http://www.youtube.com/watch?v=37RBC3mEs-M&feature=youtu.be
អ្នកឃ្លាំមើល៖ កម្ពុជាមិនទាន់បង្កើតច្បាប់សម្រាប់ធានាប្រព័ន្ធយុត្តិធម៌ឲ្យរឹងមាំ
ដោយ តាំង សារ៉ាដា 2012-09-24 www.rfa.org
ក្រុមអ្នកឃ្លាំមើលរដ្ឋធម្មនុញ្ញកម្ពុជា បានវាយតម្លៃថា
ក្នុងរយៈពេល ១៩ឆ្នាំ
ចាប់តាំងពីច្បាប់កំពូលរបស់ប្រទេសមួយនេះចាប់បដិសន្ធិឡើងក្នុង
ឆ្នាំ១៩៩៣ មក ការបែងចែកអំណាចដាច់ពីគ្នារបស់ស្ថាប័នធំទាំងបី
គឺអំណាចនីតិបញ្ញត្តិ នីតិប្រតិបត្តិ និងអំណាចតុលាការ
ដែលកំណត់ក្នុងរដ្ឋធម្មនុញ្ញនោះ ក្នុងភាពជាក់ស្តែង មិនមានឡើយ។
ប៉ុន្តែ ក្រុមមន្ត្រីបក្សកាន់អំណាចអះអាងថា
រដ្ឋធម្មនុញ្ញរបស់ខ្មែរដ៏ល្អសព្វថ្ងៃ បាននាំមកកម្ពុជា
នូវស្ថិរភាពនយោបាយ និងសិទ្ធិសេរីភាពជូនពលរដ្ឋ។
ក្រុមអ្នកឃ្លាំមើលការគោរព និងអនុវត្តរដ្ឋធម្មនុញ្ញខ្មែរ
ព្រមានថា
ប្រសិនបើច្បាប់សំខាន់ៗដែលចាំបាច់សម្រាប់ធានាប្រព័ន្ធយុត្តិធម៌អោយ
រឹងមាំ ដើម្បីទ្រទ្រង់សមធម៌ក្នុងសង្គមជាតិនោះ
មិនត្រូវបានបង្កើតឡើងទេនោះ
ការអភិវឌ្ឍប្រទេសនឹងមិនអាចជឿនលឿនទៅមុខបានឡើយ។
រដ្ឋធម្មនុញ្ញខ្មែរដែលមាន ១៦ជំពូក និង១៥៨មាត្រា
ដែលប្រសូតចេញពីសន្ធិសញ្ញាទីក្រុងប៉ារីស ឆ្នាំ១៩៩១ នេះ
មានចែងអំពីលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស
និងការបែងចែកអំណាចទាំងបីដាច់ពីគ្នា គឺអំណាចនីតិបញ្ញត្តិ
នីតិប្រតិបត្តិ និងអំណាចតុលាការ។
អ្នកវិភាគឯករាជ្យលោកបណ្ឌិត ឡៅ ម៉ុងហៃ មានប្រសាសន៍ថា
ចាប់តាំងពីកម្ពុជាបានបង្កើតរដ្ឋធម្មនុញ្ញរបស់ខ្លួន
ក្នុងឆ្នាំ១៩៩៣ មក គឺមានរយៈពេល ១៩ឆ្នាំ។ ហើយរហូតមកទល់ពេលនេះ
ច្បាប់កំពូលរបស់ប្រទេសមួយនេះ
នៅខ្វះខាតច្បាប់ស្ដីពីការបង្កើតស្ថាប័នសមាជជាតិ
ច្បាប់ស្ដីពីការបង្កើតស្ថាប័នឧត្តមក្រុមប្រឹក្សាការពារជាតិ
ច្បាប់ស្ដីពីលក្ខន្តិកៈចៅក្រម ព្រះរាជអាជ្ញា
ច្បាប់ស្ដីពីការរៀបចំប្រព័ន្ធតុលាការ
និងច្បាប់ស្ដីពីវិសោធនកម្មច្បាប់ឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម។
លោកបណ្ឌិត ឡៅ ម៉ុងហៃ៖ «ត្រូវមានឧត្តមក្រុមប្រឹក្សាការពារជាតិ
មួយ។ រួចអ្នកណាជាប្រធាន គឺព្រះមហាក្សត្រជាប្រធាន
ហើយព្រះមហាក្សត្រជាមេបញ្ជាការកំពូល តាមពិត
លោកជាអ្នកត្រួតត្រាកងទ័ព។ អាហ្នឹង គឺឲ្យច្បាស់លាស់ ដឹងអ៊ីចឹង
ថាតើកងទ័ពត្រូវទទួលខុសត្រូវចំពោះអ្នកណា? ចំពោះស្ថាប័នណា
ច្បាប់លក្ខន្តិកៈ ចៅក្រម និងព្រះរាជអាជ្ញាហ្នឹង គឺតាំងពីឆ្នាំ១៩៩៣
មក នៅមិនទាន់ធ្វើនៅឡើយ។ តាមពិតទៅ
ចៅក្រមដូចនៅននលគកអត់មានច្បាប់ណាដែលកំណត់ថា ជាចៅក្រមនោះទេ»។
ប៉ុន្តែ លោក សំ ប្រជាមានិត មន្ត្រីជាន់ខ្ពស់នៃខុទ្ទកាល័យ
នៃក្រសួងយុត្តិធម៌ បញ្ជាក់ថា
សេចក្តីព្រាងច្បាប់សំខាន់ៗទាក់ទិននឹងប្រព័ន្ធតុលាការ
ត្រូវបានបញ្ជូនទៅទីស្ដីការគណៈរដ្ឋមន្ត្រី ដើម្បីជជែកពិភាក្សា
និងកែលំអ៖ «ក្រសួងយុត្តិធម៌បានបញ្ជូនច្បាប់ទាំងអស់ហ្នឹង
ទៅអស់ហើយ ច្បាប់ស្តីពីវិសោធនកម្មឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម
លក្ខន្តិកៈចៅក្រម និងច្បាប់ចាត់តាំងអង្គការតុលាការ។
ច្បាប់ទាំងបីនេះ ត្រូវបានក្រសួងរៀបចំបញ្ជូនយូរមកហើយ»។
ទោះបីជាយ៉ាងណាក៏ដោយ លោកបណ្ឌិត ឡៅ ម៉ុងហៃ
បានដឹងអំពីដំណើរការបង្កើតច្បាប់សម្រាប់ប្រព័ន្ធតុលាការនោះជិត
២០ឆ្នាំមកហើយ តែច្បាប់ទាំងនេះនៅមិនទាន់ចេញជាលទ្ធផល។ លោកបន្តថា
ផ្អែកតាមរដ្ឋធម្មនុញ្ញ ស្ថាប័នតុលាការ គឺជាស្ថាប័នមួយដែលកម្ពុជា
ត្រូវយកចិត្តទុកដាក់កែលំអ
ដើម្បីអាចដំណើរការបានត្រឹមត្រូវក្នុងសង្គម ពីព្រោះស្ថាប័នមួយនេះ
មានអំណាចដាក់ទណ្ឌកម្មដល់ជនប្រព្រឹត្តល្មើសដោយមិនរើសមុខ
ដើម្បីនាំភាពកក់ក្តៅផ្នែកសន្តិសុខជូនពលរដ្ឋស្មើភាពគ្នា។
ក្រៅពីភាពខ្វះខាតច្បាប់ទាំងនេះ លោកបណ្ឌិតបន្តថា
រដ្ឋធម្មនុញ្ញខ្មែរក៏បានរងការបំពានដ៏ធ្ងន់ធ្ងរផងដែរ
តាមរយៈការរំលោភសិទ្ធិមនុស្ស ការបណ្ដេញពលរដ្ឋចេញពីលំនៅឋាន
ដែលធ្វើឲ្យប៉ះពាល់ខ្លាំងដល់សិទ្ធិដីធ្លី សិទ្ធិសេដ្ឋកិច្ច
និងសិទ្ធិរស់មានជីវិត៖ «រឿងសិទ្ធិមនុស្សនេះឯង
គឺដំណើរការរបស់សភា។ ដូចជា ក្នុងរដ្ឋធម្មនុញ្ញចែងថា
ត្រូវទុកមួយថ្ងៃក្នុងមួយសប្ដាហ៍ ដើម្បីឲ្យមានសំនួរចម្លើយ
ប៉ុន្តែវាអត់មាន។ ដូច្នេះ វាក៏រំលោភមួយដែរ។ ម្យ៉ាងទៀត
តំណាងរាស្ត្រត្រូវសាកសួររដ្ឋាភិបាល រដ្ឋមន្ត្រី ឬនាយករដ្ឋមន្ត្រី
ជួនកាលក៏ឆ្លើយទៅ ជួនកាលក៏មិនឆ្លើយទៅ។ ដូច្នេះ
អាហ្នឹងវាខុសនឹងរដ្ឋធម្មនុញ្ញ ពីព្រោះរដ្ឋធម្មនុញ្ញចែងថា
ត្រូវតែមកឆ្លើយក្នុងរយៈពេលប្រាំពីរថ្ងៃ»។
លោកព្រមានថា
ប្រសិនបើប្រទេសនេះនៅតែបន្តមិនគោរពរដ្ឋធម្មនុញ្ញទៀតនោះ
កម្ពុជានឹងក្លាយជាប្រទេសអនាធិបតេយ្យ
ហើយអាចឈានទៅរកអំណាចផ្តាច់ការ ពីព្រោះដោយសារគ្មានការគោរពច្បាប់
និងគោរពសិទ្ធិពលរដ្ឋ ដែលធានាដោយរដ្ឋធម្មនុញ្ញ។
ទោះបីជាយ៉ាងណាក៏ដោយ
មន្ត្រីជាន់ខ្ពស់នៃបក្សកាន់អំណាចអះអាងថា
ក្រោយរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា បានបង្កើតឡើង
បាននាំឲ្យប្រទេសនេះមានរបបប្រជាធិបតេយ្យសេរីពហុបក្ស
ស្ថិរភាពនយោបាយ ពលរដ្ឋមានសិទ្ធិក្នុងការបញ្ចេញមតិ
មានអង្គការសង្គមស៊ីវិល និងសហជីពរាប់រយអង្គភាព។
ក្រៅពីដំណើរការប្រជាធិបតេយ្យបោះឆ្នោតថ្នាក់ជាតិ កម្ពុជា
បានបន្ថែមការបោះឆ្នោតឃុំ-សង្កាត់មួយទៀត
ដើម្បីធានាឲ្យប្រព័ន្ធប្រជាធិបតេយ្យរបស់ខ្លួន
ជ្រួតជ្រាបដល់ថ្នាក់មូលដ្ឋាន។ រហូតមកទល់ពេលនេះ រដ្ឋសភាកម្ពុជា
បានអនុម័តច្បាប់សំខាន់ៗជាង ៤០០ រួមទាំងក្រមព្រហ្មទណ្ឌ
នីតិវិធីនៃក្រមព្រហ្មទណ្ឌ ក្រមរដ្ឋប្បវេណី
នីតិវិធីនៃក្រមរដ្ឋប្បវេណី ច្បាប់ប្រឆាំងអំពីពុករលួយ
រួមនឹងច្បាប់ស្ដីពីការផ្តល់សច្ចាប័នជាដើម។
តំណាងរាស្ត្រចាស់វស្សាមកពីខាងគណបក្សប្រជាជនកម្ពុជា លោក ជាម យៀប
បានទទួលស្គាល់ថា
បើទោះបីជាកម្ពុជាមានច្បាប់ដ៏សន្ធឹកសន្ធាប់ក៏ពិតមែន ប៉ុន្តែ
ការអនុវត្តច្បាប់នៅកម្ពុជា នៅមិនទាន់មានប្រសិទ្ធភាព៖ «រហូតមក
បច្ចុប្បន្ននេះ ច្បាប់របស់យើងមានចំនួនជាង
៤២០ច្បាប់ហើយក្នុងរយៈពេលបួនអាណត្តិនៃរយៈកាលកន្លងទៅ។ អ៊ីចឹងទេ
ច្បាប់ទាំងនេះទោះបីយើងអនុម័តច្បាប់បានច្រើនមែន
តែការអនុវត្តមិនទាន់ទទួលបាននូវប្រសិទ្ធភាពខ្ពស់នៅឡើយទេ។
ប៉ុន្តែមានច្បាប់ប្រសើរជាងមិនមាន។ ដូច្នេះ
យើងជំរុញឲ្យមាតុភូមិកម្ពុជា ក្លាយទៅជានីតិរដ្ឋជាបណ្ដើរៗ
គឺរដ្ឋប្រកបច្បាប់»។
លោក ជាម យៀប បានបកស្រាយថា
ការអនុវត្តច្បាប់មិនសូវមានប្រសិទ្ធភាពនេះ
គឺដោយសារការផ្សព្វផ្សាយច្បាប់មានលក្ខណៈយឺតយ៉ាវ
និងខ្វះឧបករណ៍សម្រាប់ការផ្សព្វផ្សាយជូនពលរដ្ឋ
មិនបានជ្រួតជ្រាបដល់ថ្នាក់មូលដ្ឋាន។
ប៉ុន្តែ ក្រុមសិទ្ធិមនុស្សអន្តរជាតិនិយាយថា
បញ្ហាដែលអនុវត្តច្បាប់មិនមានប្រសិទ្ធភាព
មិនមែនមកពីកត្តាផ្សព្វផ្សាយច្បាប់មិនបានគ្រប់គ្រាន់នោះទេ
ផ្ទុយទៅវិញ គឺដោយសារប្រព័ន្ធតុលាការកម្ពុជា មិនឯករាជ្យ
ដោយសារមន្ត្រីតុលាការភាគច្រើន
សុទ្ធសឹងជាសមាជិករបស់គណបក្សកាន់អំណាច។
នាយកប្រតិបត្តិទទួលបន្ទុកកិច្ចការច្បាប់ប្រចាំគណៈកម្មការសិទ្ធិ
មនុស្សអាស៊ី ក្នុងទីក្រុងហុងកុង (Hong Kong) លោក បាស៊ីល ហ្វើណាន់ដូ
(Basil Fernando) មានប្រសាសន៍ថា អ្វីដែលគួរឲ្យកត់សម្គាល់ជាងគេនោះ
គឺស្ថាប័នរដ្ឋមួយចំនួនដែលត្រូវដំណើរការប្រកបដោយភាពឯករាជ្យនោះ
បានអវត្តមានចេញពីកម្ពុជា៖ «ស្ថាប័នគ្រឹះសំខាន់ៗទាំងនោះ
គឺស្ថាប័នតុលាការ និងស្ថាប័នសាធារណៈរបស់រដ្ឋមួយចំនួន
ដូចជាស្ថាប័នអនុវត្តន៍ច្បាប់ ឬនគរបាល ត្រូវមានភាពឯករាជ្យ។ ដូច្នេះ
ពួកគេត្រូវមានលទ្ធភាពក្នុងការស៊ើបអង្កេតបទឧក្រិដ្ឋផ្សេងៗ
ផ្អែកលើផ្លូវច្បាប់។ សព្វថ្ងៃ
យើងនៅមិនទាន់ឃើញមានស្ថាប័នរដ្ឋបែបនេះកើតមានឡើងក្នុងប្រទេស
កម្ពុជា នៅឡើយទេ។ អ៊ីចឹង ដើម្បីស្ថាប័នទាំងនោះ ក្លាយជាការពិត
កម្ពុជាត្រូវតែបង្កើតវាឡើង»។
លោកថ្លែងបន្តថា រដ្ឋធម្មនុញ្ញរបស់ខ្មែរ
គ្រាន់តែជាក្រដាសសមួយច្បាប់ប៉ុណ្ណោះ ដែលគ្មានតម្លៃ
ពីព្រោះច្បាប់កំពូលមួយនេះបានរងការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ។
រីឯស្ថាប័នក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ
ដែលជាស្ថាប័នមួយត្រូវធ្វើកិច្ចការឯករាជ្យក្នុងការពិនិត្យ
និងដោះស្រាយការរំលោភរដ្ឋធម្មនុញ្ញនោះ
ក៏ត្រូវបានជ្រៀតជ្រែកដោយអំណាចនយោបាយយ៉ាងជោគជាំផងដែរ
ដោយសារក្រុមមន្ត្រីនៃស្ថាប័នមួយនេះ
សុទ្ធសឹងជាសមាជិករបស់បក្សកាន់អំណាច។
ចំណែកប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក អ៊ូ វីរៈ ថ្លែងថា
ពលរដ្ឋខ្មែរគ្រប់រូបមានភ័ព្វវាសនា
ដែលទទួលបានរដ្ឋធម្មនុញ្ញមួយដែលមានខ្លឹមសារយ៉ាងល្អ
ប៉ុន្តែរដ្ឋសភាខ្មែរ
នៅខ្វះខាតសមត្ថភាពក្នុងការដើរតួជាអ្នកបង្កើតច្បាប់
និងអ្នកឃ្លាំមើលអំពីការអនុវត្តច្បាប់
ដោយសារខ្វះនូវឆន្ទៈនយោបាយ។ លោកបន្ថែមថា
លោកចង់ឲ្យមជ្ឈដ្ឋានទាំងអស់
ធ្វើយ៉ាងណាចូលរួមចំណែកក្នុងការជំរុញឲ្យមានការអនុវត្ត
រដ្ឋធម្មនុញ្ញឲ្យបានត្រឹមត្រូវ។
លោក អ៊ូ វីរៈ៖ «ខ្ញុំយល់ថា រដ្ឋធម្មនុញ្ញរបស់យើង
គឺជារដ្ឋធម្មនុញ្ញដ៏ល្អ ហើយជាច្បាប់កំពូលទៀត។ ខ្ញុំមើលទៅ
ទាំងអ្នកនយោបាយ និងប្រជាពលរដ្ឋ
មិនសូវជាចាប់អារម្មណ៍ទៅលើការជំរុញឲ្យមានការប្រើប្រាស់
និងអនុវត្តឲ្យបានត្រឹមត្រូវ។ ខ្ញុំសូមឲ្យអ្នកទាំងអស់គ្នា
ទាំងប្រជាពលរដ្ឋ ទាំងអ្នកនយោបាយ ទាំងអង្គការ សង្គមស៊ីវិល
ត្រូវជំរុញធ្វើម៉េចឲ្យរដ្ឋធម្មនុញ្ញរបស់យើង
ត្រូវបានយកទៅប្រើប្រាស់ឲ្យបានត្រឹមត្រូវ»។
លោកក៏បានអំពាវនាវដល់យុវជនខ្មែរទាំងអស់
ត្រូវចូលរួមចំណែកដ៏សកម្ម
ក្នុងការជំរុញឲ្យមានការគ្រប់គ្រងប្រទេសបែបរដ្ឋធម្មនុញ្ញនិយម
ដូច្នេះ ទាំងយុវជន ក៏ដូចជាពលរដ្ឋខ្មែរទូទៅ
ត្រូវធ្វើកិច្ចការបន្ថែម ដើម្បីនាំនាវាកម្ពុជា
ឆ្ពោះទៅរកមាគ៌ានៃការគោរពនីតិរដ្ឋ៕
6 comments:
សូមគាំទ្រលោក ឡាវ ម៉ុងហៃ ដែលជាអ្នកវិភាគដែលឈរលើជំហោយុត្តិធម៌!...
ពលរដ្ឋបានមើលឃើញដូចលោកឡាវ ម៉ុងហៃដែរ
តែគេមិនអាចកែអស់លោកមន្រ្តីបានឡើយ មានន័យថា បើបញ្ជោមន្រ្តីចូលចិត្ត,តែបើបង្អាប់
គាត់ខឹង,ហើយសព្វថ្ងៃប្រជាពលរដ្ឋកំពុងធ្វើការ
ជាមួយប្រទេសអ្នកគោរពច្បាប់ឲ្យជួយពួកគាត់ ដើម្បីភាពយុត្តិធម៌នៅចំពោះមុខច្បាប់អន្តរៈជាតិ,ហើយវាស្របនិងជំរើសរបស់ប្រជាពលរដ្ឋដែរថា៖បើស្លូតស្លាប់ វីវរមានភព្វ័ អាយុយឺនយូ៕
can we all khmer take viet to International court now even thought hun sen is pm. we should do it now including hun sen if all khmer people stand up all together can we take hun sen to the ICJ? about kok tral and much more let hun answer to question to the international court with youn
can we Khmer asked the world arrest Hun sen once he step out of Khmer territory or in side Khmer land.
ចំពោះ10:56AM សូមទានជ្រាប
លោកត្រូវយល់ថា ICJ នេះជាតុលាការមួយដែល
ប្រទេសមួយនិងប្រទេសមួយប្តឺងគ្នាទៅវិញទៅមក
តែចំពោះយើងមិនទាន់រំដោះខ្លួនបានឯករាជ្យជាម្ចាស់ប្រទេសបាន យើងមិនអាចធ្វើអ្វីទេ។ សូមលោក
សិក្សាអំពីច្បាប់អន្តរៈជាតិឲ្យបានច្បាស់សិនឲ្យសម
និងសុភាសិតខ្មែរថា៖ អ្នកចេះច្បាប់មិនខ្លាចក្តី អ្នកចេះវិន័យមិនខ្លាចសង្ឃ។ ខ្ញុំសូមណែនាំលោក
ថា៖បើលោកចង់ដឺងអំពីច្បាប់ជាអន្តរៈជាតិ លោក
អាចសួរនាំលោកសួន សេរីរដ្ឋា ប្រធានចលនាអំណាចពលរដ្ឋខ្មែរ ប្រហែលជាលោកអាចស្រាយបំ
ភ្លឺជូនលោកបាន...........សូមអរគុណ៕
និយាយពីច្បាប់អន្តរជាតិស្អី បារាំងចាប់ផ្ដើមវាយ
លុក លីប៊ី គ្មានអាណាហ៊ានងើបក្បាលប្រឆាំង
សូម្បីតែ រុស្ស៊ី និង ចិន ក៏មិនហ៊ានកម្រើក៕
Post a Comment