Sunday, September 30, 2012

លោក ហ៊ុន សែន៖ កម្ពុជា​មិន​មែន​ទទួល​បាន​សន្តិភាព​ដោយសារ​វត្តមាន​​អ៊ុនតាក់

ដៃចោរជោរ សែន
ដោយ វណ្ណ វិចារ 2012-09-30​ www.rfa.org
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ជា​ថ្មី​ថា ប្រទេស​កម្ពុជា មិន​មែន​បាន​ទទួល​សន្តិភាព​ពេញលេញ​ ដោយសារ​វត្តមាន​អាជ្ញាធរ​បណ្ដោះអាសន្ន​របស់​អង្គការ​សហប្រជាជាតិ​នៅ​កម្ពុជា ហៅ​ថា អ៊ុនតាក់ (UNTAC) នោះ​​ទេ។
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ពិធី​ប្រគល់​ប្លង់ដី​ជូន​ពលរដ្ឋ​ខេត្ត​បាត់ដំបង នៅ​ថ្ងៃ​ទី​៣០ កញ្ញា ថ្លែង​ជា​ថ្មី​ថា កង​កំលាំង​រក្សា​សន្តិភាព​របស់​អង្គការ​សហប្រជាជាតិ អ៊ុនតាក់ មិន​បាន​ស្វែង​រក​សន្តិភាព​ពិតប្រាកដ​ជូន​ពលរដ្ឋ​កម្ពុជា នោះ​ទេ។ ប៉ុន្តែ​អ្នក​តាម​ដាន​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា មិន​ឯកភាព​នឹង​ការ​លើក​ឡើង​របស់​លោក ហ៊ុន សែន ឡើយ។

លោក ហ៊ុន សែន មាន​ប្រសាសន៍​ថា អ៊ុនតាក់ បាន​ចំណាយ​លុយ​ជាង​ពីរ​ពាន់​លាន​ដុល្លារ​ដើម្បី​នាំ​កម្ពុជា ទៅ​រក​ប្រជាធិបតេយ្យ និង​សន្តិភាព ប៉ុន្តែ​បែរ​ជា​មិន​ជោគជ័យ។ លោក​បន្ត​ថា បន្ទាប់​ពី​បោះ​ឆ្នោត​ឆ្នាំ​១៩៩៣ កម្ពុជា​នៅ​តែ​ជា​ប្រទេស​មួយ​តំបន់​ត្រួតត្រា​ពីរ គឺ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ និង​រដ្ឋាភិបាល​ខ្មែរ​ក្រហម ដែល​ប្រយុទ្ធ​គ្នា​ជា​រៀងរាល់​ថ្ងៃ។
លោក ហ៊ុន សែន បញ្ជាក់​ថា គោលនយោបាយ​ឈ្នះៗ​របស់​លោក​ទើប​ជា​ការ​នាំ​កម្ពុជា ឲ្យ​សន្តិភាព​ពេញ​បរិបូរណ៍​ពិត​ប្រាកដ៖ «ព្រោះ​ពេល​ដែល​ត្រឡប់​ទៅ​វិញ ខ្ញុំ​នៅ​ចាំ​បាន បណ្ដាក់​គ្នា​ចេញ​ទាំង​យប់ ព្រោះ​នៅ​ខ្លាច​ជាប់​ផុង។ អ៊ុនតាក់​អនុវត្ត​កិច្ច​ព្រមព្រៀង​បាន​តែ​បី​ភាគី​ទេ ហើយ​ទីក្រុង​អន្លង់វែង ថែម​ទាំង​បាន​បោះ​ក្រដាស​ប្រាក់​ចាយ​ទៅ​ទៀត»
លោក ហ៊ុន សែន បន្ត​ថា អ៊ុនតាក់​មិន​មែន​ជា​តួឯក​ដែល​នាំ​មក​នូវ​សន្តិភាព​ជូន​កម្ពុជា​នោះ​ទេ។ យ៉ាង​ណា​ក៏ដោយ មន្ត្រី​អ្នក​នាំ​ពាក្យ​គណបក្ស សម រង្ស៉ី លោក យឹម សុវណ្ណ ថ្លែង​ថា កម្ពុជា​បាន​ទទួល​សន្តិភាព​ក៏​ដោយសារ​តែ​មាន​កិច្ច​ព្រមព្រៀង​ទីក្រុង​ ប៉ារីស និង​ការ​បោះ​ឆ្នោត​ឆ្នាំ​១៩៩៣។
លោក​បន្ត​ថា ប្រទេស​កម្ពុជា​មុន​ការ​បោះ​ឆ្នោត​ឆ្នាំ​១៩៩៣ ជា​ប្រទេស​ឯកោ ពិភពលោក​មិន​ទទួល​ស្គាល់ កុម្មុយនិស្ត​ស្ថិត​ក្រោម​ឥទ្ធិពល​វៀតណាម ពលរដ្ឋ​រស់​នៅ​រង​ការ​គំរាមកំហែង​គ្រប់​ពេល​វេលា។
លោក យឹម សុវណ្ណ បញ្ជាក់​ថា ប្រទេស​កម្ពុជា​បាន​មក​ដល់​សព្វថ្ងៃ​ដោយសារ​ពលរដ្ឋ និង​អ្នក​នយោបាយ​រួម​គ្នា​ដោះស្រាយ​បញ្ហា​ទាំង​អស់​គ្នា មិន​មែន​ជា​កម្មសិទ្ធិ​ផ្ដាច់​មុខ​ជន​ណា​ម្នាក់​ឡើយ៖ «ក្រោយ​ កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស យើង​មាន​ការ​បោះឆ្នោត ការ​រៀបចំ​រដ្ឋធម្មនុញ្ញ​ទើប​ធ្វើ​ឲ្យ​កម្ពុជា អាច​ទទួល​ជំនួយ​បាន​ពី​បរទេស ធ្វើ​សមាហរណកម្ម​ទៅ​ក្នុង​តំបន់​ក្នុង​ពិភពលោក ជា​គុណសម្បត្តិ​របស់​ខ្មែរ​គ្រប់​ភាគី មិន​មែន​របស់​នរណា​ម្នាក់ ឬ​គណបក្ស​ណា​មួយ​នោះ​ទេ»
ទោះ​យ៉ាង​ណា​ក្តី អ្នក​វិភាគ​ឯករាជ្យ លោក​បណ្ឌិត ឡៅ ម៉ុងហៃ ចោទ​ជា​ចម្ងល់​ថា ហេតុ​អ្វី​បាន​ជា​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ព្យាយាម​បដិសេធ​គុណសម្បត្តិ​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស?
លោក​បន្ត​ថា មាន​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស មាន​ការ​បោះ​ឆ្នោត​រៀបចំ​ដោយ​ឆ្នាំ​១៩៩៣ ទើប​បរទេស​លែង​ហ៊ាន​លូកដៃ​ជួយ​ខ្មែរ​ក្រហម។ ប្រការ​នោះ​ជា​ភ្លើង​ខៀវ​ដែល​អាច​នាំ​ឲ្យ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ ក្លាយ​ជា​ស្រប​ច្បាប់ និង​អាច​សម្រេច​យុទ្ធសាស្ត្រ​ឈ្នះៗ​បាន។
លោក ឡៅ ម៉ុងហៃ បញ្ជាក់​ថា បើ​មិន​មាន​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស និង​ការ​បោះ​ឆ្នោត​ទេ​នោះ កម្ពុជា​នឹង​មាន​សង្គ្រាម​រហូត​ដល់​សព្វថ្ងៃ៖ «ហ្នឹង​គួរ​និយាយ​ផង​ថា អ៊ុនតាក់​អត់​ប្រសិទ្ធភាព​ហ្នឹង​មក​ពី​យើង​មិន​ឲ្យ​គេ​គ្រប់គ្រង​ឲ្យ​គ្រប់​ផ្នែក​គ្រប់​ភាគី​ហ្នឹង»
ក្រុម​អ្នក​តាមដាន​នៅ​តែ​ចាត់​ទុក​ថា វត្តមាន​អ៊ុនតាក់ ជា​ផ្នែក​មួយ​ដ៏​សំខាន់​ដែល​នាំ​ឲ្យ​កម្ពុជា មាន​ពន្លឺ​នៃ​សន្តិភាព ហើយ​ចំណុច​ដែល​នាំ​ឲ្យ​អ៊ុនតាក់ មិន​អាច​រំលត់​សង្គ្រាម​នៅ​កម្ពុជា មក​ពី​ភាគី​ជម្លោះ​នៅ​កម្ពុជា មិន​ព្រម​គោរព​តាម​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ដោយ​ភាគី​ទាំង​អស់​មិន​ព្រម​ទម្លាក់​អាវុធ​ចុះ​ដើម្បី​ចូលរួម​បោះ​ឆ្នោត ដូច​ជា​ភាគី​ហ៊្វុនស៊ុនប៉ិច ខ្មែរ​ក្រហម និង​កងទ័ព​រដ្ឋ​កម្ពុជា។
អ្នក​វិភាគ​យល់​ថា ពលរដ្ឋ​កម្ពុជា បច្ចុប្បន្ន​នេះ​កំពុង​តែ​ត្រូវ​ការ​នូវ​សិទ្ធិ​សេរីភាព សន្តិភាព ទាំង​កាយ និង​ចិត្ត ព្រម​ទាំង​ការ​គោរព​សិទ្ធិ​មនុស្ស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

2 comments:

Anonymous said...

it is frustrating a little that i could not get khmer unicode installed on the ipad, and that most posts on ki media are now in unicode. heng soy, socheata, i long for the good old translated and flavored-up articles of the recent past...

i guess the bad global economy and recession are also affecting ki media since you now only add just a whiff of flavor enhancing the headings of these posts only!!! i truly miss having "bi cheng" (msg) floating all over your posts and re-posts. you know, the thrill is gone...

Anonymous said...

នេះមិនមែនសំដី១០០%របស់ហ៊ុនសែនទេ ប្រហែលជា
មានកាេបន្ថែមគ្រឿងពី FRA។ តើហ៊ុនសែន ហ៊ាន
សម្អាងលើកត្តាណាទើបនិយាយផ្ដេស​ផ្ដាសដូចកូន
ក្មេង?