Monday, September 17, 2012

Boeung Tumpun residents face the same fate as Boeung Kak residents: Landlessness

លំនៅ​ដ្ឋាន​របស់​ប្រ​ជាពលរដ្ឋ​នៅ​បឹង​ទំពុន​​ប្រឈម​​និង​ការ​បូម​ខ្សាច់​លុប។ រូបថត ផា​ លីណា
សកម្ម​ភាព​បូម​ខ្សាច់​​លុបបឹង​ទំពុន​ កំពុង​​បង្កើន​ឡើង​ជា​រៀងរាល់​ថ្ងៃ។ រូបថត ផា លីណា
អនាគត​បឹង​ដាំត្រកួន​ដែល​ផ្គត់​ផ្គង់​​ទី​ផ្សារ​នៅ​រាជធានី ​​នឹង​រលប់​បាត់​ក្នុង​ពេល​មិន​យូរ​ទៀត​ទេ​។ រូបថត ផា​ លីណា
អ្នក​ភូមិ​បឹង​កក់​នាំគ្នា​​ប្រារព្ធ រំឭកខួប​បណ្តេញ​ចេញ​ និង​​ការ​បំផ្លាញ​ផ្ទះ​ពួកគាត់​មួយ​ឆ្នាំ​។ រូបថត វីរៈ ម៉ៃ​
 អ្នក​បឹង​ទំពុន​ប្រឈម​នឹង​ការ​អត់​ដី​នៅ​ដូច​អ្នក​បឹងកក់

Monday, 17 September 2012
ភ្នំពេញ បុស្តិ៍

ភ្នំពេញៈ ក្រុម​អ្នក​ភូមិ​រស់​នៅ​លើ​ផ្ទះ​ដែល​ស្ថិត ក្នុង​តំបន់​បឹងទំពុន ​នៅ​រាជធានី​ភ្នំពេញ កំពុង​តែ​ព្រួយបារម្ភ​នឹង​ការ​បណ្តេញ​ចេញ​ដែល​អាច​នឹង​ចាប់ ផ្តើម​ក្នុង​ពេល​ឆាប់ៗ ខណៈ​ដែល​សកម្មភាព​បូម​ខ្សាច់​បំពេញ​បឹង​ភាគ​ខាង​ត្បូង​រាជធានី​មាន​សភាព​កាន់តែ​ខ្លាំងក្លា​ឡើង​នោះ

លោក គង់ សុភ័ក្រ្ត អាយុ ៣១ ឆ្នាំ​ជា​អ្នក​ភូមិ​ត្នោត​ជ្រំ២ ខណ្ឌ​មានជ័យ បាន​និយាយ​ថា ៖ «ខ្ញុំ​មិន​ដឹង​ទេ​ ថា​តើ​ហេតុអី​បាន​ពួក​គេ​បូម​ខ្សាច់​លុប​បឹង។ ​ប៉ុន្តែ​ ខ្ញុំ​គ្រាន់​តែ​ឮ​ថា ពួក​គេ​គ្រោង​សាងសង់​ផ្សារ​ទំនើប និង​សង់​ផ្លូវ»

នា​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ ​គ្រឿង​ចក្រ​ធុនធ្ងន់​បាន​ដំណើរ​ការ​នៅ​តំបន់​បឹង​ភាគ​ខាង​ត្បូង​រាជធានី ​នេះ​។ ការ​បូម​ខ្សាច់​បាន​បង្កើន​សកម្មភាព​កាន់​តែ​ខ្លាំង​ឡើងៗ ហើយ​កម្មករ ក្នុង​នោះ​ មាន​ម្នាក់​ដែល​ប្រាប់​កាល​ពី​ម្សិលមិញ​ថា គាត់​មក​ពី​វៀតណាម បាន​ធ្វើ​ការ​ជា​ប្រចាំ​នៅ​ទីនោះ។


លោក កៀង សុខ អ្នក​ភូមិ​សង្កាត់​ចាក់​អង្រែ​លើ ភូមិ​ព្រែក​តាគង់ ដែល​នៅ​ក្បែរ​នោះ​បាន​និយាយ​ថា ៖ «ខ្ញុំ​ព្រួយបារម្ភ​អំពី​ការ​បណ្តេញ​ចេញ»។ «យើង​គ្មាន​ប័ណ្ណ​កម្មសិទិ្ធ​ទេ តែ​យើង​មាន​លិខិត​បញ្ជាក់​តូច​មួយ ដែល​ចេញ​ពី​អាជ្ញាធរ​ក្រុង​ថា​ យើង​បាន​រស់​នៅ​ទីនេះ តាំង​ពី​ឆ្នាំ ១៩៨៤ មក»។

ក្រោម​សំណើ​គម្រោង​អភិវឌ្ឍន៍​ឆ្នាំ ២០១១ ហៅថា AZ Town ផ្លូវ​នានា ក្នុង​នោះ ​មាន​មហាវិថី​ហ៊ុន សែន ប្រវែង​ទទឹង​ ៦០ ម៉ែត្រ នឹង​រត់​កាត់​បឹង។

AZ Town និង​មហាវិថី​ហ៊ុនសែន ត្រូវ​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន ៤ គឺ​ក្រុមហ៊ុន AZ Group ក្រុមហ៊ុន ING Holdings ក្រុមហ៊ុន Daun Penh Construction Group និង​ក្រុមហ៊ុន SMEC International ។​ នេះ​បើ​យោង​តាម​ឯក​សារ​ដែល ភ្នំពេញ ប៉ុស្តិ៍ ទទួល​បាន។ ក្រុមហ៊ុន​ទាំង​នេះ​មិន​អាច​ធ្វើ​ការ​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ បាន​ទេ កាល​ពី​ម្សិលមិញ។

លោក សុខ លីដា អ្នក​គ្រប់គ្រង​គម្រោង​ស្រាវជ្រាវ​ដី​ធ្លី និង​សិទិ្ធ​លំនៅដ្ឋាន​នៅ​សមាគម​ធាង​ត្នោត បាន​ថ្លែង​ថា អង្គការ​របស់​លោក​បាន​រក​ឃើញ​សហគមន៍​ក្រីក្រ​ចំនួន ២៨ ដែល​អាច​រង​ការ​ប៉ះពាល់​ពី​ការ​អភិវឌ្ឍ​នៅ​តំបន់​បឹង​មួយ​នេះ។

លោក បាន​បញ្ជាក់​ថា ៖ «​ផ្អែក​តាម​ទិន្នន័យ​បោះពុម្ព​ផ្សាយ​ក្នុង​ឆ្នាំ ២០០៩ ក្នុង​ការ​ស្ទង់មតិ ៨ ខណ្ឌ បាន​ឲ្យ​ដឹង​ថា ប្រជាជន​ប្រហែល ២ពាន់​ គ្រួសារ​រស់​នៅ​សហគមន៍​ទាំង​២៨ នេះ។ បើ​គិត​ពី​បទពិសោធ​របស់​អ្នក​រស់នៅ​បឹងកក់ សមាគម​ធាង​ត្នោត​ព្រួយ​បារម្ភ​ អំពី​ផលប៉ះពាល់​នៃ​ការ​អភិវឌ្ឍ​មក​លើ​ប្រជាជន​ដែល​កំពុង​រស់​នៅ​ជុំវិញ​បឹង​ទំពុន»។

លោក​ស្រី ឡង់ គឹមហៀង ជា​មន្រ្តី​ទំនាក់​ទំនង​នៅ​អង្គការ Housing Rights Task Force (HRTF)បាន​ថ្លែង​កាល​ពី​ម្សិលមិញ​ថា អ្នក​ភូមិ​ជាច្រើន​នៅ​លើ​ ឬ​ជុំវិញ​បឹង​ទំពុន​មិន​បាន​ដឹង​ទេ​ថា តើ​ការ​អភិវឌ្ឍ​អ្វីខ្លះ​ត្រូវ​បាន​គ្រោង​ឡើង។

លោក​ស្រី​បាន​បន្ត​ ថា៖ «​រហូត​មក​ដល់​ពេល​នេះ ពួក​គេ​មិន​ដឹង​ទេ​ ថា​តើ​អ្វី​កំពុង​កើត​ឡើង​។ អ្នក​ខ្លះ​មិន​ខ្វល់ និង​មិន​គិត​ទេ ថា​ពួក​គេ​នឹង​ត្រូវ​បណ្តេញ​ចេញ។ អ្នក​ខ្លះ​ទៀត​ព្រួយបារម្ភ»។

អង្គការ HRTF ​បាន​ផ្តល់​យោបល់​ផ្លូវ​ច្បាប់​ដល់​ប្រជាជន​អំពី​ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ​ដែល​អាច​កើត​មាន។

HRTH ថា​៖ «​អ្វី​ដែល​ប្រជាជន​ចង់​បាន ​ប្រសិន​បើ​ពួក​គេ​ត្រូវ​ផ្លាស់​ទីលំនៅ​នោះ គឺ​សំណង​សមស្រប​។ ពួក​គេ​មិន​ដឹង​ទេ​ ថា​តើ​អ្វី​ដែល​ពួក​គេ​នឹង​ត្រូវ​ទទួល​បាន​នោះ​ទេ​»។​

លោក ឡុង ឌីម៉ង់​ អ្នក​នាំ​ពាក្យ​សាលា​រាជធានី​បាន​ថ្លែងកាល​ពី​ម្សិលមិញ​ថា លោក​ត្រូវ​ការ​ពេលវេលា​បន្ថែម ដើម្បី​ពិនិត្យ​បញ្ហា​នេះ មុន​ពេល​លោក​អាច​ធ្វើ​ការ​អត្ថាធិប្បាយ​បន្ថែម។

លោក មឿង សុផាន អនុ​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី មិន​អាច​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ កាល​ពី​ម្សិលមិញ។

ក្នុង​ពេល​ដំណាល​គ្នា​នេះ​ដែរ អ្នក​ភូមិ​បឹង​កក់​បាន​ប្រារព្ធ​ពិធី​បុណ្យ​រំឭក​ខួប​មួយ​ឆ្នាំ ចាប់​តាំង​ពី​អាជ្ញាធរ​បាន​បណ្តេញ​ពួក​គេ​ចេញ​និង​បំផ្លាញ​ផ្ទះ​សម្បែង​របស់​ពួក​គេ នៅ​ក្នុង​តំបន់​បឹងកក់។ នៅ​ក្នុង​ពិធី​នេះ ពួក​គេ​បាន​កាន់​ដង្ហែ​និង​ដុត​រូប​ទីងមោង​ដែល​ពួក​គេ​ថា​តំណាង​ឲ្យ​«​មន្រ្តី​ពុករលួយ» ។

អ្នក​ស្រី ហេង មុំ ជន​ត្រូវ​បាន​បណ្តេញ​ចេញ​នៅ​បឹងកក់​បាន​និយាយ​ថា៖«​ទីង​មោង​គឺ​តំណាង មន្រ្តី​ពុករលួយ ដែល​ប្លន់ដី​ធ្លី​របស់​យើង»៕

រាយការណ៍ៈ ឃុត សុភចរិយា, Shane Worrell និង Gregory Pellechi

No comments: