Wednesday, June 27, 2012

រឿងៈដើមកំនើតយក្ស ដោយ កវីដា - Genesis of the giant (monsters?) by Kakvey Da

ដោយ Kakvey Da
Originally posted on Facebook

កាលដំបូងឡើយ មនុស្សរស់នៅជាមួយគ្នាក្នុងសេចក្តីសុខសាន្តដោយស្វែងរកអាហាររួមគ្នា ហើយចែកគ្នាបរិភោគទាំងអស់គ្នា។

តែក្រោយមក មានមនុស្សខ្លះចាប់ផ្តើម មានចិត្តលោភលន់ ចង់បរិភោគអោយបាន ច្រើនជាងគេ និងមានអាហារជារបស់ផ្ទាល់ខ្លួនលើសអ្នកដ៏ទៃ ។

ពួកនេះបានលួចចំណីអាហារលាក់ទុកសំរាប់ខ្លួនឯង មិនអោយអ្នកឯទៀតដឹង ឡើយ។
ពួកគេហូបអាហារដែលជាចំនែករបស់ខ្លួននៅពេលថ្ងៃ និង ហូបអាហារដែលបាន លាក់ទុក នៅពេលយប់។

យូរៗទៅ ពួកគេមានរូបរាងធំឡើងៗ និង កំលាំងខ្លាំងក្លាលើសមនុស្សផ្សេងទៀត។
ពួកនេះគិតថាខ្លួនមានអំណាចលើសគេ ជាមេដឹកនាំគេ ហើយមិនចាំបាច់ ធ្វើការ ឡើយ។


មនុស្សផ្សេងទៀត មិនយល់ព្រមព្រោះពួកគេធ្លាប់រស់នៅដោយរួមសាមគ្គី និងស្មើភាពគ្នា។

មនុស្សមាឌធំៗបានធ្វើបាប និងសំលាប់អ្នកណាដែលហ៊ានប្រឆាំងជាមួយខ្លួន។ មនុស្សតូចៗរស់នៅដោយភ័យខ្លាចយ៉ាងខ្លាំង ក្រោមអំណាចមនុស្សមាឌធំ និងត្រូវរក អាហារចិញ្ចឹមពួកគេ និងកូនៗរបស់ពួកគេទៀត។
ក្រុមមនុស្សមាឌតូចប្រឹងរកអាហារបានយ៉ាងច្រើនទាំងលំបាកបំផុតដើម្បីផ្តល់អោយពួកមាឌធំ ដូរយកសេចក្តីសុខ ។ តែពួកមាឌធំនៅតែធ្វើបាបជានិច្ច និងសំលាប់ជាល្បែងកំសាន្តលេង នៅពេលដែលគេមិនសប្បាយចិត្តម្តងៗ។

ដោយសារចិត្តអាក្រក់ និងការប្រព្រឹត្តអំពើឃោរឃៅ យូរៗទៅ ពួកមនុស្សមាឌធំចាប់ផ្តើមដុះចង្កូមធំស្រួចដូចសត្វខ្លាគួរអោយខ្លាច។ពួកវាពេញចិត្តណាស់ហើយបញ្ជាអោយមនុស្សហៅពួកវាថាយក្ស ដែលមានថានៈខ្ពស់ជាងមនុស្ស។

ក្រោយមកទៀត យក្សមិនត្រឹមតែអោយមនុស្ស រកអាហារឆ្ងាញ់ៗតែប៉ុណ្ណោះទេ វាបញ្ជាអោយស្វែងរកវត្ថុល្អៗមកតែងលម្អខ្លួនទៀត។

ពីមួយថ្ងៃទៅមួយថ្ងៃ ជីវិតជាទាសកររបស់យក្ស រឹតតែលំបាកស្ទើររស់នៅលែងបាន។មនុស្សលួចពិភាក្សាគ្នា រកវិធីកំចាត់យក្ស។

មនុស្សបានផលិតស្រាឆ្ងាញ់ដើម្បីអោយយក្សផឹក។

ពួកយក្សទាំងអស់ផឹកយ៉ាងច្រើនរហូតទាល់តែស្រវឹងដេកលង់លក់អស់។ឆ្លៀតឱកាសដ៏ល្អនេះ មនុស្សនាំគ្នាយកខ្សែមកចងយក្សជាប់ រួចវាយសំពងលើយក្ស។យក្សខ្លះដឹងខ្លួន ប្រឹងរើបំរះរត់យករួចខ្លួន។ យក្សនៅសល់មួយចំនួនធំបានរួមខ្លួនតូច ចង្កូមបានលិបបាត់ ប្រែក្លាយជាមនុស្សដូចដើមវិញ។

មនុស្សចាប់ផ្តើមរស់នៅក្នុងភាពសុខសាន្តម្តងទៀត ។ យក្សដែលរត់គេច ខ្លួនទៅ មិនហ៊ានត្រលប់មកវិញទៀតទេ។

1 comment:

Anonymous said...

WELCOME TO ÑÂM̀B́ƠĐỈÂ!!!

C̉ÂM ƠṆ SÂṂĐÊC̀H́ ĐÊC̀H́Ơ HŨỲŃH SÀŃḤ!
THANK YOU SAMDECH DECHO HUN SEN!

The Lost Ñgừýêṇ