Wednesday, October 31, 2012

ព្រឹទ្ធសភា​អូស្ត្រាលី​ជំរុញ​ឲ្យ​កម្ពុជា​កែ​ទម្រង់ គ.ជ.ប និង​បោះ​ឆ្នោត​ដោយ​សេរី​យុត្តិធម៌

ម្យ៉ាង​វិញ​ទៀត សហភាព​អឺរ៉ុប បាន​ចេញ​សេចក្ដី​សម្រេច​ចិត្ត​មួយ កាល​ពី​ថ្ងៃ​ទី២៦ តុលា ថ្កោល​ទោស​ការ​កាត់​ទោស​នយោបាយ​ប្រឆាំង​នឹង​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​នាយក​វិទ្យុ​សំបុក​ឃ្មុំ និង​ជា​ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ លោក ម៉ម សូណង់ដូ។
សភា​សហភាព​អឺរ៉ុប ក៏​បាន​ទាមទារ​ឲ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត រៀបចំ​ដំណើរ​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣ ប្រកប​ដោយ​លទ្ធិប្រជាធិបតេយ្យ និង​យុត្តិធម៌ តាម​ស្តង់ដារ​អន្តរជាតិ ដែល​គ្រប់​គណបក្ស​នយោបាយ​អាច​ចូល​រួម​ប្រកួត​ប្រជែង​បាន។
ដោយ ទីន ហ្សាការីយ៉ា 2012-10-30 RFA
សហគមន៍​អន្តរជាតិ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា រក​ដំណោះស្រាយ​ផ្នែក​នយោបាយ​ឲ្យ​មេ​បក្ស​ប្រឆាំង​វិល​មក​ចូល​រួម​បោះ​ឆ្នោត​ នៅ​ឆ្នាំ​២០១៣ និង​សុំ​ឲ្យ​ធ្វើ​កំណែ​ទម្រង់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ដើម្បី​ឲ្យ​ការ​បោះ​ឆ្នោត​នោះ​ប្រកប​ដោយ​សេរី ប្រជាធិបតេយ្យ និង​ត្រឹម​ត្រូវ។

ការ​អំពាវនាវ​ជា​បន្ត​បន្ទាប់​ពី​សហគមន៍​អន្តរជាតិ​នេះ នៅ​បន្ទាប់​ពី​រដ្ឋាភិបាល​បាន​បញ្ចេញ​ជំហរ​របស់​ខ្លួន​បដិសេធ​ការ​ស្នើសុំ​ របស់​លោក សម រង្ស៊ី មក​គោរព​ព្រះ​វិញ្ញាណក្ខន្ធ ព្រះ​មហា​វីរក្សត្រ នៅ​ព្រះបរមរាជវាំង។
ព្រឹទ្ធសភា​អូស្ត្រាលី បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ធ្វើ​ការ​កែ​ទម្រង់​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត និង​ត្រូវ​ធានា​ឲ្យ​មាន​វត្តមាន​មេ​ដឹកនាំ​គណបក្ស​ប្រឆាំង លោក សម រង្ស៊ី នៅ​ក្នុង​ការ​ចូល​រួម​បោះ​ឆ្នោត​នៅ​ឆ្នាំ​២០១៣ ប្រកប​ដោយ​សេរី តម្លាភាព និង​ប្រជាធិបតេយ្យ។
នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី២៩ តុលា សមាជិក​ព្រឹទ្ធសភា​អូស្ត្រាលី បាន​សរសេរ​ថា នៅ​ក្នុង​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣ ឆ្នាំ​ក្រោយ​នេះ រដ្ឋាភិបាល​ត្រូវ​តែ​ធានា​ឲ្យ​ការ​បោះ​ឆ្នោត​នោះ​មាន​ការ​ចូល​រួម​ពី​គណបក្ស ​ប្រឆាំង ក្នុង​ការ​ចូល​រួម​ប្រកួត​ប្រជែង​នយោបាយ​យ៉ាង​ពេញ​លេញ រួម​ទាំង​មេ​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ដោយ​គ្មាន​ការ​បៀតបៀន​ដោយ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ជា​ឈ្នាន់ ដើម្បី​ធ្វើ​ការ​ចាប់​ខ្លួន​នោះ​ទេ។
ការ​អំពាវនាវ​ដូច្នេះ ដោយ​យោង​លើ​របាយការណ៍​របស់​អ្នក​រាយការណ៍​ពិសេស​ផ្នែក​សិទ្ធិ​មនុស្ស នៃ​អង្គការ​សហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា ដែល​បាន​ចេញ​ផ្សាយ​កន្លង​មក ដែល​ទាម​ទារ​ឲ្យ​រដ្ឋាភិបាល​ធ្វើ​កំណែ​ទម្រង់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ ​បោះ​ឆ្នោត​នៅ​ឆ្នាំ​២០១៣ ដើម្បី​ឲ្យ​ទៅ​ជា​ស្តង់ដារ​អន្តរជាតិ ដែល​ធ្វើ​ឲ្យ​មាន​ទំនុក​ចិត្ត​ពី​ប្រជាពលរដ្ឋ​លើ​ដំណើរ​ការ​បោះ​ឆ្នោត។
ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​នេះ ទីប្រឹក្សា​រាជ​រដ្ឋាភិបាល និង​ជា​អ្នក​នាំ​ពាក្យ​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ទិត សុធា មាន​ប្រសាសន៍​ថា ការ​អំពាវនាវ​របស់​សមាជិក​ព្រឹទ្ធសភា​អូស្ត្រាលី នេះ មិន​មែន​ជា​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ទេ។ លោក​បញ្ជាក់​ថា ការ​អំពាវនាវ​នេះ​ខុស​ពី​ទិដ្ឋភាព​ច្បាប់​កម្ពុជា ពិសេស​កម្ពុជា ជា​ប្រទេស​ឯករាជ្យ និង​អធិបតេយ្យ​ភាព។
ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី សមាជិក​សភា​សហភាព​អឺរ៉ុប ដែល​ជា​អង្គ​នីតិប្បញ្ញត្តិ​ដ៏​មាន​អំណាច​មួយ នៅ​លើ​ពិភពលោក កាល​ពី​ថ្ងៃ​ទី២៦ តុលា បាន​ទាម​ទារ​ឲ្យ​រដ្ឋាភិបាល​ធ្វើ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត និង​ជំរុញ​ឲ្យ​រដ្ឋាភិបាល និង​គណបក្ស​សង្គ្រោះ​ជាតិ សម្រុះ​សម្រួល​ផ្នែក​នយោបាយ ដើម្បី​អនុញ្ញាត​ឲ្យ​គណបក្ស​ប្រឆាំង​ថ្មី​នេះ អាច​ចូល​រួម​ការ​បោះ​ឆ្នោត​ប្រកប​ដោយ​ភាព​ជឿជាក់។
នាយក​ប្រតិបត្តិ​នៃ​អង្គការ​ខុមហ្វ្រែល (Comfrel) លោក គល់ បញ្ញា បាន​ពន្យល់​ថា ការ​អំពាវនាវ​របស់​សមាជិក​ព្រឹទ្ធសភា​អូស្ត្រាលី នេះ ជា​រឿង​ត្រឹម​ត្រូវ ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទិដ្ឋភាព​ពិត​នៅ​ក្នុង​សង្គម​កម្ពុជា បច្ចុប្បន្ន ពិសេស​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា កន្លង​មក មិន​ទាន់​ត្រឹម​ត្រូវ និង​យុត្តិធម៌ នោះ​ឡើយ។
ម្យ៉ាង​វិញ​ទៀត សហភាព​អឺរ៉ុប បាន​ចេញ​សេចក្ដី​សម្រេច​ចិត្ត​មួយ កាល​ពី​ថ្ងៃ​ទី២៦ តុលា ថ្កោល​ទោស​ការ​កាត់​ទោស​នយោបាយ​ប្រឆាំង​នឹង​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​នាយក​វិទ្យុ​សំបុក​ឃ្មុំ និង​ជា​ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ លោក ម៉ម សូណង់ដូ។
សភា​សហភាព​អឺរ៉ុប ក៏​បាន​ទាមទារ​ឲ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត រៀបចំ​ដំណើរ​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣ ប្រកប​ដោយ​លទ្ធិប្រជាធិបតេយ្យ និង​យុត្តិធម៌ តាម​ស្តង់ដារ​អន្តរជាតិ ដែល​គ្រប់​គណបក្ស​នយោបាយ​អាច​ចូល​រួម​ប្រកួត​ប្រជែង​បាន។
គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​គណបក្ស​បង្រួប​បង្រួម​គ្នា​រវាង​គណបក្ស សិទ្ធិ​មនុស្ស និង​គណបក្ស សម រង្ស៊ី នោះ កន្លង​មក​ក៏​ធ្លាប់​ជួប​ជាមួយ​មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​មហាផ្ទៃ ដើម្បី​ស្នើសុំ​ឲ្យ​កែ​ទម្រង់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ដែរ ប៉ុន្តែ​ត្រូវ​បាន​ក្រសួង​មហាផ្ទៃ​បដិសេធ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

2 comments:

Anonymous said...

ទិត សុធាស្អីគេនេះ និយាយយកឈ្មោះខ្មែរ
មកលាប ការពិតវាជាមនុស្សក្បត់ជាតិសុទ្ធ

Anonymous said...

មើលវានិយាយចុះទិត សុធា មិនគ្រប់ទឹក វានិយាយ
ដូចឆ្កួតៗថា ការ​អំពាវនាវ​របស់​សមាជិក​ព្រឹទ្ធសភា​អូស្ត្រាលី នេះ មិន​មែន​ជា​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​
ទេ។ "លោក​បញ្ជាក់​ថា ការ​អំពាវនាវ​នេះ​ខុស​ពី​ទិដ្ឋ
ភាព​ច្បាប់​កម្ពុជា ពិសេស​កម្ពុជា ជា​ប្រទេស​ឯករាជ្យ និងអធិបតេយ្យ​ភាព" វាចេះស្រែកចឹងទៅរួច ប្រគល់
កោះត្រល់ និងកាត់ភូមិដទៃទៀតឱ្យយួន នៅថា
កម្ពុជាជាប្រទេសឯករាជ្យ និងអធិបតេយ្យភាព
ទាំងមិនចេះអៀនខ្មាស៕