ដោយ ម៉ម មុនីរតន៍ 2012-07-24 (RFA)
ក្រុមសមត្ថកិច្ចជម្រុះរបស់រដ្ឋាភិបាល បានបង្ក្រាបទៅលើក្រុមកម្មកររោងចក្រតៃណាន ដែលតវ៉ាអហិង្សានៅផ្លូវជាតិលេខ៤ ក្នុងស្រុកអង្គស្នួល ខេត្តកណ្ដាល បណ្ដាលឲ្យប្រធានសហភាពសហជីពកម្ពុជា និងកម្មការិនីប្រមាណ ២០នាក់រងរបួសស្រាល នៅថ្ងៃទី២៤ កក្កដា ឆ្នាំ២០១២។
ក្រុមកម្មកររោងចក្រតៃណាន ជាច្រើននាក់ ដែលដឹកនាំដោយប្រធានសហភាពសហជីពកម្ពុជា ត្រូវរងការបង្ក្រាបពីក្រុមសមត្ថកិច្ចចម្រុះរបស់រដ្ឋាភិបាលយ៉ាង ចាស់ដៃ ខណៈពួកគេព្យាយាមតវ៉ាដើម្បីជំរុញឲ្យភាគីរោងចក្រផ្ដល់ប្រាក់ អត្ថប្រយោជន៍នានា ដែលក្រុមកម្មករចាត់ទុកថា ភាគីរោងចក្រមិនបានគោរពទៅតាមគោលការណ៍ច្បាប់។
នៅក្នុងព្រឹត្តិការណ៍នៃការបង្ក្រាបប្រដាប់ដោយខែល និងដំបង ដែលក្រុមសមត្ថកិច្ចចម្រុះរបស់រដ្ឋាភិបាលប្រមាណ ១០០នាក់ វាយ និងទាត់ធាក់ទៅលើក្រុមកម្មករនៅព្រឹកថ្ងៃទី២៤ កក្កដា ឆ្នាំ២០១២ បណ្ដាលឲ្យកម្មការិនីរងរបួសចំនួន ២០នាក់ រួមទាំងប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន ផង។
លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា និងជាប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ។ លោកព្រមានថា បើពុំមានដំណោះស្រាយសមរម្យសម្រាប់កម្មករទេ លោកនឹងបន្តការតវ៉ាបន្តទៀត។ លោកអះអាងថា ការគំរាមចាប់ខ្លួនលោក និងប្រើប្រាស់កម្លាំងសមត្ថកិច្ចវាពុំមែនជាជម្រើសដែលអាចធ្វើឲ្យ លោកបញ្ឈប់សកម្មភាពនោះទេ ផ្ទុយទៅវិញ នេះជាការអាម៉ាស់សម្រាប់មុខមាត់ និងកិត្តិយសរបស់ប្រទេសកម្ពុជា។
ចំណែកក្រុមតំណាងរាស្ត្រគណបក្ស សម រង្ស៊ី ដែលចុះឃ្លាំមើលការតវ៉ារបស់ក្រុមកម្មករ បានហៅការបង្ក្រាបរបស់ក្រុមសមត្ថកិច្ចនេះ ថាជាអំពើគួរឲ្យអៀនខ្មាស និងទាមទារឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពន្លឿនការដោះស្រាយដោយសន្តិវិធីដើម្បីបញ្ចប់ជម្លោះ។
វិទ្យុអាស៊ីសេរីពុំអាចស្នើសុំការបំភ្លឺបានទេពីលោក វង សូត រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដោយទូរស័ព្ទពុំអាចទាក់ទងបាន។
ក៏ប៉ុន្តែនៅក្នុងហេតុការណ៍នៃការចុះបង្ក្រាបនេះ ស្នងការរងខេត្តកណ្ដាល គឺលោក កង សំបូរ ដែលចុះបញ្ជាដោយផ្ទាល់ បានព្រមានថា ប្រសិនបើក្រុមកម្មករនៅតែបំពានបន្តបិទផ្លូវជាថ្នូរនឹងដំណោះ ស្រាយដូចគ្រាមុនលោកនឹងបញ្ជាកម្លាំងសមត្ថកិច្ចប្រឆាំងសកម្មភាព នេះដោយមិនលើកលែងនោះទេ។
ទាក់ទិនករណីនេះ កម្មការិនីឈ្មោះ សួន ភារិន ដែលចូលរួមតវ៉ាជាមួយ និងក្រុមកម្មករប្រមាណ ១ពាន់នាក់ បានចោទប្រកាន់ថា ភាគីរោងចក្រដែលមានលោក អ៊ូ ម៉េងហួរ ជនជាតិខ្មែរ ជាអ្នកចាត់ចែងទូទៅរបស់រោងចក្រតៃណាន បានទិញទឹកចិត្តមន្ត្រីរដ្ឋាភិបាលក្នុងទំហំទឹកប្រាក់ជាច្រើន ម៉ឺនដុល្លារ ដោយរួមទាំងសហជីពមួយចំនួនផង ជាថ្នូរនឹងការប្រឆាំងតទល់នឹងក្រុមកម្មករ ខណៈពួកគេចាត់ទុកថា ខាងភាគីរោងចក្រតៃណាន ព្យាយាមក្បត់កិច្ចសន្យារបស់ខ្លួន។
មន្ត្រីអង្គការសង្គមស៊ីវិលដែលឃ្លាំមើលព្រឹត្តិការណ៍នេះ និងមជ្ឈដ្ឋាននានា បានហៅការបង្ក្រាបដែលមានដំបង និងខែល របស់ក្រុមសមត្ថកិច្ចក្នុងដៃប្រឆាំងទៅនឹងក្រុមកម្មករដែលមានពុំ អ្វីសោះនោះ ថាជាការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរនៅកម្ពុជា។ ក្រុមកម្មករអះអាងថា ការតវ៉ានេះគឺទាមទារឲ្យភាគីរោងចក្រផ្ដល់ប្រាក់អតីតភាពការងារ បំបាត់អំពើពុករលួយ និងជំរុញឲ្យមានលក្ខខណ្ឌការងារសមរម្យ ខណៈភាគីរោងចក្រមួយនេះលួចផ្តូរឈ្មោះពីរោងចក្រ តាយ យៀន មកជារោងចក្រ តៃណាន ចាប់តាំងពីឆ្នាំ២០១០ ដោយពុំបានជូនដំណឹងដល់ក្រុមកម្មករនោះ៕
No comments:
Post a Comment