សន្និសីទវីដេអូដែលបង្ហាញ លោកកឹម សុខា និងលោកសម រង្ស៊ីនៅប្រទេសហ្វីលីពីន ព្រមព្រៀងគ្នាដើម្បីបង្កើត ជាគណបក្សតែមួយ (RFI/ siv channa) |
ថ្ងៃ អង្គារ 17 កក្កដា 2012
ដោយ លី ម៉េងហួរ
RFI
លោកសមរង្ស៊ី និងលោកកឹមសុខា បានប្រកាសរួមគ្នាថា គណបក្សប្រឆាំងទាំងពីរ បានព្រមព្រៀងច្របាច់បញ្ចូលគ្នា បង្កើតជាគណបក្សថ្មីមួយ សម្រាប់ចូលរួមការបោះឆ្នោតជាតិ ឆ្នាំ២០១៣។ គណបក្សប្រឆាំងថ្មី ដែលមិនទាន់ដាក់ឈ្មោះនោះ មានលោកសមរង្ស៊ី ជាប្រធាន និងលោកកឹមសុខា ជាអនុប្រធាន។
ក៏ប៉ុន្តែមុននឹងឈានដល់ការបង្កើតគណបក្សថ្មីរួមគ្នា គណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្ស ក៏បានព្រមព្រៀងបង្កើត “ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ” ដើម្បីបង្រួបបង្រួមអ្នកប្រជាធិបតេយ្យ និងអ្នកស្នេហាជាតិផងដែរ។
ការសម្រេចដូច្នេះ ត្រូវបានប្រកាសឡើងក្នុងសន្និសីទកាសែត តាមវិដេអូខនហ្វឺរេន រវាងលោកកឹមសុខា និងលោកសមរង្ស៊ី ពីទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ចូលមកកាន់ទីស្នាក់ការកណ្តាលគណបក្សសមរង្ស៊ី នៅភ្នំពេញ នារសៀលថ្ងៃអង្គារ ទី១៧កក្កដានេះ។ ថ្នាក់ដឹកនាំគណបក្សប្រឆាំងសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្ស បានជួបជុំគ្នា រយៈពេលពីរថ្ងៃ កាលពីថ្ងៃទី១៦កក្កដា ឆ្នាំ២០១២ ដើម្បីនិយាយពីការរួបរួម។
ក្នុងសន្និសីទកាសែត លោក សម រង្ស៊ី បានហៅការរួបរួមរវាងគណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្សរបស់លោកកឹមសុខា ពេលនេះ ថាជាប្រវត្តិសាស្ត្រ និងនាំឲ្យមានការផ្លាស់ប្តូរនយោបាយនៅកម្ពុជា។ នោះគឺប៉ូលនយោបាយ សម្រាប់ការបោះឆ្នោតជាតិឆ្នាំ២០១៣ នឹងមានតែពីរប៉ុណ្ណោះ គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សប្រឆាំងថ្មី ដែលចេញពីការរួបរួមរវាងគណបក្សសមរង្ស៊ី និងសិទ្ធិមនុស្ស។
លោកសម រង្ស៊ី បានលើកឡើងថា ការរួបរួមរវាងគណបក្សប្រឆាំងទាំងពីរ នៅពេលនេះ គឺយោងតាមកាលៈទេសៈ នាពេលបច្ចុប្បន្ន ដើម្បីអ្វីដែលលោកសមរង្ស៊ី ហៅថា សម្រាប់ស្រោចស្រង់ប្រទេសកម្ពុជា ចេញពីការដឹកនាំផ្តាច់ការ ការរំលោភច្បាប់ និងការបាត់បង់ទឹកដី ជាដើម។
ចំណែកលោកកឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្ស ដែលអង្គុយខាងស្តាំដៃលោកសម រង្ស៊ី ក៏បានប្រកាសថា ការរួបរួមរបស់គណបក្សប្រឆាំងទាំងពីរនៅពេលនេះ គឺធ្វើតាមឆន្ទៈរបស់ប្រជាពលរដ្ឋ ដែលទន្ទឹងរង់ចាំជាយូរមកហើយ។ លោកកឹមសុខា ក៏បានប្តេជ្ញាធ្វើការរួបរួមដោយភាពស្មោះត្រង់ ដើម្បីប្រជាពលរដ្ឋ។ នោះគឺគណបក្សសមរង្ស៊ី និងសិទ្ធិមនុស្ស សម្រេចទី១ បង្កើតចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ និងទី២បង្កើតគណបក្សថ្មីរួមគ្នា ដើម្បីចូលរួមប្រកួតប្រជែងជាមួយគណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជាតិ នៅខែកក្កដា ឆ្នាំ២០១៣។
អ្នកនាំពាក្យ តំណាងឲ្យសំឡេងគណបក្សប្រជាជនកម្ពុជា បានចាត់ទុកថា ការរួបរួមជាថ្មីរបស់គណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្ស មិនជះឥទ្ធិពលណាមួយ រាំងស្ទះដល់សំឡេងឆ្នោតរបស់គណបក្សប្រជាជនកម្ពុជាទេ។
សូមរម្លឹកថា ក្រោយការបោះឆ្នោតជាតិឆ្នាំ២០០៨ លោកសមរង្ស៊ី និងលោក កឹមសុខា ធ្លាប់បានចាប់ដៃ ចុះហត្ថលេខារួមគ្នា បង្កើត “សម្ព័ន្ធភាពអ្នកប្រជាធិបតេយ្យ” ដែលជាការរួបរួមរវាងគណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស កាលពីថ្ងៃទី១៥មករា ឆ្នាំ២០០៩។ ក៏ប៉ុន្តែជាង១ឆ្នាំក្រោយមក សម្ព័ន្ធភាពនោះ បានបែកបាក់ទៅវិញ៕
No comments:
Post a Comment