![]() |
កម្លាំងនគរបាលប្រឹងរុញទប់អ្នកភូមិបឹងកក់ និងបុរីកីឡាមិនឲ្យដើរក្បួន ទៅកាន់ក្រសួងយុត្តិធម៌។ រូបថត ម៉េង គីមឡុង |
![]() |
ក្រុមដែលអះអាងជាអ្នករត់ម៉ូតូឌុប តវ៉ានៅសួនសេរីភាព កាលពីម្សិលមិញ ប្រឆាំងអ្នកភូមិបឹងកក់។ រូបថត ផា លីណា |
ផាក់ ស៊ាងលី និង មុំ គន្ធា
The Phnom Penh Post
យ៉ាងណាក៏ដោយ អ្នករត់ម៉ូតូឌុប ពីរនាក់នៅផ្សារអូរឫស្សី ដែល អះអាងថា ពួកគេ ត្រូវបានកៀងគរ ឲ្យចូលរួមនៅក្នុងសមាគមនេះ កាលពីខែមុន និងឲ្យចូលរួមតវ៉ា កាលពីម្សិលមិញ មិនបានដឹងច្បាស់ពីការវាយដំអ្នករត់ម៉ូតូឌុបណាម្នាក់ ពីសំណាក់អ្នកស្រីយ៉ោម បុប្ផានោះទេ។ភ្នំពេញៈ ក្រុមមួយ ដែលទើបតែចេញមុខ ដោយប្រើឈ្មោះថា «សមាគមរួមគ្នា ដើម្បីអភិវឌ្ឍន៍កម្ពុជា» បានប្រមូលផ្តុំគ្នាធ្វើការគាំទ្រ ចំណាត់ការរបស់តុលាការ ដែលបានចាប់ឃុំខ្លួនស្ត្រីអ្នកភូមិបឹងកក់ម្នាក់ ខណៈប្រជាពលរដ្ឋសហគមន៍បឹងកក់ និងបុរីកីឡា បានបរាជ័យ ក្នុងការដើរក្បួន យកញតិ្តទៅដាក់សុំអន្តរាគមន៍ ពីក្រសួងយុត្តិធម៌ សុំឲ្យជួយសកម្មជនដីធ្លីពីរនាក់ ដោយសារកម្លាំងសមត្ថកិច្ចចម្រុះជាង ១០០ នាក់ បានរាំងខ្ទប់ពួកគាត់ គ្រប់ច្រកល្អកពេញមួយព្រឹកថ្ងៃចន្ទម្សិលមិញ ដែលស្ទើរតែធ្វើឲ្យផ្ទុះអំពើហិង្សាដាក់គ្នា។
ប្រជាពលរដ្ឋ ទាំងពីរសហគមន៍ ប្រមាណ ២០០ នាក់ ដែលភាគច្រើនជាស្ត្រី នឹងកុមារបានសរសេរពាក្យស្លោកលើរូបថតអ្នកស្រី យ៉ោម បុប្ផា និងខ្លះទៀតសរសេរនៅលើផ្ទៃមុខ និងលើរូបព្រះពុទ្ធ ហើយបានជួបជុំគ្នា ដើរក្បួន ចេញពីបឹងកក់ក្នុងបំណងទៅដាក់ញត្តិ នៅក្រសួងយុតិធម៌ ស្នើសុំឲ្យជួយអន្តរាគមន៍ ដោះលែងសកម្មជនដីធ្លីរបស់ពួកគេពីរនាក់ គឺអ្នកស្រីយ៉ោម បុប្ផា និង ទឹម សាក់មុន្នី ដែលត្រូវបាននាំយកទៅឃុំខ្លួន នៅគុកព្រៃស កាលពីសប្តាហ៍មុន។ កម្លាំងចម្រុះបានហាមឃាត់ក្បួនរបស់អ្នកភូមិ ខណៈពេលដែលមនុស្សមួយក្រុមផ្សេងទៀត ដែលជិះម៉ូតូគាំទ្រ ការសម្រេចរបស់តុលាការក្នុងឃុំខ្លួន អ្នកស្រី យ៉ោម បុប្ផា ត្រូវបានអនុញ្ញាត។
អ្នកភូមិបឹងកក់ និងបុរីកីឡា បានពុះកញ្ជ្រោលកំហឹង និងព្យាយាមទំលុះរបាំងរបស់សន្តិសុខ និងនគរបាល ខណ្ឌដូនពេញ ហើយបានស្រែកខ្លាំងៗថា«ម៉េចក្រុមម្ខាងទៀត ដែលប្តឹង យ៉ោម បុ ប្ផា ឲ្យហែបាន តែស្រីៗយើងខ្ញុំ ហែមិនបាន? ពួកអ្នកទាំងអស់គ្នា កំពុងឃុបឃិតគ្នា បិទបាំងការពិត ធ្វើបាបសកម្មជនដីធ្លី។ ការតវ៉ារបស់យើងខ្ញុំ វាផុសចេញពីការឈឺចាប់ ដោយសារក្រុមហ៊ុនមានអំណាច រំលោភយកផ្ទះសម្បែង។ យើងត្រូវការឲ្យដោះលែងស្ត្រីទាំងពីរនាក់វិញ»។
ម្តាយ បង្កើតរបស់អ្នកស្រី យ៉ោម បុប្ផា គឺអ្នកស្រីសំបូរ សុត អាយុ ៦០ ឆ្នាំ បានឈរស្រែកខ្លាំងៗ ទាំងទឹកភ្នែករលីងរលោងថា៖« ការចាប់ដាក់គុកដោយសារតែកូនខ្ញុំចេញមុខជាងគេ នៅក្នុងការតវ៉ា រឿងដីធ្លី នៅបឹងកក់នេះ។ ការតវ៉ាកន្លងមក គឺធ្វើដើម្បីប្រយោជន៍រួម ការពារដីធ្លី តែគេមួលបង្កាច់ថា វាយគេ ដើម្បីចាប់ដាក់គុកតែប៉ុណ្ណោះ»។ អ្នកស្រីបានបន្តថា កូនរបស់អ្នកស្រី ឈ្មោះយ៉ោម បុប្ផា មិនមានទោសកំហុស ដូចគេចោទប្រកាន់នោះទេ ហើយបានសំណូមពរ ឲ្យរដ្ឋាភិបាលនិងអង្គការសង្គមស៊ីវិល ជួយអន្តរាគមន៍ ដោះលែងកូនស្រីគាត់មកវិញ។
ប្រជាពលរដ្ឋ បានកាន់រូបថត អ្នកស្រីយ៉ោម បុប្ផា ហើយសរសេរលើរូបថតនោះថា «អយុត្តិធម៌ លែងខ្ញុំទៅ។ គុកមិនមែនជាដំណោះស្រាយទេ» ជាដើម។ ដោយសារតែមិនអាចទំលុះរបាំងការពាររបស់កម្លាំងចម្រុះនោះបាន ប្រជាពលរដ្ឋបានឆ្លេឆ្លា រត់រកច្រកចេញពេញមួយព្រឹក ទៅដាក់ញត្តិ ដូចសត្វជាប់ទ្រុង។
ស្ត្រីចំណាស់ ឈ្មោះ ង៉ែត ឃុន អាយុ ៧២ ឆ្នាំ ដែលធ្លាប់ត្រូវបាននគរបាលរាជធានី វាយបែកក្បាល និងធ្លាប់ត្រូវបានចាប់ឃុំ នៅគុកព្រៃស ជាមួយស្ត្រី បឹងកក់ ១៣ នាក់ផ្សេងទៀត បានឈរតវ៉ា ដោយកាន់រូបព្រះពុទ្ធធំមួយផ្ទាំង។ ស្ត្រីចំណាស់ដែលមើលទៅស្គម និងពោរពេញដោយទុក្ខសោកយ៉ាងខ្លាំងនោះអស់កម្លាំងបន្ទាប់ពីការតវ៉ាពេញមួយព្រឹក ដោយនិយាយថា៖«ខ្ញុំហត់ណាស់ អត់បាយអត់ទឹក។ ខំដើរពេញមួយព្រឹក នៅតែមិនអាចរកច្រកចេញបាន»។
លោកសៅ ណុល អធិការងនគរបាលខណ្ឌដូនពេញ បានចុះទៅសម្របសម្រួល ជាមួយនឹងប្រជាពលរដ្ឋទាំងពីរសហគមន៍ដោយប្រាប់ថា ការហាមឃាត់ មិនឲ្យដើរក្បួន គឺដើម្បីរក្សាសណ្តាប់ធ្នាប់ មិនឲ្យមានការកកស្ទះចរាចរណ៍។ លោកថ្លែងថា៖«សូមបងប្អូន ទៅពីរតុកៗបានហើយ កុំឲ្យស្ទះផ្លូវ។ អនុញ្ញាតឲ្យតែពីរតុកៗទេ ដែលមួយតុកៗ មានតែ ៧ ឬ ៨ នាក់ប៉ុណ្ណោះ»។
អ្នកស្រីទេព វន្នី តំណាងប្រជាពលរដ្ឋបឹងកក់បានថ្លែងថា ដោយសារតែប្រជាពលរដ្ឋ មានការហេវហត់ និងមានការរារាំងពីកម្លាំងរបស់អាជ្ញាធរនោះ ប្រជាពលរដ្ឋ បានសម្រេចចិត្តផ្អាកការហែក្បួនទៅដាក់ញតិ្តនោះវិញ ហើយគ្រោងនឹងបន្តធ្វើនៅថ្ងៃអង្គារនេះទៀត។ អ្នកស្រីបានសម្តែងការខកចិត្តថា៖«យើងទាំងអស់គ្នាមានការសោកស្តាយ យ៉ាងខ្លាំង នៅពេលដែលអាជ្ញាធររាំងខ្ទប់បែបនេះ។ វាគ្មានសេរីភាពនោះទេ ព្រោះគ្រប់ច្រកល្អក បិទទាំងអស់។ ឲ្យទៅតែពីរម៉ូតូបែបនេះ យើងមិនទុកចិត្តទេខ្លាចក្រែងគេមានឧបាយកលអីមិនល្អ ឬចាប់ចងពួកយើង ព្រោះគេឲ្យយើងកត់ឈ្មោះអ្នកទាំងពីរម៉ូតូនោះទៀត»។
យោង តាមលិខិត ដែលមានផ្តិតមេដៃ ដែលប្រជាពលរដ្ឋគ្រោងនឹងដាក់ទៅក្រសួងយុត្តិធម៌នោះ បានស្នើសុំក្រសួងនេះ ធ្វើអន្តរាគមន៍ ទៅសាលាដំបូងរាជធានី ភ្នំពេញ ផ្តល់ភាពយុត្តិធម៌ ដោះលែងសកម្មជនដីធ្លី ទាំងពីរនាក់ ចេញពីពន្ធនាគារព្រៃស។ លិខិតដដែលបញ្ជាក់ថា៖«អាជ្ញាធរបានប្រើប្រាស់គ្រប់មធ្យោបាយ ជាពិសេស យកប្រព័ន្ធតុលាការ មកគាបសង្កត់ ដើម្បីរារាំងនិងគំរាមកំហែង កុំឲ្យពលរដ្ឋចេញតស៊ូមតិការពារដីធ្លី និងលំនៅដ្ឋាន»។
លោកអំ សំអាត ប្រធានផ្នែកស៊ើបអង្កេត របស់អង្គការសិទ្ធិមនុស្សលីកាដូ ដែលបានចុះទៅអង្កេតផ្ទាល់បានថ្លែងថា ការរារាំងពលរដ្ឋនោះ មិនមែនជាដំណោះស្រាយនោះទេ។ អាជ្ញាធរ និងប្រជាពលរដ្ឋ គួរតែស្រុះស្រួលគ្នា រកដំណោះស្រាយមួយ សមរម្យ ដែលអាចទទួលយកបានទាំងអស់គ្នា។ លោកបញ្ជាក់ថា៖«ការរារាំងពលរដ្ឋមិនឲ្យចេញតវ៉ា ដោយសន្តិវិធី វាជារឿងបំបិទសិទ្ធិសេរីភាព ក្នុងការបញ្ចេញមតិ»។ លោកបន្តថា៖ «ការចាប់ពលរដ្ឋដាក់គុកវាមិនមែនជាដំណោះស្រាយល្អនោះទេ។ រដ្ឋាភិបាល បានផ្តល់ដី ដល់ពលរដ្ឋនៅបឹងកក់រួចហើយ ប៉ុន្តែបញ្ហានៅត្រង់ថា តើត្រូវប្រើនីតិវិធីបែបណា ដើម្បីឲ្យពលរដ្ឋ ដែលសេសសល់ បានទទួលដីធ្លីគ្រប់គ្នានោះ»។
លោក អំ សំអាត ក៏បានសំដែងក្តីបារម្ភផងដែរចំពោះវត្តមានរបស់ក្រុមម៉ូតូឌុប មួយក្រុមទៀត ថា អាចនឹងធ្វើឲ្យមានការប៉ះទង្គិចគ្នា ជាមួយអ្នកភូមិបឹងកក់ និងបុរីកីឡា នៅពេលណាមួយ។
កាល ពីម្សិលមិញ ក្រុមអ្នករត់ម៉ូតូឌុប និងកង់បី ប្រមាណជាង ១០០ នាក់ បានតវ៉ា ប្រឆាំងនឹងអ្នកភូមិបុរីកីឡានិងបឹងកក់ ដោយទាមទារឲ្យតុលាការ បន្តឃុំ ខ្លួន អ្នកស្រី យ៉ោម បុប្ជា ទៅវិញ។
លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានី ថ្លែងថា ការដែលទប់ស្កាត់ប្រជាពលរដ្ឋសហគមន៍បុរីកីឡា និងបឹងកក់ មិនឲ្យដើរក្បួនទៅដាក់ញត្តិនោះ ដោយសារតែអាជ្ញាធរខ្លាចមានការប៉ះទង្គិចគ្នា នឹងក្រុមម្ខាងទៀត ដែលកំពុងហែក្បួនដែរ។ លោកបញ្ជាក់ថា៖«មួយប្រឆាំងមួយ។ បើអាជ្ញាធរយើងអនុញ្ញាតឲ្យហែទាំងពីរទៅ ចុះបើប៉ះគ្នា វានឹងបង្កើតភាពអនាធិបតេយ្យ វាដូចជាចាក់សាំងលើភ្លើងហើយ»។ លោកបានអះអាងថា ក្រុមម៉ូតូឌុប បានដាក់សំណើ មកអាជ្ញាធរមុនសហគមន៍ទាំងពីរ។
លោក ឯ សុភាស់ ប្រធានសមាគមរួមគ្នា ដើម្បីអភិវឌ្ឍកម្ពុជា បានដឹកនាំសមាជិករបស់ខ្លួន ដែលជាអ្នករត់ម៉ូតូឌុប និងកង់បី ប្រមាណជាង ១០០ នាក់ប្រមូលផ្តុំគ្នា នៅទីលានប្រជាធិបតេយ្យមុនពេលបន្តនាំយកញត្តិទៅដាក់នៅសាលា ឧទ្ធរណ៍ និងតុលាការក្រុងកាលពីព្រឹកម្សិលមិញ។
លោកថ្លែងថា ពួកលោកដាក់ពាក្យមកតុលាការ គឺដើម្បីមិនឲ្យតុលាការ ធ្វើការបង្វែរសំណុំរឿងរបស់ យ៉ោម បុប្ផា ពីករណីអំពើហិង្សា ដោយចេតនា មានស្ថានទម្ងន់ទោស ទៅជាករណីទំនាស់ដីធ្លី នៅតំបន់បឹងកក់។ លោក បន្តថា៖ «យើងទាំងអស់គ្នា គាំទ្រនូវចំណាត់ការរបស់តុលាការតែយើងសុំទាមទារឲ្យតុលាការ បន្តធ្វើការឃុំខ្លួនយ៉ោម បុប្ផា និងធ្វើការផ្តន្ទាទោសទៅតាមច្បាប់»។
លោកបន្ថែមថា ពួកលោក ក៏បានធ្វើការសំណូមពរដល់តុលា-ការផងដែរ គឺទាមទារសំណងជំងឺចិត្ត និងថ្លៃព្យាបាល ដល់ជនរងគ្រោះពីរនាក់ ដែលយ៉ោម បុប្ផា និងបក្ខពួកបានវាយធ្វើបាបឲ្យរងរបួសធ្ងន់ កាលពីដើមខែសីហា។
លោកវ៉ាត សារ៉ាត អាយុ ៤៧ ឆ្នាំ ដែលអះអាងថា ជាឪពុក និងជាឪពុកមា របស់ជនរងគ្រោះ បានឲ្យដឹងកាលពីម្សិលមិញថា លោកបានដាក់ពាក្យប្តឹង ទៅតុលាការ ទាមទារសំណងជំងឺចិត្ត និងថ្លៃព្យាបាលកូនរបស់លោកចំនួន ២ ម៉ឺនដុល្លារ ពីយ៉ោម បុប្ផា។ លោកមានប្រសាសន៍ថា៖«ខ្ញុំត្រូវការសំណង ដើម្បីមកព្យាបាលកូនរបស់ខ្ញុំ ដែលទទួលរងការវាយដំយ៉ាងធ្ងន់ធ្ងរ»។
យ៉ាងណាក៏ដោយ អ្នករត់ម៉ូតូឌុប ពីរនាក់នៅផ្សារអូរឫស្សី ដែល អះអាងថា ពួកគេ ត្រូវបានកៀងគរ ឲ្យចូលរួមនៅក្នុងសមាគមនេះ កាលពីខែមុន និងឲ្យចូលរួមតវ៉ា កាលពីម្សិលមិញ មិនបានដឹងច្បាស់ពីការវាយដំអ្នករត់ម៉ូតូឌុបណាម្នាក់ ពីសំណាក់អ្នកស្រីយ៉ោម បុប្ផានោះទេ។ អ្នករត់ម៉ូតូឌុបទាំងពីរនាក់ ដែលសុទ្ធតែបដិសេធមិនបញ្ចេញឈ្មោះ បានអះអាងទៀតថា បើពួកគេមិនចូលរួមក្នុងសមាគមនេះទេ ពួកគេនឹងមិនត្រូវគេអនុញ្ញាតឲ្យចតដឹកម៉ូយ នៅតាមច្រកផ្សារអូរឫស្សីឡើយ។
ជាមួយគ្នានេះ សមាគមប្រជាធិបតេយ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ IDEA ដែលអះអាងថា ខ្លួនមានសមាជិកជាអ្នករត់ម៉ូតូឌុប អ្នករត់រ៉ឺម៉កទេសចរណ៍ អ្នករត់តាក់ស៊ី អាជីវករ កម្មករអូសរទេះ ចំនួនជាង ៤០០០ នាក់ នៅក្នុងខេត្តក្រុងចំនួន ៦ នោះ បានចេញសេចក្តីប្រកាសព័ត៌មានបន្ទាន់មួយ កាលពីម្សិលមិញថា ខ្លួនមិនមានជាប់ពាក់ព័ន្ធនឹងក្រុមអ្នករត់ម៉ូតូឌុបខាងលើនេះ ទេ។ សេចក្តីប្រកាសព័ត៌មាននេះ គូសបញ្ជាក់ថា៖ «IDEA គ្មានគោលកាណ៍ណាមួយ ប្រឆាំងទៅនឹងសកម្មជនតស៊ូមតិ របស់ប្រជាពលរដ្ឋ ដើម្បីការពារសិទ្ធិលំនៅដ្ឋាន ដីធ្លី និងធនធានធម្មជាតិនោះទេ។ សមាគមយើងខ្ញុំ មានតែចូលរួមយ៉ាងសកម្ម ក្នុងសកម្មភាពតស៊ូមតិទាំងនេះថែមទៀតផង»៕
រាយការណ៍បន្ថែមសូ វិសាល
No comments:
Post a Comment