រទាំង​ប្រទើស​នេះ​អាច​នឹង​ផ្តល់​ផល​ល្អ​ប្រសិនបើ​គណបក្សនីមួយៗប្រើប្រាស់ ​សម្ពាធ​ដាក់គ្នា​ក្នុងទិសដៅ​ការពារ​ផលប្រយោជន៍​ប្រជាពលរដ្ឋ​ឲ្យ​បានល្អ​ជាង ​មុន និង​មាន​តម្លាភាព​ជាង​មុន ប៉ុន្តែ ប្រសិនបើ​ការ​ខ្ទាស់​គ្នា​ទៅវិញទៅមក​គ្រាន់តែ​ដើម្បី​យកឈ្នះ​ចាញ់​ឬក៏​ ដើម្បី​ប៉ែង​ជើង​គ្នា​នោះ ប្រាកដ​ណាស់​ថា វា​នឹង​ផ្តល់​ផល​អាក្រក់​ច្រើនជាង។
ជាទូទៅ ជម្លោះ​នយោបាយ​នៅ​កម្ពុជា​មិនសូវ​ជា​ផ្តល់​ផល​ល្អ​ប៉ុន្មាន​ឡើយ។ គឺ​ទឡ្ហីករណ៍​សត្យានុម័ត​នេះហើយ​ដែល​បង្កើតបានជា​ក្តីបារម្ភ​សម្រាប់​ ក្រុមអ្នកវិភាគ​ជាច្រើន​ចំពោះ​ដំណើរការ​របស់​ក្រុមប្រឹក្សាឃុំ​សង្កាត់​ អាណត្តិ​ថ្មី​ខាងមុខ ជាពិសេស​នៅក្នុង​បរិបទ​ដែល​រដ្ឋបាល​ថ្នាក់មូលដ្ឋាន​កម្ពុជា​នៅ​ចំណុះ​ យ៉ាងខ្លាំង​ក្រោម​ឥទ្ធិពល​របស់​បក្សនយោបាយ​នៅឡើយ។ ប្រសិនបើ​ដូច្នោះ​មែន សមាជិក​ក្រុមប្រឹក្សាឃុំ​សង្កាត់​អាណត្តិ​ថ្មី​នេះ ប្រហែលជា​មិនសូវមាន​ពេល​បម្រើប្រជាជន​ម្ចាស់ឆ្នោត​ដូច​ការសន្យា​ប៉ុន្មាន​ទេ តែ​ពួកគេ​ប្រហែលជា​នឹងត្រូវ​ចំណាយពេល​ជាច្រើន​ដើម្បី​សម្តែង​ឬ​ទ្ធិ​ខាង​ នយោបាយ​អួត​ដាក់គ្នា​ទៅវិញទៅមក។
ស្ថានភាព ​បែបនេះ​មិនមែនជា​ការទន្ទឹងរង់ចាំ​របស់​ប្រជាពលរដ្ឋ​អ្នកបោះឆ្នោត​ឡើយ។ នេះ​ជា​អ្វីដែល​គណបក្សនយោបាយនីមួយៗ ជាពិសេស​សមាជិក​ក្រុមប្រឹក្សាឃុំ​សង្កាត់​ទាំងអស់​ត្រូវ​ពិចារណា៕

3 comments:

Anonymous said...

ខ្មែរយើងត្រូវទទួលយល់ឱ្យច្បាស់ថា គ្រប់ស្ថាប័ន នៃការគ្រប់គ្រង គឺមិនគួរស្ថិតក្រោមឥទ្ធិពលនៃគណបក្សនយោបាយទេ គឺគួរស្ថិតក្រោមនីតិក្រមរដ្ឋធម្មនុញ្ញ។ អ្វីដែលបានកើតឡើងដែលនាំឱ្យអ្នកកាន់ការតាម ស្ថាប័ននានាស្ថិតក្រោមឥទ្ធិពលបក្សនយោបាយមកនេះ គឺជាមធ្យោបាយបំផ្លាញ និង រំលាយខ្មែរ។

គតិបណ្ឌិតកូនខ្មែរ

Anonymous said...

Pen Bona - your analysis provoke unbiase judbment between khmer and khmer. You are so dumb.You make khmer people confuse.

You should know that as the commune chief from CPP did the right thing - honestly serve khmer people such as protect their commune from stealing by yourn do you think SRP and HRP still oppose to them? However, you are right it will be blood battle between them if CPP commune chief keep stealling land from people for their own pocket. SRP and HRP will not let do it any more.
You can help by spread this message to them too.

Anonymous said...

ទោះជាយ៉ាងណាខ្ញុំយល់ថា នេះជាល្បិចធ្លាយ
ពីកន្ត្រងចូលកន្ត្រក ដៅយគេប្រស្នៀតគៀងគោ
ឱ្យចូលក្រោល រួចគេនឹងក្របួចកតែម្ដង៕