19 កក្កដា 2012
សុខ ខេមរា វីអូអេ ខ្មែរ
«ខ្ញុំគិតថាវាប៉ះពាល់មានការអាក់អន់ចិត្តប៉ុន្តែវាមិនដល់ថ្នាក់ មានការបែកបាក់គ្នាទៅថ្ងៃក្រោយទេ ពីព្រោះ វៀតណាមគេដឹងថាកម្ពុជាមិនអាចធ្វើអ្វីបានទេ ពីព្រោះក្រោមសម្ពាធរបស់ចិនខ្លាំងណាស់ ដោយសារកម្ពុជាត្រូវការ ជំនួយដើម្បីដោះសា្រយបញ្ហាសេដ្ឋកិច្ច»។លោក ផាត់ កុសលកម្ពុជាហាក់ដូចជាហ៊ានប្រថុយនឹងការរិះគន់ជាអន្តរជាតិ និងពីប្លុកអាស៊ានដើម្បីធ្វើតាមបំណងប្រាថ្នា របស់ចិនដែលមិនចង់ឲ្យអាស៊ានមានសំឡេងតែមួយដើម្បីតវ៉ាជាមួយចិនរឿងជម្លោះដែនទឹកត្រួតស៊ីគ្នា ភាគខាងត្បូងប្រទេសចិន។ កម្ពុជាដែលជាប្រធានអាស៊ានប្តូរវេនឆ្នាំនេះ ទុកចោលវៀតណាមដែល កម្ពុជាជារឿយៗចាត់ទុកថាជាមិត្តល្អនោះ ឲ្យអាក់អន់ចិត្តទាក់ទិននឹងជម្លោះដែនទឹកជាមួយចិន។
កម្ពុជាធ្វើឲ្យខកខានក្នុងការដាក់បញ្ហានានារបស់វៀតណាមនិងប្រទេសសមាជិកអាស៊ានផ្សេងទៀត ក្នុងសេចក្តីថ្លែងការណ៍រួមរបស់អាស៊ានដែលចេញមិនរួច។ ក្រុមអ្នកវិភាគខ្លះនិយាយថាផលប្រយោជន៍ ជាតិជាកត្តាចម្បងធ្វើឲ្យកម្ពុជា បែរចេញពី វៀតណាមយ៉ាងច្បាស់លាស់នៅពេលនេះ ហើយចាប់យក ចិនជាមហាអំណាចដ៏ធំ ។
លោក ផាត់ កុសល អ្នកស្រាវជ្រាវតំបន់អាស៊ីនៃសាកលវិទ្យាល័យ Southern Californiaសហរដ្ឋអាមេរិកបានកត់សម្គាល់ថាកម្ពុជាមិនបានធ្វើតាមជំហរវៀតណាមក្នុងកិច្ចប្រជុំអាស៊ានព្រោះកម្ពុជា ត្រូវការជំនួយពីចិនដើម្បីកាត់បន្ថយភាពក្រីក្រនិងគម្លាតសេដ្ឋកិច្ចរបស់ខ្លួន។ បន្ថែមលើនេះ ចិនផ្តល់ ជំនួយគ្មានទាមទារអ្វីជាលក្ខខណ្ឌ។
ប្រទេសចិនបានផ្តល់ជំនួយនិងកម្ចី១ពាន់លានដុល្លារក្នុងមួយឆ្នាំៗដល់កម្ពុជា ហើយជាអ្នកវិនិយោគដ៏ ធំជាងគេសម្រាប់កម្ពុជាបន្ថែមពីលើចំណងមិត្តភាពដ៏ខ្លាំងក្លាសម្រាប់ប្រទេសកម្ពុជា ដែលជាប្រទេស ក្រីក្រមួយក្នុងពិភពលោកដោយសារសង្គ្រាម៣ទសវត្សរ៍នេះ។
លោក ផាត់ កុសលបានបន្ថែមថា វៀតណាម ក៏ទំនងជាមានការយោគយល់កម្ពុជាដែរ ដោយសារកម្ពុជា មានសម្ពាធពីចិន ហើយកម្ពុជា ក៏មិនអាចដោះស្រាយអ្វីបានចំពោះជម្លោះប្រវត្តិសាស្ត្រចាប់ផ្តើមតាំងពីឆ្នាំ១៩៥៨មកនោះ។
លោក Joel Brinkley សាស្រ្តាចារ្យផ្នែកសារព័ត៌មាននៅសកលវិទ្យាល័យ Stanford ហើយជាអ្នក និពន្ធ សៀវភៅបណ្តាសារបស់កម្ពុជា ឬ Cambodia’s Curse បានថ្លែងថានាយករដ្ឋមន្ត្រី ហ៊ុន សែន ពីដំបូងមកធ្លាប់មានការស្ម័គ្រស្មោះជាមួយប្រទេសវៀតណាមដែលបានផ្តល់អំណាចដល់លោក ក្រោយពេលបរាជ័យរបបខ្មែរក្រហម។ តែលោកកត់សម្គាល់ពីការកែប្រែជំហររបស់លោក ហ៊ុន សែន ងាកទៅប្រទេសចិនដែលជាប្រទេសផ្តល់ជំនួយនិងវិនិយោគដ៍ធំវិញ។
«គាត់នៅតែរក្សាសម្ព័ន្ធភាពជាមួយប្រទេសដែលផ្តល់ថវិការយ៉ាងច្រើនជាជាងប្រទេសដែលបាន ដាក់គាត់ឲ្យកាន់អំណាច»។
អ្នកវិភាគម្នាក់ក្នុងប្រទេសកម្ពុជាបានថ្លែងក្នុងលក្ខខណ្ឌពុំឲ្យបញ្ចេញឈ្មោះដោយចាត់ទុកថាជារឿង រសើបអាចមានការធ្វើទុក្ខបុកម្នេញក្នុងការនិយាយជាចំហរនោះអះអាងថាកម្ពុជានិង វៀតណាមមាន ទំនាក់ទំនងជ្រាលជ្រៅណាស់ដែលពិបាកឲ្យគេជឿថា រដ្ឋាភិបាលរបស់លោក ហ៊ុន សែនព្រលែងដៃពី វៀតណាមបានដោយងាយងាយឬដោយគ្មានការយល់ព្រម ពីវៀតណាម។
តែចំពោះលោក Brad Adams នាយកអង្គការសិទ្ធិមនុស្ស Human Rights Watch ប្រចាំតំបន់អាស៊ី មិនជឿថាមានជាប់ពាក់ព័ន្ធនឹងប្រយោជន៍ជាតិចំពោះការផ្លាស់ប្តូរជំហររបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនទៅរកចិន។
«លោកហ៊ុន សែនកំពុងបង្ហាញថាគាត់កំពុងបង្កើតសម្ព័ន្ធភាពជាមួយអ្នកណាដែលផ្តល់ផលប្រយោជន៍ ដល់គាត់ដ៏ធំធេង។ ខ្ញុំមិនគិតថាគាត់បង្កើតសម្ព័ន្ធភាព ហើយគិតពីប្រយោជន៍ជាតិជាធំទេ។ ខ្ញុំគិតថា វាជារឿងផលប្រយោជន៍នយោបាយនិងផលប្រយោជន៍ផ្ទាល់ខ្លួនរបស់គាត់ជាធំ»។
លោក ថ្លែងយ៉ាងដូច្នេះបន្ទាប់ពីកិច្ចប្រជុំអាស៊ានស្តីពីសន្តិសុខ ដែលវៀតណាមខកខានក្នុងការទាមទារឲ្យដាក់ តំបន់សេដ្ឋកិច្ចពិសេសនិងដាក់បញ្ហាជម្លោះដែនទឹកភាគខាងត្បូងប្រទេសចិនក្នុង សេចក្តីថ្លែងការណ៍រួម ដែលជាប់គាំងចេញមិនរួច។ ការខកខានជជែកចេញសេចក្តីប្រកាសរួមនេះ បង្ហាញពីការបែកសំឡេង អាស៊ានដែលរឿងនេះជាបំណងប្រាថ្នារបស់ចិនដែលមិនចង់ចរចាពហុភាគី ជាមួយដៃគូជម្លោះ ជាមួយប្រទេសវៀតណាម ហ្វ៊ីលីពីន ប៊្រុយណេ និងម៉ាឡេស៊ី។
លោក Brad Adams បានថ្លែងថា៖
«តែជារឿងច្បាស់ណាស់តាមរយៈរឿងនេះដែលថាលោកហ៊ុន សែនចាប់ដៃជាមួយចិនប្រឆាំង វៀតណាម។ ដូច្នេះគំនិតនេះគឺថាពលរដ្ឋដែលហៅលោក ហ៊ុន សែនជាអាយ៉ងរបស់វៀតណាមនោះគឺខ្ញុំគិតថាជារឿងអស់សំណើច។ ភាសាដូច្នេះក្នុងប្រទេសកម្ពុជានឹងបញ្ចប់ ហើយពុំមានកន្លែង សម្រាប់ភាសាដូច្នេះទៀតទេ»។
រដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ខំនិយាយការពារខ្លួនថាការខកខានរឿងចេញ សេចក្តី ថ្លែងការណ៍នេះជាការបរាជ័យ របស់អាស៊ានទាំងមូល។ ហើយកម្ពុជាព្យាយាមគេចចេញពីការទទួល ខុសត្រូវនិងគេចចេញពីការរិះគន់ថាធ្វើតាមចិនផងដែរ។
ទោះជាយ៉ាងណាក៏ដោយអ្វីដែលលោក Adams ព្រួយបារម្ភគឺពីការរំលោភសិទ្ធិមនុស្ស កាន់តែធ្ងន់ធ្ងរ នៅពេលកម្ពុជាមានទំនាក់ទំនងជាមួយចិននិងមានជំនួយពីប្រទេសចិនដែលឥតលក្ខខណ្ឌនោះ។តែលោកអះអាងថាការគិតថាលោក ហ៊ុន សែន ចាប់ដៃជាមួយចិនជានិច្ចជាកាលនោះ ក៏អាចជា ការខុស។ លោក ហ៊ុន សែនអាចចាប់ដៃជាមួយវៀតណាមវិញហើយប្រឆាំងនឹងចិន ឬក៏ប្រឆាំង ប្រទេសណាមួយនៅថ្ងៃអនាគត។
លោក អ៊ូ វីរៈ នាយកមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានអះអាងថាការបែកសំឡេងក្នុងសមាគម អាស៊ាន គឺបណ្តាលមកពីបញ្ហាដែនទឹកត្រួតស៊ីគ្នានៅភាគខាងត្បូងប្រទេសចិននេះគ្មានការសម្រប សម្រួលបានដោយសារតែកម្ពុជាបានព្យាយាម រារាំងមិនឲ្យលើកយកមកដាក់ក្នុងសេចក្តីថ្លែង ការណ៍រួមរបស់អាស៊ាន។រឿងនេះធ្វើឲ្យប្រទេសក្នុងតំបន់ អាស៊ានរួមទាំងវៀតណាមខកចិត្ត។
«ទោះបីជាយ៉ាងម៉េចក៏ដោយខ្ញុំមើលទៅបញ្ហាបច្ចុប្បន្ននេះប្រទេសវៀតណាមមិនសប្បាយចិត្តជាមួយ នឹងប្រទេសកម្ពុជាដោយសារកម្ពុជាមិនបានជំរុញឲ្យបញ្ហាជម្លោះសមុទ្រភាគខាងត្បូងប្រទេសចិន ទៅជា បញ្ហាមួយដែលត្រូវបានជជែកគ្នាដោយលម្អិតនៅក្នុងកិច្ចប្រជុំអាស៊ានផងដែរ។ ដូច្នេះជារឿងមួយដែលខ្ញុំមើលទៅភាគីជម្លោះដែលជាសមាជិកអាស៊ានមិនសប្បាយចិត្តនឹងកម្ពុជា ដែលជាប្រធានអាស៊ានទេ»។
លោក អ៊ូ វីរៈបន្ថែមថាអាស៊ានត្រូវការយន្តការនិង របៀប ធ្វើការមួយជាក់លាក់ដើម្បីធ្វើឲ្យស្ថាប័ននេះ មានការរីកចម្រើនទាំងសេដ្ឋកិច្ច នយោបាយនិង សន្តិសុខដូចក្នុងសហភាពអឺរ៉ុប។
ក្រុមអ្នកវិភាគព្រួយបារម្ភខ្លាចថាការជាប់គាំងមិនអាចសម្រេចអ្វីបានក្នុងប្លុកអាស៊ានក្នុងពេលប្រជុំស្តីពី សន្តិសុខតំបន់នេះជាពិសេសការទាមទារ របស់ហ្វ៊ីលីពីន និងវៀតណាមនោះអាចប៉ះពាល់ ដល់កិច្ច ប្រជុំអាស៊ាននៅខែវិច្ឆិកាជាពិសេស វត្តមានរបស់មេដឹកនាំកំពូលៗពិភពលោក។ការជាប់គាំងទៀត សោតក៏អាចនឹងផ្តល់សេរីភាព ដល់ចិនរួចផុតកាត្វកិច្ចគោរពតាមការអនុវត្តសេចក្តីថ្លែងការណ៍ ប្រតិបត្តិ ឌីអូស៊ីឆ្នាំ២០០២ ដែលតម្រូវឲ្យភាគីជម្លោះដោះស្រាយបញ្ហា ដោយសន្តិវិធី និងគម្រោងការ តាក់តែងសេចក្តីព្រាងក្រមប្រតិបត្តិ ស៊ីអូស៊ី ដែលចិនមិនចង់បាននោះ។
តំបន់ព្រំដែនទឹកត្រួតស៊ីគ្នារវាងចិននិងប្រទេសអាស៊ាន៤ក្នុងចំណោម១០ប្រទេសនោះជាពិសេសកោះ ស្ព្រាតលី និងកោះ ប៉ារ៉ាសែលត្រូវគេចាត់ទុកថាជាតំបន់សេដ្ឋកិច្ចសំខាន់ក្នុងតំបន់និងជាច្រកចេញចូលទំនិញដ៏ធំជាងគេក្នុងពិភពលោក និង សម្បូរណ៍ទៅដោយធនធានធម្មជាតិចម្រុះ៕
2 comments:
Yourn also asks Cambodia to against Khmer Krom who will be soon gaining seat at the UN
Gaining shit?
Post a Comment