ដោយ ប៉ែន បូណា RFI
ក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៣ដែលកើតចេញពីការបោះឆ្នោតកាលពីថ្ងៃទី៣មិថុនាទំនងជា នឹងជួបបញ្ហាច្រើននៅក្នុងដំណើរការរបស់ខ្លួន។ បញ្ហានៅត្រង់ថា សមាជិកក្រុមប្រឹក្សាមកពីគណបក្សកាន់អំណាចនឹងត្រូវប្រឈមមុខខ្លាំង ជាមួយសមាជិកក្រុមប្រឹក្សាបក្សប្រឆាំងពីរគឺគណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្សប្រសិនបើគណបក្សទាំងពីរនេះសហការគ្នាដូច ការអំពាវនាវរបស់គណបក្សសមរង្ស៊ីមែននោះ។ ដូច្នេះ ស្ថានការណ៍អាចនឹងវិលទៅរកសភាពដើមកាលពីឆ្នាំ២០០២វិញឬធ្ងន់ធ្ងរជាងនេះក៏ថាបាន។ តើហេតុអ្វីបានជាដូច្នោះ?
ការមិនចុះ សម្រុងគ្នាខាងនយោបាយគឺជាបញ្ហាធ្ងន់ធ្ងរមួយកាលពីការកកើត ក្រុមប្រឹក្សាឃុំសង្កាត់ដំបូងក្នុងឆ្នាំ២០០២។ កាលណោះឃុំសង្កាត់នីមួយៗត្រូវបានរំខានដោយការមិនស៊ីសង្វាក់គ្នា រវាងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់គណបក្សប្រជាជនកម្ពុជា និងគណបក្សសមរង្ស៊ី។ ប៉ុន្តែ ១០ឆ្នាំក្រោយមក ស្ថានការណ៍មានភាពប្រសើរឡើងគួរឲ្យកត់សម្គាល់។ ការរើសអើងនយោបាយលែងជាបច្ចុប្បន្នភាពក្តៅដូចមុនទៀតហើយ។
ប៉ុន្តែ ក្រុមអ្នកវិភាគនិងតានដានការវិវឌ្ឍន៍ស្ថានការណ៍នយោបាយប្រទេស កម្ពុជាបានសម្តែងក្តីបារម្ភថា សម្រាប់អាណត្តិទី៣នេះ អធិករណ៍ទំនងជាផ្ទុះឡើងវិញជាថ្មីនៅក្នុងរដ្ឋបាលថ្នាក់មូលដ្ឋាន ហើយនិងអាចធ្ងន់ធ្ងរជាងមុនផងក៏ថាបាន។ ធ្ងន់ធ្ងរដោយហេតុថា កាលពីឆ្នាំ២០០២ ដែលមានតែគណបក្សសម រង្ស៊ីមួយប្រឈមជាមួយគណបក្សប្រជាជនក៏គង់មានបញ្ហាមិនចុះសម្រុង យ៉ាងខ្លាំងរួចទៅហើយ។ ចុះទម្រាំឥឡូវនេះ គណបក្សប្រឆាំងមានដល់ទៅពីរ ហើយម្យ៉ាងទៀត គណបក្សដែលជាសម្ព័ន្ធមិត្តរបស់បក្សកាន់អំណាចបានបាត់បង់សំឡេង ស្ទើរតែអស់រលីងទៅ ហើយ។ ដូច្នេះ បក្សប្រឆាំងទាំងពីរច្បាស់ជានឹងសហការគ្នាដើម្បីដាក់សម្ពាធទៅលើ ក្រុមប្រឹក្សាមកពីគណបក្សកាន់អំណាចជាមិនខាន។ គណបក្សសម រង្ស៊ីបានសម្លឹងឃើញផ្លូវនេះរួចជាស្រេចតាមរយៈការអំពាវនាវឲ្យសមាជិក ក្រុមប្រឹក្សាឃុំសង្កាត់គណបក្សសិទ្ធិមនុស្សរួមជាមួយខ្លួនដើម្បី ទប់ទល់ជាមួយសមាជិកមកពីគណបក្សប្រជាជន។
ពិត ហើយថា គណបក្សប្រជាជនកម្ពុជាបានឈ្នះកាន់កាប់តំណែងមេឃុំចៅសង្កាត់ដល់ទៅជាង ៩០% និងកាន់កាប់អាសនៈឃុំសង្កាត់ដល់ទៅជាង៧០% ប៉ុន្តែ គណបក្សប្រឆាំងពីរទៀតក៏ទទួលបានតំណែងលំដាប់លេខពីរច្រើនគួរសមដែរ នៅក្នុងក្រុមប្រឹក្សាឃុំសង្កាត់ជាច្រើន។ ដូច្នេះបើទោះតិចឬក៏ច្រើនក្តី កិច្ចការមួយចំនួននឹងត្រូវរាំងស្ទះឬក៏ដំណើរការដោយភាពប្រទាំងប្រទើស ដោយសារតែការមិនចុះសម្រុងគ្នាក្រោមសម្ពាធនយោបាយ។ ភាព ប្រទាំងប្រទើសនេះអាចនឹងផ្តល់ផលល្អប្រសិនបើគណបក្សនីមួយៗប្រើប្រាស់ សម្ពាធដាក់គ្នាក្នុងទិសដៅការពារផលប្រយោជន៍ប្រជាពលរដ្ឋឲ្យបានល្អជាង មុន និងមានតម្លាភាពជាងមុន ប៉ុន្តែ ប្រសិនបើការខ្ទាស់គ្នាទៅវិញទៅមកគ្រាន់តែដើម្បីយកឈ្នះចាញ់ឬក៏ ដើម្បីប៉ែងជើងគ្នានោះ ប្រាកដណាស់ថា វានឹងផ្តល់ផលអាក្រក់ច្រើនជាង។
ជាទូទៅ ជម្លោះនយោបាយនៅកម្ពុជាមិនសូវជាផ្តល់ផលល្អប៉ុន្មានឡើយ។ គឺទឡ្ហីករណ៍សត្យានុម័តនេះហើយដែលបង្កើតបានជាក្តីបារម្ភសម្រាប់ ក្រុមអ្នកវិភាគជាច្រើនចំពោះដំណើរការរបស់ក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិថ្មីខាងមុខ ជាពិសេសនៅក្នុងបរិបទដែលរដ្ឋបាលថ្នាក់មូលដ្ឋានកម្ពុជានៅចំណុះ យ៉ាងខ្លាំងក្រោមឥទ្ធិពលរបស់បក្សនយោបាយនៅឡើយ។ ប្រសិនបើដូច្នោះមែន សមាជិកក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិថ្មីនេះ ប្រហែលជាមិនសូវមានពេលបម្រើប្រជាជនម្ចាស់ឆ្នោតដូចការសន្យាប៉ុន្មានទេ តែពួកគេប្រហែលជានឹងត្រូវចំណាយពេលជាច្រើនដើម្បីសម្តែងឬទ្ធិខាង នយោបាយអួតដាក់គ្នាទៅវិញទៅមក។
ស្ថានភាព បែបនេះមិនមែនជាការទន្ទឹងរង់ចាំរបស់ប្រជាពលរដ្ឋអ្នកបោះឆ្នោតឡើយ។ នេះជាអ្វីដែលគណបក្សនយោបាយនីមួយៗ ជាពិសេសសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ទាំងអស់ត្រូវពិចារណា៕
3 comments:
ខ្មែរយើងត្រូវទទួលយល់ឱ្យច្បាស់ថា គ្រប់ស្ថាប័ន នៃការគ្រប់គ្រង គឺមិនគួរស្ថិតក្រោមឥទ្ធិពលនៃគណបក្សនយោបាយទេ គឺគួរស្ថិតក្រោមនីតិក្រមរដ្ឋធម្មនុញ្ញ។ អ្វីដែលបានកើតឡើងដែលនាំឱ្យអ្នកកាន់ការតាម ស្ថាប័ននានាស្ថិតក្រោមឥទ្ធិពលបក្សនយោបាយមកនេះ គឺជាមធ្យោបាយបំផ្លាញ និង រំលាយខ្មែរ។
គតិបណ្ឌិតកូនខ្មែរ
Pen Bona - your analysis provoke unbiase judbment between khmer and khmer. You are so dumb.You make khmer people confuse.
You should know that as the commune chief from CPP did the right thing - honestly serve khmer people such as protect their commune from stealing by yourn do you think SRP and HRP still oppose to them? However, you are right it will be blood battle between them if CPP commune chief keep stealling land from people for their own pocket. SRP and HRP will not let do it any more.
You can help by spread this message to them too.
ទោះជាយ៉ាងណាខ្ញុំយល់ថា នេះជាល្បិចធ្លាយ
ពីកន្ត្រងចូលកន្ត្រក ដៅយគេប្រស្នៀតគៀងគោ
ឱ្យចូលក្រោល រួចគេនឹងក្របួចកតែម្ដង៕
Post a Comment