«លីកាដូ ក៏អត់ហ៊ាន។ អាដហុក ក៏អត់ហ៊ាន។ អង្គការសិទ្ធិមនុស្សផ្សេងៗ ក៏អត់ហ៊ានទាំងអស់។ នៅពេលដែលខ្ញុំហៅទៅគេ គេថាគេអត់ហ៊ាននិយាយជាមួយទេ គេថាសូមឲ្យបិទទូរស័ព្ទ។ អ៊ីចឹង ស្ថានភាពខ្ញុំត្រូវបានគេខ្ទប់ជាប់ទាំងអស់ គឺអត់មាននណាហ៊ានទទួលខ្ញុំទេ។ ខ្ញុំហៅទៅលោកណាក៏អត់ដែរ។ ហើយខ្ញុំអត់បាននិយាយជាមួយផងរហូតដល់មានចោទប្រកាន់លោក ចាន់ សុវេត ថា មានទាក់ទងជាមួយខ្ញុំ ផ្តល់ជំនួយ ៣០ម៉ឺន អីទៅហើយ ចុះទម្រាំដល់ពួកគាត់ហ៊ានលូកដៃទៀតនោះ មិនដឹងថាចាប់ពួកគាត់អស់ហើយ។ អ៊ីចឹង ខ្ញុំអត់ខឹងទៅនឹងអង្គការសង្គមស៊ីវិល អត់អន់ចិត្តទៅនឹងអង្គការស្រុកខ្មែរទាំងនោះទេ ពីព្រោះថា លទ្ធភាពរបស់ពួកគេកំពុងស្ថិតនៅក្រោមគំនាបមាត់ក្រពើរបស់លោក ហ៊ុន សែន»។
ដោយ តាំង សារ៉ាដា
2012-10-04
Source:RFA
ទណ្ឌិតដែលទើបត្រូវតុលាការទីក្រុងភ្នំពេញ កាត់ទោសកំបាំងមុខឲ្យជាប់ពន្ធនាគាររយៈពេល ៣០ឆ្នាំ ពីបទចូលរួមបង្កើតតំបន់អបគមន៍រដ្ឋក្នុងរដ្ឋ ក្នុងខេត្តក្រចេះ ប្រឆាំងរដ្ឋាភិបាលកម្ពុជា បានជំរុញឲ្យសង្គមស៊ីវិលជាតិ និងអន្តរជាតិ ជួយការពារសុវត្ថិភាពដល់ពួកគេ។
ប៉ុន្តែ សមត្ថកិច្ចកម្ពុជា អះអាងថា នឹងខិតខំស្វះស្វែងចាប់ទណ្ឌិតទាំងនេះបញ្ជូនចូលសំណាញ់ច្បាប់ឲ្យទាល់តែបាន។
លោក ប៊ុន រដ្ឋា និងឪពុករបស់លោកឈ្មោះ ប៊ុន ឆន ព្រមទាំងទណ្ឌិតមួយចំនួនទៀត ដែលកំពុងភៀសខ្លួន បានអំពាវនាវឲ្យសហគមន៍អន្តរជាតិទាំងអស់ ធ្វើយ៉ាងណាការពារសន្តិសុខ និងសុវត្ថិភាពផ្ទាល់ខ្លួនរបស់ពួកគេ ខណៈសមត្ថកិច្ចរបស់រដ្ឋាភិបាលទីក្រុងភ្នំពេញ កំពុងស្វះស្វែងតាមចាប់ខ្លួនអ្នកទាំងអស់នោះតាមដីកាសម្រេចរបស់តុលាការ។
ពីទីកន្លែងលាក់ខ្លួនលោក ប៊ុន រដ្ឋា អាយុ ២៧ឆ្នាំ បានត្អូញត្អែរប្រាប់វិទ្យុអាស៊ីសេរី តាមទូរស័ព្ទ កាលពីថ្ងៃអង្គារ ថា ស្ថានភាពរស់នៅគេចខ្លួនរបស់ក្រុមលោកកំពុងជួបប្រទះនឹងភាពប្រថុយប្រថានជាខ្លាំង ខ្វះទាំងថវិកា ម្ហូបអាហារ និងសុវត្ថិភាព។
លោកបានអំពាវនាវឲ្យបណ្ដាអង្គការសិទ្ធិមនុស្សអន្តរជាតិទាំងអស់ ធ្វើយ៉ាងណាជួយការពារសុវត្ថិភាពពួកគេកុំឲ្យសមត្ថកិច្ចខ្មែរចាប់បញ្ជូនទៅពន្ធនាគារ៖ «គឺគេទៅតាមឃ្លាំតាមព្យាបាទខ្ញុំអ៊ីចឹង គឺពិបាកវេទនាណាស់។ ពីមួយថ្ងៃ ទៅមួយថ្ងៃ គឺដូចជាទន្សាយអ៊ីចឹងខ្ញុំនោះ គឺគេចពីកំពតមួយ ទៅកំពតមួយ ដើម្បីគេចខ្លួនពីការតាមប្រមាញ់របស់ក្រុម ហ៊ុន សែន។ ដូច្នេះ ខ្ញុំគិតថា ខ្ញុំមានការបារម្ភចំពោះសុវត្ថិភាពរបស់ខ្ញុំខ្លាំង ហើយនឹងអាចអង្គការអន្តរជាតិ សុំឲ្យពួកគាត់ជួយ»។
តុលាការក្រុងភ្នំពេញ បានកាត់ទោសកំបាំងមុខឱ្យលោក ប៊ុន រដ្ឋា ជាប់ពន្ធនាគាររយៈពេល ៣០ឆ្នាំ រួមទាំងមនុស្សមួយចំនួនទៀត មានលោក ម៉ម សូណង់ដូ ប្រធានវិទ្យុសំបុកឃ្មុំផងដែរ ពីបទបង្កើតតំបន់អបគមន៍ ដោយតាំងខ្លួនជាអាជ្ញាធរបែងចែកដីធ្លី ហើយបំផុសបំផុលឲ្យមានការបង្កើតអាវុធច្នៃប្រឌិត ប្រឆាំងនឹងសមត្ថកិច្ច ក្នុងភូមិប្រម៉ា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ។
លោក ប៊ុន រដ្ឋា មានប្រសាសន៍បន្តថា រហូតមកទល់ពេលនេះ លោកនៅមិនទាន់បានទទួលអន្តរាគមន៍ពីសង្គមស៊ីវិលក្នុងប្រទេសកម្ពុជា អំពីការការពារដល់សន្តិសុខ និងសុវត្ថិភាពផ្ទាល់ខ្លួនរបស់លោកនោះនៅឡើយទេ។ លោកបញ្ជាក់ថា សង្គមស៊ីវិលទាំងនោះបានបដិសេធជួយរូបលោក ដោយសារករណីចោទប្រកាន់ពីបទបង្កើតតំបន់អបគមន៍រដ្ឋក្នុងរដ្ឋ ប្រឆាំងរបបលោក ហ៊ុន សែន ជាករណីរសើប។
លោក ប៊ុន រដ្ឋា៖ «លីកាដូ ក៏អត់ហ៊ាន។ អាដហុក ក៏អត់ហ៊ាន។ អង្គការសិទ្ធិមនុស្សផ្សេងៗ ក៏អត់ហ៊ានទាំងអស់។ នៅពេលដែលខ្ញុំហៅទៅគេ គេថាគេអត់ហ៊ាននិយាយជាមួយទេ គេថាសូមឲ្យបិទទូរស័ព្ទ។ អ៊ីចឹង ស្ថានភាពខ្ញុំត្រូវបានគេខ្ទប់ជាប់ទាំងអស់ គឺអត់មាននណាហ៊ានទទួលខ្ញុំទេ។ ខ្ញុំហៅទៅលោកណាក៏អត់ដែរ។ ហើយខ្ញុំអត់បាននិយាយជាមួយផងរហូតដល់មានចោទប្រកាន់លោក ចាន់ សុវេត ថា មានទាក់ទងជាមួយខ្ញុំ ផ្តល់ជំនួយ ៣០ម៉ឺន អីទៅហើយ ចុះទម្រាំដល់ពួកគាត់ហ៊ានលូកដៃទៀតនោះ មិនដឹងថាចាប់ពួកគាត់អស់ហើយ។ អ៊ីចឹង ខ្ញុំអត់ខឹងទៅនឹងអង្គការសង្គមស៊ីវិល អត់អន់ចិត្តទៅនឹងអង្គការស្រុកខ្មែរទាំងនោះទេ ពីព្រោះថា លទ្ធភាពរបស់ពួកគេកំពុងស្ថិតនៅក្រោមគំនាបមាត់ក្រពើរបស់លោក ហ៊ុន សែន»។
ទាក់ទិនទៅនឹងការអំពាវនាវរបស់លោក ប៊ុន រដ្ឋា សុំឲ្យសង្គមស៊ីវិលជាតិ និងអន្តរជាតិជួយគាំពារដល់សុវត្ថិភាពរបស់លោកនេះដែរ មន្ត្រីអង្គការការពារសិទ្ធិមនុស្ស ក្នុងប្រទេសកម្ពុជា បានសម្ដែងការសោកស្ដាយ និងខកចិត្តចំពោះកម្ពុជា ដែលគ្មានសន្តិភាពពិតប្រាកដ។
ឆ្លើយតបទៅនឹងការលើកឡើងរបស់លោក ប៊ុន រដ្ឋា ដែលថាអង្គការសិទ្ធិមនុស្សនៅកម្ពុជា ហាក់ព្រងើយកន្តើយចំពោះករណីរបស់លោកនោះ ប្រធានអង្គការការពារសិទ្ធិមនុស្សលីកាដូ អ្នកស្រី ពុង ឈីវកេក បានពន្យល់ថា អង្គការរបស់អ្នកស្រីមានលទ្ធភាពបានត្រឹមជួយឧបត្ថម្ភតែខាងផ្នែកមនុស្សធម៌ និងអាចគ្រាន់តែជំរុញដោយសន្តិវិធី ទៅរដ្ឋាភិបាលកម្ពុជា ឬតុលាការឲ្យធ្វើកិច្ចការប្រកបដោយយុត្តិធម៌ ស្មើភាពគ្នា និងដោយឯករាជ្យប៉ុណ្ណោះ។
អ្នកស្រី ពុង ឈីវកេក៖ «យើងអត់មានអំណាចអីទៅជួយអ្នកណាឲ្យរួចពីកន្លែងត្រង់ណាអី យើងអត់មានសោះចាស បានតែជួយតស៊ូមតិដោយសន្តិភាពទៅទៀតចាស។ បើភ្នាក់ងារអន្តរជាតិដូចជាអង្គការអន្តរជាតិទទួលបន្ទុកជនភៀសខ្លួន មានការសរសេរសំបុត្រមកសួរយើងអី នោះយើងអាចសរសេរតបវិញ ដោយប្រាប់ការពិត។ ហើយយើងអាចប្រាប់អ្វីៗដែលយើងរកឃើញ ដោយការពិត ជាការជាក់ស្តែងចាស»។
រហូតមកទល់ពេលនេះ គេនៅមិនទាន់ឃើញអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) បង្ហាញពីជំហររបស់ខ្លួនចំពោះករណីលោក ប៊ុន រដ្ឋា និងមនុស្សមួយចំនួនទៀតនោះនៅឡើយទេ។
ជុំវិញបញ្ហានេះដែរ ប្រធានអង្គការខ្មែរ-អាមេរិកាំងដើម្បីសិទ្ធិមនុស្ស និងប្រជាធិបតេយ្យមានមូលដ្ឋានក្នុងសហរដ្ឋអាមេរិក លោក យ៉ាប់ គឹមទឹង មានប្រសាសន៍ថា លោកនឹងបង្ហាញករណីនេះទៅគ្រប់បណ្ដាញរបស់លោក ដើម្បីជួយក្រុមទណ្ឌិតភៀសខ្លួនទាំងនោះទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន៖ «សូមអំពាវនាវដល់ពលរដ្ឋខ្មែរនៅក្រៅប្រទេសទាំងអស់ ជួយដោះស្រាយបញ្ហានេះ ដូចជាថវិកាខ្លះៗ ដើម្បីយើងអាចរកកន្លែងឲ្យពួកគេនៅបានល្អ»។
ប៉ុន្តែទោះជាលោក ប៊ុន រដ្ឋា និងបក្ខពួកខំរត់ទៅដល់ទីណាក៏ដោយ ក៏លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់ប្រកាសហើយថានឹងតាមចាប់បញ្ជូនមកកម្ពុជា វិញឲ្យទាល់តែបាន។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោកឧត្តមសេនីយ៍ ខៀវ សុភ័គ កាលពីថ្ងៃអង្គារ មានប្រសាសន៍ថា សមត្ថកិច្ចកម្ពុជា មានភារកិច្ចអនុវត្តតាមសេចក្តីសម្រេចរបស់តុលាការ ដែលមិនត្រូវឲ្យជនល្មើសគេចផុតពីសំណាញ់ច្បាប់៖ «ការតាមចាប់ខ្លួននេះ មានលក្ខណៈច្រើន បើទោះបីអ្នកទាំងអស់ហ្នឹង គេចខ្លួនទៅក្រៅប្រទេសក៏ដោយ ក្នុងករណីមិនទាន់បានធ្វើបត្យាប័ន ដើម្បីបញ្ជូនអ្នកទាំងនោះចូលក្នុងសំណាញ់ច្បាប់កម្ពុជា ទោះជាអ្នកទាំងនោះនៅទីណាក៏ដោយ គឺសមត្ថកិច្ច មានភារកិច្ច និងកាតព្វកិច្ចអនុវត្តតាមសេចក្តីសម្រេចរបស់តុលាការ»។
អង្គការខ្មែរ-អាមេរិកាំងដើម្បីសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ (CAHRAD) នៅសហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ បានថ្កោលទោសតុលាការ និងរដ្ឋាភិបាលទីក្រុងភ្នំពេញ ដែលព្យាយាមបំបិទសំឡេងក្រុមសកម្មជនការពារដីធ្លី និងក្រុមអ្នកសារព័ត៌មាន។
អង្គការនេះបានចាត់ទុកការកាត់ទោសលោក ម៉ម សូណង់ដូ លោក ប៊ុន រដ្ឋា លោក ប៊ុន ឆន និងមនុស្សមួយចំនួនទៀតថា ធ្វើឡើងដោយអយុត្តិធម៌ និងមិនឯករាជ្យ។
ក្រុមនេះក៏បានអំពាវនាវដល់ពលរដ្ឋគ្រប់ទិសទីក្នុងសាកលលោក និងសហគមន៍អន្តរជាតិ ឱ្យនាំគ្នាតវ៉ាដើម្បីទាមទារឲ្យមានការដោះលែងលោក ម៉ម សូណង់ដូ ជាបន្ទាន់ ព្រមទាំងជនស្លូតត្រង់ជាច្រើនទៀត៕
3 comments:
UN ត្រូវត្មោងរបស់ហុ៊ន សែនថ្មីៗ លែងហ៊ានអើតមុខទៅជួយទណ្ឌិតឪ&កូន ។ ខ្ញុំទាយថា
អូបាម៉ា នឹងមកភ្នំពេញ ហើយហុ៊ន សែនក៏មិនញោចដែរព្រោះមានចិនចាំរង ។ ពួកមហាអំណាច
ពីរនេះកំពុងតែរកប្រយោជន៍រៀងខ្លួន មិនសូវគិតដល់រាស្រ្តខ្មែរប៉ុន្មានទេ យើងធ្លាប់រងគ្រោះដោយ
សារចិន & អាមេរិក រួចមកហើយ តាំងពីសម័យលន់ នល់ រហូតមកសព្វថ្ងៃ ។
តើអាណាមួយ ដែលហ៊ុនសែន នឹងប្រគល់កម្ពុជា
ឱ្យក្នុងគ្រាដែលគ្មានលទ្ធភាពសងបំណុលគេជាង៦
កោតដុល្លា? ចូរខ្មែរចងចាំ រួចហើយរំឮកថា គ្មាន
នរណាជាខ្មែរជួយ ឬ ស្រឡាញ់ខ្មែរគ្នាឯងទេ!
អ៊ុយអេះអា + ចិន + យួន = សម្លាប់ខ្មែរជិត២លាន
ដូច្នោះ គ្មានអាមួយណាចង់ឱ្យខ្មែរបានសុខឡើយ៕
សូមសសើរ កឺម សុខា ដែលបានសំរេចផែនការ
របស់ខ្លួនយកសំរ៉ាំងស៊ី ចេញពីក្បាលបក្សដែល
យកឈ្មោះខ្លួនឯងដាក់ជាឈ្មោះបក្ស។
សូមជួយកត់ត្រាទុកទាំងអស់គ្នាណា គណបក្សថ្មី
នឺងរលាយទៅវិញនៅខែមីនា២០១៣ គឺនៅពេលដែលយកបេក្ខជនទៅឈរឈ្មោះបោះ
ឆ្នោត។ កឺម សុខារកលេសចេញពីបក្សថ្មី ដើម្បី
បញ្ជូនបេក្ខជនបក្សសិទ្ទិមនុស្សទៅឈរឈ្មោះ
សំរាប់បក្សខ្លួន គឹពេលនេះបេក្ខជនសំរ៉ាំងស៊ី ទាល់
ច្រកទៅមុខមិនរួច ថយក្រោយមិនរួច។
ទៅអនាគត គណបក្សប្រឆាំងដែលធំជាងគេនៅ
កម្ពុជាគែបក្សសិទ្ទិមនុស្ស ដូច្នេះកឹម សុខាអាចចរចារនឹងហ៊ុន សែន ចែកអំណាចបាន
ពីព្រោះហ៊ុន សែន ក៏មិនចង់នៅម្នាក់ឯងដែរ។
អនាគតរាជរដ្ឋភិបាលចំរុះមួយ មាន បក្សប្រជាជន
បក្សហ៊្វុនស៊ិនប៉ិច និងបក្សសិទ្ទិមនុស្សសំរាប់កំដរ
ការកាន់អំណាច៥ឆ្មាំទៀតរបស់ហ៊ុន សែន។
Post a Comment