លោកសម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំង និងលោកកឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្ស ក្នុងជំនួបមួយនៅរដ្ឋធានីម៉ានីឡា ហ្វីលីពីន ថ្ងៃទី១៧ កក្កដា ២០១២។រូបថត៖ ហេង រស្មី វីអូអេ |
ថ្ងៃអង្គារ, 17 ខែកក្កដា 2012
ដោយ ហេង រស្មី វីអូអេ | ម៉ានីឡា
«យើងឃើញថា ការធ្វើនេះគឺបំភិតបំភ័យដល់អ្នកប្រជាធិបតេយ្យ អ្នកដែលតស៊ូដើម្បីសេរីភាព អ្នកដែលការពារសេរីភាពប្រជាពលរដ្ឋ។ យើងឃើញថា ការចាប់ខ្លួននេះ ជាការគំរាម ប៉ុន្តែយើងមិនបានតក់ស្លុត យើងនៅតែបន្តតស៊ូបន្តទៅទៀត ហើយប្រជាពលរដ្ឋខ្មែរ និងតស៊ូតទៅទៀត»។លោកសម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំង និងលោកកឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្សបានធ្វើការថ្កោល ទោសរួមគ្នាចំពោះអាជ្ញាធររដ្ឋាភិបាលដែលបានចាប់ខ្លួនលោកម៉ម សុណង់ដូ នាយកស្ថានីយ៍វិទ្យុសំបុកឃ្មុំ និងជាប្រធានសមាគមអ្នកប្រជាធិបតេយ្យ។
លោកម៉ម សុណង់ដូ ត្រូវបានកម្លាំងសមត្ថកិច្ចកម្ពុជាចាប់ខ្លួនចេញពីគេហដ្ឋានរបស់លោកដែលមានទីតាំងនៅក្នុងស្ថានីយ៍វិទ្យុសំបុកឃ្មុំ រួចហើយបានយកទៅឃុំឃាំងនៅឯអគ្គស្នងការក្រសួងមហាផ្ទៃកាលពីថ្ងៃអាទិត្យ។
លោកម៉ម សុណង់ដូ ត្រូវបានតុលាការក្រុងភ្នំពេញ កាលពីថ្ងៃចន្ទ សម្រេចចេញដីកាឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារព្រៃស ក្រោមបទចោទប្រកាន់បួនចំណុចធំៗដែលរួមមានអ្នកផ្តួចផ្តើមគំនិតប្រឆាំងនឹងអ្នករាជការសា ធារណៈ ធ្វើកូដកម្មខុសច្បាប់ញុះញង់ប្រជាពលរដ្ឋឲ្យកាន់កាប់អាវុធខុសច្បាប់ និងប្រឆាំងអាជ្ញាធរស្របច្បាប់។
ថ្លែងប្រាប់វីអូអេបន្ទាប់ពីបានបញ្ចប់កិច្ចប្រជុំនៅថ្ងៃទី១ រវាងគណបក្សសិទ្ធិមនុស្ស និងគណបក្សសម រង្ស៊ី ដើម្បីស្វះស្វែងរកលទ្ធភាពនៃការចងសម្ព័ន្ធភាពរវាងគណបក្សទាំងពីរនៅក្នុងទីក្រុងម៉ានីឡា ប្រទេសហ្វ៊ីលីពីន លោកសម រង្ស៊ី បានមានប្រសាសន៍ថា គណបក្សសម រង្ស៊ី បានថ្កោលទោសនឹងទាមទារឲ្យដោះលែងលោកម៉ម សុណង់ដូ ឡើងវិញ។
«គណបក្សសម រង្ស៊ី បានចេញសេចក្តីថ្លែងការណ៍មួយថ្កោលទោសហើយទាមទារ និងថ្កោលទោសការចាប់ខ្លួនលោកម៉ម សុណង់ដូ និងទាមទារឲ្យដោះលែងលោកម៉ម សុណង់ដូ»។
ចំណែកលោក កឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្សវិញបាននិយាយថា ការចាប់ខ្លួនលោកម៉ម សុណង់ដូ ជាការបំភិតបំភ័យដល់អ្នកប្រជាធិបតេយ្យ។
«យើងឃើញថា ការធ្វើនេះគឺបំភិតបំភ័យដល់អ្នកប្រជាធិបតេយ្យ អ្នកដែលតស៊ូដើម្បីសេរីភាព អ្នកដែលការពារសេរីភាពប្រជាពលរដ្ឋ។ យើងឃើញថា ការចាប់ខ្លួននេះ ជាការគំរាម ប៉ុន្តែយើងមិនបានតក់ស្លុត យើងនៅតែបន្តតស៊ូបន្តទៅទៀត ហើយប្រជាពលរដ្ឋខ្មែរ និងតស៊ូតទៅទៀត»។
ការចាប់ខ្លួនលោកម៉ម សុណង់ដូ បានធ្វើឡើងក្រោយពេលតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោកបានធ្វើដំណើរត្រឡប់ពីសហរដ្ឋអាមេរិកមកកម្ពុជាវិញ។
លោក ម៉ម សុណង់ដូ ត្រូវបានលោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានព្រមានចាប់ខ្លួនដោយមិនចំឈ្មោះដោយបានចោទប្រកាន់ថាលោកមានបំណងបង្កើតរដ្ឋនៅក្នុងរដ្ឋ ដើម្បីប្រឆាំងនឹងរដ្ឋាភិបាល។
លោកម៉ម សុណង់ដូ បានថ្លែងប្រាប់វីអូអេសំឡេងសហរដ្ឋអាមេរិកក្នុងពេលដែលលោកបានធ្វើដំណើរវិលត្រឡប់មកកាន់មាតុប្រទេសវិញកាលពីសប្តាហ៍មុនថាលោកគ្មានបំណងបង្កើតរដ្ឋនៅក្នុងរដ្ឋ ដើម្បីប្រឆាំងនឹងរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ទេ។
លោក សម រង្ស៊ី និងលោកឹម សុខា ដែលបានធ្វើការជួបប្រជុំគ្នាជាពិសេសមួយនៅក្នុងទីក្រុងម៉ានីឡា ប្រទេសហ្វ៊ីលីពីន ដើម្បីរកលទ្ធភាពចងសម្ព័ន្ធភាពរវាងគណបក្សទាំងពីរ បានហៅការចាប់ខ្លួននេះថាមិនជះឥទ្ធិពលដល់ការចរចារវាងគណបក្សទាំងពីរទេ៕
No comments:
Post a Comment