Wednesday, September 19, 2012

សហរដ្ឋអាមេរិក តាមដាន​ករណី​បណ្តឹង​របស់​លោក ម៉ម សូណង់ដូ​



(ថ្ងៃទី 19 កញ្ញា 2012, ម៉ោង 03:32:PM) | ដោយ: គ្រីទិច
www.cen.com.kh
ភ្នំពេញ: ​អ្នកនាំពាក្យ​ស្ថានទូត​អាមេរិក ប្រចាំ​កម្ពុជា លោក ច​ន សៀន ម៉ាក អ៊ិន​តូ​ស ( John Sean Mc Intosh ) បាន​និយាយថា ស្ថានទូត​អាមេរិក តាមដាន​យ៉ាង​យកចិត្តទុកដាក់ ចំពោះ​ករណី​របស់​លោក ម៉ម សូណង់ដូ​។

​មាន​អាយុ ៧២ ឆ្នាំ លោក ម៉ម សូណង់ដូ ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន នាំ​ទៅ​ឃុំឃាំង​នៅ​ពន្ធនាគារ​ព្រៃ​ស កាលពី​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០១២​។ តុលាការក្រុង​ភ្នំពេញ បើក​សវនាការ​កាត់ទោស​លោក​ម៉ម​សូណង់ដូ និង​អ្នកភូមិ​ជប់​ចោទ​សរុប​ចំនួន ១៤ នាក់ រយៈពេល​ពីរ​ថ្ងៃ​មួយ​ព្រឹក ចាប់តាំងពី​ថ្ងៃ​ទី​១១ ខែ​កញ្ញា ឆ្នាំ​២០១២ ពាក់ព័ន្ធ​នឹង​បទ​ចោទប្រកាន់ បង្កើត​តំបន់​អបគមន៍ ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល តាមរយៈ​ជម្លោះដីធ្លី នៅ​ខេត្ត​ក្រចេះ​។ លទ្ធផល​នៃ​សវនាការ​នោះ នឹង​ត្រូវ​ប្រកាស​នៅ​ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០១២​។​

​ លោក ច​ន សៀន ម៉ាក អ៊ិន​តូ​ស បាន​និយាយថា "​យើង​ដឹង​ថា គាត់​ជា​នាយក​វិទ្យុ​សម្បុក​ឃ្មុំ ដែល​ធ្វើ​ការផ្សព្វផ្សាយ​ព័ត៌មាន​យ៉ាង​ទូលំទូលាយ​។ យើង​ចង់អោយ​មាន​ការគោរព​សេរីភាព​សារព័ត៌មាន និង​សេរីភាព​នៅក្នុង​ការបញ្ចេញ​មតិ​"​។

​អ្នកនាំពាក្យ​ស្ថានទូត​ អាមេរិក បាន​បន្ថែមថា "​រាល់​សវនាការ​របស់​លោក ម៉ម សូណង់ដូ គឺ​ស្ថានទូត​អាមេរិក បាន​បញ្ជូន​អ្នកសង្កេតការណ៍ ដើម្បី​តាមដាន​។ យើង​ចង់អោយ​តុលាការ​កម្ពុជា ដំណើរការ​យ៉ាង​ត្រឹមត្រូវ តាម​នីតិវិធី ហើយ​ការ​សម្រេចក្តី ត្រូវធ្វើឡើង ដោយ​យុត្តិធម៌​"៕​

1 comment:

Anonymous said...

លោក ម៉ម សូណង់ដូ គាត់បាននិយាយថា៖ គាត់សុខចិត្តជាប់គុកនិងស្លាប់ខ្លួន ដើម្បីអោយពលរដ្ឋខ្មែរដើរជាន់លើខ្មោចរបស់គាត់ទៅរំដោះសេរីភាពជូនដល់ពលរដ្ឋខ្មែរទូទាំងប្រទេស គឺមិនមែនអោយទៅតែរំដោះបុគ្គលខ្លួនគាត់តែម្នាក់នោះទេ!