Saturday, October 06, 2012

ទណ្ឌិត​ជាប់​ចោទ​ពី​បទ​បង្កើត​តំបន់​អបគមន៍​នៅ​ក្រចេះ ស្វែង​រក​ការ​ការពារ​សុវត្ថិភាព


(RFA/Vicheyanandh-ពលរដ្ឋ​​​ជម្លៀស​ខ្លួន​ចេញ​ពី​តំបន់​ដែល​កម្លាំង​សមត្ថកិច្ច​របស់​រដ្ឋាភិបាល ចុះ​បង្ក្រាប​ការ​កាន់​កាប់​ដី នៅ​ស្រុក​ឆ្លូង ខេត្ត​ក្រចេះ ផ្ដល់​បទ​សម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​១៦ ឧសភា ២០១២។)
 «លីកាដូ ក៏​អត់​ហ៊ាន។ អាដហុក ក៏​អត់​ហ៊ាន។ អង្គការ​សិទ្ធិ​មនុស្ស​ផ្សេងៗ ក៏​អត់​ហ៊ាន​ទាំង​អស់។ នៅ​ពេល​ដែល​ខ្ញុំ​ហៅ​ទៅ​គេ គេ​ថា​គេ​អត់​ហ៊ាន​និយាយ​ជាមួយ​ទេ គេ​ថា​សូម​ឲ្យ​បិទ​ទូរស័ព្ទ។ អ៊ីចឹង ស្ថានភាព​ខ្ញុំ​ត្រូវ​បាន​គេ​ខ្ទប់​ជាប់​ទាំង​អស់ គឺ​អត់​មាន​នណា​ហ៊ាន​ទទួល​ខ្ញុំ​ទេ។ ខ្ញុំ​ហៅ​ទៅ​លោក​ណា​ក៏​អត់​ដែរ។ ហើយ​ខ្ញុំ​អត់​បាន​និយាយ​ជាមួយ​ផង​រហូត​ដល់​មាន​ចោទ​ប្រកាន់​លោក ចាន់ សុវេត ថា មាន​ទាក់​ទង​ជាមួយ​ខ្ញុំ ផ្តល់​ជំនួយ ៣០ម៉ឺន អី​ទៅ​ហើយ ចុះ​ទម្រាំ​ដល់​ពួក​គាត់​ហ៊ាន​លូក​ដៃ​ទៀត​នោះ មិន​ដឹង​ថា​ចាប់​ពួក​គាត់​អស់​ហើយ។ អ៊ីចឹង ខ្ញុំ​អត់​ខឹង​ទៅ​នឹង​អង្គការ​សង្គម​ស៊ីវិល អត់​អន់​ចិត្ត​ទៅ​នឹង​អង្គការ​ស្រុក​ខ្មែរ​ទាំង​នោះ​ទេ ពីព្រោះ​ថា លទ្ធភាព​របស់​ពួក​គេ​កំពុង​ស្ថិត​នៅ​ក្រោម​គំនាប​មាត់​ក្រពើ​របស់​លោក ហ៊ុន សែន»

2012-10-04
Source:RFA

ទណ្ឌិត​ដែល​ទើប​ត្រូវ​តុលាការ​ទីក្រុង​ភ្នំពេញ កាត់​ទោស​កំបាំង​មុខ​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល ៣០ឆ្នាំ ពី​បទ​ចូល​រួម​បង្កើត​តំបន់​អបគមន៍​រដ្ឋ​ក្នុង​រដ្ឋ ក្នុង​ខេត្ត​ក្រចេះ ប្រឆាំង​រដ្ឋាភិបាល​កម្ពុជា បាន​ជំរុញ​ឲ្យ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ ជួយ​ការពារ​សុវត្ថិភាព​ដល់​ពួក​គេ។

ប៉ុន្តែ សមត្ថកិច្ច​កម្ពុជា អះអាង​ថា នឹង​ខិតខំ​ស្វះស្វែង​ចាប់​ទណ្ឌិត​ទាំង​នេះ​បញ្ជូន​ចូល​សំណាញ់​ច្បាប់​ឲ្យ​ទាល់​តែ​បាន។
លោក ប៊ុន រដ្ឋា និង​ឪពុក​របស់​លោក​ឈ្មោះ ប៊ុន ឆន ព្រម​ទាំង​ទណ្ឌិត​មួយ​ចំនួន​ទៀត ដែល​កំពុង​ភៀស​ខ្លួន បាន​អំពាវនាវ​ឲ្យ​សហគមន៍​អន្តរជាតិ​ទាំង​អស់ ធ្វើ​យ៉ាង​ណា​ការពារ​សន្តិសុខ និង​សុវត្ថិភាព​ផ្ទាល់​ខ្លួន​របស់​ពួក​គេ ខណៈ​សមត្ថកិច្ច​របស់​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ កំពុង​ស្វះស្វែង​តាម​ចាប់​ខ្លួន​អ្នក​ទាំង​អស់​នោះ​តាម​ដីកា​សម្រេច​របស់​តុលាការ។
ពី​ទី​កន្លែង​លាក់​ខ្លួន​លោក ប៊ុន រដ្ឋា អាយុ ២៧ឆ្នាំ បាន​ត្អូញត្អែរ​ប្រាប់​វិទ្យុ​អាស៊ីសេរី តាម​ទូរស័ព្ទ កាល​ពី​ថ្ងៃ​អង្គារ ថា ស្ថានភាព​រស់នៅ​គេច​ខ្លួន​របស់​ក្រុម​លោក​កំពុង​ជួប​ប្រទះ​នឹង​ភាព​ប្រថុយប្រថាន​ជា​ខ្លាំង ខ្វះ​ទាំង​ថវិកា ម្ហូប​អាហារ និង​សុវត្ថិភាព។
លោក​បាន​អំពាវនាវ​ឲ្យ​បណ្ដា​អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​ទាំង​អស់ ធ្វើ​យ៉ាង​ណា​ជួយ​ការពារ​សុវត្ថិភាព​ពួក​គេ​កុំ​ឲ្យ​សមត្ថកិច្ច​ខ្មែរ​ចាប់​បញ្ជូន​ទៅ​ពន្ធនាគារ៖ «គឺ​គេ​ទៅ​តាម​ឃ្លាំ​តាម​ព្យាបាទ​ខ្ញុំ​អ៊ីចឹង គឺ​ពិបាក​វេទនា​ណាស់។ ពី​មួយ​ថ្ងៃ ទៅ​មួយ​ថ្ងៃ គឺ​ដូច​ជា​ទន្សាយ​អ៊ីចឹង​ខ្ញុំ​នោះ គឺ​គេច​ពី​កំពត​មួយ ទៅ​កំពត​មួយ ដើម្បី​គេច​ខ្លួន​ពី​ការ​តាម​ប្រមាញ់​របស់​ក្រុម ហ៊ុន សែន។ ដូច្នេះ ខ្ញុំ​គិត​ថា ខ្ញុំ​មាន​ការ​បារម្ភ​ចំពោះ​សុវត្ថិភាព​របស់​ខ្ញុំ​ខ្លាំង ហើយ​នឹង​អាច​អង្គការ​អន្តរជាតិ សុំ​ឲ្យ​ពួក​គាត់​ជួយ»
តុលាការ​ក្រុង​ភ្នំពេញ បាន​កាត់​ទោស​កំបាំង​មុខ​ឱ្យ​លោក ប៊ុន រដ្ឋា ជាប់​ពន្ធនាគារ​រយៈពេល ៣០ឆ្នាំ រួម​ទាំង​មនុស្ស​មួយ​ចំនួន​ទៀត មាន​លោក ម៉ម សូណង់ដូ ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ​ផង​ដែរ ពី​បទ​បង្កើត​តំបន់​អបគមន៍ ដោយ​តាំង​ខ្លួន​ជា​អាជ្ញាធរ​បែង​ចែក​ដីធ្លី ហើយ​បំផុស​បំផុល​ឲ្យ​មាន​ការ​បង្កើត​អាវុធ​ច្នៃប្រឌិត ប្រឆាំង​នឹង​សមត្ថកិច្ច ក្នុង​ភូមិ​ប្រម៉ា ឃុំ​កំពង់ដំរី ស្រុក​ឆ្លូង ខេត្ត​ក្រចេះ។
លោក ប៊ុន រដ្ឋា មាន​ប្រសាសន៍​បន្ត​ថា រហូត​មក​ទល់​ពេល​នេះ លោក​នៅ​មិន​ទាន់​បាន​ទទួល​អន្តរាគមន៍​ពី​សង្គម​ស៊ីវិល​ក្នុង​ប្រទេស​កម្ពុជា អំពី​ការ​ការពារ​ដល់​សន្តិសុខ និង​សុវត្ថិភាព​ផ្ទាល់​ខ្លួន​របស់​លោក​នោះ​នៅ​ឡើយ​ទេ។ លោក​បញ្ជាក់​ថា សង្គម​ស៊ីវិល​ទាំង​នោះ​បាន​បដិសេធ​ជួយ​រូប​លោក ដោយ​សារ​ករណី​ចោទ​ប្រកាន់​ពី​បទ​បង្កើត​តំបន់​អបគមន៍​រដ្ឋ​ក្នុង​រដ្ឋ ប្រឆាំង​របប​លោក ហ៊ុន សែន ជា​ករណី​រសើប។
លោក ប៊ុន រដ្ឋា៖ «លីកាដូ ក៏​អត់​ហ៊ាន។ អាដហុក ក៏​អត់​ហ៊ាន។ អង្គការ​សិទ្ធិ​មនុស្ស​ផ្សេងៗ ក៏​អត់​ហ៊ាន​ទាំង​អស់។ នៅ​ពេល​ដែល​ខ្ញុំ​ហៅ​ទៅ​គេ គេ​ថា​គេ​អត់​ហ៊ាន​និយាយ​ជាមួយ​ទេ គេ​ថា​សូម​ឲ្យ​បិទ​ទូរស័ព្ទ។ អ៊ីចឹង ស្ថានភាព​ខ្ញុំ​ត្រូវ​បាន​គេ​ខ្ទប់​ជាប់​ទាំង​អស់ គឺ​អត់​មាន​នណា​ហ៊ាន​ទទួល​ខ្ញុំ​ទេ។ ខ្ញុំ​ហៅ​ទៅ​លោក​ណា​ក៏​អត់​ដែរ។ ហើយ​ខ្ញុំ​អត់​បាន​និយាយ​ជាមួយ​ផង​រហូត​ដល់​មាន​ចោទ​ប្រកាន់​លោក ចាន់ សុវេត ថា មាន​ទាក់​ទង​ជាមួយ​ខ្ញុំ ផ្តល់​ជំនួយ ៣០ម៉ឺន អី​ទៅ​ហើយ ចុះ​ទម្រាំ​ដល់​ពួក​គាត់​ហ៊ាន​លូក​ដៃ​ទៀត​នោះ មិន​ដឹង​ថា​ចាប់​ពួក​គាត់​អស់​ហើយ។ អ៊ីចឹង ខ្ញុំ​អត់​ខឹង​ទៅ​នឹង​អង្គការ​សង្គម​ស៊ីវិល អត់​អន់​ចិត្ត​ទៅ​នឹង​អង្គការ​ស្រុក​ខ្មែរ​ទាំង​នោះ​ទេ ពីព្រោះ​ថា លទ្ធភាព​របស់​ពួក​គេ​កំពុង​ស្ថិត​នៅ​ក្រោម​គំនាប​មាត់​ក្រពើ​របស់​លោក ហ៊ុន សែន»
ទាក់​ទិន​ទៅ​នឹង​ការ​អំពាវនាវ​របស់​លោក ប៊ុន រដ្ឋា សុំ​ឲ្យ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​ជួយ​គាំពារ​ដល់​សុវត្ថិភាព​របស់​លោក​នេះ​ដែរ មន្ត្រី​អង្គការ​ការពារ​សិទ្ធិ​មនុស្ស ក្នុង​ប្រទេស​កម្ពុជា បាន​សម្ដែង​ការ​សោកស្ដាយ និង​ខក​ចិត្ត​ចំពោះ​កម្ពុជា ដែល​គ្មាន​សន្តិភាព​ពិត​ប្រាកដ។
ឆ្លើយ​តប​ទៅ​នឹង​ការ​លើក​ឡើង​របស់​លោក ប៊ុន រដ្ឋា ដែល​ថា​អង្គការ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ហាក់​ព្រងើយ​កន្តើយ​ចំពោះ​ករណី​របស់​លោក​នោះ ប្រធាន​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ អ្នកស្រី ពុង ឈីវកេក បាន​ពន្យល់​ថា អង្គការ​របស់​អ្នកស្រី​មាន​លទ្ធភាព​បាន​ត្រឹម​ជួយ​ឧបត្ថម្ភ​តែ​ខាង​ផ្នែក​មនុស្ស​ធម៌ និង​អាច​គ្រាន់​តែ​ជំរុញ​ដោយ​សន្តិវិធី ទៅ​រដ្ឋាភិបាល​កម្ពុជា ឬ​តុលាការ​ឲ្យ​ធ្វើ​កិច្ចការ​ប្រកប​ដោយ​យុត្តិធម៌ ស្មើភាព​គ្នា និង​ដោយ​ឯករាជ្យ​ប៉ុណ្ណោះ។
អ្នកស្រី ពុង ឈីវកេក៖ «យើង​អត់​មាន​អំណាច​អី​ទៅ​ជួយ​អ្នក​ណា​ឲ្យ​រួច​ពី​កន្លែង​ត្រង់​ណា​អី យើង​អត់​មាន​សោះ​ចាស បាន​តែ​ជួយ​តស៊ូ​មតិ​ដោយ​សន្តិភាព​ទៅ​ទៀត​ចាស។ បើ​ភ្នាក់ងារ​អន្តរជាតិ​ដូច​ជា​អង្គការ​អន្តរជាតិ​ទទួល​បន្ទុក​ជន​ភៀស​ខ្លួន មាន​ការ​សរសេរ​សំបុត្រ​មក​សួរ​យើង​អី នោះ​យើង​អាច​សរសេរ​តប​វិញ ដោយ​ប្រាប់​ការ​ពិត។ ហើយ​យើង​អាច​ប្រាប់​អ្វីៗ​ដែល​យើង​រក​ឃើញ ដោយ​ការ​ពិត ជា​ការ​ជាក់ស្តែង​ចាស»
រហូត​មក​ទល់​ពេល​នេះ គេ​នៅ​មិន​ទាន់​ឃើញ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជន​ភៀស​ខ្លួន (UNHCR) បង្ហាញ​ពី​ជំហរ​របស់​ខ្លួន​ចំពោះ​ករណី​លោក ប៊ុន រដ្ឋា និង​មនុស្ស​មួយ​ចំនួន​ទៀត​នោះ​នៅ​ឡើយ​ទេ។
ជុំវិញ​បញ្ហា​នេះ​ដែរ ប្រធាន​អង្គការ​ខ្មែរ-អាមេរិកាំង​ដើម្បី​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​មាន​មូលដ្ឋាន​ក្នុង​សហរដ្ឋ​អាមេរិក លោក យ៉ាប់ គឹមទឹង មាន​ប្រសាសន៍​ថា លោក​នឹង​បង្ហាញ​ករណី​នេះ​ទៅ​គ្រប់​បណ្ដាញ​របស់​លោក ដើម្បី​ជួយ​ក្រុម​ទណ្ឌិត​ភៀស​ខ្លួន​ទាំង​នោះ​ទៅ​តាម​លទ្ធភាព​ដែល​អាច​ធ្វើ​ទៅ​បាន៖ «សូម​អំពាវនាវ​ដល់​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ទាំង​អស់ ជួយ​ដោះស្រាយ​បញ្ហា​នេះ ដូច​ជា​ថវិកា​ខ្លះៗ ដើម្បី​យើង​អាច​រក​កន្លែង​ឲ្យ​ពួក​គេ​នៅ​បាន​ល្អ»
ប៉ុន្តែ​ទោះ​ជា​លោក ប៊ុន រដ្ឋា និង​បក្ខពួក​ខំ​រត់​ទៅ​ដល់​ទី​ណា​ក៏ដោយ ក៏​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​ប្រកាស​ហើយ​ថា​នឹង​តាម​ចាប់​បញ្ជូន​មក​កម្ពុជា វិញ​ឲ្យ​ទាល់​តែ​បាន។
អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក​ឧត្តមសេនីយ៍ ខៀវ សុភ័គ កាល​ពី​ថ្ងៃ​អង្គារ មាន​ប្រសាសន៍​ថា សមត្ថកិច្ច​កម្ពុជា មាន​ភារកិច្ច​អនុវត្ត​តាម​សេចក្តី​សម្រេច​របស់​តុលាការ ដែល​មិន​ត្រូវ​ឲ្យ​ជន​ល្មើស​គេច​ផុត​ពី​សំណាញ់​ច្បាប់៖ «ការ​តាម​ចាប់​ខ្លួន​នេះ មាន​លក្ខណៈ​ច្រើន បើ​ទោះ​បី​អ្នក​ទាំង​អស់​ហ្នឹង គេច​ខ្លួន​ទៅ​ក្រៅ​ប្រទេស​ក៏ដោយ ក្នុង​ករណី​មិន​ទាន់​បាន​ធ្វើ​បត្យាប័ន ដើម្បី​បញ្ជូន​អ្នក​ទាំង​នោះ​ចូល​ក្នុង​សំណាញ់​ច្បាប់​កម្ពុជា ទោះ​ជា​អ្នក​ទាំង​នោះ​នៅ​ទីណា​ក៏ដោយ គឺ​សមត្ថកិច្ច មាន​ភារកិច្ច និង​កាតព្វកិច្ច​អនុវត្ត​តាម​សេចក្តី​សម្រេច​របស់​តុលាការ»
អង្គការ​ខ្មែរ-អាមេរិកាំង​ដើម្បី​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ (CAHRAD) នៅ​សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​អង្គារ បាន​ថ្កោលទោស​តុលាការ និង​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ ដែល​ព្យាយាម​បំបិទ​សំឡេង​ក្រុម​សកម្មជន​ការពារ​ដីធ្លី និង​ក្រុម​អ្នក​សារព័ត៌មាន។
អង្គការ​នេះ​បាន​ចាត់​ទុក​ការ​កាត់​ទោស​លោក ម៉ម សូណង់ដូ លោក ប៊ុន រដ្ឋា លោក ប៊ុន ឆន និង​មនុស្ស​មួយ​ចំនួន​ទៀត​ថា ធ្វើ​ឡើង​ដោយ​អយុត្តិធម៌ និង​មិន​ឯករាជ្យ។
ក្រុម​នេះ​ក៏​បាន​អំពាវនាវ​ដល់​ពលរដ្ឋ​គ្រប់​ទិសទី​ក្នុង​សាកលលោក និង​សហគមន៍​អន្តរជាតិ ឱ្យ​នាំ​គ្នា​តវ៉ា​ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​ដោះ​លែង​លោក ម៉ម សូណង់ដូ ជា​បន្ទាន់ ព្រម​ទាំង​ជន​ស្លូត​ត្រង់​ជាច្រើន​ទៀត៕

3 comments:

Anonymous said...

UN ត្រូវត្មោងរបស់ហុ៊ន សែនថ្មីៗ លែងហ៊ានអើតមុខទៅជួយទណ្ឌិតឪ&កូន ។ ខ្ញុំទាយថា
អូបាម៉ា នឹងមកភ្នំពេញ ហើយហុ៊ន សែនក៏មិនញោចដែរព្រោះមានចិនចាំរង ។ ពួកមហាអំណាច
ពីរនេះកំពុងតែរកប្រយោជន៍រៀងខ្លួន មិនសូវគិតដល់រាស្រ្តខ្មែរប៉ុន្មានទេ យើងធ្លាប់រងគ្រោះដោយ
សារចិន & អាមេរិក រួចមកហើយ តាំងពីសម័យលន់ នល់ រហូតមកសព្វថ្ងៃ ។

Anonymous said...

តើអាណាមួយ ដែលហ៊ុនសែន នឹងប្រគល់កម្ពុជា
ឱ្យក្នុងគ្រាដែលគ្មានលទ្ធភាពសងបំណុលគេជាង៦
កោតដុល្លា? ចូរខ្មែរចងចាំ រួចហើយរំឮកថា គ្មាន
នរណាជាខ្មែរជួយ ឬ ស្រឡាញ់ខ្មែរគ្នាឯងទេ!
អ៊ុយអេះអា + ចិន + យួន = សម្លាប់ខ្មែរជិត២លាន
ដូច្នោះ គ្មានអាមួយណាចង់ឱ្យខ្មែរបានសុខឡើយ៕

Anonymous said...

សូមសសើរ កឺម សុខា ដែលបានសំរេចផែនការ
របស់ខ្លួនយកសំរ៉ាំងស៊ី ចេញពីក្បាលបក្សដែល
យកឈ្មោះខ្លួនឯងដាក់ជាឈ្មោះបក្ស។
សូមជួយកត់ត្រាទុកទាំងអស់គ្នាណា គណបក្សថ្មី
នឺងរលាយទៅវិញនៅខែមីនា២០១៣ គឺនៅពេលដែលយកបេក្ខជនទៅឈរឈ្មោះបោះ
ឆ្នោត។ កឺម សុខារកលេសចេញពីបក្សថ្មី ដើម្បី
បញ្ជូនបេក្ខជនបក្សសិទ្ទិមនុស្សទៅឈរឈ្មោះ
សំរាប់បក្សខ្លួន គឹពេលនេះបេក្ខជនសំរ៉ាំងស៊ី ទាល់
ច្រកទៅមុខមិនរួច ថយក្រោយមិនរួច។
ទៅអនាគត គណបក្សប្រឆាំងដែលធំជាងគេនៅ
កម្ពុជាគែបក្សសិទ្ទិមនុស្ស ដូច្នេះកឹម សុខាអាចចរចារនឹងហ៊ុន សែន ចែកអំណាចបាន
ពីព្រោះហ៊ុន សែន ក៏មិនចង់នៅម្នាក់ឯងដែរ។
អនាគតរាជរដ្ឋភិបាលចំរុះមួយ មាន បក្សប្រជាជន
បក្សហ៊្វុនស៊ិនប៉ិច និងបក្សសិទ្ទិមនុស្សសំរាប់កំដរ
ការកាន់អំណាច៥ឆ្មាំទៀតរបស់ហ៊ុន សែន។