ដោយ កែវ និមល 2012-09-30 : RFA
ការទាមទារផ្លាស់ប្ដូរ សមាសភាពសមាជិក
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត របស់គណបក្សប្រឆាំងនៅកម្ពុជា
មកទល់ពេលនេះ ប្រហែលមិនបានទទួលលទ្ធផលទេ។
នៅដើមខែតុលាខាងមុខនេះ រដ្ឋសភាមានគម្រោងប្រជុំ
ពិភាក្សាសម្រេចលើសមាសភាពសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
ហៅកាត់ថា គ.ជ.ប. សម្រាប់អាណត្តិថ្មី។ តើមូលហេតុអ្វីខ្លះ
បានជាជិតដល់ពេលបោះឆ្នោត គណបក្សប្រឆាំងតែងតែទាមទារឲ្យមានការដូរ
សមាសភាពសមាជិក គ.ជ.ប ដូច្នេះ?
លោក ទេព នីថា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
ហៅកាត់ថា គ.ជ.ប មានប្រសាសន៍នៅថ្ងៃទី ៣០ កញ្ញាថា នៅថ្ងៃទី ១១
តុលាខាងមុខនេះ រដ្ឋសភាកម្ពុជា
នឹងពិនិត្យពិភាក្សាសម្រេចលើសមាសភាពសមាជិក គ.ជ.ប ដែលក្រសួងមហាផ្ទៃ
បានស្នើឡើងហើយ។
លោក ទេព នីថា មិនបាននិយាយរៀបរាប់ពីឈ្មោះបេក្ខជន
សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថ្មី
ដែលស្នើសុំឲ្យសភាពិនិត្យសម្រេចនោះទេ។ ប៉ុន្តែ ប្រភពព័ត៌មាននានា
បានឲ្យដឹងថា លោក អ៊ឹម សួស្ដី
នៅតែជាបេក្ខជនប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
ហើយលោកស្រី ស៊ីន ជំបូ នៅតែជាបេក្ខជនអនុប្រធានដដែល។
អ្នកនាំពាក្យគណបក្ស សម រង្ស៊ី លោក យឹម សុវណ្ណ មានប្រសាសន៍ថា គណបក្ស
សម រង្ស៊ី ធ្លាប់បានដាក់សំណើទាក់ទងការផ្លាស់ប្តូរសមាសភាពសមាជិក
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប
ទៅក្រសួងមហាផ្ទៃហើយ ប៉ុន្តែបើមិនមានការផ្លាស់ប្តូរតាមសំណើទេ
គណបក្សប្រឆាំងនៅកម្ពុជា
មិនចូលរួមបោះឆ្នោតជាតិរើសអ្នកតំណាងរាស្ត្រអាណត្តិថ្មីទេ។
លោក យឹម សុវណ្ណ បានរៀបរាប់អំពីមូលហេតុនៃការទាមទារផ្លាស់ប្ដូរ
សមាសភាពសមាជិក គ.ជ.ប នេះថា គ.ជ.ប បច្ចុប្បន្ននេះ
មិនបានបំពេញការងារតាមតួនាទីរបស់ខ្លួន ដែលច្បាប់បានចែង
និងប្រគល់ឲ្យឡើយ។ ដូច្នេះ ដើម្បីឲ្យការបោះឆ្នោត
នៅពេលខាងមុខបានប្រព្រឹត្តទៅឲ្យបានត្រឹមត្រូវល្អ មានតែការប្ដូរ
សមាសភាពសមាជិក គ.ជ.ប បច្ចុប្បន្នតែប៉ុណ្ណោះ។
លោក យឹម សុវណ្ណ៖ «កន្លងមកនេះ យើងឃើញថា គ.ជ.ប នេះ
មិនបានបំពេញតួនាទីរបស់ខ្លួន ប្រកបដោយឯករាជ្យ និងអព្យាក្រឹតទេ។
គឺជាឧបករណ៍គណបក្សកាន់អំណាច ដែលបង្កើតមក
ដើម្បីលួចបន្លំសន្លឹកឆ្នោតតែប៉ុណ្ណឹង»។
អ្នកនាំពាក្យរបស់គណបក្ស សម រង្ស៊ី បានពន្យល់ថា
នីតិវិធីក្នុងការរើសសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថ្មី
ដែលគណបក្ស សម រង្ស៊ី បានស្នើសុំឡើង កាលពីពេលថ្មីៗ នេះ
គឺមានតម្លាភាព និងតាមនិយាមអន្តរជាតិ
ហើយបានអនុវត្តនៅប្រទេសមួយចំនួន បានទទួលជោគជ័យទៀតផង។
សំឡេង៖ «គណបក្ស សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស
នៅតែរក្សាជំហរដដែល។ សុំឲ្យក្រសួងមហាផ្ទៃពិនិត្យមើល
គម្រោងរបស់គណបក្ស សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស ពីព្រោះជាអ្វី
ដែលគេធ្វើនៅប្រទេសជិតខាងជើង បានទទួលជោគជ័យ»។
លោក យឹម សុវណ្ណ បានបញ្ជាក់ថា ការទាមទារឲ្យមានការផ្លាស់ប្ដូរ
សមាសភាពសមាជិក គ.ជ.ប នេះ ក៏មានលើកឡើងនៅក្នុងរបាយការណ៍
កាលពីពេលថ្មីៗ នេះ របស់លោក សុរិយា ស៊ូប៊ែឌី (Surya Subedi)
អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស
ប្រចាំប្រទេសកម្ពុជាផងដែរ។
ទាក់ទងនឹងការទាមទារឲ្យមានការផ្លាស់ប្ដូរ សមាសភាពសមាជិក គ.ជ.ប
នេះ លោក គល់ បញ្ញា នាយកប្រតិបត្តិនៃអង្គការឃ្លាំមើលការបោះឆ្នោតមួយ
ឈ្មោះ គណៈកម្មាធិការ ដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌
នៅកម្ពុជា ហៅកាត់ថា ខុមហ្វ្រែល (Comfrel) មានប្រសាសន៍ថា ការចាញ់ឈ្នះ
នៅក្នុងការបោះឆ្នោត វាជារឿងធម្មតាទេ។ ប៉ុន្តែ
ការជឿទុកចិត្តទៅលើអ្នករៀបចំការបោះឆ្នោត វាជារឿងសំខាន់
ពីព្រោះការប្រកួត ដែលមានអាជ្ញាកណ្ដាលត្រឹមត្រូវ
វាធ្វើឲ្យអ្នកចាញ់ទទួលយក ដោយមិនមានការតវ៉ា។
លោក គល់ បញ្ញា៖ «ពេលគេចាញ់ក៏អស់ចិត្ត ពេលឈ្នះក៏មានកិត្តិយស។
អានេះជាចំណុចសំខាន់។ វាមិនសំខាន់ថា ដូរ គ.ជ.ប ទៅ
វាប៉ះពាល់អីនោះទេ។ ប៉ុន្តែ បើគេមិនសុខចិត្ត វាមានបញ្ហាដដែល។
គេគិតថា លទ្ធផលនោះ វាប៉ះពាល់។ រឿងសំខាន់ គឺរឿងមើលអាប៊ីត
និងការចូលរួមរបស់គណបក្ស ដែលប្រកួតប្រជែងនោះតែម្ដង»។
លោក គល់ បញ្ញា បញ្ជាក់ថា ការមិនទុកចិត្ត
អាចបង្កើតជាបញ្ហាចោទប្រកាន់ច្រើនយ៉ាងណាស់ ពីព្រោះនៅពេលណា
គេមិនទុកចិត្តសមាសភាព គ.ជ.ប ថ្នាក់ជាតិហើយ រាល់បញ្ហានានា
ដែលកើតមាននៅថ្នាក់ខេត្ត ស្រុក ឃុំ គេមុខជាចោទថា រឿងហេតុនោះ
កើតឡើងដោយសារ គណៈកម្មាធិការថ្នាក់ជាតិ ណែនាំជាមិនខាន។
លោក គល់ បញ្ញា យល់ថា
ការចូលរួមជ្រើសរើសសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
ពីសំណាក់គណបក្សនយោបាយ ដែលមានអាសនៈក្នុងសភា គឺជារឿងធម្មតា
ដែលមិនត្រូវមានការតឹងតែងហាមឃាត់ឡើយ។
ចំពោះតួនាទីរបស់ គ.ជ.ប កន្លងមក លោកនាយកប្រតិបត្តិនៃអង្គការ
ខុមហ្រ្វែល បានរិះគន់ថា មិនបានប្រើឲ្យអស់សមត្ថភាព
និងបង្ហាញភាពមិនលំអៀងរបស់ខ្លួន ឲ្យគណបក្សនយោបាយ
និងសាធារណជនមានជំនឿឡើយ។
លោក គល់ បញ្ញា៖ «គ.ជ.ប មានកាតព្វកិច្ច
ត្រូវតែធ្វើឲ្យការបោះឆ្នោតនោះ មានភាពសេរី និងយុត្តិធម៌។
អានេះមានចែងនៅក្នុងមាត្រាទី១៦ ក្នុងច្បាប់បោះឆ្នោត។
គាត់មិនអាចបោះបង់ចោលការទទួលខុសត្រូវបានទេ។
គឺច្បាប់សរសេរមិនអស់ទេ។ ឧទាហរណ៍ ច្បាប់ចែងថា គ.ជ.ប
អាចឲ្យគណបក្សនយោបាយ បង្ហាញរបាយការណ៍គណនេយ្យអំពីការឃោសនាបោះឆ្នោត។
ច្បាប់គេថាអាច។ បើ គ.ជ.ប មានឆន្ទៈចង់ឲ្យមានការអនុវត្តច្បាប់នេះ
គឺយកមាត្រានេះ មកអនុវត្ត។ គឺឲ្យគណបក្ស
ធ្វើរបាយការណ៍អំពីការចំណាយក្នុងការឃោសនាបោះឆ្នោត។ ហើយឲ្យគេដឹង។
នេះបើ គ.ជ.ប មានឆន្ទៈ អនុវត្តឲ្យបានត្រឹមត្រូវ»។
ឆ្លើយតបការចោទប្រកាន់នានា ចំពោះ គ.ជ.ប របស់មន្ត្រីគណបក្សនយោបាយ
និងអង្គការមិនមែនរដ្ឋាភិបាល លោក ទេព នីថា
អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មានប្រសាសន៍ថា
ការរិះគន់ គ.ជ.ប នេះ មានតាំងពីយូរមកហើយ។ ទោះបីជាយ៉ាងណាក៏ដោយ
គ.ជ.ប បានរៀបចំការបោះឆ្នោត បានជោគជ័យ
និងបានទទួលការកោតសរសើរពីមតិសាធារណជនមួយចំនួនដែរ។
លោក ទេព នីថា៖ «អ៊ីចឹងទេ ការលើកឡើងនេះ វាជាការធម្មតាទៅហើយ។
លទ្ធផលដែល គ.ជ.ប ទទួលបានពីអាណត្តិទី១ មកដល់ពេលនេះ
គឺអនុវត្តបានសម្រេចទៅតាមច្បាប់ ដែលប្រគល់ភារកិច្ចឲ្យខ្លួន
ប្រកបដោយជោគជ័យ។ បើទោះបីជាមិនបាន ១០០% ក៏ដោយ។ ប៉ុន្តែ
គឺគេអាចទទួលបាន នៅក្នុងបរិបទប្រទេសកម្ពុជា»។
នៅថ្ងៃទី ១១ ខែតុលានេះ រដ្ឋសភាកម្ពុជា
នឹងអនុម័តជ្រើសតាំងសមាសភាពសមាជិក គ.ជ.ប អាណត្តិថ្មី សម្រាប់រយៈពេល ៥
ឆ្នាំ។ គេនៅមិនទាន់ដឹងទេថា តើគណបក្សនយោបាយប្រឆាំង នៅកម្ពុជា
នឹងអនុវត្តទៅតាមការប្រកាសរបស់ខ្លួនថា
មិនចូលរួមបោះឆ្នោតជាតិជ្រើសរើសតំណាងរាស្ត្រអាណត្តិថ្មី
បើសិនជាមិនមានការដូរសមាសភាពមន្ត្រី គ.ជ.ប បច្ចុប្បន្ន
ឬយ៉ាងណានៅឡើយទេ?
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
No comments:
Post a Comment