សាលារៀន, ស្រូវវស្សាប្រជាពលរដ្ឋនៅស្រុកពួកប្រមាណ៤ពាន់ហិកតា បានទទួលរងផលប៉ះពាល់ បន្ទាប់ពីទឹកភ្លៀងបានលិចលង់រហូតដល់ថ្ងៃទី១៦ រហូតមក និងគោ-ក្របី ប្រជាពលរដ្ឋ ត្រូវបានដឹកមកចងនៅតាមបណ្ដោយផ្លូវជាតិលេខ៦
ដោយ: សុខ ភក្តី
ថ្ងៃទី 19 កញ្ញា 2012, ម៉ោង 01:15:AM - CEN News
ភ្នំពេញ: របាយការណ៍បឋមរបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឲ្យដឹងថា ភ្លៀងធ្លាក់ជាប់ៗគ្នា ក្នុងរយៈពេលប៉ុន្មានមកថ្ងៃនេះ បានបង្កជាទឹកជំនន់ទឹកភ្លៀង បណ្តាលឲ្យជន់លិច តាមបណ្តាខេត្តមួយចំនួន ដូចជា នៅខេត្តព្រះវិហារ និងនៅខេត្តបន្ទាយមានជ័យ ជាប់ព្រំដែនថៃ។ គិតត្រឹមថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១២ មានផ្ទះ ១.៥០០ ខ្នង និងប្រជាជនជិត ១.០០០ គ្រួសារ ត្រូវបានជម្លៀស ទៅកាន់ទីទួលសុវត្ថិភាព។
លោក ញឹម វណ្ណដា ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឲ្យដឹងកាលពីព្រលប់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១២ថា យ៉ាងហោចណាស់ មានផ្ទះចំនួន ១.៥០០ ខ្នង ត្រូវទឹកភ្លៀងជន់លិច នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ចំណែកប្រជាពលរដ្ឋជិត ១.០០០ គ្រួសារ ត្រូវបានជម្លៀស ទៅកាន់ទីទួលសុវត្ថិភាព នៅតាមសាលារៀន តាមផ្លូវជាតិ និងនៅតាមវត្ត។
លោក ញឹម វណ្ណដា បានបន្ថែមថា ដោយសារតែកម្ពុជា ទទួលរងនូវសម្ពាធទាប ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ បានបណ្តាលឲ្យទឹកភ្លៀង ជន់លិចនៅខេត្តព្រះវិហារ ពិសេសនៅក្រុងព្រះវិហារ។ លោក រួមនឹងអាជ្ញាធរខេត្ត បានដោះស្រាយ ដោយជួយសង្គ្រោះប្រជាពលរដ្ឋជិត ៣០០ គ្រួសារ ដែលលិចលង់ទាំងនោះ។
នៅឯខេត្តបន្ទាយមានជ័យ ក៏ត្រូវបានលោក ញឹម វណ្ណដា លើកឡើងថា ជំនន់ទឹកភ្លៀង មកពីប្រទេសថៃ ក៏បានជន់លិចនៅស្រុកអូរជ្រៅ ស្រុកម៉ាល័យ ហើយនៅព្រឹកថ្ងៃអង្គារ ទី១៨កញ្ញា ទឹកភ្លៀង បានជន់លិចក្រុងប៉ោយប៉ែត ចាប់ព្រំដែនថៃ។
លោក ញឹម វណ្ណដា បានបន្ថែមថា ផ្លូវថ្មី និងផ្ទះចំនួន ១.៥០០ ខ្នង ត្រូវបានជន់លិច ដោយសារទឹកជំនន់មកពីថៃ។ ចំណែកប្រជាជនប្រមាណ ៥០០ ទៅ ៦០០ គ្រួសារ ត្រូវបានអាជ្ញាធរ ជម្លៀសទៅកាន់ទីទួលសុវត្ថិភាព។
លោក ទេសរដ្ឋមន្ត្រី នឹងដឹកនាំមន្ត្រីជំនាញ ចុះទៅពិនិត្យស្ថានភាពទឹកជំនន់ នៅប៉ោយប៉ែត នាព្រឹកថ្ងៃពុធ ទី១៩ ខែកញ្ញា ឆ្នាំ២០១២។
ទឹកជំនន់ដោយសារទឹកភ្លៀង ក្នុងប្រទេសថៃ បានហូរពន្លិចស្រុកអូរជ្រៅ និងស្រុកម៉ាល័យ ក្នុងខេត្តបន្ទាយមានជ័យ ចាប់តាំងពីថ្ងៃទី១៥កញ្ញា ឆ្នាំ២០១២។
ដោយឡែក នៅឯខេត្តសៀមរាប ជំនន់ទឹកភ្លៀង ក៏បានជន់លិចស្រូវប្រមាណ ៤.០០០ ហិកតា នៅស្រុកពួក ហើយនៅទីរួមខេត្តសៀមរាប ក៏ត្រូវប្រឈមនឹងជំនន់ទឹកភ្លៀង តាមស្ទឹងសៀមរាប ប្រសិនបើភ្លៀងនៅតែបន្ត។
យ៉ាងណាក៏ដោយ លោក ញឹម វណ្ណដា បានគូសបញ្ជាក់ថា ជំនន់ទឹកភ្លៀង ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ មិនទាន់មានមនុស្សស្លាប់នៅឡើយទេ។
រីឯទឹកជំនន់ នៅដងទន្លេ ពិសេសនៅទន្លេមេគង្គ ត្រូវបានលោក ញឹម វណ្ណដា លើកឡើងថា មិនទាន់គំរាមកំហែងនៅឡើយទេ ព្រោះថា នៅតាមដងទន្លេមេគង្គ ខាងខេត្តស្ទឹងត្រែង ក្រចេះ និងខេត្តកំពង់ចាម គឺកម្រិតទឹក នៅទាបជាងឆ្នាំមុន រហូតដល់ ៣,៥ ម៉ែត្រ។
សេចក្តីប្រកាសរបស់ ក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃចន្ទ ទី១៧ ខែកញ្ញា ឆ្នាំ២០១២ បង្ហាញថា ភ្លៀង នឹងបន្តធ្លាក់ រហូតដល់ថ្ងៃទី២៣កញ្ញា ដែលនឹងបង្កជាទឹកជំនន់តាមបណ្តាខេត្តមួយចំនួន ពិសេសនៅតាមដងស្ទឹង។ ទឹកភ្លៀង ដែលនៅតែបន្តកើតមានស្ទើរទូទាំងប្រទេស រហូតដល់ថ្ងៃអង្គារ ទី១៨កញ្ញា ឆ្នាំ២០១២ ក៏ត្រូវបានមន្ត្រីធនធានទឹក ឲ្យដឹងថា ខេត្តបន្ទាយមានជ័យ ខេត្តពោធិ៍សាត់ ខេត្តកំពង់ធំ ខេត្តសៀមរាប និងខេត្តកំពង់ស្ពឺ ជាដើម ត្រូវប្រឈមនឹងការជន់លិច។
ក៏ ប៉ុន្តែចំពោះមុខគ្រោះទឹកជំនន់ដូច្នេះ ត្រូវបានលោកទេសរដ្ឋមន្ត្រី ញឹម វណ្ណដា បានអះអាងថា អាជ្ញាធរគ្រប់ជាន់ថ្នាក់ បានត្រៀមលក្ខណៈរួចរាល់ហើយ ដើម្បីជួយសង្គ្រោះពលរដ្ឋរងគ្រោះ ស្របតាមបទបញ្ជាដ៏ម៉ឹងម៉ាត់របស់សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន។ នោះគឺវិធានការសម្រាប់ត្រៀមបង្ការ ឆ្លើយតប និងអន្តរាគមន៍ ទាំងមុនពេល ក្នុងពេល និងក្រោយពេលកើតមានហានិភ័យ។ ពោលគឺអាជ្ញាធរ មិនទុកឲ្យប្រជាជនណាម្នាក់ស្លាប់ ដោយគ្មានការសង្គ្រោះឡើយ។
សូមរម្លឹកថា ទឹកជំនន់ កាលពីឆ្នាំមុន រាប់ទាំងទឹកភ្លៀង និងទាំងជំនន់ទឹកទន្លេ បានបណ្តាលឲ្យមនុស្សជាង ២៥០ នាក់ បានស្លាប់ និងបំផ្លិចបំផ្លាញផ្លូវស្ពានសាលារៀនមន្ទីរពេទ្យ ព្រមទាំងផលដំណាំ សន្ទូងស្រូវរបស់ប្រជាកសិកររាប់ពាន់ហិកតា។
ការវាយតម្លៃបឋម លើការខូចខាត និងការបាត់បង់នានា ដែលធ្វើឡើងដោយធនាគារអភិវឌ្ឍន៍អាស៊ី ADB ប្រចាំកម្ពុជា បានបង្ហាញថា ការខូចខាតដោយផ្ទាល់ដោយសារទឹកជំនន់ ឆ្នាំ២០១១ នៅកម្ពុជា ចំពោះទ្រព្យសម្បត្ដិ និងការខាតបង់ផ្នែកសេដ្ឋកិច្ច មានចំនួន ៦២៤ លានដុល្លារ ដែលក្នុងនោះ ៣៤៤,៤ លានដុល្លារ នៅក្នុងវិស័យគមនាគមន៍ ១៧៩,៦ លានដុល្លារ នៅក្នុងវិស័យកសិកម្ម និង ២៧,១ លានដុល្លារ នៅក្នុងវិស័យធារាសាស្ដ្រ និងវិស័យធនធានទឹក។
របាយការណ៍ ADB ក៏បានបន្ថែមថា តួលេខខូចខាត និងខាតបង់កម្រិតខ្ពស់ នៅក្នុងវិស័យគមនាគមន៍ គឺកើតមានឡើង ដោយសារការខូចខាតយ៉ាងច្រើន ចំពោះផ្លូវជាតិ និងផ្លូវខេត្ដ ដែលមានប្រវែងប្រមាណ ៩០០ គីឡូម៉ែត្រ និងផ្លូវជនបទ រងការខូចខាតដោយទឹកជំនន់ឆ្នាំ២០១១ មានប្រវែងជាង ៤.០០០ គីឡូម៉ែត្រ៕
1 comment:
There will be a lot more worst yet to come. Chinese will release their damps water during flood season and will kill hundreds of thousands in the near future. this is another way for chinese kill other nation without going to war or lose a single bullet really.
Post a Comment