Wednesday, September 19, 2012

ជំនន់​ទឹកភ្លៀង លិច​ផ្ទះ ១.៥០០ ខ្នង​, រីឯ​ប្រជាជន​ជិត ១.០០០ គ្រួសារ ត្រូវ​ជម្លៀស

សាលារៀន​, ស្រូវវស្សា​ប្រជាពលរដ្ឋ​នៅ​ស្រុក​ពួក​ប្រមាណ​៤​ពាន់​ហិកតា បាន​ទទួលរង​ផលប៉ះពាល់ បន្ទាប់ពី​ទឹកភ្លៀង​បាន​លិចលង់​រហូតដល់​ថ្ងៃទី​១៦ រហូតមក និង​គោ​-​ក្របី ប្រជាពលរដ្ឋ ត្រូវបាន​ដឹក​មក​ចង​នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦

ដោយ: សុខ ភក្តី
ថ្ងៃទី 19 កញ្ញា 2012, ម៉ោង 01:15:AM - CEN News


ភ្នំពេញ:
របាយការណ៍​បឋមរ​បស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ បានឲ្យដឹងថា ភ្លៀង​ធ្លាក់​ជាប់ៗ​គ្នា ក្នុង​រយៈពេល​ប៉ុន្មាន​មក​ថ្ងៃនេះ បាន​បង្ក​ជា​ទឹកជំនន់​ទឹកភ្លៀង បណ្តាល​ឲ្យ​ជន់​លិច តាម​បណ្តា​ខេត្ត​មួយចំនួន ដូចជា នៅ​ខេត្ត​ព្រះវិហារ និង​នៅ​ខេត្ត​បន្ទាយមានជ័យ ជាប់​ព្រំដែន​ថៃ​។ គិត​ត្រឹម​ថ្ងៃទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១២ មានផ្ទះ ១.៥០០ ខ្នង និង​ប្រជាជន​ជិត ១.០០០ គ្រួសារ ត្រូវបាន​ជម្លៀស ទៅ​កាន់​ទី​ទួល​សុវត្ថិភាព។​

​លោក ញឹម វណ្ណដា ទេសរដ្ឋមន្ត្រី និង​ជា​អនុប្រធាន​ទី​១ នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះមហន្តរាយ បាន​ឲ្យដឹង​កាលពី​ព្រលប់​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១២​ថា យ៉ាង​ហោចណាស់ មាន​ផ្ទះ​ចំនួន ១.៥០០ ខ្នង ត្រូវ​ទឹកភ្លៀង​ជន់​លិច នៅ​ក្រុង​ប៉ោយ​ប៉ែត ខេត្ត​បន្ទាយមានជ័យ​។ ចំណែក​ប្រជាពលរដ្ឋ​ជិត ១.០០០ គ្រួសារ ត្រូវបាន​ជម្លៀស ទៅ​កាន់​ទី​ទួល​សុវត្ថិភាព នៅ​តាម​សាលារៀន តាម​ផ្លូវជាតិ និង​នៅតាម​វត្ត​។

​លោក ញឹម វណ្ណដា បាន​បន្ថែមថា ដោយសារ​តែ​កម្ពុជា ទទួលរង​នូវ​សម្ពាធ​ទាប ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ បាន​បណ្តាល​ឲ្យ​ទឹកភ្លៀង ជន់​លិច​នៅ​ខេត្ត​ព្រះវិហារ ពិសេស​នៅ​ក្រុង​ព្រះវិហារ​។ លោក រួម​នឹង​អាជ្ញាធរខេត្ត បាន​ដោះស្រាយ ដោយ​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ជិត ៣០០ គ្រួសារ ដែល​លិចលង់​ទាំងនោះ​។​

​ នៅឯ​ខេត្ត​បន្ទាយមានជ័យ ក៏​ត្រូវបាន​លោក ញឹម វណ្ណដា លើកឡើងថា ជំនន់​ទឹក​ភ្លៀង មកពី​ប្រទេស​ថៃ ក៏​បាន​ជន់​លិច​នៅ​ស្រុក​អូរជ្រៅ ស្រុក​ម៉ា​ល័យ ហើយ​នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​១៨​កញ្ញា ទឹកភ្លៀង បាន​ជន់​លិច​ក្រុង​ប៉ោយ​ប៉ែត ចាប់​ព្រំដែន​ថៃ​។​

​លោក ញឹម វណ្ណដា បាន​បន្ថែមថា ផ្លូវ​ថ្មី និង​ផ្ទះ​ចំនួន ១.៥០០ ខ្នង ត្រូវបាន​ជន់​លិច ដោយសារ​ទឹកជំនន់​មកពី​ថៃ​។ ចំណែក​ប្រជាជន​ប្រមាណ ៥០០ ទៅ ៦០០ គ្រួសារ ត្រូវបាន​អាជ្ញាធរ ជម្លៀស​ទៅកាន់​ទីទួល​សុវត្ថិភាព​។

​លោក​ ទេសរដ្ឋមន្ត្រី នឹង​ដឹកនាំ​មន្ត្រី​ជំនាញ ចុះទៅ​ពិនិត្យ​ស្ថានភាព​ទឹកជំនន់ នៅ​ប៉ោយ​ប៉ែត នាព្រឹក​ថ្ងៃ​ពុធ ទី​១៩​ ខែកញ្ញា ឆ្នាំ​២០១២​។

​ ទឹកជំនន់​ដោយសារ​ទឹកភ្លៀង ក្នុង​ប្រទេស​ថៃ បាន​ហូរ​ពន្លិច​ស្រុក​អូរជ្រៅ និង​ស្រុក​ម៉ា​ល័យ ក្នុង​ខេត្ត​បន្ទាយមានជ័យ ចាប់តាំងពី​ថ្ងៃ​ទី​១៥​កញ្ញា ឆ្នាំ​២០១២​។​

​ដោយឡែក នៅឯ​ខេត្ត​សៀមរាប ជំនន់​ទឹកភ្លៀង ក៏​បាន​ជន់​លិច​ស្រូវ​ប្រមាណ ៤.០០០ ហិកតា នៅ​ស្រុក​ពួក ហើយ​នៅ​ទី​រួម​ខេត្តសៀមរាប ក៏​ត្រូវ​ប្រឈម​នឹង​ជំនន់​ទឹកភ្លៀង តាម​ស្ទឹង​សៀមរាប ប្រសិនបើ​ភ្លៀង​នៅតែ​បន្ត​។​

​យ៉ាងណាក៏ដោយ លោក ញឹម វណ្ណដា បាន​គូសបញ្ជាក់ថា ជំនន់​ទឹកភ្លៀង ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ មិនទាន់​មាន​មនុស្ស​ស្លាប់​នៅ​ឡើយ​ទេ​។

​ រីឯ​ទឹកជំនន់ នៅ​ដង​ទន្លេ ពិសេស​នៅ​ទន្លេមេគង្គ ត្រូវបាន​លោក ញឹម វណ្ណដា លើក​ឡើងថា មិនទាន់​គំរាមកំហែង​នៅឡើយ​ទេ ព្រោះថា នៅ​តាម​ដង​ទន្លេមេគង្គ ខាង​ខេត្ត​ស្ទឹងត្រែង ក្រចេះ និង​ខេត្ត​កំពង់ចាម គឺ​កម្រិត​ទឹក នៅ​ទាប​ជាង​ឆ្នាំ​មុន រហូតដល់ ៣,៥ ម៉ែត្រ​។​

​សេចក្តីប្រកាស​របស់​ ក្រសួង​ធនធានទឹក និង​ឧតុនិយម កាលពី​ថ្ងៃ​ចន្ទ ទី​១៧ ខែ​កញ្ញា ឆ្នាំ​២០១២ បង្ហាញថា ភ្លៀង នឹង​បន្ត​ធ្លាក់ រហូត​ដល់​ថ្ងៃ​ទី​២៣​កញ្ញា ដែល​នឹង​បង្ក​ជា​ទឹកជំនន់​តាម​បណ្តា​ខេត្ត​មួយចំនួន ពិសេស​នៅ​តាម​ដងស្ទឹង​។ ទឹកភ្លៀង ដែល​នៅតែ​បន្ត​កើតមាន​ស្ទើរ​ទូ​ទាំង​ប្រទេស រហូត​ដល់​ថ្ងៃ​អង្គារ ទី​១៨​កញ្ញា ឆ្នាំ​២០១២ ក៏​ត្រូវបាន​មន្ត្រី​ធនធានទឹក ឲ្យដឹងថា ខេត្ត​បន្ទាយមានជ័យ ខេត្ត​ពោធិ៍សាត់ ខេត្ត​កំពង់ធំ ខេត្តសៀមរាប និង​ខេត្ត​កំពង់ស្ពឺ ជាដើម ត្រូវ​ប្រឈម​នឹង​ការ​ជន់​លិច​។​

​ក៏​ ប៉ុន្តែ​ចំពោះ​មុខ​គ្រោះទឹកជំនន់​ដូច្នេះ ត្រូវបាន​លោក​ទេសរដ្ឋមន្ត្រី ញឹម វណ្ណដា បាន​អះអាង​ថា អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់ បាន​ត្រៀមលក្ខណៈ​រួចរាល់​ហើយ ដើម្បី​ជួយ​សង្គ្រោះ​​ពលរដ្ឋ​រងគ្រោះ ស្រប​តាម​បទបញ្ជា​ដ៏​ម៉ឹងម៉ាត់​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​។ នោះ​គឺ​វិធានការ​សម្រាប់​ត្រៀម​បង្ការ ឆ្លើយតប និង​អន្តរាគមន៍ ទាំង​មុន​ពេល ក្នុងពេល និង​ក្រោយពេល​កើត​មាន​ហានិភ័យ​។ ពោល​គឺ​អាជ្ញាធរ មិន​ទុក​ឲ្យ​ប្រជាជន​ណា​ម្នាក់​ស្លាប់ ដោយ​គ្មាន​ការសង្គ្រោះ​ឡើយ​។​

​ សូម​រម្លឹកថា ទឹកជំនន់ កាលពី​ឆ្នាំមុន រាប់​ទាំង​ទឹកភ្លៀង និង​ទាំង​ជំនន់​ទឹកទន្លេ បាន​បណ្តាលឲ្យ​មនុស្ស​ជាង ២៥០ នាក់ បាន​ស្លាប់ និង​បំផ្លិចបំផ្លាញ​ផ្លូវ​ស្ពាន​សាលារៀន​មន្ទីរពេទ្យ ព្រមទាំង​ផលដំណាំ សន្ទូង​ស្រូវ​របស់​ប្រជាកសិករ​រាប់ពាន់​ហិកតា​។​

​ការវាយតម្លៃ​បឋម លើ​ការខូចខាត និង​ការបាត់បង់​នានា ដែល​ធ្វើឡើង​ដោយ​ធនាគារ​អភិវឌ្ឍន៍អាស៊ី ADB ប្រចាំ​កម្ពុជា បានបង្ហាញ​ថា ការខូចខាត​ដោយ​ផ្ទាល់​ដោយសារ​ទឹកជំនន់ ឆ្នាំ​២០១១ នៅ​កម្ពុជា ចំពោះ​ទ្រព្យសម្បត្ដិ និង​ការខាតបង់​ផ្នែក​សេដ្ឋកិច្ច មាន​ចំនួន ៦២៤ លាន​ដុល្លារ ដែល​ក្នុងនោះ ៣៤៤,៤ លាន​ដុល្លារ នៅក្នុង​វិស័យ​គមនាគមន៍ ១៧៩,៦ លាន​ដុល្លារ នៅក្នុង​វិស័យ​កសិកម្ម និង ២៧,១ លាន​ដុល្លារ នៅក្នុង​វិស័យ​ធារាសាស្ដ្រ និង​វិស័យ​ធនធានទឹក​។

​របាយការណ៍ ADB ក៏​បាន​បន្ថែមថា តួលេខ​ខូចខាត និង​ខាតបង់​កម្រិត​ខ្ពស់ នៅក្នុង​វិស័យ​គមនាគមន៍ គឺ​កើតមាន​ឡើង ដោយសារ​ការខូចខាត​យ៉ាងច្រើន ចំពោះ​ផ្លូវជាតិ និង​ផ្លូវ​ខេត្ដ ដែល​មាន​ប្រវែង​ប្រមាណ ៩០០ គីឡូម៉ែត្រ និង​ផ្លូវ​ជនបទ រង​ការខូចខាត​ដោយ​ទឹកជំនន់​ឆ្នាំ​២០១១ មាន​ប្រវែង​ជាង ៤.០០០ គីឡូម៉ែត្រ​៕

1 comment:

Anonymous said...

There will be a lot more worst yet to come. Chinese will release their damps water during flood season and will kill hundreds of thousands in the near future. this is another way for chinese kill other nation without going to war or lose a single bullet really.