Thursday, August 30, 2012

លោក​សំ បូរិន្ទ​ត្រូវ​បាន​ចងចាំ​ថា​ជា​អ្នក​ជួយ​បណ្តុះ​បណ្តាល​អ្នក​សារព័ត៌មាន​

លោកសំ បូរិន ជាមួយ​នឹង​អតីតឯកអគ្គរាជទូតសហរដ្ឋ​អាមេរិក​នៅភ្នំពេញ លោកឆាល រ៉េយ (Charles A. Ray)

Sam Borin
ម៉ែន​ គឹមសេង
29 សីហា 2012
Voice of America

រដ្ឋ​ធានី​វ៉ាស៊ីនតោន៖ ថ្ងៃ​សៅរ៍​​កន្លង​មក​គឺ​ជា​បុណ្យ​ខួប​១០០​ថ្ងៃ​របស់​សព​លោក​សំ បូរិន្ទ​ដែល​បាន​ប្រារព្ធ​ធ្វើ​នៅ​វត្ត​ពុទ្ធិ​ការ៉ាម​ក្នុង​រដ្ឋ​ម៉ារីឡែន។

លោក​សំ បូរិន្ទ​អតីត​អ្នក​កាសែត​ដ៏​ឆ្នើម​​​និង​មាន​ឥទ្ធិពល​ម្នាក់​បាន​ធ្វើ​មរណកម្ម​ដោយ​សារ​ជំងឺ​មហារីក​ថ្លើម​កាលពី​ថ្ងៃ​ទី​១១ ​ខែ​ឧសភា​ឆ្នាំ​នេះ​ក្នុង​ជន្មាយុ​៥៨ឆ្នាំ​​​​នៅ​គេហដ្ឋាន​របស់​លោក​នៅ​សហរដ្ឋ​អាមេរិក។

អ្នក​កាសែត​រូបនេះ​ត្រូវ​បាន​គេ​ចងចាំ​ថា​ជា​អ្នកចូលរួម​ចំណែក​ជំរុញ​ដល់​សេរីភាព​សារព័ត៌មាន​តាម​រយៈ​​ការ​ជួយ​ឧបត្ថម្ភ​ដល់​ការបណ្តុះ​បណ្តាល​អ្នក​សារព័ត៌មាន​ជាច្រើន​នាក់។​


លោក​ពិន សំខុន​អតីត​ប្រធាន​វិទ្យុ​អាស៊ី​សេរី​​ដែល​បាន​ស្គាល់​និង​សហការ​ការងារ​ជាមួយ​លោក​សំ បូរិន្ទ​តាំងពី​ឆ្នាំ​១៩៩៣ ​មក​បាន​បញ្ជាក់​ថា​លោក​បូរិន្ទ​គឺ​ជា​អ្នក​ដែល​ចូលរួម​ចំណែក​តាំង​ពី​ដំបូង​ក្នុង​ការ​ជំរុញ​ឱ្យ​មាន​សារព័ត៌មាន​សេរី​នៅ​កម្ពុជា​ក្រោយ​ពី​ប្រទេស​នេះ​បាន​ឆ្លង​កាត់​សង្គ្រាម​ហែកហួរ​គ្នា​ឯង​អស់​រយៈ​ពេល​ជា​ច្រើន​ទសវត្សរ៍។

«នៅ​ពេល​ដែល​យើង​ធ្វើ​សកម្មភាព​កាសែត​ លោក​បូរិន្ទ​នៅ​ USAID ​ហើយ​សកម្មភាព​កាសែត​លោក​បូរិន្ទ​ក៏​តាម​ដាន​ ក្នុង​នាម​ជា​អ្នក​ធ្វើ​ការ​ឱ្យ​ស្ថាន​ទូត​អាមេរិកាំង​ USAID​ហើយ​យើង​បាន​ជួប​គ្នា​ដោយ​សារ​សកម្មភាព​កាសែត​ហ្នឹង។ ខ្ញុំ​នៅ​ខាង​ចលនា​សេរីភាព​សារព័ត៌មាន។ លោក​បូរិន្ទ​ជា​អ្នក​រក​មនុស្ស​ធ្វើ​កិច្ច​ការ​ហ្នឹង​ហើយ​យើង​ជួប​គ្នា​ហើយ​នៅ​ពេល​ហ្នឹង​ហើយ​លោក​បូរិន្ទ​មាន​គុណ​លើ​ខ្ញុំ​ក្តី ​លើ​អ្នក​កាសែត​ជាទូទៅ ​ក្តី​ដោយ​សារ​តែ​រាយការណ៍​ទៅ ​ឱ្យ​ខាង​អាមេរិកាំង​ថា​មាន​មនុស្ស​ធ្វើ​ការ​ដើម្បី​បុព្វហេតុ​អីចឹង ​មាន​មនុស្ស​ឯករាជ្យ​ ហើយ​បន្ទាប់​ពី​នោះ ​មួយ​ឆ្នាំ​មក​ក៏​បាន​ទទួល​មូលនិធិ​ពី​ USAID»។

លោក​សំ បូរិន្ទ​បាន​ប្តូរ​មក​​ធ្វើ​ការ​នៅ​ វិទ្យុអាស៊ី​សេរី ​ពី​ខែ​មករា ​ឆ្នាំ២០០០ ​ដល់​ខែតុលា ​ឆ្នាំ២០០៩ ​ក្នុង​ឋានៈ​​ជា​នាយករង ​នាយកស្តីទី ​ជាអ្នកពិនិត្យ​ការផ្សាយ​ (Senior Editor) ​និង​ជា​អ្នកផ្សាយ​ផ្ទាល់​ ខាង​ផ្នែក​ភាសា​ខ្មែរ។ នេះ​បើតាម​ប្រវត្តិរូប​សង្ខេប​ដែល​បាន​អាន​ដោយ​កូនប្រុស​ច្បង​របស់​លោក​គឺ​លោក​​សំ រម្ម័ន។​ លោក​បូរិន្ទ​ក៏​ធ្លាប់​ជា​និពន្ធ​នាយក​កាសែត​ពលរដ្ឋ​ខ្មែរ​កាលពី​នៅ ​ជា​ជន​ភៀសខ្លួន​នៅ ​ឯ​ជំរំ​ជាយដែន​ខ្មែរ។​

កើត​ក្នុង​ត្រកូល​អ្នក​ស្រែ​ក្រីក្រ​មួយ​ក្នុង​ស្រុក​កំពង់លែង​ ខេត្ត​កំពង់ឆ្នាំង ​លោក​បូរិន្ទ​ធ្លាប់បាន​បួសរៀន​ពី​កុមារភាព​ហើយ​ ​ត្រូវ​បាន​មជ្ឈដ្ឋាន​នានា​ទទួលស្គាល់​ថា​បាន​យក​ចំណេះ​ដឹង​នេះ​មក​ជួយ​បម្រើ​ដល់​សង្គម​ជាតិ​ផងដែរ។​

លោក​ពិន សំខុន​បាន​បន្ថែម​ទៀត​ថា​ទៀត​ថា៖
«មាន​ការងារ​ឆ្នើម​មួយ​ចំនួន​គឺ​ខ្ញុំ​អាច​រក្សា​បាន​ថា​គុណសម្បត្តិ​លោក​បូរិន្ទ​គឺ​នៅពេល​ ធំជាង​គេ​គឺ​ជា​អ្នក​ពិគ្រោះ​យោបល់​ខាង​រឿង​សាសនា»។

ក្រៅពីនេះ​ទៀត​គឺ​ការ​ធ្វើ​ការ​សិក្សា​ស្រាវជ្រាវ​រំលេច​ឡើង​វិញ​នូវ​អ្វី​ដែល​ជា​មរតក​របស់​ខ្មែរ​តាម​រយៈ​ការ​ច្រង​ក្រង​ជា​បទ​សម្ភាស​ជាមួយ​នឹង​លោក​សាស្ត្រាចារ្យ​អក្សសាស្រ្ត​ខ្មែរ​កេង វ៉ាន់សាក់។ នេះ​បើតាម​ការ​បញ្ជាក់​របស់​លោក​ពិន​ សំខុន។

លោក សំ​ បូរិន្ទ​​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា​មាន​ការ​កសាង​ទំនាក់​ទំនង​ល្អ​ជាមួយ​នឹង​មន្ត្រី​សំខាន់ៗ​​ទាំង​នៅ​ក្នុង​រដ្ឋាភិបាល​ គណបក្ស​ប្រឆាំង​និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ក៏​ដូច​ជា​សកម្មជន​​សិទ្ធិ​មនុស្ស​នានា។​​

លោកស្រី ​ស សាម៉េន ​ជា​ភរិយា​​ចងចាំ​ថា​ក្នុង​រយៈ​ពេល​ជា​ង​៣២​ឆ្នាំ​នៃ​ចំណង​អាពាហ៍​ពិពាហ៍​​លោក សំ បូរិន្ទ​ជា​ស្វាមី​និង​ជា​ឱពុក​ដែល​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ថែ​រក្សា​ប្រពន្ធ​និង​កូន​និង​«ស្មោះត្រង់» ​បើ​ទោះ​បី​ជា​លោកស្រី​​​ទទួល​ស្គាល់​ថា​ស្វាមី​​បាន​ចំណាយ​ពេល​ផ្តោត​លើ​ការងារ​យ៉ាង​ច្រើន​ក៏ដោយ។​

«ប្តី​ខ្ញុំ​ចំណាយ​ពេល​ធ្វើ​ការ​ងារ​ច្រើន​បំផុត​ជាជាង​ចំណាយពេល​ជាមួយ​គ្រួសារ​ប៉ុន្តែ​វាអត់​ប៉ះពាល់​អ្វី​ដល់​ខ្ញុំ​និង​កូន​ប៉ុន្មាន​ទេ​ព្រោះខ្ញុំ​ក៏​មាន​គំនិត​ប្រហាក់​ប្រហែល​នឹង​គាត់​ដែរ​មាន​និស្ស័យ​ស្រដៀងគ្នា​ហើយ​ខ្ញុំ​គាំទ្រ​អ្វី​ដែល​គាត់​ធ្វើ​ទាំង​អស់​ហើយ​ជាមួយ​កូន​យើង​មាន​ពេល​ខ្លះ​នៅ​ ជាមួយ​គ្នា​ដែរ»។​

រីឯ​នាង​សំ រម្មនី ​ជា​កូនស្រី​តែមួយ​គត់​ក្នុង​ចំណោម​កូន​ទាំង​បួន​របស់​លោក​បាន​បញ្ជាក់​ថា​ឱពុក​របស់​នាង​ជាមនុស្ស​គំរូ​ម្នាក់​ក្នុង​ជីវិត​នាង៖

«គាត់​ជា​មនុស្ស​ដែល​សំខាន់​បំផុត​ដែល​ខ្ញុំ​រៀន​សូត្រ​ពីគាត់​ទាំង​ការ​តស៊ូ​និង​ជំហរ។ ឧបមា​ថា​យើង​ជឿជាក់​លើ​អ្វី មួយ​។ អ្នក​ខ្លះ​ជឿជាក់​អញ្ចឹង​មែន ​ប៉ុន្តែ​មាន​គេ​និយាយ​ទៅ​ការជឿជាក់​នោះ​វាទៅ​ជា​រំសាយ​តែ​គាត់​អត់​អញ្ចឹង​ទេ»។​

អតីត​អ្នក​កាសែត​រូប​នេះ​​​បាន​ចំណាយ​ពេល​ចុងក្រោយ​ជួយ​ផ្សព្វផ្សាយ​និង​លើក​កម្ពស់​ការយល់​​ដឹង​ពី​ចលនា​តស៊ូ​ទាមទា​រសិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​ហើយ​បាន​រាប់​អាន​​ជាមួយ​នឹង​សកម្មជន​ចលនា​នេះ​ហួស​ពី​កម្រិត​នៃ​ការ​ងារ​ប៉ុន្តែ​លោក​ថាច់ ង៉ុក​ថាច់​ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​បញ្ជាក់​ថា​ទំនាក់​ទំនង​នេះ​មិន​បាន​ជ្រៀតជ្រែក​ដល់​ការងារ​វិជ្ជា​ជីវៈ​ទេ។

«មនោសញ្ចេតនា​ក្នុង​ចិត្ត​គាត់​ខ្ញុំ​មើល​មិន​ដឹង​ប៉ុន្តែ​ការដែល​គាត់​សួរ​ជាព័ត៌មាន​គឺ​សំណួរ​ដែល​គាត់​សួរ​បើ​តាម​ធម្មតា​ពិបាក​នឹង​ដោះ​ស្រាយ​ពិបាក​នឹង​ឆ្លើយ​ដែរ​ដូច្នេះ​វាអត់​មាន​រឿង​យល់​យោគ​រឿង​ស្អី​ ហ្នឹង​ទេ​គឺ​ថា​សួរ​ទៅ ​សួរ​មក​ហើយ​ខ្ញុំ​ក៏ ​អញ្ចឹង​ដែរ​គឺ​ថា​ចង់​ឱ្យ​គាត់​សួរ​ឱ្យ​ចំៗ​ចង់​ឱ្យ​ខ្ញុំ​ស្រួល​និយាយ។ ដូច្នេះ​អ្វី​ដែល​យើង​ប្រាស្រ័យ​ទាក់​ទង​តាម​បែប​ព័ត៌មាន​មិន​ដែល​បាន​គិត​គូ​ថា​ស្គាល់​គ្នា​មិត្ត​ភ័ក្រ​ឬ​ក៏​ដោយ​សារ​គាត់​មាន​មនោ​សញ្ចេតនា​ជាមួយ​ខ្មែរ​ក្រោម​ទេ»។​
នាពេល​ចុងក្រោយ​លោក​សំ​ បូរិន្ទ​បាន​ចូលរួម​បង្កើត​វិទ្យុខ្មែរ​ពិភពលោក​ដែល​មាន​មូលដ្ឋាន​នៅ​រដ្ឋ​ធានី ​វ៉ាស៊ីនតោន​ហើយ​​ធ្វើ​ការផ្សាយ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត។​

ក្រុមគ្រួសារ​បាន​បង្កើត​មូលនិធិ​មួយ​សម្រាប់​ជួយដល់​និស្សិត​ក្រីក្រ​កម្ពុជា​ឱ្យ​មាន​ឱកាស​បាន​សិក្សា​បន្ត​នៅ​ក្នុង​ប្រទេស។ លោកស្រី​សាម៉េន​បញ្ជាក់​ថា​នៅ​ពេល​ឥឡូវ​នេះ​បាន​ជួយ​ដល់​និស្សិត​ចំនួន​ពីរ​នាក់​បន្ត​ការ​សិក្សា​នៅ ​មហាវិទ្យាល័​យ​ក្នុ​ង​ក្រុង​ភ្នំពេញ​ដែល​ជា​ការ​បំពេញ​បំណង​របស់​លោក​បូរិន្ទ​ដែល​ចង់​ជួយ​ជន​ក្រីក្រ​ដោយ​សារ​ប្រវត្តិ​ជា​កូន​កំព្រា​របស់​លោក​និង​មាន​ចិត្ត​ចង់​សិក្សា​ឱ្យ​បាន​ជ្រៅ​​ជ្រះ​ហើយ​ទីបំផុត​លោក​សិក្សា​បាន​ដល់​ថ្នាក់​អនុបណ្ឌិត​​នៅ​សាកល​វិទ្យាល័យ ​Harvard ​ខាង​ផ្នែក​រដ្ឋបាល​សាធារណ:៕

1 comment:

Anonymous said...

I live almost a life time in the US but just know now that the US is a Kingdom by reading this phrase
"លោកសំ បូរិន ជាមួយ​នឹង​អតីតឯកអគ្គរាជទូតសហរដ្ឋ​អាមេរិក​នៅភ្នំពេញ លោកឆាល រ៉េយ (Charles A. Ray)"

However,my condolences to Sam Borin's family and friends.