Thursday, July 05, 2012
កម្មកររំសាយការបិទផ្លូវ តែមានការព្រមានដើរហែក្បួនចូលក្រុងនៅថ្ងៃស្អែក
ថ្ងៃទី 4 កក្កដា 2012
ដោយ: រតនា
Cambodia Express News
កណ្ដាល: បន្ទាប់ពីមានការសន្យាពីមន្ត្រីក្រសួងការងារ នៅវេលាម៉ោង ១ និង ៣០នាទី ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១២ ការតវ៉ាបិទផ្លូវលេខជាតិ៤ ដែលមានការចូលពីកម្មកររោងចក្រកាត់ដេរ តៃយៀន ប្រមាណ ៤.០០០ នាក់ នៅម្ដុំបែកចាន ត្រូវបានរំសាយ តែមានការព្រមានពីលោក រ៉ុង ឈុន ថា បើមិនមានដំណោះស្រាយជាផ្លូវការ លោកនឹងដឹកនាំកម្មករដើរហែរក្បួនចូលរាជធានីភ្នំពេញនៅថ្ងៃស្អែក។
លោក សាទ សាមុធ អនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចេញមកមុខមកសម្រុះសម្រួលជាមួយលោក រ៉ុង ឈុន ប្រធានសហព័ន្ធសហជីពកម្ពុជា និងក្រុមកម្មករ ដោយសន្យាថា នឹងរកដំណោះស្រាយជូនពួកគាត់ ហើយបន្ទាប់ពីមានការសន្យាយ៉ាងដូច្នេះ ក្រុមកម្មករដែលដឹកនាំដោយលោក រ៉ុង ឈុន នោះ បានរំសាយពីការតវ៉ាបិទផ្លូវ។
ដោយឡែក លោក រ៉ុង ឈុន បានព្រមានថា បើពុំមានដំណោះស្រាយផ្លូវការណាមួយ ដែលមានការចូលរួមពីក្រសួងការងារ តំណាងសហជីព និងថៅកែក្រុមហ៊ុននោះទេ លោកនឹងដឹកនាំកម្មករដើរហែក្បួនចូលរាជធានីភ្នំពេញនៅថ្ងៃស្អែក។
លោក រ៉ុង ឈុន បានបន្តថា ការតវ៉ាឈរបិទផ្លូវជាតិលេខ៤ ដោយសារតែភាគីរោងចក្រកាត់ដេរ តៃយៀន បានចាក់មេក្រូរំខានដល់ការតវ៉ារបស់កម្មករនៅមុខរោងចក្រកាត់ដេរ។ កម្មកររោងចក្រកាត់ដេរ តៃយៀន ក៏ទាមទារនូវលក្ខខណ្ឌ ៥ ចំណុច រួមមាន ប្រាក់អត្ថប្រយោជន៍សម្រាប់កម្មករ ប្រាក់ថ្លៃធ្វើដំណើរ និងស្នាក់នៅ ១៥ ដុល្លារ ក្នុងមួយខែ, ប្រាក់ថ្លៃទឹកដោះគោសម្រាប់កម្មការិនី ដែលមានកូនខ្ចី ចំនួន ១៥ ដុល្លារ ក្នុងមួយខែ, ប្រាក់រង្វាន់ទៀងទាត់ ១៥ ដុល្លារ ក្នុងមួយខែ និងទាមទារកុំឲ្យថៅកែរោងចក្រកាត់ប្រាក់ខែកម្មករ នៅពេលដែលពួកគេសុំច្បាប់ឈប់សម្រាក ជាដើម។
Subscribe to:
Post Comments (Atom)
No comments:
Post a Comment