អាជ្ញាធរមិនទាន់រកឃើញចោរប្លន់អាណិកជននៅភ្នំវល្លិ
Tuesday, 18 September 2012
គឹម សារុំ
The Phnom Penh Post
កែបៈ សមត្ថកិច្ចនៅមិនទាន់កំណត់បាននូវអត្តសញ្ញាណ ក្រុមចោរប្លន់ប្រដាប់អាវុធ ចូលប្លន់ផ្ទះអាណិកជនខ្មែរ នៅចំណុចចម្ការបីជើងភ្នំវល្លិ ក្នុងឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប កាលពីថ្ងៃទី ១៣ កញ្ញា នៅឡើយទេ។
លោក សែម បញ្ញាមន អធិការនគរបាលស្រុកដំណាក់ចង្អើរកាលពីម្សិលមិញប្រាប់ថា ករណីចោរប្លន់នៅតំបន់ចម្ការបី ភ្នំវល្លិ ទៅលើអាណិកជនខ្មែរមកពីសហរដ្ឋអាមេរិកនោះកម្លាំងចម្រុះនគរបាល និងកងរាជអាវុធហត្ថស្រុកដំណាក់ចង្អើរ កំពុងតែស្រាវជ្រាវស្វែងរកចាប់ខ្លួនជនល្មើស។
លោកបន្តថា៖ «យើងនៅមិនទាន់អាចកំណត់មុខសញ្ញាក្រុមចោរប្លន់បាននៅឡើយទេ រហូតមកដល់ពេលនេះ ប៉ុន្តែសមត្ថកិច្ចកំពុងដុតដៃដុតជើងតាមស្វែងរក ហើយយើងក៏មិនអាចកំណត់បានថា ជាក្រុមចោរនៅក្នុងភូមិឬមកពីក្រៅភូមិដែរទេ»។
លោកបញ្ជាក់ថា អាណិកជនខ្មែរមកពីសហរដ្ឋអាមេរិក ដែលត្រូវចោរប្លន់នោះគាត់ទិញដីចម្ការនេះយូរហើយ ប៉ុន្តែទើបតែមករស់នៅទីនោះក្នុងអំឡុងឆ្នាំ២០១២នេះទេ។
លោក ព្រំ សុវណ្ណ អនុប្រធានការិយាល័យកណ្តាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តកែប ដែលចុះអង្កេតករណីនេះបានប្រាប់ថា ក្រុមចោរប្លន់ប្រដាប់អាវុធនេះជាមុខសញ្ញាឆ្លងខេត្តចូលមកធ្វើសកម្មភាពប្លន់។ លោកថា សមត្ថកិច្ចប៉ូលិសនិងកងរាជអាវុធហត្ថខេត្ត កំពុងតែស្រាវជ្រាវតាមចាប់ខ្លួនក្រុមល្មើស។
លោក ព្រំ សុវណ្ណ បន្តថា ក្នុងអំពើប្លន់ប្រដាប់អាវុធនោះ បើតាមជនរងគ្រោះ កេត រេន អាយុ៦៩ឆ្នាំ បានរៀបរាប់ប្រាប់ថា ក្រុមចោរប្លន់មានគ្នា៤នាក់ បានធ្វើសកម្មភាពប្លន់នៅប្រមាណជាម៉ោង៧យប់ថ្ងៃទី១៣កញ្ញា ដោយមានប្រើអាវុធខ្លី១ដើម និងអាវុធវែង៣ដើម មិនស្គាល់ម៉ាក។
លោកអះអាងតាមសម្តីជនរងគ្រោះដែរថា ក្រុមចោរមិនបានចាប់ចងគាត់ទេ តែពួកវាប្លន់យកបានប្រាក់១៣០ដុល្លារអាមេរិកនិងលុយខ្មែរ២លាន៥សែនរៀល ម៉ូតូហុងដា សេ១២៥ ស៊េរី ២០១២ មួយគ្រឿង និងម៉ូតូហុងដា សេ១២៥ ស៊េរី ២០០៦ របស់កម្មករ១គ្រឿង។
លោកបញ្ជាក់ថា ផ្ទះអាណិកជនរូបនេះបានមករស់នៅស្រុកខ្មែរតែម្នាក់ឯងទេ មានផ្ទះទំហំ៥ម៉ែត្រជម្រៅ១០ម៉ែត្រជញ្ជាំងឥដ្ឋ ប្រក់ស័ង្កសី ហើយមានដីចម្ការចំនួន ៨ ហិកតា៕
Subscribe to:
Post Comments (Atom)
1 comment:
នេះគឺជាការឆ្លើយតបទៅនឹងអត្ថបទមួយដែលបានចុះផ្សាយកាលពីថ្ងៃទី២៧ខែសីហាឆ្នាំ២០១២របស់KI(ទាយាទឃាតករនិងត្រកូលអសិរ្ពិស)ដែលសរសេរដោយលោកទេព មរកត។លោកធនសារាយ បច្ចុប្បន្នជាប្រធានសមាគមអាដហុកមានឈ្មោះដើមង៉ោហុងហួរព្រោះលោកជាកូនខ្មែរកាត់ចិននិងមានដើមកំណើតនៅស្រុកអូររាំងឪខេត្តកំពង់ចាម។លោកបានប្តូរឈ្មោះនៅឆ្នាំ១៩៧៩ពេលត្រឡប់ចូលមកទីក្រុងភ្នំពេញវិញព្រោះលោកបារម្ភពីការធ្វើទុក្ខបុកម្នេញរបស់វៀតណាមដែលតែងតែរើសអើងចំពោះអ្នកដែលមានសែស្រឡាយជាកូនខ្មែរកាត់ចិន។លោកជាអតីតអ្នកទោសនយោបាយក្នុងរបបខ្មែរក្រហមនិងរដ្ឋកម្ពុជា(គ្រប់គ្រងដោយវៀតណាម)
-នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ(ខ្មែរក្រហម)រយៈពេល១០ខែដាក់ក្នុងមណ្ឌលអប់រំកែប្រែដោយចោទលោកថាពួកលន់ណុល ។
-ក្នុងរបបរដ្ឋកម្ពុជាចន្លោះឆ្នាំ១៩៩០១៩៩១រយៈពេល១៧ខែក្នុងស្ថានភាពគុកងងឹតនិងដាក់ខ្នោះជើងម្ខាង(មន្ទីរឃុំឃាំងតេបី)ដោយពួកគេចោទលោកថា ប្រឆាំងនឹងរបបសង្គមនិយម ។លោក ធន សារាយ ត្រូវបានដោះលែងក្រោយកិច្ចព្រមព្រាង សន្តិភាពក្រុងប៉ារីស នៅខែ ធ្នូឆ្នាំ១៩៩១លោក រួមទាំងអតីតអ្នកទោសនយោបាយមួយចំនួនទៀតបានសំរេចចិត្តនាំគ្នាបង្កើតសមាគមការពារសិទ្ធិមនុស្សនៅកម្ពុជាដែលហៅកាត់ថាអាដហុកនេះឡើង និង ជួយការពារដល់សិទ្ធិជនក្រីក្រ ទន់ខ្សោយ គ្មានអំណាចជាច្រើនពាន់ម៉ឺននាក់ដែលទទួលរងនូវការរំលោភបំពានដោយអយុត្តិធម៌ពីសំណាក់អ្នកមានអំណាចនិងមានទ្រព្យខ្លះ។កត្តានេះហើយទើបក្នុងរយៈពេល២០ឆ្នាំកន្លងមកនេះសមាគមតែងតែទទួលបាននូវការគាំទ្ររយ៉ាងពេញទំហ៊ឹងពីសំណាក់ប្រជាពលរដ្ឋខ្មែរទួទៅរហូតមានការទទួលស្គាល់ពីមតិជាតិនិងអន្តរជាតិថាជាអង្គការឯករាជ្យអព្យាក្រិត្យ ពិតប្រាកដ។ផ្ទុយទៅវិញគឺមានតែពួកជ្រុលនិយមខ្វះការពិតខ្លះទេដែលមិនទទួលស្គាល់ការងារទាំងនេះហើយតែងតែព្យាយាមប្រើប្រាស់គ្រប់ឧបាយកល់ទុច្ចរិត ដើម្បីបំផ្លាញ កិត្តិយស និងកេរ្តិឈ្មោះ របស់សមាគមអាដហុកដូច អត្ថបទនេះជាដើម។
ក្នុសកម្មភាពខាងលើមានបុគ្គលិកសមាគមមួយចំនួនត្រូវបានទទួលរងនូវការបំភិតបំភ័យការសំឡុតគំរាមកំហែងការប្រមាថអាយុជីវិតព្រមទាំងការប្តឹងផ្តល់ចោទប្រកាន់ទៅតុលាការ ពីសំណាក់ មន្រ្តី ដែលមានអំណាចខ្លាំងក្នុងរដ្ឋាភិបាលមួយចំនួន ដូចជាករណី លោកប៉ែន ប៊ុណ្ណារ៍ លោកសម ចន្ទ័គា និង លោកចាន់ សុវ៉េតថ្មីៗនេះជាដើម។ សមាគមអាដហុកក៏ធ្លាប់ទទួលរងការចោទប្រកាន់បែបលាបពណ៌យ៉ាងអយុត្តិធម៌ពីសំណាក់ក្រុមអ្នកនយោបាយជ្រុលនិយមដែលនៅតែប្រកាន់នូវទស្សនៈដូចពួកខ្មែរក្រហមថាបើមិនមែនមិត្តគឺជាសត្រូវ ទាំងនៅក្នុរដ្ឋាភិបាលក៏ដូចជានៅក្នុងគណបក្សប្រឆាំងជាពិសេសនៅពេលដែលអាដហុកនិយាយការពិតហើយនាំឲ្យប៉ះពាល់ឬបាត់បង់ផលប្រយោជន៏ ក្រុម ឬ បក្សរបស់គេ ជាក់ស្តែងដូចជាកន្លងមក នៅពេលដែលអាដហុកនិយាយត្រង់ៗប៉ះពាល់ទៅលើរដ្ឋាភិបាលខាងរដ្ឋាភិបាលចោទថាអាដហុកថាជាអង្គការប្រឆាំងផ្ទុយទៅវិញនៅពេលអាដហុកនិយាយពីអ្វីដែលរដ្ឋាភិបាលធ្វើត្រូវខាងបក្សប្រឆាំងថាអាដហុកជាពួករដ្ឋាភិបាល។ប៉ុន្តែត្រង់នេះយើងយល់ថាក៏ជាការល្អដែរព្រោះវាអាចបញ្ជាក់បានថា អាដហុកពិតជាអង្គការអព្យាក្រិត្យប្រាកដមែន ។
ចំពោះជីវភាពរស់នៅវិញ លោកធន សារាយ មានផ្ទះតែមួយគត់ដាក់ជួលជាទីស្នាក់ការកណ្តាលឲ្យសមាគមអាដហុកក្នុងតំលៃត្រឹមតែ១៥០០ដុល្លាប៉ុណ្ណោះក្នុងមួយខែដែលបច្ចុប្បន្នផ្ទះវីឡានៅកណ្តាលក្រុងភ្នំពេញ គេជួលបានរហូត ២០០០ដុល្លា ទៅ៣០០០ដុល្លាក្នុងមួយខែ។ហើយផ្ទះនេះលោកបានកាន់កាប់តាំងពីឆ្នាំ១៩៧៩មកម្ល៉េះបន្ទាប់ពីរបបខ្មែរក្រហមដួលរលមិនមែនបានមកក្រោយការបើកសមាគមនោះទេចំណែកផ្ទះដែលលោករស់នៅសព្វថ្ងៃទៀតសោត គឺជាផ្ទះល្វែងទទឹង៤ម៉ែត្រ បណ្តោយ១៥ម៉ែត្រតែប៉ុណ្ណោះ។ការរស់នៅបែបនេះគ្រាន់តែបង្ហាញថាលោកមានជីវភាពសមរម្យតែប៉ុណ្ណោះ មិនមែនដូចការចោទប្រកាន់របស់ KI ថាលោកមានទ្រព្យសម្បត្តិហូរហៀមានផ្ទះជួលជិត១០កន្លែងនិងរស់នៅផ្ទះធំជាងសណ្ឋារគារនោះទេ ។ដូច្នេះអ្នកដែលមានគំនិតជ្រុលនិយមពិសេសអ្នកនយោបាយខ្មែរគួរតែ មានភាពចាស់ទុំឡើង ឈប់មានទស្សនៈលាបពណ៌គ្នាទៅព្រោះការចោទប្រកាន់គ្នាបែបលាបពណ៌នេះធ្វើឲ្យខ្មែរស្លាប់យ៉ាងអយុត្តិធម៌ច្រើនលាននាក់ណាស់ដែលជាបទពិសោធន៏នៅក្នុងទសវត្សកន្លងមក។រីឯម្ចាស់អត្ថបទនោះទៀតសោត ក៏កុំសង្ឈឹមថាអត្ថបទ របស់ខ្លួន មួយនេះអាចមកបំផ្លាញកិត្តិនាមនិងកិត្តិស័ព្ទរបស់ សមាគមអាដហុកដែលជាអង្គការសិទ្ធមនុស្សមានឈ្មោះល្បីរន្ទឺហើយនោះឲ្យសាបសូន្យបានឲ្យសោះព្រោះប្រជាពលរដ្ឋខ្មែរបច្ចុប្បន្នគេចេះវិភាគថ្លឹងថ្លែងនិងពិចារណាបានយ៉ាងល្អលើគ្រប់ព្រឹត្តិការណ៍ដែលបានកើតឡើងថារឿងណាពិតរឿងណាមិនពិតហើយមិនមែនល្ងង់ខ្លៅចាំតែជឿលើពាក្យកុហកភូតភរពាក្យមុសាដែលគ្មានមូលដ្ឋានត្រឹមត្រូវនោះទៀតទេ៕
Post a Comment