Saturday, July 14, 2012

អន្តរជាតិ​ជំរុញ​ឲ្យ​ស.រ.អា.​ដាក់​សម្ពាធ​លើ​​​​​កម្ពុជា​បញ្ចប់​​បញ្ហា​​រំលោភ​សិទ្ធិ​មនុស្ស

ដោយ តាំង សារ៉ាដា
2012-07-11
http://www.rfa.org/khmer/indepth/human_rights-07112012003047.html
សហគមន៍​អន្តរជាតិ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​កម្ពុជា ដោះស្រាយ​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ បញ្ហា​និទណ្ឌភាព និង​ការ​ទាមទារ​ឲ្យ​មេ​បក្ស​ប្រឆាំង​វិល​ត្រឡប់​មក​កម្ពុជា​វិញ ដើម្បី​ចូល​រួម​ការ​បោះ​ឆ្នោត​សកល​នៅ​ឆ្នាំ​២០១៣ ខាង​មុខ។

RFA/Uon Chhin
រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក លោកស្រី ហ៊ីលឡារី គ្លិនតុន (Hillary Clinton) ថ្លែង​ទៅ​កាន់​យុវជន​កម្ពុជា នៅ​សាល​មហោស្រព​ចតុមុខ រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១ ខែ​វិច្ឆិកា ឆ្នាំ​២០១០។
ការ​អំពាវនាវ​របស់​សហគមន៍​អន្តរជាតិ​ធ្វើ​ឡើង​នៅ​មុន​ដំណើរ​ទស្សនកិច្ច​ របស់​អ្នកស្រី ហ៊ីលឡារី គ្លិនតុន (Hillary Clinton) រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក ទៅ​ចូល​រួម​កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋមន្រ្តី​ការបរទេស​អាស៊ាន ក្នុង​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​ទី​១១ ដល់​ថ្ងៃ​ទី ១៣ ខែ​កក្កដា ខាង​មុខ។
នៅ​ស្រប​ពេល​ដែល​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ ខិតខំ​ប្រឹងប្រែង​កសាង​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន (Washington) នោះ កម្ពុជា​ខ្លួន​ឯង​នៅ​មិន​ទាន់​បាន​សម្អាត​បញ្ហា​ការ​រំលោភ​សិទ្ធិ​មនុស្ស​ដ៏ ​ធ្ងន់ធ្ងរ និង​រ៉ាំរ៉ៃ ពី​ក្រោយ​ឆាក​នយោបាយ​គ្រប់គ្រង​ប្រទេស​របស់​ខ្លួន​នៅ​ឡើយ។
អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស Human Rights Watch ដែល​មាន​មូលដ្ឋាន​ក្នុង​បុរី (New York) សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី​០៩ ខែ​កក្កដា កន្លង​ទៅ​ថ្មីៗ​នេះ បាន​ជំរុញ​ឲ្យ​អ្នកស្រី ហ៊ីលឡារី គ្លិនតុន រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិក ត្រូវ​ជជែក​ឲ្យ​បាន​ច្បាស់​ជា​សាធារណៈ ឬ​ជា​ឯកជន​ជាមួយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថា ចំណង​មិត្តភាព​រវាង​កម្ពុជា និង​អាមេរិក នឹង​មិន​អាច​មាន​ភាព​ជិតស្និទ្ធ​ទៅ​បាន​ទេ ដរាបណា​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ មិន​ទាន់​ធ្វើ​ឲ្យ​ប្រសើរ​នូវ​ការ​គោរព​សិទ្ធិ​មនុស្ស​ជា​អាទិភាព​នោះ។

នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំមើល​ សិទ្ធិ​មនុស្ស Human Rights Watch លោក ប្រែត អាដាម (Brad Adams) ថ្លែង​ថា ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​សហរដ្ឋ​អាមេរិក មាន​សារសំខាន់​ណាស់​សម្រាប់​កម្ពុជា ពីព្រោះ​រាល់​បណ្ដា​ប្រទេស​រីក​ចំរើន និង​អ្នក​វិនិយោគ​ធំៗ​នៅ​លើ​ពិភពលោក សុទ្ធ​សឹង​ជា​សម្ព័ន្ធ​មិត្ត​របស់​អាមេរិក ដូច្នេះ​ដើម្បី​អាច​បង្កើត​ទំនាក់​ទំនង​ល្អ​ជាមួយ​អាមេរិក​បាន លុះ​ត្រា​កម្ពុជា ជម្រះ​ឲ្យ​អស់​នូវ​វិបត្តិ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ និង​បំបាត់​អំពើ​ពុករលួយ​ជា​លក្ខណៈ​ប្រព័ន្ធ ក្នុង​ប្រទេស​របស់​ខ្លួន​ជាមុន។
លោក ប្រែត អាដាម៖ «លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចង់​បាន​ណាស់​នៅ​នូវ​ភាព​ស្រប​ច្បាប់​នៃ​រដ្ឋាភិបាល​របស់​ខ្លួន ពីព្រោះ​កេរ្តិ៍​ឈ្មោះ​របស់​គាត់​ក្នុង​ពិភពលោក​ត្រូវ​គេ​ស្គាល់​ថា ជា​បុរស​ជើង​ខ្លាំង និង​ជា​មេដឹកនាំ​ផ្ដាច់ការ។ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្ទាល់​មិន​អាច​មាន​ទំនាក់​ទំនង​ល្អ​ជាមួយ​សហរដ្ឋអាមេរិក​បាន​ទេ ល្គឹកណា​គ្មាន​ការ​ផ្លាស់ប្ដូរ និង​ធ្វើ​ឲ្យ​ប្រសើរ​នូវ​ស្ថានភាព​គោរព​សិទ្ធិ​មនុស្ស។ ម្យ៉ាង​ទៀត​ក្រុម​អ្នក​វិនិយោគ​អាមេរិក​មាន​សារសំខាន់​ណាស់​សម្រាប់​កម្ពុជា ប៉ុន្តែ​សួរ​ថា តើ​ក្រុមហ៊ុន​ណា​ដែល​ហ៊ាន​បណ្ដាក់​ទុន​នៅ​កម្ពុជា ប្រសិន​កម្ពុជា ខ្លួន​ឯង​គ្មាន ការ​គោរព​ច្បាប់ ហើយ​រាល់​ប្រព័ន្ធ​គ្រប់គ្រង​រដ្ឋ​សុទ្ធ​សឹង​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ ពុករលួយ។ ដូច្នេះ​ក្រុមហ៊ុន​ទាំង​នោះ​នឹង​មិន​អាច​មាន​ទំនុក​ចិត្ត​រក​ស៊ី​នៅ​កម្ពុជា បាន​ទេ។ រាល់​ប្រទេស​ផ្ដល់​ជំនួយ​ធំៗ​នៅ​លើ​ពិភពលោក ភាគ​ច្រើន​ដើរ​តាម​ការ​ដឹកនាំ​របស់​សហរដ្ឋ​អាមេរិក ដោយសារ​អាមេរិក​មាន​ឥទ្ធិពល​លើ​បញ្ហា​ច្រើន​លើ​ឆាក​អន្តរជាតិ និង​នៅ​តែ​ជា​ប្រទេស​មហា​អំណាច​ដ៏​សំខាន់​មួយ​លើ​ពិភពលោក។ ដូច្នេះ​ប្រសិន​បើ​សហរដ្ឋអាមេរិក មិន​ចង់​មាន​ចំណង​មិត្តភាព​ជាមួយ​កម្ពុជា វា​នឹង​ធ្វើ​អោយ​ប្រទេស​ដទៃៗ​ទៀត មាន​ទំនាក់​ទំនង​ចង្អៀត ឬ​មិន​ចង់​មាន​ភាព​ជិតស្និទ្ធ​ជាមួយ​កម្ពុជា​ដែរ»
អ្នកស្រី ហ៊ីលឡារី គ្លិនតុន នឹង​ធ្វើ​ដំណើរ​នឹង​ទៅ​ដល់​ប្រទេស​កម្ពុជា នៅ​រសៀល​ថ្ងៃ​ទី​១១ កក្កដា អម​ជាមួយ​ក្រុម​អ្នក​វិនិយោគ​ធំៗ​ពី​សហរដ្ឋ​អាមេរិក​មួយ​ចំនួន។
ឆ្លើយ​តប​ទៅ​នឹង​ប្រសាសន៍​លោក ប្រែត អាដាម (Brad Adams) នេះ​ដែរ មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​បាន​ច្រានចោល និង​ប្រតិកម្ម​ថា ទស្សនៈ​របស់​លោក អាដាម គ្រាន់​តែ​ជា​ការ​មួល​បង្កាច់ និង​ជា​ការ​វាយ​ប្រហារ​ប៉ុណ្ណោះ។
អ្នក​នាំ​ពាក្យ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ថា កម្ពុជា​កំពុង​បន្ត​កិច្ច​សហប្រតិបត្តិការ​ល្អ​លើ​គ្រប់​វិស័យ​ជាមួយ​សហរដ្ឋ ​អាមេរិក ហើយ​ថា កម្ពុជា​កំពុង​ធ្វើ​កំណែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌ និង​វិស័យ​សង្គមកិច្ច​ដើម្បី​ឆ្ពោះ​ទៅ​រក​ការ​អភិវឌ្ឍ​ប្រជាជាតិ​របស់​ ខ្លួន។
លោក​បន្ត​ថា អ្វី​ដែល​លោក ប្រែត អាដាម កំពុង​លើក​ឡើង​គឺ​មិន​បាន​ឆ្លុះ​បញ្ចាំង​អំពី​ទត្ថភាព​ជាក់​ស្ដែង​ក្រោម​ការ ​ដឹកនាំ​នៃ​រដ្ឋបាល​របស់​លោក ហ៊ុន សែន៖ «កម្ពុជា​នៅ​សម័យកាល​តេជោ ហ៊ុន សែន ជា​កម្ពុជា​មាន​ភាព​ស្មើ​គ្នា ភាព​ជា​ដៃគូ​ជាមួយ​សហរដ្ឋ​អាមេរិក ទាំង​វិស័យ​ការងារ​ទូត វិស័យ​សន្តិសុខ ...។ ខ្ញុំ​មិន​មាន​ការ​ចាប់​អារម្មណ៍​ខ្ពស់​ចំពោះ ប្រែត អាដាម ទេ។ ប្រែត អាដាម មិន​មែន​គ្រាន់​តែ​ជា​អង្គការ​សង្គម​ស៊ីវិល​មួយ ហើយ​សំឡេង ប្រែត អាដាម ជា​សំឡេង​មួយ​ដែល​វាយ​ប្រហារ​នៅ​កម្ពុជា​រហូត...»
អង្គការ Human Rights Watch បាន​រាយការណ៍​ថា ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ រដ្ឋាភិបាល​កម្ពុជា បាន​វាយ​ប្រហារ​ធ្ងន់ៗ​ទៅ​លើ​ក្រុម​អ្នក​រិះគន់ ដូចជា​ករណី​ចាប់​ខ្លួន​ពលរដ្ឋ​តំបន់​បឹង​កក់​ចំនួន ១៥​នាក់ ហើយ​កាត់​ទោស​ពួកគេ​ភ្លាមៗ​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​ពីរ​ឆ្នាំ​កន្លះ។
ការ​សម្លាប់​សកម្មជន​ការពារ​ព្រៃ​ឈើ លោក ឈុត វុទ្ធី កាល​ពី​ខែ​មេសា ដែល​សមត្ថកិច្ច​នៅ​មិន​ទាន់​បាន​ស៊ើប​អង្កេត​រក​ជន​ដៃ​ដល់​ពិត​ប្រាកដ​យក​មក ​ផ្តន្ទាទោស។ ព្រះតេជគុណ លួន សុវ៉ាត ត្រូវ​បាន​សមត្ថកិច្ច​គ្រប់​លំដាប់​ថ្នាក់ គំរាម​ចាប់​ផ្សឹក ប្រសិន​បើ​ព្រះអង្គ​ហ៊ាន​ចូល​រួម​ឃ្លាំមើល​ការ​ធ្វើ​កូដកម្ម ឬ​បាតុកម្ម​របស់​ពល រដ្ឋ។
ការ​បាញ់​សម្លាប់​ក្មេង​ស្រី​អាយុ ១៤​ឆ្នាំ ឈ្មោះ ហេង ចន្ថា កាល​ពី​ខែ​ឧសភា ក្នុង​ខេត្ត​ក្រចេះ ដោយសារ​ការ​ចុះ​ដោះស្រាយ​ទំនាស់​ដីធ្លី​របស់​កម្លាំង​សមត្ថកិច្ច​នៅ​មិន​ ទាន់​មាន​ការ​ទទួល​ខុស​ត្រូវ។ ការ​ចេញ​ដីកា​តាម​ចាប់​ខ្លួន​សកម្មជន​ការពារ​ដីធ្លី​ក្នុង​ខេត្ត​ក្រចេះ ចំនួន ៥​នាក់​ពី​បទ​ចោទ​ថា បាន​ព្យាយាម​បង្កើត​តំបន់​អបគមន៍ រួម​នឹង​ការ​គំរាម​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ការ​តាម​ចាប់​ខ្លួន​លោក ម៉ម សូណង់ដូ ប្រធាន​វិទ្យុ​សំបុកឃ្មុំ FM 105 ថា ជា​មេខ្លោង​ក្នុង​ការ​បង្កើត​តំបន់​អបគមន៍​ក្នុង​ខេត្ត​ក្រចេះ។ ម្យ៉ាង​ទៀត​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏​ធ្លាប់​គំរាម​ផង​ដែរ​ថា លោក​នឹង​បិទ​ទ្វា​វ៉ៃ​ឆ្កែ ប្រសិន​បើ​ជន​ណា ឬ​ក្រុម​ណា​ហ៊ាន​បះបោរ ដូច​នៅ​ប្រទេស​ទុយណេស៊ី (Tunisia)។
ទាក់ទិន​ទៅ​នឹង​សេចក្ដី​ថ្លែងការណ៍​របស់​មន្ត្រី​អង្គការ​ឃ្លាំមើល​ សិទ្ធិ​អន្តរជាតិ​រូប​នេះ អ្នក​វិភាគ​ឯករាជ្យ​អំពី​ស្ថានការណ៍​នយោបាយ និង​នីតិរដ្ឋ​នៅ​កម្ពុជា លោក​បណ្ឌិត ឡៅ ម៉ុងហៃ មាន​ប្រសាសន៍​ថា លោក​សំណូម​ពរ ឲ្យ​អ្នកស្រី ហ៊ីលឡារី គ្លិនតុន ជជែក និង​ជំរុញ​ជា​សំខាន់​ដល់​រដ្ឋាភិបាល​កម្ពុជា ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​ប្រព័ន្ធ​តុលាការ​ឯករាជ្យ។
លោក​បន្ត​ថា កាល​ណា​កម្ពុជា គ្មាន​ប្រព័ន្ធ​យុត្តិធម៌​ត្រឹមត្រូវ ដ៏​គួរ​ឲ្យ​ទុក​ចិត្ត​ពី​មហាជន នោះ​ការ​រំលោភ​សិទ្ធិ​មនុស្ស ជម្រក​និទណ្ឌភាព ឬ​ភាព​គ្មាន​ដាក់​ទោសពៃរ៍​ដល់​ជន​ល្មើស​ច្បាប់ និង​អំពើ​ពុករលួយ​នៅ​តែ​ជះ​ឥទ្ធិពល​អាក្រក់​ដល់​ការ​អភិវឌ្ឍ​ជាតិ។
យោង​តាម​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ កម្ពុជា​មាន​កាតព្វកិច្ច​បង្កើត​តុលាការ​ឯករាជ្យ ហើយ​ដើម្បី​ឲ្យ​ប្រព័ន្ធ​តុលាការ​មាន​ឯករាជ្យ​ទៅ​បាន លុះ​ត្រា​តែ​មាន​ការ​ធានា​ថា រាល់​ចៅក្រម ព្រះរាជអាជ្ញា និង​មន្ត្រី​តុលាការ​ផ្សេងៗ​ទៀត មិន​ត្រូវ​ជា​សមាជិក​របស់​គណបក្ស​កាន់​អំណាច។
តំណាង​រាស្ត្រ​ពី​ខាង​គណបក្ស​ជំទាស់ លោក សុន ឆ័យ មាន​ប្រសាសន៍​ថា សេចក្ដី​ថ្លែងការណ៍ និង​ប្រសាសន៍​របស់​លោក ប្រែត អាដាម គឺ​ជា​ការ​រំលឹក​ដល់​សហរដ្ឋ​អាមេរិក ដែល​ជា​ប្រទេស​ម្ចាស់​ហត្ថលេខី​នៃ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ក្រោយ​ពី​កម្ពុជា បាន​រៀបចំ​ប្រទេស​របស់​ខ្លួន​កន្លង​មក តាម​រយៈ​ការ​ចូល​រួម​ពី​អង្គការ​សហ​ប្រជាជាតិ ដែល​តម្រូវ​ឲ្យ​កម្ពុជា មាន​កាតព្វកិច្ច​ក្នុង​ការ​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិ​មនុស្ស​ឲ្យ​បាន​ត្រឹមត្រូវ។
អង្គការ Human Rights Watch ក៏​បាន​ជំរុញ​ឲ្យ​អ្នកស្រី ហ៊ីលឡារី គ្លិនតុន ទាមទារ​ដល់​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ អនុញ្ញាត​ឲ្យ​មេ​បក្ស​ប្រឆាំង លោក សម រង្ស៊ី វិល​ចូល​ប្រទេស​វិញ​ដោយ​ឥត​លក្ខខណ្ឌ ដើម្បី​ចូល​រួម​ការ​បោះ​ឆ្នោត​សកល ឆ្នាំ​២០១៣ ខាង​មុខ បើ​មិន​ដូច្នោះ​ទេ នោះ​ការ​បោះ​ឆ្នោត​នឹង​មិន​មាន​ភាព​ស្រប​ច្បាប់ ហើយ​សហរដ្ឋ​អាមេរិក​នឹង​មិន​ត្រូវ​ទទួល​ស្គាល់​លទ្ធផល​ឆ្នោត​នា​ពេល​នោះ​ ឡើយ៕

1 comment:

Anonymous said...

ម្ដេចឡើយ ផៃស៊ីផោម ស្មានថា លោក Brad
Adams ដែលបានផ្ដល់បំណកស្រាយត្រឹមត្រូវស្ដី
ពីឧក្រឹដ្ឋកម្មរបស់ហ៊ុនសែន ជាអំពើលែងសើច
ឬ?គួរផៃស៊ីផោមកែទម្លាប់កុហកបោកប្រាស់នោះ
ចេញទៅ គ្មានតម្លៃនិងកេរឈ្មោះបន្តិចសោះ។
វាគួរតែ លោកស្រី គ្លីនតុន រំលឹកពីកិច្ចព្រមព្រៀង
សន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ផងព្រោះយ៉ាង
ហោច អាមេរិក ក៏ជាប្រទេសហត្ថលេខីក្នុងចំ
ណោមប្រទេសទាំង១៩៕