Friday, June 08, 2012

WB លាត​ត្រដាង​ឈ្មោះ​ក្រុមហ៊ុន​ទុច្ចរិត​ចំនួន​៨ នៅ​កម្ពុជា - WB reveals the name of 8 dishonest companies in Cambodia

2012-06-07
ដោយ ហាស់ សាន
RFA

ក្នុង​រយៈ​ពេល ១៣​ឆ្នាំ ធនាគារ​ពិភព​លោក​បាន​អង្កេត​រក​ឃើញ​ការ​ធ្វើ​អាជីវកម្ម​មិន​សុចរិត​ពី​សំណាក់​ក្រុមហ៊ុន​ជា​ច្រើន​រយ​នៅ​ទូទាំង​ពិភព​លោក ប៉ុន្តែ​មិន​បាន​ផ្សព្វ​ផ្សាយ​ឲ្យ​ដឹង​ជា​សាធារណៈ រហូត​ដល់​ខែ​ឧសភា​កន្លង​ទៅ​នេះ។

ធនាគារ​ពិភព​លោក (World Bank) បាន​ចេញ​ផ្សាយ​របាយការណ៍​រាយ​ឈ្មោះ​ក្រុមហ៊ុន និង​ឈ្មោះ​បុគ្គល​មាន​ចំនួន​ជាង ៥៣០​ក្រុមហ៊ុន និង​បុគ្គល ដែល​គេ​បាន​ស៊ើប​អង្កេត​រក​ឃើញ​ថា បាន​ប្រើ​ល្បិច​ផ្សំ​គំនិត បន្លំ​ភ្នែក ពុក​រលួយ កេង​ប្រវ័ញ្ច​យក​ចំណេញ​ទាំង​បំពាន​ច្បាប់ និង​លក្ខន្តិកៈ​កិច្ច​សន្យា​ផ្សេងៗ ចាប់​ពី​ឆ្នាំ​១៩៩៩ មក។ ធនាគារ​ពិភព​លោក មិន​បាន​ផ្សាយ​ឲ្យ​សាធារណ​ជន​បាន​ឃើញ​បាន​ដឹង​ទេ រហូត​ដល់​ថ្ងៃ​ទី​៣០ ខែ​ឧសភា ទើប​សម្រេច​ផ្សព្វ​ផ្សាយ​ជា​សាធារណៈ ដែល​អ្នក​វិភាគ​ចាត់​ទុក​ជា​ជំហាន​មាន​ប្រសិទ្ធភាព​មួយ ដើម្បី​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ​នៅ​ក្នុង​ប្រទេស​នានា។

នៅ​ប្រទេស​កម្ពុជា ធនាគារ​ពិភព​លោក​បាន​រាយ​ឈ្មោះ​ក្រុមហ៊ុន​ចំនួន​៨ ដែល​មាន​ទីស្នាក់ការ​នៅ​រាជ​ធានី​ភ្នំពេញ ហើយ​ដែល​ថា​បាន​អនុវត្ត​ផ្ទុយ​ពី​កិច្ច​ព្រមព្រៀង​រវាង​ធនាគារ​ពិភព​លោក និង​ក្រុមហ៊ុន​នោះ។ វិទ្យុ​អាស៊ី​សេរី​ព្យាយាម​ទាក់​ទង​តំណាង​ក្រុមហ៊ុន​ទាំង​៨ ប៉ុន្តែ​ទាក់​ទង​បាន​តែ​ក្រុមហ៊ុន​ពីរ។

ធនាគារ​ពិភព​លោក​ហាម​លោក ទិត វឿន មាន​ទីលំនៅ​ក្នុង​ខណ្ឌ​ចំការមន ដែល​មាន​ហ៊ុន​ក្នុង​ក្រុមហ៊ុន​ផលិត​ទឹក​ស្អាត​មួយ​ឈ្មោះ Sincam Water Technology, Ltd. ដែល​ជា​ក្រុមហ៊ុន​ពី​ប្រទេស​សិង្ហបុរី មាន​ទីតាំង​ក្នុង​ខណ្ឌ​ចំការមន មិន​ឲ្យ​ចូល​រួម​ចុះ​កិច្ច​សន្យា​ទទួល​ម៉ៅ​ការងារ​ពី​ធនាគារ​ពិភព​លោក ចាប់​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១២ រហូត​ដល់​ខែ​កុម្ភៈ ឆ្នាំ​២០១៦ ដោយ​ជាប់​ចោទ​ពី​បញ្ហា​សូក​ប៉ាន់។


លោក ទិត វឿន បាន​រៀប​រាប់​ប្រាប់​វិទ្យុ​អាស៊ី​សេរី​អំពី​សាវតារ​នៃ​បញ្ហា​នោះ​ថា លោក​ជា​ជន​រងគ្រោះ​មួយ​រូប​ក្នុង​គម្រោង​អភិវឌ្ឍន៍​ទឹក​ស្អាត​នៅ​កម្ពុជា ដែល​គ្មាន​សិទ្ធិ​សម្រេច​ចាយ​ថវិកា​លើស​ពី​កម្រិត​មួយ​តូច ៖ “...ទាំង​អស់ ៧​កញ្ចប់ ក្នុង​១២​គម្រោង ដែល​ខ្ញុំ​ដេញ​បាន ហើយ​ខ្ញុំ​ធ្វើ​ចប់​ពីរ​គម្រោង។ ខ្ញុំ​ទទួល​បាន​លិខិត​គ្រប់​បែប​យ៉ាង​មុន​នឹង​គាត់​បញ្ចូល​ឈ្មោះ​ខ្ញុំ​ទៅ​ក្នុង​ទណ្ឌកម្ម​នៃ​គោលការណ៍​ធនាគារ​ពិភព​លោក។ ខ្ញុំ​ជា​មនុស្ស​ម្នាក់​បាន​ធ្វើ​ការ​ជា​មួយ​ធនាគារ​ពិភព​លោក​ប្រចាំ​កម្ពុជា​យ៉ាង​ជ្រាលជ្រៅ​ជាង​គេ​ខាង​វិស័យ​ទឹក​ស្អាត​ហ្នឹង តាំង​ពី​ឆ្នាំ​២០០២ មក។ គេ​បាន​មក​ជួប​ក្រុម​ប្រឹក្សា​ខ្ញុំ​ហ្នឹង ហើយ​ដែល​ខ្ញុំ​ជួយ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ចេញ license មុន​គេ រហូត​ដល់​ធនាគារ​ពិភព​លោក​ផ្ដល់​លុយ​រាប់​សិប​លាន​ដុល្លារ​ដល់​រដ្ឋាភិបាល​កម្ពុជា។ ធនាគារ​ពិភព​លោក​បាន​បញ្ជូន​មីសស្យុង (mission) របស់​គេ​មក ហើយ​គាត់​បាន​ដឹង​ហើយ​ថា ខ្ញុំ​ជា Managing Director អ្នក​ចាត់​ចែង​ការ ខ្ញុំ​មាន​សិទ្ធិ​ចាយ​វាយ​ត្រឹម​តែ ២​ពាន់​ដុល្លារ​ហ្នឹង។ ខាង​សាំងហ្គាពួរ ដែល​មាន​ភាគ​ហ៊ុន​ឯ​ណោះ​ជា​អ្នក​ទទួល​ខុស​ត្រូវ។ ដល់​ពេល​មាន​បញ្ហា ធនាគារ​ពិភព​លោក​មក​ដាក់​ទណ្ឌកម្ម​ខ្ញុំ។"

ក្រុមហ៊ុន Asia Communications Ltd. មាន​ទីតាំង​ក្នុង​ខណ្ឌ​ចំការមន ត្រូវ​ធនាគារ​ពិភព​លោក​ហាម​មិន​ឲ្យ​ចូល​រួម​ចុះ​កិច្ច​សន្យា​ទទួល​ម៉ៅ​ការងារ​ពី​ធនាគារ ពី​ខែ​មេសា ឆ្នាំ​២០១២ រហូត​ដល់​ខែ​មេសា ឆ្នាំ​២០១៥។ ឈ្មោះ មាស ស៊ីណា មាន​ទីលំនៅ​ក្នុង​ខណ្ឌ​ចំការមន ត្រូវ​ធនាគារ​ពិភព​លោក​ហាម​មិន​ឲ្យ​ចូល​រួម​ចុះ​កិច្ច​សន្យា​ទទួល​ម៉ៅ​ការងារ​ពី​ធនាគារ ពី​ខែ​មេសា ឆ្នាំ​២០១២ រហូត​ដល់​ខែ​មេសា ឆ្នាំ​២០១៥។

ក្រុមហ៊ុន​គ្រប់គ្រង​ដោយ​លោក លី មុន្នីរ័ត្ន ក្នុង​ខណ្ឌ​ឫស្សីកែវ ឈ្មោះ SDC Consulting Ltd. Cambodia និង ក្រុមហ៊ុន Sustainable Development Consultants Cambodia, Ltd. ដែល​មាន​ទីស្នាក់ការ​ក្នុង​ខណ្ឌ​ឫស្សីកែវ ត្រូវ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (អេឌីប៊ី) ជា​ដៃគូ​របស់​ធនាគារ​ពិភព​លោក ហាម​មិន​ឲ្យ​ចូល​រួម​ចុះ​កិច្ច​សន្យា​ជា​មួយ​ពី​ខែ​កញ្ញា ឆ្នាំ​២០១១ ដល់​ខែ​កក្កដា ឆ្នាំ​២០២១ មួយ​ទៀត ហាម​មិន​ឲ្យ​ចូល​រួម​ជា​អចិន្ត្រៃយ៍ ចាប់​ពី​ខែ​កញ្ញា ឆ្នាំ​២០១១។ ឈ្មោះ ស៊ីយ៉ានី ភិរម្យ មាន​ទីតាំង​នៅ​ខណ្ឌ​ឫស្សីកែវ ហាម​មិន​ឲ្យ​ចូល​រួម​រហូត​ចាប់​តាំង​ពី​ខែ​កញ្ញា ឆ្នាំ​២០១១ តទៅ។

លោក លី មុន្នីរ័ត្ន បាន​ឲ្យ​វិទ្យុ​អាស៊ី​សេរី​ដឹង​ថា បញ្ហា​របស់​ក្រុមហ៊ុន គឺ​បញ្ហា​បុគ្គលិក​សុទ្ធសាធ ហើយ​ត្រូវ​បិទ​ជា​ស្ថាពរ​នៅ​មុន​ចាប់​ផ្ដើម​ទទួល​ទុន​ពី​ធនាគារ ៖ “... ក្រុមហ៊ុន​របស់​ខ្ញុំ​ទទួល​ការ​ព្យួរ​ពី​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​រយៈ​ពេល​ដប់​ឆ្នាំ ដោយសារ​តែ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី គេ​សហការ​ជា​មួយ​ធនាគារ​ពិភព​លោក។ ដោយសារ​តែ​ខ្ញុំ​មិន​យល់​អំពី​អត្ថន័យ​របស់​គេ ខ្ញុំ​ដាក់​ប្រវត្តិរូប​បុគ្គលិក​ទៅ ហើយ​បុគ្គលិក​ហ្នឹង​គាត់​អត់​មក​ធ្វើ​ការ អ៊ីចឹង​ខ្ញុំ​សុំ​ដូរ។ ដល់​អ៊ីចឹង​ទៅ ធនាគារ​អភិវឌ្ឍ​អាស៊ី​ហ្នឹង គាត់​ថា​ខ្ញុំ​បោកប្រាស់។ ធាតុ​ពិត​ទៅ​មនុស្ស​ហ្នឹង​គាត់​ដាក់​ពាក្យ​គ្រប់​ក្រុមហ៊ុន ហើយ​គាត់​មាន​បញ្ហា​ក្នុង​គ្រួសារ គាត់​អត់​មក​ចុះ​កិច្ច​សន្យា​ជា​មួយ​ក្រុមហ៊ុន​ខ្ញុំ។ ដោយសារ​គេ​ព្យួរ​រយៈ​ពេល​ដប់​ឆ្នាំ ខ្ញុំ​ក៏​បិទ​ក្រុមហ៊ុន​ហ្នឹង​ជា​ស្ថាពរ​ហើយ។ គម្រោង​ហ្នឹង​ហៅ​ថា​គម្រោង​ដី​សើម​ជុំវិញ​បឹង​ទន្លេសាប គឺ​ជួយ​លើក​ស្ទួយ​ជីវភាព​ប្រជា​ពល​រដ្ឋ ហើយ​ពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​ធារាសាស្ត្រ​ខ្នាត​តូច។”

សារព័ត៌មាន Bloomberg ផ្សាយ​កាល​ពី​ដើម​សប្ដាហ៍ ខែ​មិថុនា​នេះ​ថា រៀងរាល់​ឆ្នាំ ធនាគារ​ពិភព​លោក​បាន​ឲ្យ​ប្រទេស​ក្រីក្រ​បំផុត​ក្នុង​សកល​លោក​ខ្ចី​ទុន​ប្រមាណ ៧២​ពាន់​លាន​ដុល្លារ។ ធនាគារ​ពិភព​លោក​ប៉ាន់​ស្មាន​ថា ពី​២០ ទៅ​៤០% នៃ​ជំនួយ​សម្រាប់​អភិវឌ្ឍ​អន្តរ​ជាតិ​ទាំង​អស់ ឬ​ស្មើ​នឹង​ពី ២០​ទៅ​៤០​ពាន់​លាន​ដុល្លារ ត្រូវ​បាន​គេ​ប្រើប្រាស់​បង្ហិន​ខ្ជះខ្ជាយ​ឥត​ប្រយោជន៍ ពោល​គឺ​បែង​ក្រឡា​កិបកេង​ចែក​គ្នា​រវាង​មន្ត្រី​ពុក​រលួយ ក្រុម​ម៉ៅ​ការ​លោភលន់ និង​បណ្ដាញ​ឧក្រិដ្ឋកម្ម​ផ្លូវ​ងងឹត។

លក្ខខណ្ឌ​សម្រាប់​ប្រស្រ័យ​កិច្ច​ការងារ​អាជីវកម្ម​ជា​មួយ​ធនាគារ​ពិភព​លោក មាន​ចែង​ថា ដៃ​គូ​ដទៃ​ទៀត​នៅ​ក្នុង​ក្រុម​ធនាគារ​ដៃ​គូ អាច​ដាក់​ទណ្ឌកម្ម​ចំពោះ​ក្រុមហ៊ុន​ណា ដែល​បំពាន​កិច្ច​សន្យា​រៀងៗ​ខ្លួន។ ដៃ​គូ​ធនាគារ​ពិភព​លោក មាន​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) ធនាគារ​អន្តរ​អាមេរិក​ដើម្បី​អភិវឌ្ឍ (Inter-American Development Bank=IDB) ធនាគារ​អឺរ៉ុប​សម្រាប់​ការ​ស្ថាបនា​ឡើង​វិញ និង​អភិវឌ្ឍន៍ (European Bank for Reconstruction and Development=EBRD) ជា​ដើម។ល។

ក្រុមហ៊ុន​ទទួល​ទណ្ឌកម្ម គឺ​ដោយសារ​បំពាន​លក្ខន្តិកៈ​នៃ​កិច្ច​ព្រមព្រៀង​ទទួល​យក​ការងារ​ធ្វើ ហើយ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​ដាក់​ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​នេះ ធនាគារ​ពិភព​លោក​តម្រូវ​ឲ្យ​ចាត់​វិធានការ​ដោះ​ស្រាយ​បញ្ហា​ដែល​នាំ​ឲ្យ​មាន​ទណ្ឌកម្ម​នោះ ហើយ​ម្យ៉ាង​ទៀត ត្រូវ​មាន​ផែនការ​ជាក់ស្ដែង អនុលោម​តាម​កិច្ច​សន្យា​ដើម្បី​រក្សា​ភាព​ថ្លៃ​ថ្នូរ និង​កេរ្តិ៍​ឈ្មោះ​ឲ្យ​ស្រប​តាម​បំណង​របស់​ធនាគារ​ពិភព​លោក។ ក្រុមហ៊ុន​ដទៃ​ទៀត ដែល​ទទួល​ទណ្ឌកម្ម​មួយ​រយៈ​កាល ពោល​គឺ​មិន​អចិន្ត្រៃយ៍ ឬ​ពិន័យ​ដែរ​នោះ ត្រូវ​បង្ហាញ​ជំហរ​ប្រកាន់​ក្រមសីលធម៌​ក្នុង​មុខ​របរ​ឲ្យ​បាន​ខ្ជាប់ខ្ជួន ដើម្បី​វិល​ទៅ​ចូល​រួម​ក្នុង​ការ​ដេញ​ថ្លៃ​ទទួល​ម៉ៅ​ការ​ពី​គម្រោង​អភិវឌ្ឍន៍​របស់​ធនាគារ​ពិភព​លោក នៅ​កម្ពុជា​ត​ទៅ​ទៀត។

នាយិកា​ចាត់​ចែង​ការ​នៃ​ធនាគារ​ពិភព​លោក អ្នក​ស្រី សិរី មូលីយ៉ានី ឥន្រ្ទាវ៉ាទី (ឥន្រ្ទាវត្តី) (Sri Mulyani Indrawati) បញ្ជាក់​ក្នុង​សេចក្ដី​ថ្លែងការណ៍​ថា ក្រុម​ដៃ​គូ​ធនាគារ​ពិភព​លោក​ប្រឆាំង​ដាច់​ខាត​នឹង​អំពើ​ពុក​រលួយ ហើយ​ថា តម្លាភាព​ទូលំទូលាយ​ជា​ផ្នែក​មួយ​នៃ​ការ​ប្រឆាំង​នេះ។

ជំហាន​ទី​មួយ​របស់​ធនាគារ​ពិភព​លោក ដែល​ចេញ​ផ្សាយ​របាយការណ៍​អំពី​ក្រុមហ៊ុន​រកស៊ី​មិន​សុចរិត បាន​ទទួល​ការ​ស្វាគមន៍​ពី​អ្នក​ជំនាញ​កិច្ច​ការ​សេដ្ឋកិច្ច​ក្នុង​ពិភព​លោក។ នាយក​វិទ្យាស្ថាន Global Financial Integrity លោក រ៉េម៉ឹន បេគើរ៍ (Raymond Baker) បាន​ប្រាប់​កាសែត The Wall Street Journal របាយ​ការណ៍​របស់​ធនាគារ​ពិភព​លោក​នោះ បាន​ផ្ដល់​ព័ត៌មាន​ដ៏​មាន​តម្លៃ​ឥត​ប្រៀប​បាន ដល់​មន្ត្រី​រដ្ឋាភិបាល អង្គការ​ក្រៅ​រដ្ឋាភិបាល និង​ក្រុមហ៊ុន​ដែល​តាម​ដាន​អំពើ​ពុក​រលួយ និង​ភាព​ប្រថុយ​គ្រោះ​ថ្នាក់​គ្រប់​បែប​យ៉ាង​ជុំវិញ​ពិភព​លោក៕

No comments: