អ្នកភូមិការពារព្រៃឡង់ចាកចេញពីព្រៃឡង់ជាមួយភស្តុតាង |
អ្នកភូមិការពារព្រៃឡង់ចាកចេញពីព្រៃឡង់ជាមួយភស្តុតាង
ថ្ងៃ ចន្ទ 17 កញ្ញា 2012
ដោយ លាង ដឺលុច
Radio France Internationale
ប្រជាសហគមន៍ព្រៃឡង់បានចាកចេញពីព្រៃឡង់ជាបន្តបន្ទាប់នៅថ្ងៃចន្ទនេះ តាមគម្រោងរបស់ពួកគេ។ ពួកគេបានអះអាងថា ពួកគេរកឃើញករណីកាប់ឈើខុសច្បាប់ជាច្រើនករណី ហើយក៏បានរឹបអូសយកម៉ាស៊ីនកាត់ឈើមួយចំនួនដើម្បីប្រគល់អោយរដ្ឋបាលព្រៃឈើផងដែរ។ ពួកគេនឹងធ្វើរបាយការណ៍អំពីករណីទាំងនេះជូនអាជ្ញាធរទៀត។
អ្នកភូមិព្រៃឡង់នៅក្នុងខេត្តទាំង៤បានបញ្ចប់បេសកកម្មរបស់ពួកគេក្នុងការទប់ស្កាត់ការកាប់ព្រៃឈើ និងអនុព្រៃឈើហើយនៅថ្ងៃចន្ទនេះ។ អ្នកភូមិប៉ែកខាងខេត្តកំពង់ធំ ព្រះវិហារ ក្រចេះ និងស្ទឹងត្រែងបានចាកចេញពីក្នុងព្រៃឡង់ជាបន្តបន្ទាប់ ក្រោយពីពួកគេបានរុកចូលព្រៃតាមម៉ូតូកាលពីថ្ងៃទី១៣ កញ្ញាសប្តាហ៍មុន។ ក្រុមអ្នកភូមិបានជួបករណីបំផ្លាញព្រៃឈើមួយចំនួន ហើយក៏បានរឹបអូសយកឧបករណ៍មួយចំនួនទៀតដែរ។ លោកស្រីភោគ ហុង តំណាងអ្នកភូមិសហគមន៍ព្រៃឡង់ក្នុងខេត្តព្រះវិហារបានប្រាប់វិទ្យុបារាំងអន្តរជាតិតាមទូរស័ព្ទនៅរសៀលថ្ងៃចន្ទនេះថា អ្នកភូមិរបស់គាត់ចំនួន៦៤នាក់បានប្រទះឃើញឈើធ្នុងចំនួន១៥ម៉ែត្រគីបរបស់ឈ្មួញ ហើយពួកគាត់បានដុតកំទេចចោលនៅនឹងកន្លែង ដោយសារពិបាកដឹកជញ្ជូនចេញពីក្នុងព្រៃ។ ហើយពួកគាត់ក៏បានរឹបអូសបានម៉ាស៊ីនកាត់ឈើបានមួយគ្រឿងផងដែរ។ លោកស្រីភោគ ហុងបន្តថា អ្នកភូមិបានផ្តិតយករូបភាពនៃការកាប់ឈើផងដែរ។
ចំពោះលោកថៃ ប៊ុនលាង ដែលជាតំណាងអ្នកភូមិព្រៃឡង់ក្នុងខេត្តក្រចេះវិញ លោកក៏បានប្រាប់វិទ្យុបារាំងអន្តរជាតិដែរថា ក្រុមរបស់លោកមានអ្នកភូមិ៥០នាក់ បានបែកចែកគ្នាជាក្រុមដើម្បីលុកចូលព្រៃឡង់ស្វែងរកការកាប់ឈើខុសច្បាប់។ លោកបានបន្តថា ក្រុមលោកបានជួបករណីកាប់ដើមចំបក់ជាក់ស្តែងដែលឈ្មួញកំពុងកាត់ ហើយបានចរចារចាប់យកម៉ាស៊ីនកាត់ឈើបាន២គ្រឿង ហើយថា មានដើមចំបក់១៨ដើមដែលគេទើបតែកាប់ហើយថ្មីៗ។ ក្រុមអ្នកភូមិក៏បានផ្តិតយករូបភាពទាំងនេះ ធ្វើជាភស្តុតាងផងដែរ។ តំណាងអ្នកភូមិមកពីខេត្តទាំង៤ដែលមានព្រៃឡង់សុទ្ធតែអះអាងថា ពួកគេនឹងជួបជុំគ្នាដើម្បីសម្រេចធ្វើរបាយការណ៍ផ្ញើទៅអង្គការពាក់ព័ន្ធ និងអាជ្ញាធរផងដែរ។
គួរបញ្ជាក់ថា បណ្តាញសហគមន៍ព្រៃឡង់បានធ្វើយុទ្ធនាការទ្រង់ទ្រាយធំម្តងទៀត កាលពីថ្ងៃទី១៣កញ្ញានេះ ដោយបានប្រមូលផ្តុំអ្នកភូមិដែលរស់នៅអាស្រ័យអនុព្រៃឈើនៃព្រៃឡង់នេះ ដើម្បីនាំគ្នាចូលព្រៃទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើពីសំណាក់ពួកឈ្មួញ។ ព្រៃឡង់ជាប្រភពនៃអនុផលព្រៃឈើយ៉ាងសំខាន់សម្រាប់ប្រជាពលរដ្ឋភាគច្រើនជាជនជាតិភាគតិចជាច្រើនម៉ឺនគ្រួសារក្នុងភូមិជិត៤០០ភូមិដែលស្ថិតនៅក្នុងខេត្តព្រះវិហារ កំពង់ធំ ស្ទឹងត្រែង និងក្រចេះ៕
No comments:
Post a Comment