លោក ចាន់ សុវ៉េត បន្តទៅស៊ុយអែត ខណៈជាប់ចោទពីបទផ្ដល់ជំនួយចារី
2012-09-06
ដោយ ទីន ហ្សាការីយ៉ា
Radio Free Asia
Synopsis: Chan Soveth, a principal investigator for the Adhoc human rights group, continued his mission from Thailand to Sweden in order to participate in a human rights meeting. His trips follow the accusation leveled by the Phnom Penh municipal court charging him of providing help to a criminal in August. Meanwhile, in the case of Mam Sonando, President of the Association of Democrats, the court will hold its hearing on 11 September. Mam Sonando’s case is also linked to Chan Soveth’s case. Human rights officials are concerned about Mam Sonando’s case as the court had issued summonses to several dozens of people to come and clarify during the court hearing date. They believe that these witnesses are only brought by the court to bring more charges on Mam Sonando.
មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់ នៃសមាគមអាដហុក (Adhoc) លោក ចាន់ សុវ៉េត បានបន្តបេសកកម្មពីប្រទេសថៃ ទៅកាន់ប្រទេសទីបីទៀត គឺប្រទេសស៊ុយអែត ដើម្បីចូលរួមប្រជុំស្ដីពីការគោរពសិទ្ធិមនុស្ស ខណៈដែលលោកជាប់បណ្ដឹងនៅសាលាដំបូងរាជធានីភ្នំពេញ ពីបទផ្ដល់ជំនួយចារី កាលពីខែសីហា កន្លងទៅ។
ដោយឡែក ករណីលោក ម៉ម សូណង់ដូ ជាប្រធានសមាគមអ្នកប្រជាធិបតេយ្យនោះ តុលាការនឹងបើកសវនាការជំនុំជម្រះ នៅថ្ងៃទី១១ កញ្ញា ខាងមុខ ដែលជាសំណុំរឿងទាក់ទងនឹងលោក ចាន់ សុវ៉េត ដែរនោះ។ ប៉ុន្តែ ក្រុមមន្ត្រីសិទ្ធិមនុស្សព្រួយបារម្ភថា តុលាការបានកោះហៅសាក្សីរាប់សិបនាក់ ដើម្បីមកឆ្លើយបំភ្លឺនៅថ្ងៃជំនុំជម្រះលោក ម៉ម សូណង់ដូ នោះជារឿងដាក់បន្ទុកលើរូបលោក ម៉ម សំណង់ដូ។
មេធាវីនៃអង្គការជំនួយផ្នែកច្បាប់នៅកម្ពុជា លោក សំ សុខគង់ មានប្រសាសន៍ថា កូនក្ដីរបស់លោក គឺលោក ចាន់ សុវ៉េត មិនទាន់វិលត្រលប់មកកម្ពុជាវិញទេនៅថ្ងៃទី៦ កញ្ញា ដោយសារតែបន្តបេសកកម្មនៅក្រៅប្រទេស។ លោក សំ សុខគង់ អះអាងថា កូនក្ដីរបស់លោកនឹងវិលមកកម្ពុជាវិញ នៅក្រោយពេលលោក ចាន់ សុវ៉េត បញ្ចប់បេសកកម្មនៅឯបរទេស។ ចំណែកឯតុលាការមិនទាន់ចេញដីកាកោះហៅលោក ចាន់ សុវ៉េត ជាថ្មីនៅឡើយដែរ។
ប្រធានសមាគមសិទ្ធិមនុស្សសមាគមអាដហុក លោក ធន សារ៉ាយ បានឲ្យដឹងថា លោក ចាន់ សុវ៉េត មិនទាន់វិលត្រលប់មកកម្ពុជាវិញនេះ ដោយសារតែលោកបន្តបេសកកម្មមួយទៀតនៅប្រទេសស៊ុយអែត ដើម្បីចូលរួមក្នុងសិក្ខាសាលាស្ដីអំពីការគោរពសិទ្ធិមនុស្ស។
ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក ឆែ វីរៈ បានចេញដីកាកោះហៅលោក ចាន់ សុវ៉េត ឲ្យចូលខ្លួននៅថ្ងៃសុក្រ ទី២៤ សីហា ទាក់ទងទៅនឹងការចោទប្រកាន់ពីបទផ្ដល់ជំនួយដល់ចារី ឬផ្ដល់ជំនួយដល់អ្នកប្រព្រឹត្តបទល្មើស តាមមាត្រា៥៤៤ នៃក្រមព្រហ្មទណ្ឌ។
ការចោទប្រកាន់នោះ គឺពាក់ព័ន្ធនឹងចលនាទាមទារដីធ្លីរបស់ពលរដ្ឋ ដែលត្រូវរដ្ឋាភិបាលចោទថា ជាចលនាបង្កើតអបគមន៍ ដើម្បីបង្កើតរដ្ឋក្នុងរដ្ឋនៅភូមិប្រម៉ា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ លើទីតាំងដីសម្បទានទំហំ១៥០០ហិកតារ។ ប៉ុន្តែ លោក ចាន់ សុវ៉េត ខកខានមិនបានចូលខ្លួនទៅបំភ្លឺនៅតុលាការទៅតាមការកោះហៅនេះទេ។
មន្ត្រីជាន់ខ្ពស់នៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត បានលើកឡើងថា តុលាការចោទប្រកាន់លោក ចាន់ សុវ៉េត នេះ មិនសមហេតុផលនោះឡើយ ពីព្រោះថា ការិយាល័យសិទ្ធិមនុស្សបើកទ្វារចំហទទួលប្រជាពលរដ្ឋទូទៅ ដែលរងគ្រោះដោយប្រការណាមួយ។ លោក អំ សំអាត អះអាងថា ករណីលោក ចាន់ សុវ៉េត នេះ ក៏ដូច្នោះដែរ លោកមិនបានដឹងថា តើប្រជាជនណាជាជនជាប់ចោទ ឬប្រជាជនណាជាអ្នករងគ្រោះនោះទេ នៅពេលលោកផ្ដល់ប្រឹក្សាយោបល់តាមផ្លូវច្បាប់នោះ។
សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាកោះហៅលោក ចាន់ សុវ៉េត គឺជាប់ទាក់ទងទៅនឹងករណីជម្លោះដីធ្លីនៅភូមិប្រម៉ា ខេត្តក្រចេះ ដែលរដ្ឋាភិបាលប្រកាសថា ប្រជាពលរដ្ឋនៅតំបន់នោះមានគោលបំណងចង់ធ្វើអបគមន៍ ដែលដឹកនាំដោយលោក ប៊ុន រដ្ឋា។
ក្រោយពីរដ្ឋាភិបាលតាមរកចាប់ខ្លួនលោក ប៊ុន រដ្ឋា មិនបានសម្រេច ដោយសារតែលោក ប៊ុន រដ្ឋា បានរត់គេចខ្លួនទៅបរទេសនោះ នៅថ្ងៃទី១៥ កក្កដា តុលាការក៏ចេញដីកាចាប់ខ្លួនលោក ម៉ម សូណង់ដូ ប្រធានសមាគមអ្នកប្រជាធិបតេយ្យ បន្ទាប់មកនៅខែសីហា តុលាការក៏ចេញដីកាចោទប្រកាន់លោក ចាន់ សុវ៉េត និងឲ្យលោកចូលខ្លួនទៅបំភ្លឺនៅតុលាការពីបទផ្ដល់ជំនួយចារី។
ដោយឡែក ចំពោះលោក ម៉ម សូណង់ដូ វិញ តុលាការចោទប្រកាន់ចំនួន៤បទចោទ រួមមានចូលរួមក្នុងចលនាបះបោរ ញុះញង់ឲ្យប្រជាពលរដ្ឋកាន់អាវុធប្រឆាំងអាជ្ញាធរខុសច្បាប់ បទប្រឆាំងនឹងអ្នករាជការសាធារណៈ និងបទជ្រៀតជ្រែកដោយខុសច្បាប់ទៅក្នុងការបំពេញមុខងារសាធារណៈ។ សាលាដំបូងរាជធានីភ្នំពេញ នឹងបើកសវនាការជំនុំជម្រះសំណុំរឿងលោក ម៉ម សូណង់ដូ នៅថ្ងៃទី១១ កញ្ញា។
សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាកោះហៅប្រជាពលរដ្ឋប្រមាណ៤០នាក់ មកពីភូមិប្រម៉ា ស្រុកឆ្លូង ខេត្តក្រចេះ ឲ្យធ្វើជាសាក្សីនៅក្នុងសំណុំរឿងលោក ម៉ម សូណង់ដូ។ តុលាការឲ្យប្រជាពលរដ្ឋទាំងនោះចូលខ្លួនមកបំភ្លឺនៅតុលាការនៅថ្ងៃបើកសវនាការជំនុំជម្រះលោក ម៉ម សូណង់ដូ នៅថ្ងៃទី១១ កញ្ញា ខាងមុខនេះ។
មេធាវីការពារក្ដីលោក ម៉ម សូណង់ដូ លោកបណ្ឌិត សុខ សំអឿន មានប្រសាសន៍ថា តុលាការកោះហៅអ្នកភូមិមកធ្វើជាសាក្សីនេះ លោកមិនបានដឹងនោះទេ ថាតើសាក្សីទាំងនោះជាសាក្សីរបស់ដើមបណ្ដឹង ឬសាក្សីរបស់រដ្ឋាភិបាល ដើម្បីមកឆ្លើយដាក់បន្ទុកលើរូបលោក ម៉ម សូណង់ដូ ឬយ៉ាងណា?
ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ បានឲ្យវិទ្យុអាស៊ីសេរី ដឹងកាលពីថ្ងៃទី៣ កញ្ញា ថា តុលាការបានកោះហៅអ្នកភូមិទាំងនោះ មានខ្លះជាសាក្សី និងអ្នកខ្លះទៀត ជាជនជាប់ចោទ។ ទោះបីជាយ៉ាងនេះក្ដី ព្រះរាជអាជ្ញារង លោក មាស ចន្ទពិសិដ្ឋ មិនប្រាប់លំអិតថា ការកោះហៅសាក្សីទាំងនោះជាសាក្សីរបស់ភាគីណានោះទេ។
ទោះបីជាយ៉ាងណាក៏ដោយ ទាំងមេធាវីការពារក្ដីលោក ម៉ម សូណង់ដូ ទាំងមន្រ្តីស៊ើបអង្កេតសិទ្ធិមនុស្ស បានសម្ដែងការព្រួយបារម្ភថា លោកខ្លាចសាក្សីដែលនឹងមកចូលខ្លួននៅតុលាការនោះ មិនឯករាជ្យ ពីព្រោះថា រាល់ការចំណាយលើថ្លៃធ្វើដំណើរមកពីខេត្តក្រចេះ មកកាន់តុលាការនៅភ្នំពេញនោះ គឺថ្លៃស្នាក់នៅ អាជ្ញាធរប៉ុស្តិ៍នគរបាលឃុំកំពង់ដំរី ជាអ្នកទទួលខុសត្រូវ។
ទាក់ទងទៅនឹងបញ្ហានេះ មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត បានពន្យល់ថា ករណីលោក ម៉ម សូណង់ដូ នេះ ជារឿងចម្លែកមួយ ពីព្រោះថាកន្លងមកសំណុំរឿងឧក្រិដ្ឋ តុលាការបានបើកការស៊ើបអង្កេតរយៈពេលយូរ។ តែចំពោះសំណុំរឿងលោក ម៉ម សូណង់ដូ បែរជាតុលាការនឹងបើកសវនាការជំនុំជម្រះក្នុងរយៈពេលឆាប់ ហើយតុលាការកោះហៅសាក្សីច្រើន។
រឿងរ៉ាវនៅឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ នោះ តុលាការខេត្តក្រចេះ បានចាប់ឃុំខ្លួនជនជាប់ចោទ៣នាក់ និងបានចេញដីកាចាប់ខ្លួនមនុស្ស៥នាក់ទៀត ដែលគេចាត់ទុកថា ជាមេដឹកនាំចលនាបំបែករដ្ឋក្នុងរដ្ឋ តែរដ្ឋាភិបាលប្រកាសឲ្យពួកគេទាំងនោះចូលសារភាព ដោយសន្យាថា គ្មានការយកទោសពៃរ៍នោះទេ។
ភ្ជាប់ទៅនឹងករណីលោក ម៉ម សូណង់ដូ នេះដែរ អនុប្រធានសមាគមអ្នកប្រជាធិបតេយ្យ លោក ជា បំរុង បានឲ្យដឹងថា លោកបានប្រមូលស្នាមមេដៃគាំទ្រលោក ម៉ម សូណង់ដូ បានជិត១២ម៉ឺននាក់ហើយ។ លោកបញ្ជាក់ថា នៅថ្ងៃទី៧ កញ្ញា លោកនឹងយកញត្តិគាំទ្រ និងស្នាមមេដៃទាំងនោះ ដាក់ជូនស្ថានទូតធំៗចំនួន៨ នៅក្នុងរាជធានីភ្នំពេញ ដើម្បីសុំអន្តរាគមន៍ដោះលែងលោក ម៉ម សូណង់ដូ ក្នុងនោះមានស្ថានទូតបារាំង អាមេរិក អង់គ្លេស អាឡឺម៉ង់ និងស្ថានទូតមួយចំនួនទៀត។
អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិជាច្រើន បានចេញសេចក្ដីថ្លែងការណ៍ជាច្រើនលើក រិះគន់រដ្ឋាភិបាលថា តុលាការចោទប្រកាន់លោក ម៉ម សូណង់ដូ នេះ ជាការទម្លាក់កំហុសលើលោក ម៉ម សូណង់ដូ ដើម្បីរកអ្នកទទួលទោសជំនួសឲ្យសកម្មភាពចុះបង្ក្រាបរបស់រដ្ឋាភិបាលលើពលរដ្ឋ នៅភូមិប្រម៉ា ស្រុកឆ្លូង ខេត្តក្រចេះ ដែលបានបណ្ដាលឲ្យក្មេងស្រីអាយុ១៤ឆ្នាំម្នាក់ស្លាប់៕
1 comment:
Sihakmony is a dummy.
Hun Sen is a Viet's dog.
Why don't khmer people stand up
against this dog.
This dog is so disgusting when he
speaks.
Post a Comment