វេទិកាដីធ្លី ត្រូវបានលើកបង្ហាញ សម្រាប់គណបក្សនយោបាយ នៅមុនការបោះឆ្នោត |
ថ្ងៃ ចន្ទ 17 កញ្ញា 2012
ដោយ លី ម៉េងហួរ
Radio France Internationale
កិច្ចពិភាក្សាតុមូល ស្តីពី គោលនយោបាយកំណែទម្រង់ដីធ្លី នៅកម្ពុជា ត្រូវបានរៀបចំឡើង ដើម្បីចងក្រងអនុសាសន៍ ដាក់ទៅកាន់រដ្ឋាភិបាល ពិសេសគណបក្សនយោបាយ ទាំងគណបក្សកាន់អំណាច និងទាំងគណបក្សប្រឆាំង ដើម្បីកំណត់កម្មវិធីនយោបាយ សម្រាប់ចូលរួមការបោះឆ្នោត នៅខែកក្កដា ឆ្នាំ២០១៣។ តាមសកម្មសិទ្ធិមនុស្ស បញ្ហាដីធ្លី ជាបញ្ហារំលោភសិទ្ធិមនុស្សធំជាងគេបង្អស់នៅកម្ពុជា ព្រោះប៉ះពាល់ដល់ជីវភាពរបស់ប្រជាពលរដ្ឋ ហើយក៏ជាមូលហេតុនៃភាពក្រីក្ររបស់ប្រជាជនកម្ពុជាផងដែរ។
កិច្ចភាក្សាតុមូលរយៈពេលពេញមួយ នៅថ្ងៃចន្ទ ទី១៧ ខែកញ្ញានេះ មានការចូលរួមពីតំណាងគណបក្សនយោបាយ ប្រជាពលរដ្ឋដែលរងគ្រោះដោយសារជម្លោះដីធ្លី និងសកម្មជនអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ។ កិច្ចពិភាក្សា ស្តីពី គោលនយោបាយកំណែទម្រង់ដីធ្លី នៅកម្ពុជា ត្រូវបានរៀបចំឡើងដោយមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា។ ការលើកឡើងពីជម្លោះដីធ្លីនៅក្នុងកិច្ចពិភាក្សារយៈពេលមួយថ្ងៃនេះ នឹងត្រូវចងក្រង ដើម្បីដាក់ទៅកាន់រដ្ឋាភិបាល និងគណបក្សនយោបាយសម្រាប់ចងក្រងកម្មវិធីនយោបាយ ដោះស្រាយ នៅពេលការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ និងនាយករដ្ឋមន្ត្រីនឹងចូលមកដល់នៅខែកក្កដា ឆ្នាំ២០១៣។
ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក អ៊ូ វិរៈ បានប្រាប់អ្នកកាសែតថា បញ្ហាដីធ្លី ជាចំណាប់អារម្មណ៍ចម្បងរបស់គណបក្សកាន់អំណាច និងគណបក្សប្រឆាំង។ ដូច្នេះមតិយោបល់ និងអនុសាសន៍នានាស្តីពីបញ្ហាដីធ្លីនៅថ្ងៃចន្ទនេះ នឹងត្រូវបញ្ជូនទៅកាន់គ្រប់គណបក្សនយោបាយ និងរដ្ឋាភិបាល សម្រាប់ដោះស្រាយ និងរៀបចំគោលនយោបាយសម្រាប់ឈានទៅឈ្នះការបោះឆ្នោត នៅឆ្នាំ២០១៣ ខាងមុខ។ អំពីស្ថានភាពជម្លោះដីធ្លី នៅក្នុងប្រទេសកម្ពុជា មកដល់ពេលនេះ ត្រូវបានសកម្មជនសិទ្ធិមនុស្ស លោក អ៊ូ វីរៈ លើកឡើងថា បញ្ហាដីធ្លី ជាបញ្ហារំលោភសិទ្ធិមនុស្សធំជាងគេបង្អស់នៅកម្ពុជា ដោយសារវាពាក់ព័ន្ធទៅលើជីវភាពរបស់ប្រជាពលរដ្ឋ ហើយក៏ជាមូលហេតុនៃភាពក្រីក្ររបស់ប្រជាជនកម្ពុជាផងដែរ។ តាមលោកអ៊ូវីរៈ រដ្ឋាភិបាលត្រូវតែរៀបចំប្លង់ដីធ្លី និងប្រព័ន្ធសូរិយោដីឲ្យបានច្បាស់លាស់ ដើម្បីកាត់បន្ថយភាពក្រីក្រ និងជម្លោះដីធ្លី។ ក្នុងនោះ ក៏ដើម្បីទាក់ទាញអ្នកវិនិយោគផងដែរ។
ក្នុងវេទិកាដីធ្លីនៅថ្ងៃចន្ទនេះ ក៏មានការលើកឡើងពីការអនុវត្តច្បាប់ភូមិបាលដែលរដ្ឋាភិបាលកម្ពុជាបានអនុម័តនៅឆ្នាំ២០០១។ ការអនុវត្តច្បាប់ភូមិបាល នៅមានកម្រិត និងខ្វះការត្រួតពិនិត្យ ជាមូលហេតុចម្បង បណ្តាលឲ្យមានជម្លោះដីធ្លី និងការបណ្តេញប្រជាជនកម្ពុជា ចេញពីលំនៅឋាន។ នេះបើតាមការលើកឡើងរបស់វាគ្មិន ក្នុងវេទិកា។ យ៉ាងណាក៏ដោយ នៅពេលថ្មីៗនេះ រដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវយុទ្ធសាស្ត្រថ្មីមួយ ដោយតម្រូវឲ្យក្រុមនិស្សិតស្ម័គ្រចិត្ត ចុះវាស់វែងដី និងធ្វើប្លង់កម្មសិទ្ធិចែកជូនប្រជាជន ដើម្បីអ្វី ដែលរដ្ឋាភិបាលចាត់ទុកថា ដើម្បីកាត់បន្ថយជម្លោះដីធ្លីនៅកម្ពុជា៕
1 comment:
ក្រុមចោរអារយរឹងអូសទ្រព្វសម្បត្តិ ដីធ្លីពីប្រជាជន
រួចហើយ ទុកឱ្យអាមៃអាថោងដោះស្រាយបញ្ហា។
សារព័ត៌មានវិទ្យុខ្លះបំរើហ៊ុនសែនដាច់ថ្លៃ។
Post a Comment