Tuesday, June 05, 2012

អ្នក​ភូមិ​បឹង​កក់​និង​កូនៗ​សុំ​ព្រះរាជ​អន្តរាគមន៍​ពី​ព្រះមហាក្សត្រ


ដោយ សុជីវី
2012-06-05

អ្នក​ភូមិ​បឹង​កក់ ប្រមាណ ៥០​នាក់ ដែល​មាន​ទាំង​កុមារ​ជា​ច្រើន​នាក់​ផង បាន​ជួប​ប្រជុំ​គ្នា​នៅ​ខាង​មុខ​ព្រះបរមរាជវាំង​នៅ​ព្រឹក​ថ្ងៃ​អង្គារ​ទី​៥ ខែ​មិថុនា។ ក្មេងៗ​ជា​ច្រើន​នាក់​បាន​លុត​ជង្គង់ ស្រែក​ទ្រហោយំ​នៅ​ខាង​មុខ​ព្រះបរមរាជវាំង។ អ្នក​ភូមិ​បឹង​កក់ និង​ក្មេងៗ​កូន​របស់​ពួក​គេ លុត​ជង្គង់​ស្រែក​ទ្រហោ​យំ នៅ​មុខ​ព្រះបរមរាជវាំង​ទាំង​កណ្ដាល​ថ្ងៃ​ក្ដៅ ទាម​ទារ​អោយ​ជួយ​ម្ដាយ​ពួក​គេ​ឲ្យ​មាន​សេរីភាព កាល​ពី​ថ្ងៃ​ទី​៥ ខែ​មិថុនា ឆ្នាំ​២០១២។

ពួកគេ​ស្នើ​សុំ​អន្តរាគមន៍​ពី​ព្រះមហាក្សត្រ អោយ​ជួយ​ដោះ​លែង​ម្ដាយ​របស់​ពួកគេ ដែល​ជា​តំណាង​អ្នក​ភូមិ​បឹង​កក់ ១៥​នាក់ និង​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ព្រៃស នោះ អោយ​មាន​សេរីភាព​មកវិញ។ បើ​ទោះ​ជា​បែប​ណា ញត្តិ​របស់​អ្នក​ភូមិ​បឹង​កក់​ពុំ​ត្រូវ​មន្ត្រី​ព្រះបរមរាជវាំង ចេញ​មក​ទទួល​ឡើយ។

អ្នក​ភូមិ​បឹង​កក់ និង​កូនៗ​របស់​ពួក​គេ ខក​ចិត្ត នៅ​ពេល​ដែល​មន្ត្រី​ព្រះបរមរាជវាំង​ពុំ​បាន​ទទួល​យក​ញត្តិ​ស្នើ​សុំ​ អន្តរាគមន៍​ដោះ​លែង​តំណាង​ពួក​គេ​ទាំង ១៥​នាក់។ តំណាង​អ្នក​ភូមិ​បឹង​កក់ អ្នក​ស្រី យ៉ម បុប្ផា មាន​ប្រសាសន៍​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​នៅ​ខាង​មុខ​ព្រះបរមរាជវាំង​ថា អ្នក​ស្រី​មាន​ចម្ងល់​ក្នុង​ចិត្ត និង​សោក​ស្ដាយ​នៅ​ពេល​ដែល​មន្ត្រី​ព្រះបរមរាជវាំង​ព្រងើយ​កន្តើយ ពុំ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ការ​ដង្ហោយ​ហៅ​រក​ជំនួយ​ពី​សំណាក់​ក្រុម​អ្នក​ ភូមិ ជា​ពិសេស គឺ​ក្មេងៗ​តូចៗ។

ក្មេងៗ​កូន​អ្នក​ភូមិ​បឹង​កក់ បាន​លុត​ជង្គង់​ស្រែក​ទ្រហោ​យំ នៅ​ខាង​មុខ​ព្រះបរមរាជវាំង​ទាំង​កណ្ដាល​ថ្ងៃ​ក្ដៅ ទាម​ទារ​អោយ​ជួយ​ម្ដាយ​ពួក​គេ​ឲ្យ​មាន​សេរីភាព។

ទោះ​បី​ជា​ពួក​គេ​យំ​យែក​យ៉ាង​ណា គេ​បាន​ទទួល​បាន​ការ​ឆ្លើយ​តប​ពី​មន្ត្រី​នគរបាល​ដែល​ការ​ពារ​សន្តិសុខ​នៅ​ ខាង​មុខ​ព្រះបរមរាជវាំង ថា គេ​នឹង​ទាក់​ទង​ទៅ​មន្ត្រី​នៅ​ខុទ្ទកាល័យ​ព្រះបរមរាជវាំង ប្រសិន​បើ​អ្នក​បឹង​កក់ យល់​ព្រម​រំសាយ​ការ​តវ៉ា។

ញត្តិ​របស់​ប្រជាពលរដ្ឋ​បឹង​កក់ បាន​លើក​ឡើង​ថា សុំ​ឲ្យ​ព្រះមហាក្សត្រ មេត្តា​ប្រោស​ព្រះរាជ​ទាន​អន្តរាគមន៍​ទៅ​ក្រសួង​យុត្តិធម៌ ដើម្បី​ជួយ​ពួក​គេ​ទាំង​អស់​គ្នា​ជា​កូន​ចៅ​នៅ​តំបន់​បឹង​កក់ ចំនួន ១៥​នាក់ ដែល​ត្រូវ​បាន​ចាប់​ខ្លួន និង​ដាក់​ពន្ធនាគារ​ទាំង​អយុត្តិធម៌ ឲ្យ​មាន​ការ​ដោះ​លែង​បាន​ទៅ​ជួប​ជុំ​ក្រុម​គ្រួសារ និង​មាន​សេរីភាព​ឡើងវិញ។

វិទ្យុ​អាស៊ី​សេរី នៅ​មិន​ទាន់​អាច​សុំ​ការ​អធិប្បាយ​ពី​មន្ត្រី​នៅ​ខុទ្ទកាល័យ​ព្រះមហាក្សត្រ​បាន​ទេ នៅ​ថ្ងៃ​ទី​៥ ខែ​មិថុនា។

មន្ត្រី​នៃ​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅ​ឋាន លោក ណើប លី មាន​ប្រសាសន៍​ថា មន្ត្រី​ព្រះបរមរាជវាំង​គួរ​តែ​យល់​ព្រម​ទទួល​យក​ញត្តិ​របស់​អ្នក​ភូមិ​បឹង​ កក់ ដោយ​ហេតុ​ថា ព្រះមហាក្សត្រ ព្រះអង្គ ក៏​មាន​តួនាទី​ដោះស្រាយ​ទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ។

មន្ត្រី​មជ្ឈ​មណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ លោក មឿង តុលា មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​មិន​គួរ​ឲ្យ​បញ្ហា​នេះ​នៅ​ល្អក់​កករ​ទៀត​ទេ គួរ​តែ​ដោះ​លែង​អ្នក​ភូមិ​បឹង​កក់ ទាំង ១៥​នាក់ និង​ពិចារណា​លើ​ដំណោះស្រាយ​ដី ១២,៤៤ ហិកតារ នៅ​បឹង​កក់។ លោក បន្ត​ថា កុមារ​នៅ​តំបន់​បឹង​កក់​អាច​ប្រឈម​នឹង​ជំងឺ​ផ្លូវ​ចិត្ត​ធ្ងន់ធ្ងរ ប្រសិន​បើ​ពួក​គេ​នៅ​តែ​បន្ត​រស់​នៅ​ក្នុង​ស្ថានភាព​ដូច​ពេល​បច្ចុប្បន្ន។

ស្ត្រី​ជា​អ្នក​ភូមិ​បឹង​កក់​ចំនួន ១៣​នាក់​​ត្រូវ​បាន​កង​កម្លាំង​អាជ្ញាធរ​ចាប់​កាល​ពី​ថ្ងៃ​ទី​២២ ឧសភា និង​ត្រូវ​កាត់​អោយ​មាន​ទោស ២​ឆ្នាំ​កន្លះ​ម្នាក់ ពី​បទ​រំលោភ​កាន់​កាប់​ដោយ​ខុស​ច្បាប់​លើ​អចលនវត្ថុ​របស់​នីតិបុគ្គល​ សាធារណៈ និង​បទ​ប្រឆាំង​អាជ្ញាធរ​សាធារណៈ ដោយ​មាន​ស្ថាន​ទម្ងន់​ទោស។ ចំណែក​តំណាង​ពីរ​នាក់​ទៀត ក៏​ត្រូវ​ចាប់​ខ្លួន នៅ​មុខ​តុលាការ​ក្រុង​ភ្នំពេញ ក្នុង​ពេល​រៀប​ចំ​ឯកសារ​ធ្វើ​សក្ខីកម្ម​អោយ​តំណាង ១៣​នាក់ កាល​ពី​ថ្ងៃ​ទី​២៦ ខែ​ឧសភា។ នៅ​ពេល​ដែល​គ្មាន​ម្ដាយ​រស់​នៅ​ជា​មួយ ក្រុម​ក្មេងៗ កូន​អ្នក​បឹង​កក់ តែង​ចូល​រួម​ការ​តវ៉ា​អោយ​មាន​ការ​ដោះ​លែង​ម្ដាយ​គេ ដើម្បី​អោយ​ក្រុម​គ្រួសារ​ពួក​គេ​មាន ភាព​កក់​ក្តៅ​ឡើង​វិញ៕

4 comments:

Anonymous said...

អាស្តេចចម្កួតលួង! បើមិនអាចម៍ទេ ចុះចេញទៅ។

Anonymous said...

the pathetic king worth less than a dead pawn.

Anonymous said...

u all chicken brain.
not that he wants to be king but Viet and Sen must use him being king.
Sen and viet can eliminate king anytime.

Anonymous said...

មួយៗជាទីស្រឡាញ់ ការឈឺចាប់របស់ក្មួយវាជា
របស់ពួដែរ។សេចក្ដីព្យាយាម យើងទាំងអស់គ្នា
នឹងបានសម្រេច បង្កើននូវសេចក្ដីក្លាហានឱ្យដល់
កំរឹត។ពូសូមលើកដៃបួងសួងដល់វត្ថុស័ក្កសិទ្ធិក្នុង
និងគុណព្រះពុទ្ធព្រះធម៌ព្រះសង្ឃសូមប្រទាននូវ
យុត្តិធម៌ដល់ក្មួយៗជាទីស្រឡាញ់ក្នុងពេលដ៏ឆាប់
ខាងមុខ។គ្មានសាសន៍ណាស្រលាញ់ខ្មែរជាងខ្មែរ
ស្រឡាញ់ខ្មែរទេ!

1:38 AM