Tuesday, July 31, 2012

Union gather thumbprints to support the release of Mam Sonando

តំណាង​អង្គការ​សង្គម​ស៊ីវិល និង​សមាជិក​សមាគម​អ្នក​ប្រជាធិបតេយ្យ បួងសួង​សុំ​ឲ្យ​មាន​ការ​ដោះ​លែង​លោក ម៉ម សូណង់ដូ នៅ​វត្ត​អង្គ​មេត្រី សង្កាត់​ព្រៃវែង ខណ្ឌ​ដង្កោ កាល​ពី​ថ្ងៃ​ទី​១៧ កក្កដា ឆ្នាំ​២០១២។ (RFA/Vichey Anandh)
---
Civil society representatives and members of the Democratic Association are praying for the release of Mam Sonando. The prayer was held at Watt Ang Metrey in Prey Veng commune, Dangkor district on 17 July 2012 (Photo: Vichey Anandh, RFA)


សហជីព​កម្មករ​ប្រមូល​ស្នាម​មេដៃ​គាំទ្រ​ការ​ដោះលែង​លោក ម៉ម សូណង់ដូ


2012-07-30
ដោយ ទេព សុរ៉ាវី
Radio Free Asia

Synopsis: On 30 July 2012, Mam Sonando’s defense lawyer sent a request to the court to release his client on bail. Union workers also guaranteed that they will gather thumbprints along factories and they will send them to the government to demand for the release of Mam Sonando from jail.

មេធាវី​លោក ម៉ម សូណង់ដូ ដាក់​លិខិត​ទៅ​តុលាការ​ដើម្បី​សុំ​ធានា​លោក ម៉ម សូណង់ដូ ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន នៅ​ថ្ងៃ​ទី​៣០ កក្កដា នេះ។ រី​ឯ​ក្រុម​កម្មករ​ក៏​ធានា​ប្រមូល​ស្នាម​មេដៃ​នៅ​តាម​រោងចក្រ ដើម្បី​ដាក់​ទៅ​រដ្ឋាភិបាល​កម្ពុជា ឲ្យ​ជួយ​ដោះលែង​លោក ម៉ម សូណង់ដូ ចេញ​ពី​ពន្ធនាគារ​ដែរ។

លោក សុក សំអឿន ប្រធាន​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា និង​ជា​មេធាវី​ការពារ​ក្តី​ឲ្យ​លោក ម៉ម សូណង់ដូ ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ច័ន្ទ ទី​៣០ ខែ​កក្កដា លោក​នឹង​ដាក់​លិខិត​ស្នើ​សុំ​ជា​ផ្លូវ​ការ​ទៅ​តុលាការ​ក្រុង​ភ្នំពេញ ដើម្បី​ធានា​កូន​ក្តី​របស់​ខ្លួន​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​ទៅ​តាម​នីតិវិធី​ច្បាប់។

លោក​បន្ត​ថា ករណី​ចោទ​ប្រកាន់​លោក ម៉ម សូណង់ដូ កំពុង​ស្ថិត​នៅ​ក្នុង​ដៃ​ចៅក្រម​ស៊ើបសួរ​ធ្វើ​ការ​ស៊ើប​អង្កេត៖ «ថ្ងៃ​ច័ន្ទ (៣០ កក្កដា) នេះ ខ្ញុំ​ដាក់ (លិខិត) សុំ​គាត់​នៅ​ក្រៅ​ឃុំ​ម្ដង​ទៀត។ ច្បាប់​អត់​មាន​ចែង​ថា បើ​គេ​ចោទ​ពី​បទ​ឧក្រិដ្ឋ​មិន​អាច​ឃុំ​ខ្លួន​បាន​ទេ មិន​អ៊ីចឹង​ណា។ យើង​គិត​ប៉ុណ្ណេះ បើ​សិន​ជា​ការ​ឃុំ​ខ្លួន ឧទាហរណ៍​រឿង ឈូក បណ្ឌិត បាញ់​មនុស្ស​របួស​ផង ហើយ​លោក ម៉ម សូណង់ដូ គ្រាន់​មនុស្ស​ឆ្លើយ​ដាក់​គ្មាន​អី​ធំដុំ​ផង»។


លោក ម៉ម សូណង់ដូ ជា​ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ និង​ជា​ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា បន្ទាប់​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ឲ្យ​ចាប់​ខ្លួន ក្រោម​បទ​ចោទ​ប្រកាន់​ថា លោក​ជាប់​ពាក់ព័ន្ធ​នៅ​ពី​ក្រោយ​ខ្នង​ក្រុម​លោក ប៊ុន រដ្ឋា ដែល​អាជ្ញាធរ​ចោទ​ប្រកាន់​ថា ប៉ុនប៉ង​បង្កើត​តំបន់​អបគមន៍ នៅ​ភូមិ​ប្រម៉ា ឃុំ​កំពង់ដំរី ក្នុង​ស្រុក​ឆ្លូង ខេត្ត​ក្រចេះ។

សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​ចោទ​ប្រកាន់​លោក ម៉ម សូណង់ដូ ចំនួន ៤​បទ​ចោទ ដោយ​ផ្អែក​លើ​ដីកា​របស់​តុលាការ​ខេត្ត​ក្រចេះ។ ក្នុង​នោះ​រួម​មាន អ្នក​ផ្ដើម​គំនិត​ប្រឆាំង​រាជការ​សាធារណៈ ធ្វើ​កុបកម្ម ជ្រៀតជ្រែក​ដោយ​ខុស​ច្បាប់​ក្នុង​ការ​បំពេញ​ការងារ​សាធារណៈ និង​ញុះញង់​ឲ្យ​ប្រជាពលរដ្ឋ​ប្រឆាំង​អាជ្ញាធរ​ស្រប​ច្បាប់។

ស្រប​ពេល​នឹង​មេធាវី​ប្រុង​ស្នើ​សុំ​ឲ្យ​លោក ម៉ម សូណង់ដូ ស្ថិត​នៅ​ក្រៅ​មន្ទីរ​ឃុំឃាំង​នេះ លោក ជា មុនី ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏​បាន​កៀរគរ​ឲ្យ​ក្រុម​កម្មករ​ប្រមូល​ស្នាម​មេដៃ​នៅ​តាម​រោងចក្រ ដើម្បី​គាំទ្រ​ជួយ​លោក ម៉ម សូណង់ដូ ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន។

ការ​ថ្លែង​របស់​លោក ជា មុនី ធ្វើ​ឡើង​ក្នុង​កិច្ច​ប្រជុំ​ថ្នាក់​ដឹកនាំ​សហជីព​ចំនួន ៧១​នាក់ មក​ពី​បណ្តា​រោងចក្រ​ចំនួន ៣៥ នៅ​រាជធានី​ភ្នំពេញ ខេត្ត​កំពង់ស្ពឺ និង​ខេត្ត​កំពង់ឆ្នាំង នៅ​ថ្ងៃ​ទី​២៩ ខែ​កក្កដា។

លោក ជា មុនី ឲ្យ​ដឹង​ថា លោក​មាន​បំណង​បង្កើត​យុទ្ធនាការ​ប្រមូល​ស្នាម​មេដៃ​ពី​កម្មករ កម្មការិនី​រោងចក្រ ដើម្បី​ដាក់​ជូន​ទៅ​រដ្ឋាភិបាល ឬ​សមាគម​អ្នក​ប្រជាធិបតេយ្យ ក្នុង​ការ​ជំរុញ​សុំ​ឲ្យ​តុលាការ​អនុញ្ញាត​ឲ្យ​លោក ម៉ម សូណង់ដូ នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន។

លោក ជា មុនី៖ «យើង​មាន​គោលបំណង​នឹង​ធ្វើ​យុទ្ធនាការ​ដើម្បី​ឲ្យ​មាន​ការ​ចូល​រួម​ពី​បង​ប្អូន​កម្មករ កម្មការិនី ពី​ស្នាម​មេដៃ​ឲ្យ​មាន​ការ​ដោះលែង​ពី​លោក ម៉ម សូណង់ដូ ព្រោះ​លោក ម៉ម សូណង់ដូ គាត់​មិន​ខុស​ស្អី​ទេ។ មើល​ទៅ​ខ្ញុំ​និយាយ​ពី​ហេតុផល​គាត់​ជា​អ្នក​សារព័ត៌មាន គាត់​ជា​នាយក​វិទ្យុ​សំបុក​ឃ្មុំ ហើយ​យើង​អត់​ចង់​ឲ្យ​អ្នក​សារព័ត៌មាន​ណា​ត្រូវ​បាន​គេ​ចាប់​ឃុំ ឬ​ក៏​បាញ់​សម្លាប់​ដូច​មេដឹកនាំ​សហជីព​ទៀត​ទេ​សម័យ​នេះ​ហើយ ហើយ​ទី​២ គ្រាន់​ជា​ប្រធាន​សមាគម វា​អត់​ខុស​ច្បាប់​ទេ»។

ទោះ​ជា​យ៉ាង​ណា លោក ជា មុនី នៅ​មិន​ទាន់​បញ្ជាក់​ពី​កាលបរិច្ឆេទ​ច្បាស់លាស់​នៃ​ថ្ងៃ​ធ្វើ​យុទ្ធនាការ​ប្រមូល​ស្នាម​មេដៃ​នៅ​តាម​រោងចក្រ​នៅ​ឡើយ​ទេ។

ប្រធាន​សហជីព​សេរី​កម្មករ​ប្រចាំ​រោងចក្រ​ត្រាយ ប៉ុស្តិ៍ (Try Pose) ក្នុង​ខេត្ត​កំពង់ឆ្នាំង អ្នកស្រី លី ស៊ីន ឲ្យ​ដឹង​ក្រោយ​ពី​កិច្ច​ប្រជុំ​ដែល​ដឹក​នាំ​ដោយ​លោក ជា មុនី ថា អ្នកស្រី​នឹង​ចាប់​ផ្ដើម​ប្រមូល​ស្នាម​មេដៃ​ពី​ក្រុម​កម្មករ​ក្នុង​រោងចក្រ នៅ​ខែ​សីហា ខាង​មុខ។

អ្នកស្រី​សង្ឃឹម​ថា នឹង​ប្រមូល​ស្នាម​មេដៃ​បាន​ច្រើន ដើម្បី​ជួយ​លោក ម៉ម សូណង់ដូ ឲ្យ​មាន​សេរីភាព​ឡើង​វិញ៖ «យើង​ដឹង​តើ! នៅ​ក្នុង​ស្រុក​ខ្មែរ​របស់​យើង អ្នក​យក​សារព័ត៌មាន​ទាំង​អស់​មិន​ថា អ្នក​សារព័ត៌មាន មិន​ថា​អ្នក​ទាមទារ​ដើម្បី​ផល​ប្រយោជន៍​ប្រជាជន មិន​ថា​អ្នក​ទាមទារ​ដើម្បី​ផល​ប្រយោជន៍​កម្មករ​ទេ គឺ​សុទ្ធ​តែ​មាន​សិទ្ធិ​ឯករាជ្យ​មួយ​ដែល​រដ្ឋាភិបាល ត្រូវ​តែ​គាំទ្រ​មិន​មែន​រដ្ឋាភិបាល​ដាក់​គាត់​ដាក់​ទោស​ទេ»។

កាល​ពី​ពេល​ថ្មីៗ​នេះ មេដឹកនាំ​សមាគម​អ្នក​ប្រជាធិបតេយ្យ​ក្នុង​ស្រុក​អង្គរបុរី ខេត្ត​តាកែវ ក៏​បាន​ចុះ​ប្រមូល​ស្នាម​មេដៃ​ពី​ប្រជាពលរដ្ឋ​ជាង ២​ពាន់​ស្នាម​មេដៃ​ដើម្បី​ជួយ​សុំ​ឲ្យ​ស្ថាប័ន​តុលាការ និង​រដ្ឋាភិបាល​ដោះលែង​លោក ម៉ម សូណង់ដូ។ ទោះ​បី​មាន​ការ​ហាមប្រាម​ពី​អាជ្ញាធរ​ពី​អាជ្ញាធរ​មូលដ្ឋាន​ក៏ដោយ។

ក្នុង​យុទ្ធនាការ​ប្រមូល​ស្នាម​មេដៃ​ជួយ​លោក ម៉ម សូណង់ដូ ដូច​គ្នា​នេះ កាល​ពី​ថ្ងៃ​ទី​២៦ ខែ​កក្កដា កន្លង​ទៅ សមត្ថកិច្ច​ខណ្ឌ​ដូនពេញ បាន​ឃាត់​ខ្លួន​បុរស​ម្នាក់​ឈ្មោះ ជ័យ ឡាយ រស់​នៅ​ក្នុង​តំបន់​បឹងកក់ នៅ​គ្រា​ដែល​គាត់​បាន​ចុះ​ប្រមូល​ជាង ២០០​ស្នាម​មេដៃ​ពី​ប្រជាពលរដ្ឋ។

លោក ជ័យ ឡាយ ត្រូវ​បាន​សមត្ថកិច្ច​ដោះ​លែង​វិញ នៅ​បន្ទាប់​ពី​លោក​បាន​ចុះ​កិច្ចសន្យា​បញ្ឈប់​សកម្មភាព​ប្រមូល​ស្នាម​មេដៃ​នៅ​ក្នុង​តំបន់​ដើម្បី​គាំទ្រ​ឲ្យ​មាន​ការ​ដោះលែង​លោក ម៉ម សូណង់ដូ៖ «ចាប់​ខ្ញុំ​ម៉ោង ៥ ទល់​គ្នា​ម៉ោង ៨​កន្លះ គេ​អោយ​មក​ផ្ទះ​វិញ។ អត់​ធ្វើ​បាន​អី​ខ្ញុំ​ដែរ​អត់​អី​ទេ​គេ​គ្រាន់​តែ​អោយ​ខ្ញុំ​ធ្វើ​កិច្ច​សន្យា ជា​មួយ​គេ​ថា កុំ​អោយ​ជួយ​ផ្ដិតមេដៃ​តទៅ​ទៀត។ គេ​ថា លោក ម៉ម សូណង់ដូ ធ្វើ​អបគមន៍​ទេ»។

តែ​សម្រាប់​អ្នកស្រី លី ស៊ីន កម្មការិនី​រោងចក្រ​បញ្ជាក់​ថា មិន​ខ្លាច​ពី​ការ​ចាប់​ខ្លួន​របស់​សមត្ថកិច្ច​នោះ​ឡើយ នឹង​នៅ​តែ​ប្រកាន់​ជំហរ​ប្រមូល​ស្នាម​មេដៃ​ជួយ​លោក ម៉ម សូណង់ដូ ដដែល ដរាបណា​លោក​មិន​ទាន់​ចេញ​ពី​ក្រៅ​មន្ទីរ​ឃុំឃាំង៖ «ការ​លះបង់​ជីវិត​របស់​ខ្ញុំ គឺ​ដើម្បី​ផល​ប្រយោជន៍​រួម មិន​មែន​ដើម្បី​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន​ឯង​ទេ ហើយ​ក៏​មិន​មែន​តែ​ផល​ប្រយោជន៍​តែ​ខ្លួន​ម្នាក់​ឯង និង​រង្វង់​ក្រុម​គ្រួសារ​ដែរ គឺ​ធ្វើ​ទាំង​អស់​ដើម្បី​ប្រជាជន​នៅ​ក្នុង​ប្រទេស​របស់​យើង ដើម្បី​ផល​ប្រយោជន៍​រួម»។

ក្នុង​នាម​ជា​មេធាវី​ការពារ​ក្តី​ឲ្យ​លោក ម៉ម សូណង់ដូ និង​ជា​មន្ត្រី​ច្បាប់​មួយ​រូប​ផង​នោះ លោក សុក សំអឿន ឲ្យ​ដឹង​ថា នៅ​ក្នុង​ច្បាប់​មិន​មាន​ចែង​ថា ស្នាម​មេដៃ​ទាំង​នោះ​អាច​ជួយ​សម្រាល​ទោស​ទណ្ឌ ឬ​ជួយ​មនុស្ស​ជាប់​ចោទ​ឲ្យ​រួច​ខ្លួន​នោះ​ទេ។ លោក​ពន្យល់​ថា ស្នាម​មេដៃ​ដែល​ប្រជាពលរដ្ឋ​កំពុង​ដើរ​ប្រមូល​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន និង​នៅ​តាម​រោងចក្រ មិន​មាន​ឥទ្ធិពល​អ្វី​ផ្នែក​ច្បាប់​សម្រាប់​ជួយ​លោក ម៉ម សូណង់ដូ ឲ្យ​រួច​ចេញ​ពី​ពន្ធនាគារ​នោះ​ឡើយ។ តែ​ស្នាម​មេដៃ​គាំទ្រ​ទាំង​នោះ គ្រាន់​ជា​សារ​មួយ​សម្រាប់​រដ្ឋាភិបាល ឬ​តុលាការ ពិចារណា ឬ​គិតគូរ​ធ្វើ​យ៉ាង​ណា​ឲ្យ​ដំណើរ​ការ​កាត់​ក្តី​ប្រកប​ដោយ​យុត្តិធម៌ និង​ត្រឹមត្រូវ​តែប៉ុណ្ណោះ។

រដ្ឋាភិបាល​កម្ពុជា បាន​ចាប់​ខ្លួន​លោក ម៉ម សូណង់ដូ ដាក់​គុក​ជា​លើក​ទី​៣​ហើយ បន្ទាប់​ពី​រដ្ឋាភិបាល​បាន​ចាប់​ខ្លួន​លោក​លើក​ទី​១ កាល​ពី​ថ្ងៃ​ទី​៣១ មករា ឆ្នាំ​២០០៣ នៅ​មុន​ពេល​បោះ​ឆ្នោត​ជាតិ​លើក​ទី​៣។ ការ​ចាប់​ខ្លួន​លោក​លើក​ទី​២ កាល​ពី​ថ្ងៃ​ទី​១១ តុលា ឆ្នាំ​២០០៥ ហើយ​រដ្ឋាភិបាល​បាន​ដោះ​លែង​លោក​វិញ​នៅ​ក្នុង​ឆ្នាំ​២០០៦។

ក្រុម​អ្នក​វិភាគ​បាន​លើក​ឡើង​ថា ការ​សម្រេច​ឃុំ​ខ្លួន​លោក ម៉ម សូណង់ដូ ក្នុង​ពន្ធនាគារ​វា​ជា​រូបភាព​អាក្រក់ និង​ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​រដ្ឋាភិបាល ដែល​ព្យាយាម​បង្ក្រាប​អ្នក​ហ៊ាន​តស៊ូ​មតិ ជា​ទង្វើ​ផ្ទុយ​ពី​សង្គម​ប្រជាធិបតេយ្យ និង​ជា​ប្រទេស​នីតិរដ្ឋ៕

1 comment:

Anonymous said...

អស់លោកមិនបាច់ព្រួយបារម្ភចំពោះការចាប់ខ្លួន
របស់លោក ម៉មសូណង់ដូខ្លាំងពេកទេ ទោះបី
ជាអស់លោកមិនបានប្រមូលស្នាមមេដៃគាំទ្រ
ក៏លោក ម៉ម សូណង់ដូ នឹងត្រូវដោះលែងឆាប់ៗ
ជាមិនខាន។ដំរីស្រុក ដើរទាក់ដំរីព្រៃ៕