លោកកែម ឡី៖ «កូនសិស្សប្រឡងបាក់ឌុប៧៨%ឆ្លើយថាអាចចម្លងគ្នាបាន»
(អត្ថបទចុះផ្សាយនៅថ្ងៃ 19-08-2012, 11:32 am) | ដោយ ចំណារ
http://www.thmeythmey.com
ការអង្កេតរបស់លោក កែម ឡីបានធ្វើឡើងជាមួយបេក្ខជនប្រឡងបាក់ឌុបចំនួន១៥៤នាក់ ជាមួយសាស្ត្រាចារ្យមួយចំនួននិងជាមួយមាតាបិតាសិស្សមួយចំនួនផងដែរ។
របាយការណ៍លទ្ធផលអង្កេតលើការប្រឡងបាក់ឌុបដែលគ្រោងនឹងចេញផ្សាយនៅ ថ្ងៃចន្ទស្អែកនេះបានបង្ហាញថា កូនសិស្សប្រឡងបាក់ឌុបបានចំណាយប្រាក់ជាមធ្យមចំនួន៣០ដុល្លារដើម្បី អាចបើកមើលវិញ្ញាសារព្រាងបាន។ កូនសិស្ស៩២%បានឆ្លើយថា ពួកគេជាអ្នកមានគំនិតផ្តួចផ្តើមប្រមូលប្រាក់ដោយខ្លួនឯងដើម្បីយកទៅ ជូនលោកគ្រូអ្នកគ្រូ។ កូនសិស្សបានឆ្លើយថា ការប្រមូលប្រាក់កាសជូនមេប្រយោគនៅពេលប្រឡងបានក្លាយទៅជាវប្បធម៌ ទៅហើយ។
ត្រង់ចំណុចនេះ លោក កែម ឡី អ្នកស្រាវជ្រាវសង្គមសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជាបានសម្តែងក្តី ព្រួយបារម្ភខ្លាចទម្លាប់នេះក្លាយទៅជាវប្បធម៌ដែលពិបាកកែប្រែនាពេល អនាគត។
របាយការណ៍ដដែលបានលើកឡើងទៀតថា កូនសិស្ស២៥%បានឆ្លើយថា ការប្រឡងបាក់ឌុបនាពេលកន្លងមកមិនមានយុត្តិធម៌ទេក្នុងខណៈពេលដែល សិស្ស៥០%ផ្សេងទៀតថា មានយុត្តិធម៌។
បើទោះបីជាមានការចោទប្រកាន់ថា មានភាពមិនប្រក្រតីច្រើនយ៉ាងណាក៏ដោយជុំវិញការប្រឡងបាក់ឌុបនោះ មន្ត្រីក្រសួងអប់រំតែងតែច្រានចោលការចោទប្រកាន់ទាំងនោះ។
លោក លោក អ៊ឹង ង៉ោហុក ប្រធាននាយកដ្ឋានមធ្យមសិក្សាចំណេះទូទៅ ធ្លាប់បានអះអាងថា ក្រសួងអប់រំ បានបូកសរុបការវាយតម្លៃរបស់ខ្លួនរួចរាល់ហើយ ថាគ្មានបញ្ហាអី្វកើតឡើងទេ និងក៏គ្មានផលប៉ះពាល់ដល់ដំណើរការប្រឡងឡើយ។ លោកអះអាងថា ក្រសួងអប់រំបានសន្និដា្ឋនថា ការប្រឡងឆ្នាំនេះអាចទទួលយកបាន។
លោក កែម ឡី បានបញ្ជាក់ទៀតថា ប្រសិនបើគេវាយតម្លៃជារួម ការប្រឡងបាក់ឌុបនៅឆ្នាំ២០១២នេះមានការរឹតបន្តឹងជាងឆ្នាំមុន។
សូមបញ្ជាក់ថា របាយការណ៍អង្កេតលើការប្រឡងបាក់ឌុបនឹងត្រូវគេផ្សព្វផ្សាយជាសាធារណៈ ចាប់ពីថ្ងៃចន្ទស្អែកនិងផ្ញើជូនក្រសួងអប់រំនៅក្នុងសប្តាហ៍ ក្រោយនេះ៕
No comments:
Post a Comment