Saturday, July 28, 2012

មេធាវី​ជូ​ង​ជូ​ងី ដាក់​ឯកសារ​ជូន​តុលាការ​កណ្តាល ករណី​ប្តឹង​ចៅក្រម​លឹម​សុគ​ន្ថា​

(Photo: The Phnom Penh Post)

ថ្ងៃទី 27 កក្កដា 2012 | ដោយ: រតនា
Cambodia Express News

ភ្នំពេញ: តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តកណ្តាល បាន​កោះហៅ​លោក​មេធាវី ជូ​ង ជូ​ងី ចូល​ឆ្លើយបំភ្លឺ និង​ដាក់​ឯកសារ​សម្អាង​ជូន​តុលាការ ទាក់ទង​នឹង​ការដាក់​ពាក្យបណ្តឹង​ប្តឹង​លោក​ចៅក្រម លឹម សុគ​ន្ថា ចៅក្រម​សាលាដំបូង​ខេត្តកណ្តាល កាលពី​ព្រឹក​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០១២​។​

​លោក​មេធាវី ជូ​ង ជូ​ងី បាន​បញ្ជាក់ថា លោក​ចូល​បំភ្លឺ​ជាមួយ​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តកណ្តាល ដើម្បី​បំភ្លឺ និង​ដាក់​ឯកសារ​សម្អាង នៃ​ការដាក់​ពាក្យបណ្តឹង​ប្តឹង​លោក​ចៅក្រម លឹម សុគ​ន្ថា ពីបទ​ក្លែង​លិខិត​សាធារណៈ យោងទៅតាម​ក្រមព្រហ្មទណ្ឌ ដែល​កន្លងមក​លោក​ចៅ​ក្រម​បានធ្វើ​លិខិត​ក្លែង​ចំនួន​ពីរ គឺ​ដីការ​សម្រេច​ឃុំខ្លួន (​មាស ប៉េង​) និង​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​បណ្តោះអាសន្ន​។​

​លោក ជូ​ង ជូ​ងី បាន​ឲ្យ​ដឹង​បន្តថា នៅក្នុង​ការចូល​ឆ្លើយបំភ្លឺ​ចំពោះ​តំណាង​អយ្យការ នៃ​តុលាការ​ខេត្តកណ្តាល​នោះ លោក​បាន​ដាក់ជូន​ដីកា​ក្លែង​ចំនួន​ពីរ​ច្បាប់ គឺ​ដីកា​សម្រេច​ឃុំខ្លួន​បណ្តោះអាសន្ន​មួយ និង​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​បណ្តោះអាសន្ន​មួយ​។ លោក​ថា បន្ទាប់ពី​ដាក់​ឯកសារ​សម្អាង​រួចហើយ តំណាង​អយ្យការ​បាន​សន្យាថា លោក​នឹង​បង្គាប់​ឲ្យ​លោក​ចៅក្រម លឹម សុគ​ន្ថា ធ្វើការ​ឆ្លើយបំភ្លឺ​មក​លោក​តំណាង​អយ្យការ​វិញ ហើយ​លោក​តំណាង​អយ្យការ​នឹង​កោះហៅ​លោក​មេធាវី (​ជូ​ង ជូ​ងី​) ​ចូល​បំភ្លឺ​ម្តងទៀត​នៅពេល​ក្រោយ​។


​នៅក្នុង​ពាក្យបណ្ដឹង លោក ជូ​ង ជូ​ងី បាន​ជម្រាបជូន​លោក​ព្រះរាជអាជ្ញា​ថា “​កាលពី​ព្រឹក​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០១១ កូនក្ដី​ខ្ញុំ​ឈ្មោះ មាស ប៉េង ត្រូវបាន​លោក លឹម សុគ​ន្ថា ចៅក្រម​ស៊ើបសួរ បង្គាប់​ឲ្យ​ចូលខ្លួន​មក​ឆ្លើយបំភ្លឺ នៅ​សាលាដំបូង​ខេត្តកណ្ដាល​។ ក្រោយពី​បាន​សួរ​យក​ចម្លើយ​ចប់ ម៉ោង​ជិត ១២ ថ្ងៃត្រង់ ឈ្មោះ មាស ប៉េង ត្រូវបាន​ចាប់ខ្លួន​បញ្ជូនទៅ​ពន្ធនាគារ​ខេត្តកណ្ដាល​។ ពេលនោះ ខ្ញុំបាទ​ជា​មេធាវី​ការពារ​សិទ្ធិ​ឲ្យ​លោក មាស ប៉េង បាន​ទារ​រក​ដីកា​សម្រេច​ឃុំខ្លួន​ឈ្មោះ មាស ប៉េង ប៉ុន្តែ​លោក​ចៅក្រម លឹម សុគ​ន្ថា មិនមាន​ដីកា​សម្រេច​ឃុំខ្លួន​បង្ហាញ​ខ្ញុំ​ទេ​។
​ខ្ញុំ​បានទាមទារ​រក​ដី​កាស​ម្រេច​ឃុំខ្លួន​លោក មាស ប៉េង ជាច្រើនលើក លោក​ចៅក្រម លឹម សុគ​ន្ថា ក៏​នៅតែ​មិនមាន​ដីកា​សម្រេច​ឃុំខ្លួន មាស ប៉េង បង្ហាញ​ខ្ញុំ​ដែរ​”​។​

​ពាក្យបណ្ដឹង​ដដែល​បាន​បន្តថា “​ក្រោយពី​ហេតុការណ៍​បានកើត​ឡើង​រួច ទើប​លោក លឹម សុគ​ន្ថា បានរៀបចំ​ដីកា​សម្រេច​ឃុំខ្លួន​បណ្ដោះអាសន្ន និង​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​បណ្ដោះអាសន្ន ដើម្បី​បិទបាំង​អំពើ​ទុច្ចរិត​របស់ខ្លួន បំភាន់ បំភ្លៃ​ការពិត មួលបង្កាច់ ទម្លាក់កំហុស​ដោយ​ទុច្ចរិត​ថា មេធាវី​ដណ្ដើម​ដីកា​ឲ្យ​រហែក​មួយ​សន្លឹក​”​។​

​ពាក្យបណ្ដឹង​របស់លោក ជូ​ង ជូ​ងី បាន​បន្ថែមថា “​លោក លឹម សុគ​ន្ថា មិនមាន​វត្ត​មាននៅ​ពន្ធនាគារ​ទាល់តែសោះ បែរជា​ហ៊ាន​ប្រឌិត​រឿង​មួលបង្កាច់ ទម្លាក់កំហុស​ដោយ​ទុច្ចរិត​បែបនេះ​”​។​

​សូមបញ្ជាក់ថា លោក​មេធាវី ជូ​ង ជូ​ងី បានដាក់​ពាក្យបណ្តឹង​ប្តឹង​លោក​ចៅក្រម លឹម សុគន្ធា ចូលទៅ​អយ្យការ​អម​សាលាដំបូង​ខេត្តកណ្តាល កាលពី​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១២​។

​លោក​ចៅក្រម លឹម សុគ​ន្ថា មិនអាច​ទាក់ទង​សុំ​ការបំភ្លឺ​បានទេ លើ​ករណី​ដែល​ត្រូវ​លោក​មេធាវី ជូ​ង ជូ​ងី ដាក់ពាក្យ​ប្តឹង ពីបទ​ក្លែង​លិខិត​សាធារណៈ​នោះ​៕

No comments: