Thursday, July 05, 2012
Striking workers' procession stopped in Kambol; Rong Chhun to meet with the minister of Labor this afternoon
ប៉ូលិសរារាំងកម្មករហែក្បួន នៅកន្លែងថ្លឹងឡានកំបូល, លោករ៉ុងឈុន នឹងជួបចរចាជាមួយរដ្ឋមន្ត្រីការងារ នៅរសៀលនេះ
ថ្ងៃទី 5 កក្កដា 2012
ដោយ: រតនា
Cambodia Express News
ភ្នំពេញ: ក្រុមកម្មករ កម្មការី ប្រមាណ ៤ពាន់នាក់ ដែលដឹកនាំដោយលោករ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ និងជាប្រធានសហព័ន្ធសហជីពកម្ពុជា ត្រូវបានអាជ្ញាធរមានសមត្ថកិច្ច រាំងខ្ទប់ មិនឲ្យបន្តការដើរហែក្បួន ចូលរាជធានីភ្នំពេញឡើយ នាព្រឹក ថ្ងៃទី៥កក្កដា ឆ្នាំ២០១២។ ក្រុមកម្មករ បានឈរនៅលើផ្លូវជាតិលេខ៤ ត្រឹមកន្លែងថ្លឹងឡាន នៅកំបូល។
ប៉ូលិសបានរារាំងក្រុមកម្មករនៅកន្លែងជញ្ជីងថ្លឹងឡានកំបូល ព្រមទាំងមានការចរចារវាងលោក រ៉ុង ឈុន និងលោក សាទ សាមុធ អនុរដ្ឋលេខាធិការក្រសួងការងារ កាលពីម៉ោង ៩ និង ៣០ នាទីព្រឹក ថ្ងៃទី៥កក្កដា ឆ្នាំ២០១២។ ក្រុមកម្មករមានលើកបដា និងស្រែកហ៊ោកញ្ជ្រៀវ។
តាមសេចក្ដីរាយការណ៍បានឲ្យដឹងថា លោក សាទ សាមុធ បានចរចា និងអញ្ជើញលោក រ៉ុង ឈុន និងកញ្ញា យ៉ាង សុភ័ណ្ឌ ទៅជួបប្រជុំជាមួយលោករដ្ឋមន្ត្រីក្រសួងការងារ វង សូត នៅទីស្ដីការក្រសួង នៅវេលាម៉ោង ២ និង ៣០ នាទី រសៀលថ្ងៃនេះ។
លោក រ៉ុង ឈុន បន្ទាប់ពីប្រជុំពិភាក្សាជាមួយក្រុមការងាររបស់លោក នៅនឹងកន្លែងជញ្ជីងថ្លឹងឡាន លោកបានព្រមតាមសំណើ ពីមន្ត្រីក្រសួងការងារ តែទុកកម្មករនៅកន្លែងថ្លឹងឡាន ដើម្បីរង់ចាំលទ្ធផលចរចា នារសៀលនេះ ទើបរំសាយ។
នៅព្រឹកព្រលឹមថ្ងៃទី៥កក្កដា ឆ្នាំ២០១២នេះ ក្រុមកម្មករដឹកនាំដោយលោក រ៉ុងឈុន បានដើរហែក្បួន ចេញពីមុខរោងចក្រ នៅជិតផ្សារបែកចាន ដើរសំដៅចូលរាជធានីភ្នំពេញ។ តែនៅព្រឹកមិញ ប៉ូលិសបានព្យាយាមរាំងខ្ទប់ក្រុមកម្មករម្តងហើយ តែមិនបានសម្រេច។ មិនមានអំពើហិង្សាធ្ងន់ធ្ងន់កើតឡើង ក្នុងព្រឹត្តិការណ៍ហែក្បួនបាតុកម្មនោះទេ។
សូមជម្រាបថា កាលពីថ្ងៃពុធ ទី៤ កក្កដា ឆ្នាំ២០១២ ក្រុមកម្មករ បានតវ៉ាឈរបិទផ្លូវជាតិលេខ៤ អស់ពេលជាង ៥ម៉ោង ចាប់ពីម៉ោងជាង ៨ ព្រឹក។ ការតវ៉ាបិទកំណាត់ផ្លូវពីភ្នំពេញទៅខេត្តព្រះសីហនុ នៅម្តុំផ្សារបែកចាន ក្នុងស្រុកអង្គស្នួល ដើម្បីទាមទារឲ្យរោងចក្រកាត់ដេរ យីហោ តៃយៀន ផ្តល់ដំណោះស្រាយលើការតវ៉ារបស់កម្មករ ៥ ចំណុច រួមមាន ការដំឡើងប្រាក់ធ្វើដំណើរ ប្រាក់ស្នាក់នៅ និងប្រាក់រង្វាន់ធ្វើការទៀងទាត់ រហូតដល់ ១៥ ដុល្លារ ជាដើម។
រហូតដល់ម៉ោង ១ និង ៣០ នាទី រសៀល ទើបកម្មករដែលដឹកនាំដោយលោក រ៉ុង ឈុន បានរំសាយចេញពីផ្លូវ ដោយមានការសន្យាថា នឹងចរចាស្វែងរកដំណោះស្រាយពីមន្ត្រីក្រសួងការងារ។
បាតុកម្មរបស់កម្មកររោងចក្រកាត់ដេរនោះ ដឹកនាំដោយលោករ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ និងជាប្រធានសហព័ន្ធសហជីពកម្ពុជា និងមានការចូលរួមពីសមាជិកសភារបស់គណបក្សសមរង្ស៊ី។
កម្មកររោងចក្រកាត់ដេរ តៃយៀនទី១ តៃយៀនទី២ និងខេមវែល សុំទាមទារសុំឱ្យមានការដោះស្រាយនូវលក្ខខណ្ឌការងារ ៥ ចំណុច រួមមាន៖ ១-សុំឱ្យក្រុមហ៊ុនធ្វើការទូទាត់នូវអត្ថប្រយោជន៍ផ្សេងៗតាមច្បាប់ស្ដីពីការងារ ដោយក្រុមហ៊ុនបានប្ដូរឈ្មោះរោងចក្រ។ ២-សុំឱ្យក្រុមហ៊ុនផ្ដល់សោហ៊ុយធ្វើដំណើរ និងថ្លៃស្នាក់នៅឱ្យបាន ១៥ ដុល្លារ ក្នុងមួយខែៗ។ ៣-សុំឱ្យក្រុមហ៊ុនដំឡើងប្រាក់ថ្លៃទឹកដោះគោឱ្យបាន ១៥ ដុល្លារ ក្នុងមួយខែៗ។ ៤-សុំឱ្យក្រុមហ៊ុនឡើងប្រាក់រង្វាន់ទៀងទាត់ ឱ្យបាន ១៥ ដុល្លារ ក្នុងមួយខែៗ និងទី៥-សុំឱ្យក្រុមហ៊ុនកុំយកប្រាក់មុខតំណែង និងបច្ចេកទេសយកមកកាត់ទូទាត់ នៅពេលកម្មករ-កម្មការិនី និងថ្នាក់ដឹកនាំសុំច្បាប់ចាប់ពីបីថ្ងៃឡើងទៅ។
លោក រ៉ុង ឈុន ក៏បានឲ្យដឹងថា ក្បួនបាតុកម្មរបស់កម្មករ នៅថ្ងៃ៥កក្កដានេះ នឹងដើរហែក្បួនចូលទីក្រុងភ្នំពេញ ទៅកាន់ក្រសួងការងារ ខុទ្ទកាល័យនាយករដ្ឋមន្ត្រី និងទៅកាន់ស្ថានទូតនានា ដើម្បីស្វែងរកដំណោះស្រាយជូនកម្មករកាត់ដេរ ដែលបានធ្វើកូដកម្មយូរថ្ងៃមកហើយ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment