សត្វស្លាបនៅតំបន់ព្រែកទាល់ បឹងទន្លេសាប កាលពីខែមិថុនា។ រូបថត ហេង ជីវ័ន |
ការផ្តល់ដីសម្បទានគំរាមកំហែងសត្វបក្សីដែលជិតផុតពូជ
Monday, 17 September 2012
Rosa Ellen and Claire Knox
ភ្នំពេញប៉ុស្តិ៍
ស្ទឹងត្រែងៈ ការផ្តល់ដីសម្បទានសេដ្ឋកិច្ចទៅឲ្យក្រុមហ៊ុនឯកជន នៅតំបន់ព្រៃសៀមប៉ាង ភាគខាងលិចខេត្តស្ទឹងត្រែង កំពុងតែគំរាមកំហែង ដល់សត្វបក្សីត្រយងយក្ស (Giant Ibis) ដ៏កម្ររបស់ប្រទេសកម្ពុជា ដែលជាបក្សីជិតវិនាសផុតពូជនៅក្នុងពិភពលោក។ នេះបើតាមរបាយការណ៍ទើបតែចេញផ្សាយថ្មីមួយរបស់អង្គការសត្វស្លាប អន្តរជាតិ ប្រចាំនៅកម្ពុជា។
របាយការណ៍ដែលមានរយៈពេល ១០ ឆ្នាំ ចេញពីអង្គការជីវិតសត្វស្លាបអន្តរជាតិ ប្រចាំនៅកម្ពុជា មានទំហំពេញលេញ ចំពោះការសិក្សា ពីជីវសាស្ត្រនៅតំបន់នោះ និងការដើរតួនាទីរបស់ខ្លួន ដើម្បីជួយការពារពពួកសត្វ ដែលកំពុងតែត្រូវបានគំរាមកំហែង ជិតផុតពូជនៅលើភពផែនដីនេះ។
លោក បូ វ៉ូសាក់ ប្រធានគម្រោងរបស់អង្គការជីវិតសត្វស្លាបអន្តរជាតិប្រចាំកម្ពុជា បានឲ្យដឹងថា គ្រប់គ្នា អាចពិនិត្យមើលរបាយការណ៍របស់អង្គការលោក ដែលបង្ហាញពីពពួកសត្វស្លាបកម្រទាំងអស់ ដែលកំពុងតែប្រឈមនឹងការផុតពូជ។ លោកបន្តថា៖«មានពពួកសត្វស្លាបចំនួន ៣០០ ប្រភេទ កំពុងតែប្រឈមគ្រោះថ្នាក់ផុតពូជ ប្រសិនបើយើងមិនយកចិត្តទុកដាក់ថែរក្សាពួកវាទេនោះ ដូចជាបក្សីត្រយងយក្ស គឺជាប្រភេទបក្សីស្លាបមួយ ដែលនៅសល់ក្នុងចំណោមពពួកសត្វស្លាប ៣៤៦ ប្រភេទ។ យើងព្រួយបារម្ភខ្លាំងណាស់ ដែលវាអាចប្រឈមនឹងគ្រោះថ្នាក់ដាច់ពូជដោយសារតែដីសម្បទាន និងការទន្រ្ទានកាប់ឆ្ការព្រៃ ហេតុនេះហើយទើបបានជាយើងព្យាយាមចេញផ្សាយរបាយការណ៍នេះ ហើយយើងអាចចាប់ផ្តើមធ្វើអ្វីមួយ ដើម្បីការពារពួកវា»។
ចាប់តាំង ពីឆ្នាំ ២០០៩ មក ផ្ទៃដីស្ទើរតែ ១៥០០០០ ហិកតា នៅតាមតំបន់ដាច់ស្រយាល ត្រូវបានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កំណត់ថា ជាតំបន់ព្រៃអភិរក្ស ប៉ុន្តែអង្គការសត្វស្លាបអន្តរជាតិ បានឲ្យដឹងថា ផ្នែកនៃតំបន់ព្រៃអភិរក្សជាច្រើនផ្សេងទៀត ត្រូវបានផ្តល់ឲ្យទៅក្រុមហ៊ុនកសិកម្ម Green Sea Agriculture ដោយផ្តល់ជាសម្បទានដីកសិកម្មរយៈពេល ៧០ ឆ្នាំ។
របាយការណ៍បន្តឲ្យ ដឹងទៀតថា តំបន់ដីជីវចម្រុះនោះ រាប់បញ្ចូលទាំងតំបន់ព្រៃចម្រុះ ដែលមិនមានការគំរាមកំហែង ប៉ុន្តែការកាប់បំផ្លាញព្រៃឈើទ្រង់ទ្រាយធំនោះក៏មានដូចគ្នា នៅក្នុងប្រទេសថៃផងដែរ ដែលចេញពីការអភិវឌ្ឍ។ កម្ពុជាមិនគួរផ្តល់ដីសម្បទាន ដល់ក្រុមហ៊ុនវិនិយោគឯកជននោះទេ។
លោក បូ វ៉ូសាក់លើកឡើងថា៖«វាពិតជាតំបន់ព្រៃដ៏អស្ចារ្យ ដែលមិនត្រឹមតែសម្រាប់កម្ពុជាប៉ុណ្ណោះទេ គឺសម្រាប់ពិភពលោកទាំងមូល។ ឥឡូវអង្គការរបស់យើង បានស្វែងរកឃើញថា មានប្រភេទសត្វស្លាប និងសត្វព្រៃផ្សេងៗទៀតជាច្រើនរស់នៅទីនេះ»។
មន្ត្រីអង្គការ សត្វអន្តរជាតិ Flora និង Fauna ប្រចាំនៅកម្ពុជា នាង សារ៉ាហ៍ ប្រូក បាននិយាយថា ទីតាំងតំបន់ព្រៃនៅខេត្តស្ទឹងត្រែងនោះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ការអភិរក្សពពួកសត្វចម្រុះ នៅក្នុងប្រទេសកម្ពុជាដែលកំពុងតែប្រឈមនឹងការផុតពូជ។ នាងថ្លែងថា៖«ការការពារតំបន់ទាំងនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់...ជាពិសេសសម្រាប់ពពួកសត្វស្លាប ដែលកំពុងតែជិតដាច់ពូជក្នុងនោះមានពពួកសត្វត្រយងពីរប្រភេទ និងសត្វទន្សោងធំដូចជារមំាង (Eld's deer)»។
យោងតាមលោក សូកកូ មន្ត្រី World Wildlife Fund បានឲ្យដឹងថា មូលនិធិសត្វព្រៃពិភពលោកប្រចាំនៅកម្ពុជាបានគាំទ្ររបាយការណ៍ ចេញផ្សាយនេះ និងការការពារសត្វស្លាបត្រយងយក្ស។ ប៉ុន្តែតំបន់ព្រៃឈើ ក៏ត្រូវតែថែរក្សា ដើម្បីទុកធ្វើជាជម្រកពពួកសត្វស្លាប ដែលកំពុងជិតវិនាសផុតពូជ ឲ្យកើនឡើងវិញ ក្នុងនោះក៏មានសត្វត្មាតផងដែរ។
លោក សូកកូ បានបន្តថា៖ «មូលនិធិសត្វព្រៃពិភពលោក សហការជាមួយរដ្ឋាភិបាលកម្ពុជា និងសហគមន៍តាមតំបន់ ប្តេជ្ញារួមគ្នា ធ្វើការការពារសត្វស្លាបត្រយងយក្ស ដែលកំពុងតែប្រឈមគ្រោះថ្នាក់ ដាច់ពូជ នៅតំបន់ព្រៃលិចទឹកតាមដងទន្លេមេគង្គ ដែលមានទីតាំងប្រវែង ៥៦ គីឡូម៉ែត្រ តាមដងទន្លេមេគង្គ ចាប់ពីខេត្តក្រចេះ រហូតដល់ខេត្តស្ទឹងត្រែង៕
No comments:
Post a Comment