Wednesday, July 04, 2012

កម្មករ​កាត់ដេរ​ធ្វើបាតុកម្ម​តវ៉ា​ បិទផ្លូវជាតិ​លេខ ៤

សូមស្តាប់សម្លេង ៖


http://www.youtube.com/watch?v=V5M5gWZ85xM&list=UUWyICQWsoVEnvBoKtzxuUNg&index=1&feature=plcp

................................................................................
ដោយ លី ម៉េងហួរ
អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ ពុធ 04 កក្កដា 2012
Source - RFI: http://www.khmer.rfi.fr/cambodian-workers-block-N4-road-in-protest



កម្មករ​រោងចក្រ​កាត់ដេរ ប្រមាណ ៤.០០០ នាក់ បាន​ធ្វើ​បាតុកម្ម តវ៉ា ឈរ​បិទ​ផ្លូវ​ជាតិ​លេខ ៤ អស់​ពេល​ជាង ៥​ម៉ោង ចាប់ពី​ម៉ោង​ជាង ៨ព្រឹក​ថ្ងៃ​ពុធ ទី​៤​កក្កដា​នេះ ​។ ការតវ៉ា​បិទ​កំណាត់​ផ្លូវ​ពី​ភ្នំពេញ ទៅ​ខេត្ត​ព្រះសីហនុ នៅ​ម្តុំ​ផ្សារ​បែក​ចាន ក្នុង​ស្រុក​អង្គស្នួល កាលពី​ព្រឹក​មិញ ដើម្បី​ទាមទារ​ឲ្យ​រោងចក្រ​កាត់ដេរ យីហោ តៃ​យៀន ផ្តល់​ដំណោះស្រាយ​លើ​ការតវ៉ា​របស់​កម្មករ ៥ ចំណុច រួមមាន ការ​ដំឡើងប្រាក់​ធ្វើដំណើរ ប្រាក់​ស្នាក់នៅ និង​ប្រាក់រង្វាន់​ធ្វើការ​ទៀងទាត់ រហូតដល់ ១៥ ដុល្លារ ជាដើម​។ រហូតដល់​ម៉ោង ១ និង ៣០ នាទី រសៀល​ទើប​កម្មករ ដែល​ដឹកនាំ​ដោយ​លោក រ៉ុង ​ឈុន បាន​រំសាយ​ចេញពី​ផ្លូវ ដោយ​មាន​ការ​សន្យាថា នឹង​ចរចា​ស្វែងរក​ដំណោះស្រាយ​ពី​មន្ត្រី​ក្រសួង​ការងារ​។​
បន្ទាប់ពី​មាន​ការសន្យា​ពី​មន្ត្រី​ក្រសួង​ការងារ នៅវេលា​ម៉ោង ១ និង ៣០ នាទី ថ្ងៃ​ពុធ ទី​៤ ខែកក្កដា ឆ្នាំ​២០១២ ការតវ៉ា​បិទផ្លូវ​លេខ​ជាតិ​៤ ត្រូវបាន​រំសាយ​។ កម្មករ​រោងចក្រ​កាត់ដេរ តៃ​យៀន ប្រមាណ ៤.០០០ នាក់ នៅ​ម្ដុំ​បែក​ចាន ត្រូវបាន​រំសាយ បន្ទាប់​ពី​ឈរ​តវ៉ា បិទផ្លូវ អស់​រយៈពេល​ជាង ៥ ម៉ោង ចាប់តាំងពី​ម៉ោង​ជាង ៨ ព្រឹក​។​
​បាតុកម្ម​របស់​កម្មក​រ​រោងចក្រ​កាត់ដេរ​នោះ ដឹកនាំ​ដោយ​លោក​រ៉ុង​ ឈុន ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ និង​ជា​ប្រធាន​សហព័ន្ធ​សហជីព​កម្ពុជា និង​មាន​ការចូលរួម​ពី​សមាជិក​សភា​របស់​គ​ណ​បក្ស​សមរង្ស៊ី​។


​កម្មករ​រោងចក្រ​កាត់ដេរ តៃ​យៀ​នទី​១ តៃ​យៀ​នទី​២ និង​ខេ​ម​វែល សុំ​ទាមទារ​សុំឱ្យ​មាន​ការដោះស្រាយ​នូវ​លក្ខខណ្ឌ​ការងារ ៥ ចំណុច រួមមាន​៖ ១-​សុំ​ឱ្យ​ក្រុមហ៊ុន​ធ្វើការ​ទូទាត់​នូវ​អត្ថប្រយោជន៍​ផ្សេងៗ តាមច្បាប់ ស្ដីពីការងារ ដោយ​ក្រុមហ៊ុន​បាន​ប្ដូរ​ឈ្មោះ​រោងចក្រ​។ ២-​សុំ​ឱ្យ​ក្រុមហ៊ុន​ផ្ដល់​សោហ៊ុយ​ធ្វើដំណើរ និង​ថ្លៃ​ស្នាក់​នៅ​ឱ្យបាន ១៥ ដុល្លារ ក្នុង​មួយ​ខែៗ​។ ៣-​សុំ​ឱ្យ​ក្រុមហ៊ុន​ដំឡើង​ប្រាក់​ថ្លៃ​ទឹកដោះគោ​ឱ្យ​បាន ១៥ ដុល្លារ ក្នុង​មួយ​ខែៗ​។ ៤-​សុំ​ឱ្យ​ក្រុមហ៊ុន​ឡើង​ប្រាក់រង្វាន់​ទៀង​​ទាត់ ឱ្យបាន ១៥ ដុល្លារ ក្នុង​មួយ​ខែៗ និង​ទី​៥-​សុំ​ឱ្យ​ក្រុមហ៊ុន​កុំ​យក​ប្រាក់​មុខតំណែង និង​បច្ចេកទេស​យកមក​កាត់​ទូទាត់ នៅ​ពេល​កម្មករ​-​កម្មការិនី និង​ថ្នាក់ដឹកនាំ​សុំ​ច្បាប់​ចាប់ពី​បី​ថ្ងៃ​ឡើងទៅ​។​

​យ៉ាងណាក៏ដោយ នៅ​ម៉ោង​ជាង ១ រសៀល លោក សាទ សាមុធ អនុរដ្ឋលេខាធិការ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​មក​សម្រុះសម្រួល​ជាមួយ​លោក រ៉ុង ឈុន ប្រធាន​សហព័ន្ធ​សហជីព​កម្ពុជា និង​ក្រុម​កម្មករ ដោយ​សន្យាថា នឹង​រក​ដំណោះស្រាយ​ជូន​កម្មករ។ បន្ទាប់ពី​មាន​ការសន្យា​យ៉ាង​ដូច្នេះ ក្រុម​កម្មករ​ក៏​បាន​យល់ព្រម​រំសាយ​ពី​ការតវ៉ា​បិទផ្លូវ​។​

​លោក រ៉ុង ឈុន ក៏​បានឲ្យដឹងថា នៅ​រសៀល​នេះ មិន​មាន​ការជួប​ចរចា រក​ដំណោះស្រាយ​អ្វី​ទេ​។ លោក​បាន​ព្រមាន​ថា នៅ​ថ្ងៃ​៥​កក្កដា​ស្អែក​នេះ លោក​នឹង​ដឹកនាំ​កម្មករ ធ្វើបាតុកម្ម ដើរ​ហែ​ក្បួន ចូល​ទីក្រុង​ភ្នំពេញ រហូតដល់​​មាន​ដំណោះស្រាយ​៕​

No comments: